A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 19 March 2016
ពលរដ្ឋមានជម្លោះដីនៅត្បូងឃ្មុំចាប់រថយន្តក្រុមហ៊ុនចិនពីរគ្រឿងបញ្ជូនទៅឱ្យអាជ្ញាធរ
ដោយ សូត សុខប្រាថ្នា
2016-03-18
ឡានរបស់ក្រុមហ៊ុនចិន ហាមីនីវេន អ៊ិនវេសមេន (Hamenivent Investment) ត្រូវបានអ្នកភូមិឃាត់នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយសារបើកបរកិនលើដំណាំអ្នកភូមិកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។
Photo provided
ប្រជាពលរដ្ឋនៅក្នុងភូមិចំនួន២ នៃឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ សម្រេចបញ្ចូនរថយន្តចំនួន ២គ្រឿង របស់បុគ្គលិកក្រុមហ៊ុនចិន មួយឈ្មោះ ហាមីនីវេន អ៊ិនវេសមេន (Hamenivent Investment) ទៅកាន់សាលាស្រុកតំបែរ នៅព្រឹកថ្ងៃទី១៨ ខែមីនា។ បញ្ហានេះកើតឡើងក្រោយពលអ្នកភូមិជាង ១០០នាក់ ឃាត់រថយន្តបុគ្គលិកក្រុមហ៊ុននេះ កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ដោយសារពួកគេបើករថយន្តកិនលើដំណាំរបស់អ្នកភូមិ និងចូលទៅតំបន់ដីជម្លោះ ហើយវាស់វែងដីតំបន់នោះ ព្រមទាំងបោះបង្គោលតម្រុយធ្វើឱ្យប្រជាពលរដ្ឋបារម្ភ។
ប្រជាពលរដ្ឋលើកឡើងថា ប្រសិនបើមិនមានការដោះស្រាយ ឬកិច្ចសន្យាណាមួយដើម្បីឱ្យភាគីក្រុមហ៊ុនចិន ហាមីនីវេន អ៊ិនវេសមេន បញ្ឈប់សកម្មភាពចូលទៅតំបន់ដីជម្លោះទេ ពលរដ្ឋនឹងមិនព្រមប្រគល់រថយន្តទៅភាគីក្រុមហ៊ុនចិន វិញឡើយ។
តំណាងពលរដ្ឋមួយរូប លោក ចាន់ សុផល ឱ្យដឹងថា នៅពេលអ្នកភូមិឃើញសកម្មភាពវាស់វែងដីនៅតំបន់ជម្លោះ ឬជាតំបន់ដីសហគមន៍កើតមានឡើង ធ្វើឱ្យពួកគាត់បារម្ភខ្លាចក្រែងមានការឈូសឆាយដីនៅតំបន់នោះបន្ថែមទៀត ស្របពេលអ្នកភូមិកំពុងទាមទាររក្សាទុកជាសម្បត្តិរួម។
លោកបន្តថា អ្នកភូមិទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហានេះ ម្យ៉ាងចង់ឱ្យក្រុមហ៊ុនធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចូលទៅតំបន់ដីជម្លោះតទៅទៀត៖ «ប្រជាពលរដ្ឋភ័យខ្លាច ក្រុមហ៊ុនទន្ទ្រានយកដីសហគមន៍តទៅទៀត ពីព្រោះពីមុនមក ការទន្ទ្រានរបស់វាគឺមានម្ដងជាពីរដង»។
ដីជម្លោះរវាងក្រុមហ៊ុនចិន ហាមីនីវេន អ៊ិនវេសមេន និងប្រជាពលរដ្ឋពីរភូមិ គឺភូមិបុស្សស្នោ និងភូមិស្រែប្រាំង រហូតឈានទៅចាប់រថយន្តក្រុមហ៊ុនចិន ពីរគ្រឿងពេលនេះ លើទំហំសរុប ៥៨៥ហិកតារ។ ជម្លោះនេះ កើតឡើងក្រោយពេលដីតំបន់មួយចំណែកត្រូវបានអាជ្ញាធរមូលដ្ឋានដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋលក់ទៅឱ្យក្រុមហ៊ុនចិន កាលពីឆ្នាំ២០១២ ហើយពលរដ្ឋខ្លះក៏បានប្រាក់មួយចំនួនពីការផ្ដល់ស្នាមមេដៃឱ្យអាជ្ញាធរពេលនោះដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកបកប្រែភាសាចិន របស់ក្រុមហ៊ុនចិន មួយនេះ លោក លី ហ៊ាង បានទេ នៅថ្ងៃទី១៨ ខែមីនា។
ចំណែកអភិបាលស្រុកតំបែរ លោក នាថ រ៉ាវុធ មិនមានប្រសាសន៍យ៉ាងណាឡើយ ដោយលោកថា កំពុងប្រជុំលើបញ្ហានេះ។
ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន នៅតែមិនអាចដោះស្រាយបាន បើទោះបីជាអ្នកភូមិបានដាក់ពាក្យប្តឹងទៅអាជ្ញាធរជាច្រើនលើកច្រើនសាក៏ដោយ។ មិនតែប៉ុណ្ណោះពេលខ្លះប្រជាពលរដ្ឋបានឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនមករក្សាទុក និងពេលខ្លះទៀត មានជាអំពើហិង្សារវាងអ្នកភូមិ និងតំណាងក្រុមហ៊ុនទៀតផង ប៉ុន្តែដំណោះស្រាយនៅតែគ្មាន។
ទាក់ទងបញ្ហានេះ មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក ប៊ូ វីរៈ យល់ថា មូលហេតុនៃការចាប់រថយន្តរបស់បុគ្គលិកក្រុមហ៊ុនចិន គឺដោយសារតែសំណុំរឿងជម្លោះដីធ្លីនេះ អាជ្ញាធរមិនបានយកចិត្តទុកដោះស្រាយឱ្យបានចប់សព្វគ្រប់៖ «ព្រោះប្រជាពលរដ្ឋនៅរង់ចាំការដោះស្រាយពីអាជ្ញាធរ ហើយអាជ្ញាធរមិនបានយកចិត្តទុកដាក់ឱ្យបានក្ដៅគគុកចំពោះការងារហ្នឹង»។
លោកបន្ថែមថា ត្បិតតែជម្លោះដីធ្លីនេះ មិនអាចឈានទៅរកបដិវត្តន៍ដីធ្លីកើតឡើងក៏ដោយ ប៉ុន្តែលោកបារម្ភថា ប្រសិនបើបញ្ហានេះ មិនអាចដោះស្រាយបានវានឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ម្យ៉ាងវាអាចឈានទៅរកអំពើហិង្សាណាមួយជាថ្មីម្ដងទៀត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment