A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 17 March 2016
សហគមន៍ខេត្តស្ទឹងត្រែងបារម្ភបាត់បង់ត្រីផ្សោតដោយសារការនេសាទនិងទំនប់វារីអគ្គិសនី
ដោយ ម៉ែន សុធីរ
2016-03-16 rfa
ក្លៀវទេសចរមកកម្សាន្តមើលសត្វផ្សោតនៅតំបន់អភិរក្សសត្វផ្សោតអន្លង់ឈើទាល ក្នុងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់នឹងព្រំដែនទឹកឡាវ។
រូបថតអង្គការទន្លេបី
សហគមន៍ឃុំព្រះរំកិល ខេត្តស្ទឹងត្រែង បារម្ភពីវាសនាសត្វផ្សោតនៅអន្លង់អូរឈើទាល បន្ទាប់ពីចំនួនអ្នកនេសាទជនជាតិឡាវ រាប់រយនាក់ បានសម្រុកមកនេសាទក្បែរអន្លង់អូរឈើទាល បង្កគ្រោះថ្នាក់ដល់ការបន្លាស់ទីស្វែងរកចំណីរបស់សត្វផ្សោត។ ការហូរចូលអ្នកនេសាទជនជាតិឡាវ ច្រើនសន្ធឹកសន្ធាប់មកក្បែរអន្លង់អូរឈើទាល ដោយសារការនេសាទរបស់ប្រជាជនឡាវ ជាច្រើនឆ្នាំកន្លងទៅនៅតំបន់កោះហួសាហុង ឬច្រកដនសាហុង និងកោះដនសាដាម ខេត្តចំប៉ាសាក់ ប្រទេសឡាវ នៅដងទន្លេមេគង្គប៉ែកខាងលើ ត្រូវបានរដ្ឋាភិបាលឡាវ បិទការនេសាទទាំងស្រុង ដើម្បីសាងសង់ទំនប់វារីអគ្គិសនី។ មន្ត្រីឃ្លាំមើលបរិស្ថាន ស្នើឲ្យគណៈកម្មការព្រំដែនកម្ពុជា និងឆ្មាំអភិរក្សអន្លង់អូរឈើទាល រឹតបន្តឹងគោលនយោបាយអភិរក្សសត្វផ្សោត និងកំណត់ព្រំប្រទល់អន្លង់អភិរក្សឲ្យច្បាស់លាស់។
សហគមន៍អេកូទេសចរណ៍ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អំពាវនាវឲ្យអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជួយរកមធ្យោបាយបន្ទាន់ ដើម្បីសង្គ្រោះសត្វផ្សោតនៅអន្លង់អូរឈើទាល ដែលកំពុងរងហានិភ័យខ្ពស់ ដោយសារការលួចឆ្មក់នេសាទនៅអន្លង់អភិរក្សអូរឈើទាលដោយប្រជាជនឡាវ និងឥទ្ធិពលនៃដំណើរការសាងសង់ទំនប់វារីអគ្គិសនី ដើម្បីធានានិរន្តរភាពប្រាក់ចំណូលវិស័យទេសចរណ៍។ ការអំពាវនាវនេះ បន្ទាប់ពីប្រជានេសាទឃុំព្រះរំកិល ប្រទះឃើញសត្វផ្សោតមួយក្បាលក្នុងចំណោមផ្សោតសរុប ៤ក្បាលរស់នៅអន្លង់អូរឈើទាល បានបន្លាស់ទីទៅចុងកន្ទុយកោះល្ង កាលពីដើមខែមីនា ខណៈតំបន់នោះសម្បូរអ្នកនេសាទច្រើន។
សមាជិកគណៈកម្មការអេកូទេសចរណ៍ឃុំព្រះរំកិល លោក ផយ វណ្ណា មើលឃើញថា មានឧបសគ្គច្រើនដែលយាយីការចិញ្ចឹមជីវិតរបស់ត្រីផ្សោតនៅអន្លង់អូរឈើទាល មានជាអាទិ៍ ប្រជាជនឡាវ រាប់រយនាក់បានសម្រុកមកនេសាទនៅក្បែរអន្លង់អូរឈើទាល ហើយពេលខ្លះ បានលួចឆ្មក់នេសាទនៅអន្លង់អភិរក្សឈើទាល ដែលអាចប៉ះពាល់ដល់សត្វផ្សោតនៅតំបន់នោះ។ លោកកត់សម្គាល់ថា ជារឿងចម្លែកដែលសត្វផ្សោតបន្លាស់ទីទៅកន្ទុយកោះល្ង ទល់នឹងអន្លង់ផ្សោត ទំនងជាការរំខានដោយរំញ័រ និងរលកសំឡេងបំផ្ទុះថ្មច្រើនតោន និងកាកសំណល់សារធាតុផ្សេងៗនៃទំនប់វារីអគ្គិសនីដនសាហុង បង្ហូរចូលទន្លេ ហើយកាកសំណល់គីមីនោះ អាចនឹងបញ្ជ្រាបមកតំបន់អភិរក្សអន្លង់ផ្សោត បង្កឲ្យមានភាពស្មុកស្មាញដល់ការរស់នៅរបស់ត្រីផ្សោតនៅអន្លង់អភិរក្ស។ លោកថា សំណង់រាប់ពាន់តោន ត្រូវបានប្រើប្រាស់ជាគ្រឹះទំនប់ ហូរចូលទន្លេរំខានដល់ការរស់នៅរបស់ត្រីផ្សោត និងប្រព័ន្ធជីវចម្រុះទន្លេមេគង្គរួម៖ «គាត់តែងតែខ្ចប់បាយរកត្រី គាត់នៅកន្លែងដនសាហុង រាល់ឆ្នាំ។ ដល់ឥឡូវកន្លែងហ្នឹងគឺស្តុបទាំងអស់ មិនឲ្យគាត់នេសាទនៅកន្លែងហ្នឹងទេ គឺគាត់បែរមកនេសាទក្បែរតំបន់អភិរក្សផ្សោត ហើយពេលខ្លះ គាត់លួចឆ្មក់នេសាទនៅតំបន់អន្លង់ផ្សោត»។
លោក ផន វណ្ណា បារម្ភថា ការបន្លាស់ទីរបស់សត្វផ្សោតនឹងកាន់តែរងហានិភ័យ ខណៈតំបន់ឆ្លងកាត់សំខាន់ៗរបស់សត្វផ្សោត សម្បូរដោយអ្នកនេសាទទាំងប្រជាជនឡាវ និងពលរដ្ឋខ្មែរ។ លោកថា ប្រសិនបើស្ថាប័នពាក់ព័ន្ធមិនយកចិត្តទុកដាក់រកមធ្យោបាយអភិរក្សសត្វកម្រនោះឲ្យទាន់ពេលទេ សត្វកម្រនេះអាចផុតពូជ និងបណ្ដាលឲ្យបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍៖ «ស៊ីម៉ងត៍ គឺសារធាតុគីមី ដែលវាផ្សំសារធាតុជាតិផ្ទុះហ្នឹង ហើយពេលគេបង្ហូរទឹកតាមចរន្តអគ្គិសនីគេហ្នឹង។ ទឹកហ្នឹងវាមានជាតិពុលហូរចូលមកក្នុងអន្លង់ផ្សោត»។
អ្នកជំនាញបរិស្ថានកត់សម្គាល់ថា ជាទម្លាប់ ការនេសាទរបស់ប្រជាជនខ្មែរ និងប្រជាជនឡាវ រស់នៅអមសងខាងទន្លេមេគង្គកន្លងមក អាជ្ញាធរនៃប្រទេសទាំងពីរមិនបានអនុវត្តតំបន់ព្រំដែនរដ្ឋបាលទាក់ទងការនេសាទឆ្លងដែនឡើយ។
ទីប្រឹក្សានៃអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន ផ្តល់ទស្សនៈថា គណៈកម្មការអន្លង់អភិរក្សឈើទាល និងគណៈកម្មការព្រំដែនកម្ពុជា ត្រូវរឹតបន្តឹងការអភិរក្សអន្លង់ឈើទាលជាជម្រកសត្វផ្សោតឲ្យជាក់លាក់ ជាពិសេសការកំណត់ព្រំប្រទល់អភិរក្សឲ្យបានម៉ត់ចត់នៅតំបន់ប្រើប្រាស់របស់សហគមន៍។ លោកកត់សម្គាល់ថា ការចូលនេសាទរបស់ប្រជាជនឡាវ ការបញ្ចេញចោលនៃកាកសំណង់របស់អ្នកនេសាទ និងឥទ្ធិពលអវិជ្ជមានដទៃទៀតបណ្ដាលមកពីការសាងសង់ទំនប់វារីអគ្គិសនី ធ្វើឲ្យប៉ះពាល់ដល់ទីជម្រកសត្វផ្សោតធ្ងន់ធ្ងរ។ លោកអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ពង្រឹងការអភិរក្សតំបន់បន្លាស់ទីរបស់សត្វផ្សោតដែលចរាចររកចំណី ខណៈតំបន់សំខាន់ៗដែលសត្វផ្សោតស្វែងរកចំណីកន្លងមក បានប្រែក្លាយជាតំបន់នេសាទរបស់ប្រជាជនឡាវ៖ «ចំនួនអ្នកនេសាទច្រើនទៅ គ្រឿងចក្រម៉ាស៊ីនច្រើនទៅ ធ្វើឲ្យរំខានការរស់នៅសត្វផ្សោត។ សំឡេងរំញ័រផ្សេងបង្កឡើងដោយទំនប់ដនសាហុង ធ្វើឲ្យកាន់តែព្រួយបារម្ភរកទីជ្រកមិនឃើញ»។
របាយការណ៍មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ឲ្យដឹងថា សហគមន៍អេកូទេសចរណ៍ព្រះរំកិល អាចរកចំណូលពីវិស័យទេសចរណ៍តាមរយៈភ្ញៀវទេសចរមកទស្សនាត្រីផ្សោតឆ្នាំ២០១៥ មានជាង ៣ម៉ឺនដុល្លារ ក្នុងនោះមានភ្ញៀវទេសចរបរទេសជាង ៦ពាន់នាក់។ ចំណែកភ្ញៀវទេសចរជាតិមានជាង ២ម៉ឺននាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ក៏បារម្ភពីវាសនាសត្វផ្សោតនៅអន្លង់ឈើទាល ប្រសិនបើមិនបានអភិរក្សលក្ខណៈបច្ចេកទេសទេ នឹងឈានដល់ការផុតពូជសត្វកម្រជាប្រភពប្រាក់ចំណូលដល់ប្រជាជនរស់នៅអមទន្លេមេគង្គ។ លោកកត់សម្គាល់ថា ប្រាក់ចំណូលដែលសហគមន៍បានពីភ្ញៀវទេសចរមកទស្សនាសត្វផ្សោតកន្លងទៅ ដូចជា លក់សំបុត្រចូលទស្សនា ការបម្រើសេវាដឹកជញ្ជូនអ្នកទេសចរ លក់ម្ហូបអាហារ និងលក់សម្ភារៈអនុស្សាវរីយ៍ ជាដើម៖ «ប្រសិនបើមិនមានវិធានការណាមួយគ្រប់គ្រង ក្នុងការអភិរក្សឲ្យបានត្រឹមត្រូវទេ នឹងអាចឈានទៅរកការបាត់បង់ទាំងស្រុងផ្សោតមេគង្គនៅអន្លង់ផ្សោតឈើទាលនេះ»។
ប្រទេសឡាវ បានចាប់ផ្ដើមសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ចាប់ពីខែតុលា ឆ្នាំ២០១៥ ខណៈប្រទេសជាសមាជិកទាំងបួននៃគណៈកម្មការទន្លេមេគង្គ មានកម្ពុជា ថៃ ឡាវ និងវៀតណាម មិនទាន់បានឯកភាពនៅឡើយ។
របាយការណ៍របស់អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) រកឃើញថា នៅពេលទំនប់ដនសាហុង សាងសង់ចប់ជាស្ថាពរ វានឹងបាត់បង់ប្រាក់ចំណូលពលរដ្ឋនៅតាមដងទន្លេមេគង្គ មានកម្ពុជា ថៃ ឡាវ និងវៀតណាម ក្នុងមួយឆ្នាំប្រមាណ ១.៤០០លានដុល្លាររហូតដល់ ៣.៩០០លានដុល្លារសហរដ្ឋអាមេរិក។ ការបាត់បង់ប្រាក់ចំណូលនេះ ព្រោះប៉ះពាល់ប្រព័ន្ធជីវចម្រុះក្នុងទន្លេមេគង្គ រួមនឹងប៉ះពាល់កម្រិតលំហូរទឹកទន្លេមេគង្គ ព្រមទាំងបំផ្លាញប្រព័ន្ធផ្លាស់ទីរបស់ត្រីនៅតំបន់ទន្លេមេគង្គទាំងមូល។
ប្រធានអង្គការមូលនិធិសត្វព្រៃពិភពលោក ប្រចាំកម្ពុជា លោក ឈិត សំអាត ធ្លាប់បានជំរុញរដ្ឋាភិបាល ត្រូវបន្តកិច្ចខំប្រឹងប្រែងចាំបាច់ ដើម្បីធានានិរន្តរភាពត្រីផ្សោត មានជាអាទិ៍ ការទប់ស្កាត់គម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង នៅប្រទេសឡាវ។
កាលពីមុនឆ្នាំ២០១០ សត្វផ្សោតនៅអន្លង់ឈើទាល មាន ៨ក្បាល ក៏ប៉ុន្តែសត្វកម្រទាំងនេះបាត់បង់ជាបន្តបន្ទាប់ ហើយបច្ចុប្បន្ននៅសល់ផ្សោតធំៗប្រមាណ ៤ក្បាល បន្តរស់នៅក្រោមការអភិរក្សរបស់សហគមន៍ព្រះរំកិល។ អ្នកជំនាញបរិស្ថានវាយតម្លៃថា សត្វផ្សោតទាំង ៤ក្បាលនោះ អាចនឹងបន្លាស់ទីពីអន្លង់ឈើទាល នៃឃុំព្រះរំកិល អំឡុងខែវស្សាខាងមុខ ប្រសិនបើទំនប់វារីអគ្គិសនីដនសាហុង នៅបន្តដំណើរការសាងសង់៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment