ដោយ ខែ សុណង
2016-06-04
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ នៅក្នុងពិធីរំឭកខួបថ្ងៃបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។
RFA/Yeang Socheametta
ព្រះរាជតំណាងព្រះមហាក្សត្រ ព្រះសង្ឃ សហគមន៍ខ្មែរកម្ពុជាក្រោម តំណាងគណបក្សសង្គ្រោះជាតិ និងពលរដ្ឋប្រមាណ ១ពាន់នាក់ ចូលរួមពិធីរំឭកខួបទី៦៧ នៃថ្ងៃអាណានិគមបារាំង កាត់ទឹកដីកម្ពុជាក្រោម ថ្ងៃទី៤ មិថុនា។ មន្ត្រីគណបក្សប្រឆាំងបានឆក់យកឱកាសនេះ ប្រកាសជាថ្មីថា ជាថ្ងៃចងចាំមិនអាចឲ្យពលរដ្ឋខ្មែរភ្លេចបានចំពោះការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ដែលរងការរំលោភបំពានដោយអាជ្ញាធរវៀតណាម។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្រកាសថា នឹងយកថ្ងៃទី៤ ខែមិថុនា ជាទិវាជាតិ សម្រាប់ឲ្យពលរដ្ឋខ្មែរចងចាំថ្ងៃបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម នៅពេលដែលខ្លួនឈ្នះឆ្នោត។
ប្រធានក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍នៅថ្ងៃទី៤ ខែមិថុនា ថា គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ចាត់ទុកខ្មែរក្រោមដូចជាពលរដ្ឋខ្មែរទូទៅនៅកម្ពុជាដែរ។ លោកថា គណបក្សសង្គ្រោះជាតិ មិនត្រឹមតែការពារសិទ្ធិខ្មែរក្រោមដែលនៅកម្ពុជា ដូចពលរដ្ឋខ្មែរទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងព្យាយាមបង្កើតឲ្យមានសមាគមខ្មែរនៅកម្ពុជាក្រោម ដើម្បីការពារសិទ្ធិសេរីភាព នឹងជំនឿសាសនារបស់ពលរដ្ឋខ្មែរនៅកម្ពុជាក្រោម។ ក្រៅពីនោះលោក សុន ឆ័យ បានលើកឡើងពីបទពិសោធន៍នៅពេលលោកបានទៅកាន់ដែនដីខ្មែរក្រោម ដែលបានជួបខ្មែរក្រោមនៅខេត្តព្រះត្រពាំង និងខេត្តឃ្លាំង ហើយលោកស្នើឲ្យអ្នកនយោបាយខ្មែរ និងមន្ត្រីរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅកាន់ដែនដីកម្ពុជាក្រោម ដើម្បីមើលស្ថានភាពការរស់នៅរបស់ពលរដ្ឋខ្មែរនៅទីនោះ។
លោក សុន ឆ័យ ថ្លែងដូច្នេះទៀតថា៖ «គណបក្សសង្គ្រោះជាតិ បានសម្រេចជាមូលដ្ឋាននៅពេលដែលគណបក្សសង្គ្រោះជាតិ ដឹកនាំប្រទេស នឹងទទួលយកថ្ងៃទី៤ ខែមិថុនា ជាទិវាជាតិជាបុណ្យជាតិដើម្បីក្រើនរំលឹកពលរដ្ឋខ្មែរឲ្យមានការនឹកឃើញដល់ការឈឺចាប់ និងការបាត់បង់ទឹកដីកម្ពុជាក្រោម របស់យើង។ គណបក្សសង្គ្រោះជាតិ បានបញ្ជាក់នៅក្នុងគោលនយោបាយរបស់ខ្លួនច្បាស់លាស់ថា ពលរដ្ឋខ្មែរកម្ពុជាក្រោមដែលជាពលរដ្ឋដើមជាម្ចាស់ទឹកដី នៃដែនដីកម្ពុជាក្រោម ជាពលរដ្ឋខ្មែរស្មើភាពអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវផ្ដល់នូវសេវាគ្រប់បែបយ៉ាងតាមសេចក្ដីត្រូវការរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងអស់»។
លោកថ្លែងបែបនេះនៅក្នុងពិធីរំឭកខួបទី៦៧ នៃថ្ងៃអាណានិគមបារាំង កាត់ទឹកដីកម្ពុជាក្រោម ឲ្យប្រទេសវៀតណាម គ្រប់គ្រង (៤ មិថុនា ១៩៤៩ - ៤ មិថុនា ២០១៦) នៅវត្តពោធិយារាម ហៅវត្ត ចាស់ នាត្រើយខាងកើត ទល់មុខព្រះបរមរាជវាំង នៅថ្ងៃទី៤ មិថុនា។ ពិធីនេះធ្វើឡើងដោយមានព្រះរាជតំណាងព្រះមហាក្សត្រ គឺសម្ដេចព្រះស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ព្រះសង្ឃ សហគមន៍ខ្មែរកម្ពុជាក្រោម តំណាងគណបក្សសង្គ្រោះជាតិ និងពលរដ្ឋប្រមាណ ១ពាន់នាក់ចូលរួម ប៉ុន្តែពុំមានតំណាងខាងរដ្ឋាភិបាលចូលរួមនោះទេ។
នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា សំពះសម្ដេចព្រះស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ព្រះរាជតំណាងព្រះមហាក្សត្ស ដែលយាងចូលរួមក្នុងពិធីរំឭកខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ RFA/Yeang Socheametta
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកចូលរួម គឺលោក ហេង អឿន ដែលមកពីក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំប្រទល់កម្ពុជា-វៀតណាម ដើម្បីចូលរួមក្នុងពិធីរម្លឹកខួបបាត់បង់ទឹកដីកម្ពុជាក្រោមនេះ បានគាំទ្រគណបក្សសង្គ្រោះជាតិ ដែលមានគោលនយោបាយយកថ្ងៃទី៤ ខែមិថុនា ធ្វើជាទិវាបុណ្យជាតិ។
លោក ហេង អឿន យល់ថា បើរដ្ឋាភិបាលកម្ពុជា យកថ្ងៃទី៤ ខែមិថុនា ធ្វើជាទិវាជាតិ នោះពលរដ្ឋខ្មែរ ពិសេសកូនចៅខ្មែរជំនាន់ក្រោយនឹងដឹងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ហើយពួកគេអាចរកមធ្យោបាយដើម្បីការពារ ឬទាមទារទឹកដីនោះមកវិញក៏ថាបាន៖ «ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ពិសេសខ្ញុំសូមអំពាវនាវតាមយោបល់ឯកឧត្ដម សុន ឆ័យ គឺជាខ្មែរពិតប្រាកដដើម្បីជួយខ្មែរដូចគ្នាទៅ បុណ្យហ្នឹងគឺត្រូវណាស់ដើម្បីរំលឹកដាស់តឿនកូនខ្មែរគ្រប់រូប ខ្មែរគ្រប់ជំនាន់ ឲ្យខ្មែរគ្រប់ជំនាន់ដឹងថា តើខ្មែរយើងបាត់បង់ទឹកដីដែលបារាំង កាត់ទឹកដីឲ្យយួនទៅអយុត្តិធម៌ សូមអំពាវនាវពិសេសចាប់ពីឆ្នាំតទៅមុខដើម្បីយកទិវានេះ ទុកជាបុណ្យជាតិមួយទាំងមូល។ ខ្ញុំគិតថា ថ្ងៃទាំងមុខកូនចៅជំនាន់ក្រោយវាអាចមានវិធីសាស្ត្រដើម្បីទៅទាមទារតាមច្បាប់នៅអង្គការសហប្រជាជាតិ»។
ចំណែកនាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បានថ្លែងនៅពិធីនោះដោយលើកឡើង អំពីនយោបាយនិងកលល្បិចរបស់ប្រទេសវៀតណាម ក្នុងការលេបត្របាក់ទឹកដីខ្មែរពីការរំលោភសិទ្ធិមនុស្ស ការបំបិទសិទ្ធិសេរីភាព និងពីការធ្វើបាបខ្មែរក្រោមដោយអាជ្ញាធរវៀតណាម រួមទាំងប្រវត្តិនៃការស្លាប់របស់ឧកញ៉ា សឺន គុយ អតីតចៅហ្វាយខេត្តព្រះត្រពាំង ដែលត្រូវបានវៀតណាម កាត់ក។ ពាក់ព័ន្ធនឹងការនិយាយបំភ្លៃប្រវត្តិសាស្ត្ររបស់មន្ត្រីនាំពាក្យស្ថានទូតវៀតណាម កាលពីឆ្នាំ២០១៤ វិញ លោក ថាច់ សេដ្ឋា បញ្ជាក់ថា ក្រុមការងារលោកបាននាំយកឯកសារប្រវត្តិសាស្ត្រទាក់ទងនឹងដែនដីកម្ពុជាក្រោម មកពីប្រទេសបារាំង ដោយបានបកប្រែរួចមួយចំនួន ហើយគ្រោងនឹងបោះពុម្ព ប៉ុន្តែខាងរោងពុម្ពមួយចំនួនមិនហ៊ានទទួលបោះពុម្ពនោះទេ។
ទោះយ៉ាងនៅក្នុងពិធីប្រារព្ធខួបនេះ តំណាងយុវជនថ្លែងប្ដេជ្ញាថា នឹងការពារពលរដ្ឋខ្មែរក្រោមដោយចាត់ទុកថា ខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្ដាល គឺជាខ្មែរតែមួយ ហើយពួកគេនឹងនាំគ្នាធ្វើបាតុកម្មនៅពេលដែលអាជ្ញាធរវៀតណាម ធ្វើបាបខ្មែរក្រោម៕
No comments:
Post a Comment