A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 16 March 2016

ពលរដ្ឋ​៤៨​គ្រួសារ​នៅ​ស្រុក​ព្រះនេត្រព្រះ​តវ៉ា​ឲ្យ​អាជ្ញាធរ​បញ្ឈប់​អាជីវកម្ម​បូម​ខ្សាច់


Manekseka Sangkum: Why not? It's country for sale!

....

ពលរដ្ឋ​៤៨​គ្រួសារ​នៅ​ស្រុក​ព្រះនេត្រព្រះ​តវ៉ា​ឲ្យ​អាជ្ញាធរ​បញ្ឈប់​អាជីវកម្ម​បូម​ខ្សាច់
ដោយ ហ៊ុំ ចំរើន
2016-03-15 rfa

បូម​ខ្សាច់​ស្រុក​ព្រះនេត្រព្រះ ២០១៦ ៨៥៥
សកម្មភាព​បូម​ខ្សាច់​ក្នុង​ស្ទឹង​ក្រឡាញ់ ភូមិ​អន្លង់វិល ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
 RFA/Hum Chamroeun


ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បូម​ខ្សាច់​នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ចំនួន ៤៨​គ្រួសារ នាំ​គ្នា​ផ្ដិត​មេដៃ​ស្នើ​ឲ្យ​អាជ្ញាធរ​ឃុំ បញ្ឈប់​អាជីវកម្ម​បូម​ខ្សាច់​មួយ​កន្លែង​ចេញ​ពី​ស្ទឹង​ក្រឡាញ់ ឲ្យ​បាន​ឆាប់​រហ័ស។ អ្នក​ភូមិ​បញ្ជាក់​ថា ពួក​គាត់​បាន​តវ៉ា​ឲ្យ​ម្ចាស់​អាជីវកម្ម បញ្ឈប់​ការ​បូម​ខ្សាច់​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល។

ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រះនេត្រព្រះ សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​អាជ្ញាធរ​មូលដ្ឋាន ថា​បណ្ដោយ​ឲ្យ​អាជីវកម្ម​បូម​ខ្សាច់ ធ្វើ​សកម្មភាព​ដោយ​សេរី។

ពលរដ្ឋ​រស់នៅ​ភូមិ​អន្លង់វិល ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ គឺ​លោក ខូយ សូនី។ លោក​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ មីនា ថា អាជីវកម្ម​បូម​ខ្សាច់​ឯកជន​មួយ​កន្លែង​របស់ លោក ឡុង គារ ជា​ប្រជាពលរដ្ឋ​អ្នក​មាន​ទ្រព្យ​ធន បូម​ខ្សាច់​បាក់​ច្រាំង​ស្ទឹង​ក្រឡាញ់ នៅ​ចំណុច​ភូមិ​អន្លង់វិល ហើយ​ធ្វើ​ឲ្យ​ល្អក់​ទឹក​មិន​អាច​យក​ទៅ​ប្រើប្រាស់​បាន​ប្រមាណ ៣​ខែ​ហើយ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នោះ​ទេ៖ «ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​គេ​ស្ដី​ឲ្យ​ខ្ញុំ​ថា អញ​មិន​ខ្លាច​ពួក​ឯង​ប៉ុន្មាន​ទេ ព្រោះ​គេ​មាន​ទឹក​លុយ។ ដល់​តែ​អ៊ីចឹង​ទៅ ពួក​ខ្ញុំ​ចេះ​តែ​នាំ​គ្នា​ខឹង ហើយ​ខ្លាច​ទប់​មិន​បាន បង្ក​ហិង្សា​ដាក់​គ្នា​នៅ​ពេល​ណា​មួយ​ទេ»។



លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​ធ្លាប់​តវ៉ា​ឲ្យ​អាជ្ញាធរ​ភូមិ និង​ឃុំ បញ្ឈប់​អាជីវកម្ម​នេះ​ចំនួន ៣​លើក​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ឡើយ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​ព្រះនេត្រព្រះ លោក លី សុវណ្ណារិទ្ធ មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជា​ឲ្យ​ម្ចាស់​អាជីវកម្ម ឈប់​បូម​ខ្សាច់​ម្ដង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ទី​១៣ មីនា។ ចំណែក​ឯ​ការ​បូម​ខ្សាច់​សាជាថ្មី​ទៀត​នោះ លោក​ថា ពុំ​ទាន់​ទទួល​ដំណឹង​នៅ​ឡើយ៖ «បាទ! អត់​អី​ទេ។ ខ្ញុំ​រក​តែ​អ្នក​ដែល​មិន​ខ្លាច​នេះ​ឯង​តើ។ ខ្ញុំ​នឹង​ឲ្យ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​មើល​ការងារ​នេះ»។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​ស្រុក​អះអាង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ អាជីវកម្ម​បូម​ខ្សាច់​នៅ​តែ​ធ្វើ​សកម្មភាព​ដដែល ដោយ​មិន​ខ្លាច​រអា​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា អាជីវកម្ម​បូម​ខ្សាច់​នេះ ដំណើរ​ការ​ទៅ​បាន​លុះ​ណា​មាន​ភ្លើង​ខៀវ​ពី​អាជ្ញាធរ​មូលដ្ឋាន។ លោក​ពន្យល់​ថា ការ​បូម​ខ្សាច់​នោះ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ដូចជា​ការ​បាក់​ដី និង​ធ្វើ​ឲ្យ​ខូច​គុណភាព​ទឹក ជាដើម ដែល​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តែ​ទប់ស្កាត់​ជា​បន្ទាន់៖ «មាន​ន័យ​ថា ឈប់​ឲ្យ​មាន​ឈប់​កើត និង​សុំ​ឲ្យ​ចប់​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ដើម្បី​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ»។

អ្នក​ភូមិ​គំរាម​ថា ប្រសិន​បើ​អាជ្ញាធរ​ឃុំ និង​ស្រុក មិន​បញ្ឈប់​អាជីវកម្ម​បូម​ខ្សាច់​ឲ្យ​បាន​ឆាប់​ទេ ពួក​គាត់​នឹង​នាំ​គ្នា​ទៅ​ដក​ហូត​ឧបករណ៍​បូម​ខ្សាច់​ដោយ​ខ្លួន​ឯង​ចេញ​ពី​បាត​ស្ទឹង​ក្នុង​ពេល​ខាង​មុខ៕

No comments: