A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 16 March 2016

ពលរដ្ឋ​ឃុំ​រាយប៉ាយ​ខេត្ត​កំពង់ចាម​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់


ដោយ សូត សុខប្រាថ្នា
2016-03-15 rfa

ស្រះ​ទឹក​រីង កំពង់ចាម ២០១៦ ៨៥៥
ពលរដ្ឋ​សម្លឹង​មើល​ស្រះ​ដែល​រីង​ទឹក នៅ​ឃុំ​រាយប៉ាយ ស្រុក​កងមាស ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Saut Sokprathna
 RFA/Saut Sokprathna



អាជ្ញាធរ​មូលដ្ឋាន រួម​នឹង​អាជ្ញាធរ​ខេត្ត​កំពង់ចាម កំពុង​ចាត់​វិធានការ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​រាយប៉ាយ ស្រុក​កងមាស ចំពោះ​កង្វះ​ទឹក​សម្រាប់​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន។ វិធានការ​ទាំង​នោះ អាជ្ញាធរ​បាន​ជីក​ជា​ស្រះ និង​អណ្ដូង​ទឹក​មួយ​ចំនួន​សម្រាប់​ពលរដ្ឋ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​នៅ​តែ​បារម្ភ​ចំពោះ​បញ្ហា​នេះ ពីព្រោះ​ពួក​គាត់​មើល​ឃើញ​ថា ទៅ​ថ្ងៃ​មុខ​ទៀត អ្នក​ភូមិ​នឹង​ត្រូវ​ជួប​ប្រទះ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​កាន់​តែ​ធ្ងន់ធ្ងរ​មិន​ខាន។

អ្នក​ភូមិ​ប្រុស​ស្រី​នៅ​ឃុំ​រាយប៉ាយ មួយ​ចំនួន​និយាយ​ដូចៗ​គ្នា ចំពោះ​ផល​ប៉ះពាល់​ដោយសារ​តែ​ពួក​គាត់​មិន​មាន​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​គ្រប់គ្រាន់។ កង្វះ​ទឹក​នេះ កើត​ឡើង​ក្រោយ​ពេល​អណ្ដូង​អ្នក​ភូមិ ព្រម​ទាំង​ស្រះ ត្រពាំង ស្ទឹង ឬ​ព្រែក​ជាច្រើន ត្រូវ​បាន​រីង​ស្ងួត និង​អណ្ដូង​ខ្លះ​មាន​ទឹក​ចេញ ប៉ុន្តែ​មនុស្ស​មិន​អាច​ប្រើប្រាស់​បាន ដោយសារ​មាន​ជាតិ​ពុល។

ពលរដ្ឋ​ខ្លះ​ត្រូវ​ជិះ​ម៉ូតូ ឬ​រ៉ឺម៉ក​ជាច្រើន​គីឡូម៉ែត្រ ដើម្បី​ដង​ទឹក​នៅ​អណ្ដូង​ដែល​មិន​ទាន់​រីង ហើយ​ពួក​គាត់​ត្រូវ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក​ឲ្យ​នៅ​កម្រិត​ទាប​បំផុត ស្រប​ពេល​អាកាសធាតុ​កំពុង​ក្តៅ​ខ្លាំង​នៅ​រដូវ​ប្រាំង​ឆ្នាំ​នេះ។ មិន​ថា​តែ​មនុស្ស​ទេ​ដែល​កំពុង​ប្រឈម​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ ប៉ុន្តែ​សត្វ​ចិញ្ចឹម​របស់​អ្នក​ស្រុក រួម​មាន​គោ​ក្របី ជ្រូក ជាដើម​នោះ ត្រូវ​ជួប​បញ្ហា​ដូច​គ្នា។



ពលរដ្ឋ​នៅ​ភូមិ​កន្លែងរុន ឃុំ​រាយប៉ាយ លោកស្រី ជាម សំអឿន ឲ្យ​ដឹង​ថា ពួក​គាត់​ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​នោះ គឺ​តាំង​ពី​ខែ​ធ្នូ មក ប៉ុន្តែ​អ្នក​ភូមិ​ចេះ​តែ​ទ្រាំ​ប្រើ​ទឹក​ដែល​សេសសល់​ពី​អណ្ដូង​ខ្លះ ព្រម​ទាំង​ទិញ​ទឹក​គេ​ប្រើ​ខ្លះ។ លោកស្រី​ថា កង្វះ​ទឹក​មួយ​រយៈ​មក​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​ត្រូវ​ចំណាក​ស្រុក ដើម្បី​រក​ប្រាក់​យក​មក​ទិញ​ទឹក​គេ​ប្រើប្រាស់​ទៀត​ផង៖ «តាំង​ពី​ខ្វះ​ទឹក​មក ប្រជាពលរដ្ឋ​ណា​ទិញ​ទឹក​គេ​ណា អត់​បាយ​ណា​គ្នា​រត់​ទៅ​ជួល​នៅ​ស្រុក​លើ​អី​ណោះ»។

ដោយឡែក​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទទា លោក ជីន ប៉ែត រៀបរាប់​ថា នៅ​ភូមិ​របស់​លោក​ត្រូវ​ប្រឈម​កង្វះ​ទឹក​ប្រើប្រាស់​ខ្លាំង។ ដូច្នេះ​ជា​រៀង​រាល់​ថ្ងៃ លោក​ត្រូវ​មក​ដឹក​ជញ្ជូន​ទឹក​តាម​ម៉ូតូ​ពី​ភូមិ​មួយ​ផ្សេង​ទៀត ដែល​មាន​ប្រវែង​ប្រមាណ ៥​គីឡូម៉ែត្រ​ពី​ភូមិ​ដែល​លោក​រស់នៅ។ និយាយ​បណ្ដើរ​ដៃ​លើក​ប៊ីដុង​ទឹក​ដែល​ទើប​នឹង​ដង​ចេញ​ពី​អណ្ដូង​ដាក់​ម៉ូតូ​បណ្ដើរ លោក ជីន ប៉ែត ស្នើ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អ្នក​ភូមិ​ពេល​នេះ៖ «បាទ! រីង​អស់​ហើយ​អណ្ដូង​រីង​ស្ងួត​ម៉ង។ បាទ! មក​រាល់​ថ្ងៃ​រាល់​តែ​ព្រឹក រាល់​ល្ងាច។ គោ​ក៏​អត់ គោ​ពីរ ប៉ុន្តែ​យើង​ប្រើ​ផង គោ​ប្រើ​ផង»។

ពលរដ្ឋ​មួយ​រូប​ទៀត លោកស្រី តន សុវ៉ាន់ សម្រេច​ជួល​អ្នក​ភូមិ​មក​ស្ដារ​អណ្ដូង​លូ ឬ​អណ្ដូង​ខ្នោះ​របស់​គាត់ ដោយ​សង្ឃឹម​ថា នឹង​មាន​ទឹក​សម្រាប់​ប្រើប្រាស់​ឡើង​វិញ។ លោកស្រី​បន្ត​ថា អណ្ដូង​ទឹក​លោកស្រី​រីង​ប្រមាណ ២​ខែ​មក​ហើយ ប៉ុន្តែ​ចេះ​តែ​ត្រង​យក​ទឹក​ចេញ​តិចតួច​មក​ប្រើប្រាស់​បណ្ដោះអាសន្ន។ យ៉ាង​ណា​ក៏ដោយ លោកស្រី​ត្រូវ​យក​ទឹក​នោះ​ទៅ​ដាំ​ឲ្យ​ឆ្អិន ទើប​យក​ទៅ​ពិសា​ជា​ក្រោយ៖ «អត់​មាន​ពី​ណា​មក​ដង ដង​ខ្លួន​ឯង​តិចៗ​ទៅ ហើយ​ដង​តាម​អណ្ដូង​ស្នប់​ខ្លះៗ​ទៅ​ណា»។

ឃុំ​រាយប៉ាយ គឺ​ជា​ឃុំ​ចុងកាត់មាត់ញក​មួយ​ដែល​មាន​ភូមិ​ចំនួន​៨ និង​មាន​ប្រជាពលរដ្ឋ​ជិត ៣​ពាន់​គ្រួសារ (២.៧៤២​គ្រួសារ) ហើយ​ស្មើ​នឹង​ចំនួន​ប្រជាជន​ជាង ១​ម៉ឺន​នាក់ (១១.៧៥៦​នាក់)។ ឃុំ​មួយ​នេះ​មាន​ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ​ពី​ទន្លេ​មេគង្គ ហើយ​មិន​សូវ​មាន​ដើម​ឈើ​ធំៗ​ដុះ នៅ​វាល​ស្រែ​ភាគ​ច្រើន​មាន​តែ​ដើម​ត្នោត។ ស្ថានភាព​ដី​វិញ គឺ​ប្រេះ​ក្រហែង​ធំៗ សូម្បី​តែ​នៅ​វាល​ទំនាប​ប្រឡាយ ឬ​ព្រែក​ក៏ដោយ។ រីឯ​ទឹក​ដែល​មាន​នៅ​តាម​ស្រះ ឬ​ត្រពាំង​ខ្លះ មើល​ទៅ​មនុស្ស​មិន​គួរ​ប្រើប្រាស់​ឡើយ។

របាយការណ៍​របស់​អាជ្ញាធរ​ឃុំ​ឲ្យ​ដឹង​ថា ផល​ប៉ះពាល់​ដោយសារ​កង្វះ​ទឹក​ប្រើប្រាស់ គឺ​មាន​ស្ទើរ​គ្រប់​ភូមិ ដោយ​គ្រាន់​តែ​ភូមិ​ខ្លះ​ប៉ះពាល់​តិច ឬ​ច្រើន​ប៉ុណ្ណោះ។ ដោយឡែក​ភូមិ​ដែល​ប្រឈម​ខ្លាំង​ជាង​គេ​មាន​ចំនួន​ពីរ គឺ​ភូមិ​កន្លែងរុន និង​ភូមិ​ទទា ដែល​មាន​ប្រជាពលរដ្ឋ​ជិត ៦០០​គ្រួសារ។

មេ​ឃុំ​រាយប៉ាយ លោក ហេង ហ៊ាប មាន​ប្រសាសន៍​ថា ដោយសារ​ឆ្នាំ​នេះ​ទឹក​ទន្លេ​មេគង្គ​តូច ព្រែក ឬ​ស្ទឹង បឹង ត្រពាំង​មួយ​ចំនួន​គ្មាន​ទឹក​ចូល ហើយ​ស្រប​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង បណ្ដាល​ឲ្យ​អណ្ដូង​ទឹក​របស់​អ្នក​ភូមិ ព្រម​ទាំង​ព្រែក ឬ​ត្រពាំង​ជាច្រើន​ត្រូវ​រីង​ស្ងួត ទើប​ធ្វើ​ឲ្យ​ពួក​គាត់​មិន​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់។ លោក​ថា ប្រជាពលរដ្ឋ​ប្រឈម​ខ្លាំង គឺ​ខ្វះ​ទឹក​ស្អាត​សម្រាប់​បរិភោគ និង​ដាំ​ស្ល ពីព្រោះ​អណ្ដូង​ដែល​មាន​ទឹក​ចេញ​ជាច្រើន គឺ​ផ្ទុក​សារធាតុ​ពុល​អសេនិក (Arsenic) មិន​អាច​យក​ទៅ​ប្រើប្រាស់​បាន ពោល​គឺ​អាច​ប្រើ​សម្រាប់​សត្វ​ប៉ុណ្ណោះ។ បញ្ហា​ប្រឈម​នេះ អាជ្ញាធរ​ឃុំ​ក៏​បាន​រាយការណ៍​ទៅ​ថ្នាក់​លើ​ហើយ​ដែរ៖ «អ៊ីចឹង​ការ​ខ្វះ​ទឹក​នេះ ខាង​មន្ទីរ​អភិវឌ្ឍន៍​ជនបទ កាល​ពី​ខែ​មួយ គាត់​បាន​មក​ផ្សព្វផ្សាយ​នៅ​នេះ ហើយ​ខាង​ឃុំ​ក៏​បាន​ស្នើ​ឲ្យ​ជួយ​ជា​អណ្ដូង​ជា​ស្រះ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​សត្វ​ពាហនៈ​បាន​ផឹក»។

លោក​បន្ត​ថា ក្រោយ​ពេល​រាយការណ៍​ទៅ​ថ្នាក់​លើ ខាង​អាជ្ញាធរ​ខេត្ត ព្រម​ទាំង​ក្រសួង​ពាក់ព័ន្ធ​ផង បាន​ជួយ​ជា​អណ្ដូង​ទឹក ប្រភេទ​អណ្ដូង​ខ្នោះ​ចំនួន​៣២ ដែល​កំពុង​ដំណើរ​ការ​ជីក​ជា​បណ្ដើរៗ និង​ជីក​ស្រះ​ចំនួន​ពីរ។ លោក​បញ្ជាក់​ថា ពី​ឆ្នាំ​មុនៗ​មិន​ធ្លាប់​មាន​បញ្ហា​នេះ​កើត​ឡើង​ទេ ទើប​តែ​ជួប​ប្រទះ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​អាកាសធាតុ​ប្រែប្រួល​ខ្លាំង។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី អាជ្ញាធរ​ឃុំ​នៅ​តែ​បន្ត​តាម​ដាន​ចំពោះ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត។

ដោយឡែក​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ និង​ជា​សមាជិក​គណៈកម្មការ​ត្រួត​ពិនិត្យ​ជាតិ​អសេនិក​នៅ​តាម​អណ្ដូង​ទឹក​ក្នុង​ឃុំ​រាយប៉ាយ លោក ឆាន់ ឈុន មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ប្រភេទ​អណ្ដូង​ខ្យល់ ១៣០​អណ្ដូង គឺ​មាន​ជាង ៣០​ប៉ុណ្ណោះ​ដែល​អាច​ប្រើប្រាស់​បាន ក្រៅ​ពី​នោះ​គឺ​មាន​កំហាប់​ជាតិ​អសេនិក​ខ្ពស់​មិន​អាច​ប្រើ​បាន​ទេ។ ស្រប​ពេល​មាន​បញ្ហា​កង្វះ​ទឹក​កើត​ឡើង អាជ្ញាធរ​ឃុំ​ក៏​បាន​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​ទឹក​ទាំង​នោះ៖ «យើង​ផ្សព្វផ្សាយ​ប្រាប់​ថា អា​មួយ​រយ​ឡើង​នេះ​យើង​មិន​បាន​ប្រើប្រាស់​បាន​ទេ គ្រាន់​តែ​លាង​បោក​គក់ សត្វ​ផឹក និង​យើង​ងូត​បាន»។

ប្រភព​ដដែល​មាន​ជំនឿ​ថា ការ​ជីក​ជា​ស្រះ និង​អណ្ដូង​ទាំង​នោះ នឹង​អាច​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​បាន។

មេ​ឃុំ​រាយប៉ាយ ព្រម​ទាំង​ប្រជាពលរដ្ឋ​ផង អំពាវនាវ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល និង​សប្បុរសជន​ជួយ​ជា​អណ្ដូង​បន្ថែម​ទៀត​សម្រាប់​រដូវ​ក្តៅ​ខាង​មុខ ខ្លាច​ក្រែង​ធ្វើ​ឲ្យ​អ្នក​ស្រុក​កាន់​តែ​ជួប​ការ​លំបាក។

ជាមួយ​គ្នា​នេះ អភិបាល​រង​ខេត្ត​កំពង់ចាម លោក ជីម លាវ មាន​ប្រសាសន៍​ថា អាជ្ញាធរ​កំពុង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​កង្វះ​ទឹក​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​រាយប៉ាយ។ លោក​បញ្ជាក់​ថា ក្រៅ​ពី​ជួយ​ជា​ស្រះ​ទឹក ឬ​អណ្ដូង​ទឹក អាជ្ញាធរ​ក៏​បាន​ជួយ​ជា​បច្ចេកទេស​ដើម្បី​ការពារ​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ទឹក​ដល់​ប្រជាពលរដ្ឋ​ទៀត​ផង។ លោក​បន្ត​ថា ក្រៅ​ពី​ស្រុក​កងមាស បញ្ហា​កង្វះ​ទឹក​ក៏​អាច​កើត​មាន​នៅ​ស្រុក​ផ្សេង​ទៀត ដូចជា​ស្រុក​បាធាយ ស្រុក​កំពង់សៀម ជាដើម ប៉ុន្តែ​អាជ្ញាធរ​បាន​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ទៅ​តាម​ជាក់ស្តែង។

កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​បញ្ជាក់​ថា រដូវ​ប្រាំង​ក្នុង​ខែ​មីនា និង​ខែ​មេសា អាកាសធាតុ​នឹង​ក្តៅ​ហួតហែង​ខ្លាំង បរិមាណ​ទឹក​ភ្លៀង​កក់​ខែ​មាន​តិចតួច ហើយ​បាតុភូត​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់​កើត​ឡើង​ច្រើន។ ចំណែក​នៅ​រដូវ​វស្សា​ចាប់​ពី​ខែ​ឧសភា ដល់​ខែ​កក្កដា មាន​ភ្លៀង​ធ្លាក់​តិចតួច ប៉ុន្តែ​បាតុភូត​ខ្យល់​ផ្គរ​រន្ទះ​កើត​មាន​ច្រើន ហើយ​ភ្លៀង​ធ្លាក់​ច្រើន និង​រាយប៉ាយ​ល្អ គឺ​នៅ​ពាក់​កណ្ដាល​រដូវ​វស្សា​ដល់​ចុង​រដូវ​វស្សា ចាប់​ពី​ខែ​សីហា ដល់​ចុង​ខែ​វិច្ឆិកា។

ទាក់ទង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង លើក​ឡើង​ថា មូលហេតុ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ប្រឈម​បញ្ហា​ខ្វះ​ទឹក គឺ​ដោយសារ​តែ​ការ​បាត់បង់​ធនធាន​ធម្មជាតិ និង​ការ​បំផ្លាញ​ប្រភព​ទឹក រួម​មាន​សកម្មភាព​លុប​បឹងបួ ព្រម​ទាំង​ការ​កើន​ឡើង​នៃ​កម្ដៅ​លើ​ពិភពលោក​ផង។ លោក​ថា កង្វះ​ទឹក​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នឹង​កាន់​តែ​ធ្វើ​ឲ្យ​ពួក​គាត់​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ប្រសិន​បើ​រាជ​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​ឲ្យ​ប្រសើរ​នោះ​ទេ៖ «គឺ​ដោយសារ​តែ​គាត់​អត់​មាន​ពេល​ទៅ​រក​ស៊ី ព្រោះ​ខ្វាយខ្វល់​ថា​ធ្វើ​យ៉ាង​ម៉េច ដើម្បី​មាន​ទឹក​គ្រប់គ្រាន់»។

លោក​បន្ថែម​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ ប្រជាពលរដ្ឋ និង​រាជ​រដ្ឋាភិបាល ត្រូវ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ និង​ប្រភព​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ។ ជាមួយ​គ្នា​នោះ រាជ​រដ្ឋាភិបាល​ត្រូវ​ដាក់​ផែនការ​ជា​អាទិភាព​ចំពោះ​ការ​ភ្ជាប់​បណ្ដាញ​ប្រភព​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទូទាំង​ប្រទេស ពីព្រោះ​នៅ​តាម​ជនបទ ឬ​តំបន់​ដាច់​ស្រយាល ភាគ​ច្រើន​មិន​មាន​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ឡើយ៕

No comments: