A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Monday, 30 May 2016
សិល្បករខ្មែរ-វៀតណាមដាក់តាំងពិព័រណ៍សិល្បៈបង្ហាញរឿងរ៉ាវស៊ីជម្រៅនៅតាមព្រំដែន
Manekseka Sangkum: The words included in this heading in Khmer "ស៊ីជម្រៅនៅតាមព្រំដែន" is appropriate under the circumstances of unceasing land-sea encroachments at Cambodia's expense!
One can stage and paint a farce or an instance of injustice in any colour on any canvas, but a farce, an injustice it shall remain ...
<<<>>>
សិល្បករខ្មែរ-វៀតណាមដាក់តាំងពិព័រណ៍សិល្បៈបង្ហាញរឿងរ៉ាវស៊ីជម្រៅនៅតាមព្រំដែន
ដោយ សាន សែល
2016-05-30
២៧-ឧសភា-២០១៦៖ សន្តិសុខឈរទស្សនាពិព័រណ៍។ RFA/San Sel
RFA/San Sel
២៧-ឧសភា-២០១៦៖ ទឹកដែលយកមកពីទន្លេមេគង្គដែលខណ្ឌចែកប្រទេសវៀតណាម និងកម្ពុជា។ RFA/San Sel
••••••••••
នៅរាជធានីភ្នំពេញ មានការតាំងពិព័រណ៍ស្នាដៃសិល្បៈចម្រុះបែប ដែលលាតត្រដាងរឿងរ៉ាវមួយចំនួនរបស់ប្រជាជននៅតាមតំបន់ព្រំដែនប្រទេសកម្ពុជា និងវៀតណាម។ ម្ចាស់ស្នាដៃពិព័រណ៍ នឹងរៀបរាប់ពីបទពិសោធន៍ និងយល់ឃើញរបស់ពួកគាត់ផ្ទាល់ចំពោះការវិវឌ្ឍន៍នៃស្ថានការណ៍នៅតាមព្រំដែន។
ផលិតករជនជាតិកម្ពុជា និងសិល្បករជនជាតិវៀតណាម បានចុះទៅស្រាវជ្រាវដល់ទីតាំងព្រំដែន ហើយបានពាំនាំនូវការរកឃើញទាំងនេះ មកដាក់បង្ហាញក្នុងទម្រង់សិល្បៈ។ អ្នកទាំងពីរចង់ឃើញបញ្ហាព្រំដែន ត្រូវគេដោះស្រាយចប់សព្វគ្រប់ដោយសន្តិវិធី និងត្រឹមត្រូវតាមច្បាប់ ហើយអ្វីដែលពួកគាត់ចង់ឃើញដែរនោះ គឺការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ដើម្បីឲ្យអ្នកនៅតាមព្រំដែន បានស្គាល់ភាពសុខសាន្ដ និងភាតរភាព។
មួយរយៈមុន ការជជែកពីបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម ជាប្រធានបទរសើបនៅប្រទេសកម្ពុជា ដែលអាចនាំឲ្យអ្នកដែលក្លាហានបញ្ចេញមតិទាក់ទិននឹងបញ្ហានេះ ប្រឈមនឹងការចាប់ខ្លួន និងញាត់ចូលក្នុងទ្រុងដែក។ ក៏ប៉ុន្តែសប្ដាហ៍នេះ សិល្បករជនជាតិវៀតណាម និងផលិតករភាពយន្តឯកសារជនជាតិកម្ពុជា កំពុងដាក់តាំងបង្ហាញស្នាដៃសិល្បៈចម្រុះបែប នៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ ឬមេត្តាហៅស៍ (Meta House) ដើម្បីបង្ហាញពីទំនាក់ទំនងរវាងប្រជាជនទាំងពីរនៅតាមតំបន់ព្រំដែន។
ការតាំងពិព័រណ៍ស្នាដៃស្រាវជ្រាវសិល្បៈចម្រុះនៅរាជធានីភ្នំពេញ ដែលបានបើកសម្ពោធនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ដែលមានចំណងជើងថា «ខ្សែព្រំដែនដែលមើល មិន/ឃើញ (In/Visible Borderline)» ព្យាយាមបង្ហាញរបកគំហើញក្នុងទម្រង់សិល្បៈចម្រុះពីជីវិតរបស់ប្រជាជនវៀតណាម និងកម្ពុជា តាមព្រំដែនដែលរស់នៅអាស្រ័យគ្នាទៅវិញទៅមក តាមរយៈការដោះដូរពាណិជ្ជកម្មស្ករត្នោត និងការប្រើប្រាស់ទឹកទន្លេមេគង្គរួមគ្នា។ សម្មតិករទាំងពីរ ព្យាយាមបង្ហាញទំនាក់ទំនងរវាងជាតិពីរពីជ្រុងផ្សេងៗ ទាំងជ្រុងនយោបាយ ជាតិនិយម វប្បធម៌ និងពាណិជ្ជកម្ម។ សម្មតិករទាំងពីរ គឺអ្នកស្រី សៅ សុភ័ក្ត្រ នៅរាជធានីភ្នំពេញ និងលោក ធួន ម៉ាមី (Tuan Mami) មកពីទីក្រុងហាណូយ។
អ្នកស្រី សៅ សុភ័ក្ត្រ មានកិត្តិសព្ទខាងផលិតភាពយន្តឯកសារស្ដីពីបញ្ហាសង្គម នយោបាយរបស់កម្ពុជា ដែលនាំទៅឆាកអន្តរជាតិ ដូចជា មហោស្រពភាពយន្តអន្តរជាតិប៊ែកឡាំង (Berlin International Film Festival) ហើយអ្នកស្រីក៏ជានាយកផ្នែកច្នៃប្រឌិតរបស់មេត្តាហៅស៍។ អ្នកស្រីទទួលគម្រោងពិព័រណ៍សិល្បៈចម្រុះនេះពីវិទ្យាស្ថានបារាំង នៅកម្ពុជា និងមេត្តាហៅស៍។ ដោយសារគម្រោងនេះត្រូវការស្នាដៃស្រាវជ្រាវបែបសិល្បៈ ដើម្បីបង្ហាញពីបញ្ហាខ្សែបន្ទាត់កម្ពុជា-វៀតណាម អ្នកស្រី សុភ័ក្ត្រ ក៏សហការជាមួយលោក ធួន ម៉ាមី ដែលមានបទពិសោធន៍ និងទេពកោសល្យផ្នែកដំឡើងស្នាដៃសិល្បៈ៖ «យើងរកអ្វីដែលពាក់ព័ន្ធ ដូចជាទឹកទន្លេ។ ទឹកទន្លេ គឺទាំងប្រជាជនខ្មែរ និងវៀតណាម ប្រើជាមួយគ្នា។ នេះទីមួយ។ ទីពីរ នៅព្រំដែន គេរកស៊ីស្ករត្នោត នាំចេញដូចគ្នា។ ចឹងបានពួកខ្ញុំធ្វើបង្គោលហ្នឹងពីស្ករត្នោត»។
ពិព័រណ៍នេះបង្ហាញស្នាដៃសិល្បៈចម្រុះក្នុងទម្រង់ភាពយន្តឯកសារ គំនូរ និងស្មូន ដែលបានផលិតឡើងនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ត្រង់ខេត្តកណ្ដាល និងស្វាយរៀង នៅតំបន់ពាណិជ្ជកម្មសេរី។ ពិព័រណ៍សិល្បៈនេះ បើកជាសាធារណៈរហូតដល់ថ្ងៃទី១២ ខែមិថុនា។
ផលិតករ សៅ សុភ័ក្ត្រ និង ធួន ម៉ាមី ដាក់បង្ហាញវីដេអូឯកសារពីពលរដ្ឋកម្ពុជា និងវៀតណាម ពីររូបផ្ទាំងគំនូរដីសើមពីផែនដី អមដោយសំឡេងលំហូរទឹក ទឹកទន្លេចំនួនពីរដប បំណែកដីមួយដុំ បង្គោលព្រំដែនសិប្បនិមិត្តធ្វើពីស្ករត្នោតចំនួន២០។ បង្គោលព្រំដែនសិប្បនិមិត្តមានទំហំ ២០x១២x១២ សង់ទីម៉ែត្រ។ អ្នកស្រី សៅ សុភ័ក្ត្រ ពន្យល់លម្អិតពីអត្ថន័យស្នាដៃទាំងនេះ៖ «ផ្ទាំងដែលគូរពីដីដែលយកមកពីព្រំដែន ត្រង់តំបន់ពាណិជ្ជកម្មសេរី ហើយទូរទស្សន៍បញ្ចាំងពីសំឡេងទឹកដែលកាណូតបាញ់ ដែលមើលទៅដូចជាទំនាស់ចឹង។ វាដូចជានៅតាមព្រំប្រទល់តែងមានទំនាស់ មិនត្រូវគ្នា។ បើយើងមើលផែនទីហ្នឹងធំមែនទែន តែទំនាស់ហ្នឹងតូចមួយ ដូចទូរទស្សន៍។ ចឹងមានន័យថា ទំនាស់វាមិនកើតឡើងគ្រប់ទីកន្លែងទេ គឺវាកើតឡើងនៅចំណុចតូច»។
ព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម មានបណ្ដោយ ១.២៧០គីឡូម៉ែត្រ។ តាំងពីឆ្នាំ២០០៥ មកដល់ពេលសព្វថ្ងៃ ប្រទេសទាំងពីរបានបោះបង្គោលព្រំដែនគោកជាង ៨៣ភាគរយ ឬ ៣១១បង្គោល ដោយឡែកព្រំដែនទឹកមានប្រវែងជាង ២.៥០០គីឡូម៉ែត្រ មិនទាន់វាស់វែងនៅឡើយ។
អ្នកស្រី សុភ័ក្ត្រ បញ្ជាក់ថា គម្រោងនេះបានស្រាវជ្រាវដើម្បីស្វែងរកភាពដូចគ្នា និងខុសគ្នារវាងប្រជាជនកម្ពុជា-វៀតណាម ដែលអ្នកស្រីអះអាងថា ទំនាក់ទំនងរបស់ជាតិសាសន៍ទាំងពីរ ត្រូវបំផ្លាញដោយភាពមិនទុកចិត្ត និងភាពរើសអើង ហើយអ្នកស្រីសង្កេតឃើញថា អ្នកនយោបាយព្យាយាមយករឿងព្រំដែន ដើម្បីកេងចំណេញផលប្រយោជន៍រៀងខ្លួន ដោយមិនបានមើលពីផលប៉ះពាល់នៃការរស់នៅរបស់ប្រជាជនមូលដ្ឋាន៖ «ក្នុងវីដេអូ ខ្ញុំបង្ហាញអ្នកម៉ូតូឌុបពីរនាក់ គាត់រកស៊ីនៅហ្នឹង ហើយបោះម៉ូយឲ្យគ្នាទៅវិញទៅមក ហើយនិយាយភាសាវៀតណាម-ខ្មែរ។ ខ្ញុំបានសួរពួកគាត់ថា តើទំនាស់នយោបាយមានអីប៉ះពាល់ដល់ពាណិជ្ជកម្មរបស់គាត់អត់? គាត់និយាយថា រឿងនយោបាយជារឿងនយោបាយ រឿងរកស៊ី គាត់ដឹងតែរកស៊ី ហើយពួកគាត់សង្ឃឹមថា អត់មានការឈ្លោះគ្នា ដើម្បីអាចឲ្យការរកស៊ីរបស់គាត់ដំណើរការទៅមុខ។ នៅច្រកព្រំដែនខ្លះគ្មានមនុស្សចេញចូលទេ ដូចនៅច្រកព្រំដែនខ្សាច់កណ្ដាល។ ដល់ពេលចឹង គាត់រកអត់សូវបាន។ ពេលខ្លះ គេទៅកន្លែងជិតៗរកស៊ីបានតិចតួច។ ដល់ពេលចឹង មួយថ្ងៃបាន ១០ ទៅ ១៥ដុល្លារ។ ដឹងស្រាប់ហើយ អ្នករកស៊ី បើអត់មានស្រែអីទេ ពិបាកណាស់ឥឡូវ»។
និយាយដល់ចំណុចនេះ សិល្បករនៃទីក្រុងហាណូយ លោក ធួន ម៉ាមី ឲ្យដឹងថា នៅប្រទេសវៀតណាម ប្រជាជនមិនសូវបានដឹងពីទំនោររបស់ប្រជាជនកម្ពុជា ដែលស្អប់វៀតណាម នោះទេ។ លោកបានស្ដីបន្ទោសអ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ ដែលធ្វើឲ្យទំនោរនេះកាន់តែអាក្រក់ទៅ៖ «ខ្ញុំចង់មានន័យថា ទំនោរនេះជាបំណងនយោបាយ និងបណ្ដាលមកពីការមិនយល់គ្នាច្បាស់ ប៉ុន្តែខ្ញុំគិតថា ស្ថានភាពជាក់ស្ដែង យុវជនកម្ពុជា មួយចំនួនស្អប់វៀតណាម ហើយវៀតណាម តិចតួចដឹងពីអ្វីដែលកើតឡើងរវាងទំនាក់ទំនងប្រទេសទាំងពីរ។ នៅប្រទេសវៀតណាម យើងមានការបង្រៀនតិចតួចពីទំនាស់នេះ។ សូម្បីតែខ្លួនខ្ញុំ។ វាជាការមួយគួរឲ្យភ្ញាក់ផ្អើលចំពោះខ្ញុំ»។
ពិព័រណ៍នេះ ក៏បើកឲ្យសាធារណជនយកវត្ថុដែលទាក់ទងនឹងរឿងផ្ទាល់ខ្លួន ឬទាក់ទងនឹងប្រវត្តិសាស្ត្ររវាងប្រទេសកម្ពុជា និងវៀតណាម ឬក៏វត្ថុដែលពាក់ព័ន្ធនឹងព្រំដែន ដើម្បីដូរយកស្ករត្នោតសូនជារូបព្រំដែន។ សម្មតិករ សៅ សុភ័ក្ត្រ ពន្យល់ថា នេះជាគំនិតតំណាងសកម្មភាពពាណិជ្ជកម្មនៅតាមតំបន់ព្រំដែនរវាងជាតិសាសន៍ទាំងពីរ។ សុភ័ក្ត្រ និង ម៉ាមី ដើរតួនាទីជាឈ្មួញកណ្ដាលដែលតថ្លៃវត្ថុដោះដូរយកស្ករត្នោត។
កាលពីខែធ្នូ ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម បានសម្ពោធបង្គោលព្រំដែនថ្មីពីរ នៅខេត្តរតនគិរី និងខេត្តតាកែវ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ភាគីទាំងពីរនឹងបន្តចរចាបញ្ចប់ការបោះបង្គោលព្រំដែនគោក។ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិ អះអាងថា ព្រំដែនដែលបានបោះនេះ គឺបោះចូលទឹកដីកម្ពុជា។
ចង្អុលបង្ហាញឯកសារវីដេអូដែលអ្នកស្រី សៅ សុភ័ក្ត្រ ព្យាយាមជជីកសួរពលរដ្ឋកម្ពុជា-វៀតណាម ពីស្ថានការណ៍នយោបាយស្ដីពីបញ្ហាព្រំដែន អ្នកស្រីឲ្យដឹងថា ពលរដ្ឋនៅតាមព្រំដែនមិនចង់និយាយពីរឿងនយោបាយព្រំដែន។
សម្រាប់អ្នកស្រី សៅ សុភ័ក្ត្រ ដែលធ្លាប់សិក្សាពីមេរៀនប្រវត្តិសាស្ត្រ ចង់ឃើញប្រជាជាតិទាំងពីរផ្សះផ្សាគ្នា និងបញ្ចប់ជម្លោះព្រំដែនតាមច្បាប់ត្រឹមត្រូវ ហើយអ្នកស្រីចង់ឲ្យអ្នកនយោបាយគិតគូរពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាជាងយកបញ្ហាមនោគមវិជ្ជានយោបាយមកប្រកួតប្រជែងគ្នា៖ «គម្រោងរបស់ខ្ញុំ គឺបង្ហាញពីសម្ព័ន្ធភាពរវាងប្រទេសពីរ។ វៀតណាម និងកម្ពុជា។ ខ្ញុំរកឃើញថា ពួកយើងអាចរកស៊ីស្ករត្នោត ពីព្រោះវៀតណាម ក៏គេមានដែរ។ ខ្មែរយើងមានស្ករត្នោត ហើយវៀតណាម មានរោងចក្រ។ ខ្មែរមានស្ករ ហើយវៀតណាម គេច្នៃសម្រាប់នាំចេញទៅចិន រួមគ្នា។ ចឹងមានន័យថា ចែកប៊ីចេង ចែកស្ករគ្នាញ៉ាំ។ យើងមានធនធានដើម គេមានរោងចក្រ»។
ទាំងរដ្ឋាភិបាលកម្ពុជា និងវៀតណាម សុទ្ធតែបានទម្លាក់កំហុសទៅលើចលនាជ្រុលនិយមស្ដីពីព្រំដែនរបស់គណបក្សប្រឆាំង ដែលព្យាយាមបំផ្លាញចំណងការទូតនៃប្រទេសទាំងពីរ ដើម្បីចំណេញនយោបាយផ្ទាល់ខ្លួន ហើយរដ្ឋាភិបាលទាំងពីរបានចោទគណបក្សប្រឆាំង ថាជ្រៀតជ្រែកដំណើរការបោះបង្គោលព្រំដែន។
គណបក្សប្រឆាំងវិញ បានចោទរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ថាស្ថិតក្រោមឥទ្ធិពលរបស់រដ្ឋាភិបាលវៀតណាម ហើយចោទទៀតថា គណបក្សប្រជាជនកម្ពុជា កាត់ទឹកដីឲ្យវៀតណាម និងអនុញ្ញាតឲ្យជនជាតិវៀតណាម ចូលមកកម្ពុជា ដោយខុសច្បាប់។
សិល្បករវៀតណាម លោក ធួន ម៉ាមី ប្រាប់ថា លោកត្រូវបានប្រជាជនកម្ពុជា ទទួលស្វាគមន៍ និងរាក់ទាក់ បើទោះជាពួកគេដឹងថា លោកជាជនជាតិវៀតណាម ក៏ដោយ ហើយលោកក៏បានដឹងថាកម្ពុជា ស្អប់វៀតណាម។ សហអ្នកដំឡើងពិព័រណ៍សិល្បៈចម្រុះរូបនេះ មានសុទិដ្ឋិនិយមថា ទៅអនាគត ទំនាក់ទំនងរវាងប្រទេសលោក និងកម្ពុជា នឹងប្រសើរឡើង ហើយលោកជឿជាក់លើមធ្យោបាយផ្សះផ្សាតាមរយៈសិល្បៈវប្បធម៌នៃប្រជាជនទាំងពីរ ជាជាងយន្តការនយោបាយ៖ «បើទោះជាការពិតដែលថា មានជម្លោះរវាងប្រទេសទាំងពីរ តែវាត្រូវតែមានដំណោះស្រាយ។ តើដោះស្រាយដោយរបៀបណា? សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមិនទុកចិត្តនយោបាយ ឬអ្នកនយោបាយទេ ឬក៏របៀបដែលរដ្ឋាភិបាលយើងព្យាយាមបង្កើនទំនាក់ទំនង។ ប៉ុន្តែតែខ្ញុំជឿជាក់លើសិល្បៈ ឬអ្នកសិល្បៈដែលអាចចែករំលែករឿងរ៉ាវ ការគិត និងវប្បធម៌របស់យើង ដើម្បីអាចនាំប្រជាជនទាំងពីររួមគ្នាជាធ្លុងមួយ។ យើងនៅជាមួយគ្នា និងជជែកជាមួយគ្នា។ ខ្ញុំជឿថា យើងអាចលុបបំបាត់ការស្អប់គ្នា និងបន្ធូរបន្ថយភាពតានតឹងបាន»។
អ្នកស្រី សៅ សុភ័ក្ត្រ សង្ឃឹមថា ប្រទេសកម្ពុជា និងវៀតណាម នឹងអាចចុះសម្រុងគ្នាលើបញ្ហាទឹកដី ហើយងាកមករកសហប្រតិបត្តិការពាណិជ្ជកម្ម ដូចជាពាណិជ្ជកម្មស្ករត្នោតនេះ ជាដើម៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment