A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 30 June 2016
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាប់ខ្លួនលោក កឹម សុខា
Manekseka Sangkum: This constant threat of arrest of Sokha issuing from Hun Sen alone betrays his words and pretensions to the contrary over the supposed independence of the courts and the judiciary.
>>>
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាប់ខ្លួនលោក កឹម សុខា
ដោយ ទីន ហ្សាការីយ៉ា
2016-06-29
ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា (រូបកណ្ដាលលើកដៃសំពះ) ក្នុងពិធីសូត្រមន្តនៅទីស្នាក់ការកណ្ដាលគណបក្ស សង្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦។ RFA/Rann Samnang
RFA/Rann Samnang
នៅស្របពេលមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងបាននាំគ្នាទៅជួបលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន (Philippines) ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានោះ បែរជាមេដឹកនាំគណបក្សកាន់អំណាចបញ្ចេញប្រតិកម្ម និងបានព្រមានចាប់ខ្លួនលោក កឹម សុខា ដែលកំពុងលាក់ខ្លួននៅទីស្នាក់ការគណបក្សទៅវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាប់ខ្លួនលោក កឹម សុខា ជាលើកដំបូងក្រោយពេលប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះ កំពុងលាក់ខ្លួននៅក្នុងទីស្នាក់ការគណបក្សរយៈពេលជាង ១ខែមកនេះ។
លោក ហ៊ុន សែន ថ្លែងក្នុងពិធីរំលឹកខួបទី៦៥ នៃថ្ងៃបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ដោយមិនបញ្ជាក់ចំឈ្មោះក្ដី ប៉ុន្តែគេដឹងថា លោកចង់សំដៅទៅលោក កឹម សុខា ថា បើរដ្ឋាភិបាលចង់ចាប់លោក កឹម សុខា ពេលណាក៏បាន គ្រាន់តែមិនទាន់ដល់ម៉ោងចាប់ ទោះបីជាមានកម្លាំងទប់ស្កាត់ប៉ុន្មាននាក់ក៏មិនឈ្នះដែរ៖ «ខ្ញុំសូមផ្ដាំណា! ខ្ញុំមើល រ៉យទ័រ សម្ភាសថា លោក ហ៊ុន សែន ភ័យ ណែ! អាអ្នកនៅក្នុងកន្លែង ៤ជ្រុង ចេញមក មិនទាន់ដល់ម៉ោងទេ! លោកឯងថា លោក ហ៊ុន សែន ភ័យខ្លាចចាញ់ឆ្នោត តែលោកឯងជាប់គុកគ្មានថ្ងៃចេញទេ អញប្រាប់ អាគុក កុំព្រហើនណា!»។
ការបញ្ចេញប្រតិកម្មរបស់លោក ហ៊ុន សែន នេះ នៅបន្ទាប់ពីលោក កឹម សុខា ផ្ដល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) កាលពីថ្ងៃទី២៥ ខែមិថុនា ថា លោក ហ៊ុន សែន ខ្លាចចាញ់ឆ្នោតនៅឆ្នាំ២០១៨ ខាងមុខ ទើបលោកនាយករដ្ឋមន្ត្រីប្រើយុទ្ធសាស្ត្រធ្វើបាបមេដឹកនាំបក្សប្រឆាំង។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ លើកឡើងថា អ្វីដែលប្រជាពលរដ្ឋចង់ស្ដាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីនោះ គឺជាប្រសាសន៍អំពីការស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋកំពុងតែជួបការលំបាកសព្វថ្ងៃនេះ មិនមែននិយាយពីការចាប់ចងនោះទេ៖ «យើងដឹងហើយនាយករដ្ឋមន្ត្រី លោកមានប្រសាសន៍ច្រើនណាស់ពាក់ព័ន្ធគណបក្សសង្រ្គោះជាតិ តែយើងយល់ថា នេះជាការខឹងសម្បារបស់លោកតែ ម្ដងម្កាលទេ។ យើងចង់ដឹងប្រសាសន៍នាយករដ្ឋមន្ត្រីពាក់ព័ន្ធបញ្ហាអត់ការងារធ្វើ និងបញ្ហាដីធ្លីអី»។
ក្រៅពីនេះទៀត លោក ហ៊ុន សែន តែងតែថ្លែងប្រាប់ទៅអង្គទូត និងសហគមន៍អន្តរជាតិជាហូរហែថា ករណីលោក កឹម សុខា ជារឿងបុគ្គល មិនមែនជារឿងនយោបាយអ្វីទេ។ ក៏ប៉ុន្តែទោះបីជាមានការអះអាងរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះក្ដី តែសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកករណីនេះជារឿងនយោបាយ។
កាលពីថ្ងៃទី៩ ខែមិថុនា សភាសហភាពអឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍ទាមទារឲ្យតុលាការបញ្ឈប់ការចេញដីកាតាមចាប់ខ្លួន និងទម្លាក់ចោលបទចោទប្រកាន់នានាលើប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំង ព្រមទាំងឲ្យដោះលែងជាបន្ទាន់នូវសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប កំពុងជាប់ឃុំឲ្យមានសេរីភាព។
សភាសហភាពអឺរ៉ុបក៏ទាមទារឲ្យរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពរបស់អ្នកនយោបាយ សកម្មជនបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស ហើយត្រូវធានាថា ពួកគេបំពេញការងារដោយសេរី គ្មានការបំភិតបំភ័យ ការចាប់ខ្លួន ឬការធ្វើបាបនោះឡើយ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី ពន្យល់ថា បើសិនជាករណីលោក កឹម សុខា ជារឿងព្រហ្មទណ្ឌមែននោះ មិនចាំបាច់នាយករដ្ឋមន្ត្រីព្រមានចាប់ខ្លួននោះឡើយ គឺយន្តការច្បាប់មានស្រាប់ដែលព្រះរាជអាជ្ញាចេញដីកាចាប់ខ្លួនបានគ្រប់ពេល។ ក៏ប៉ុន្តែសំណួរសួរថា តើតុលាការកម្ពុជា ជាតុលាការឯករាជ្យហើយឬនៅ?
លោក កែម ឡី បានលើកឧទាហរណ៍ករណីលោក ប៊ន សំណាង និង សុខ សំអឿន ដែលត្រូវបានតុលាការចាប់ដាក់គុករាប់ឆ្នាំពីករណីសម្លាប់ប្រធានសហជីពលោក ជា វិជ្ជា តែចុងក្រោយអ្នកទាំងពីរជាឃាតកសិប្បនិម្មិត ហើយដោះលែងវិញ ដោយគ្មានអ្នកទទួលខុសត្រូវនោះឡើយ៖ «ការគំរាមកំហែងខាងផ្នែកនយោបាយវាធ្ងន់ធ្ងរ ហើយវាធ្វើឲ្យការប្រកួតប្រជែងនយោបាយគ្មានតម្លាភាព»។
ក្រៅពីព្រមានចាប់ខ្លួនលោក កឹម សុខា នោះ លោក ហ៊ុន សែន ក៏ព្រមានទៅដល់ប្រទេសជាម្ចាស់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិសេសប្រទេសជប៉ុន មិនឲ្យដាក់គំនាបរដ្ឋាភិបាលលើដំណើរការបោះឆ្នោតឡើយ៖ «កម្ពុជា ហ៊ានស៊ីហ៊ានសង ហើយសូមជម្រាប ប្រទេសដែលផ្ដល់ជំនួយដល់ការចុះឈ្មោះបោះឆ្នោត កុំគំរាមថា រឿងនេះមិនអាចចុះឈ្មោះបាន វាមិនដែលអាណាបង្កើតរឿងស្រីញី រឿងសូកសាក្សី ហើយថា រឿងនេះមិនអាចចុះឈ្មោះបោះឆ្នោត វាមិនដែលរឿងនេះ គឺមិនជួយទេហី (អត់ទៅ)»។
ឆ្លើយតបនឹងបញ្ហានេះ ទាំងអ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងលើកឡើងថា លោក ហ៊ុន សែន មិនអាចព្រមានឲ្យប្រទេសម្ចាស់ជំនួយទាំងនោះបញ្ឈប់ដាក់គំនាបមកលើខ្លួនបានឡើយ ពីព្រោះថា កម្ពុជា បានជាប់កាតព្វកិច្ចជាមួយបរទេស គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ក្នុងការធានាឲ្យមានការរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែរ។ ម្យ៉ាងវិញទៀត ការទាមទាររបស់សហគមន៍អន្តរជាតិដែលជាម្ចាស់ជំនួយនោះ ក៏ដូចការទាមទាររបស់ប្រជាពលរដ្ឋដែរ ដែលចង់បានរដ្ឋាភិបាលស្របច្បាប់ និងការបោះឆ្នោតមួយដែលមានការទទួលស្គាល់ពីសហគមន៍ជាតិ និងអន្តរជាតិ។
ទោះបីជារដ្ឋាភិបាលព្រមានចាប់ខ្លួនប្រធានស្ដីទីគណបក្សប្រឆាំង លោក កឹម សុខា ក្ដី តែជំហររបស់គណបក្សសង្គ្រោះជាតិ នៅពេលនេះ គឺចង់ឲ្យមានការផ្សះផ្សាជាតិ និងចង់ឲ្យស្ថានការណ៍នយោបាយវិលទៅរកភាពប្រក្រតីឡើងវិញ តាមរយៈការប្រើប្រាស់យន្តការដែលមានស្រាប់ គឺវប្បធម៌សន្ទនាដែលគណបក្សទាំងពីរបានព្រមព្រៀងកាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤៕
Subscribe to:
Post Comments (Atom)
1 comment:
ឆ្កែម្តងនេះវាដូចឃើញព្រុសយូម្លេះ ហេតុអ្វីបានដូច្នេះ? បែបខ្លាចអាចន៍ខ្លាហើយមើលទៅ។
Post a Comment