ដោយ អ៊ុំ រង្សី
2016-03-31
២៣-មេសា-២០១៤៖ ចម្ការស្វាយនៅស្រុកល្វាឯម ខេត្តកណ្ដាល។
RFA/Ouk Savborey
ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ចាត់ទុកដំណាំស្វាយជាប្រភេទដំណាំដែលប្រជាកសិករកម្ពុជា និយមដាំដុះច្រើន បើធៀបនឹងដំណាំដទៃ ប៉ុន្តែកន្លងមក ទីផ្សារផ្លែស្វាយមិនទាន់ទូលំទូលាយនៅឡើយទេ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនគ្រោងនឹងពង្រីកទីផ្សារនាំចេញផ្លែស្វាយកែវរមៀត ទៅកាន់ទីផ្សារអឺរ៉ុប ជាង ២០០តោននៅក្នុងឆ្នាំ២០១៦ នេះ។
អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងជាប្រធានក្រុមការងារផ្នែកកសិកម្ម និងកសិឧស្សាហកម្មផ្នែកឯកជន លោក ម៉ុង ឬទ្ធី បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣០ ខែមីនា ថា កន្លងមក ក្រុមហ៊ុនលោកនាំចេញផ្លែស្វាយទៅទីផ្សារប្រទេសចិន ច្រើនជាងគេ។ លោកអះអាងថា បរិមាណស្វាយជាង ២០០តោននេះ ក្រុមហ៊ុនបានប្រមូលទិញពីប្រជាកសិករនៅក្នុងខេត្តមួយចំនួន ដូចជា ខេត្តកំពង់ស្ពឺ កំពត និងកណ្ដាល ដែលកំពុងប្រឈមបញ្ហាខ្វះទីផ្សារ៖ «តាមយន្តហោះចឹងយើងនាំចេញមិនទាន់បានច្រើននៅឡើយទេ ប្រហែលជាង ២០០តោនប៉ុណ្ណោះក្នុងឆ្នាំ២០១៦ ដែលជំហានដំបូង ខ្ញុំនាំចេញតែស្វាយកែវរមៀត នៅឡើយ ហើយជំហានក្រោយ យើងនាំចេញស្វាយពីរប្រភេទ គឺស្វាយអាយវ៉ែន និងស្វាយប៉ោម អូស្ត្រាលី ទៅ ហើយបើប្រភពស្វាយយើងប្រមូលតិចពីស្រុកភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺ កំពត អ្នកដាំតាមទន្លេបាសាក់ និងទន្លេមេគង្គជាដើម យកពីប្រភពដែលខ្វះទីផ្សារ»។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា កាលពីឆ្នាំ២០១៤ កម្ពុជា មានផ្ទៃដីផលិតស្វាយប្រមាណជាង ៦ម៉ឺន ៥ពាន់ហិកតារ (៦៥.២៥១ហិកតារ) នៅទូទាំងប្រទេស។ ជាងនេះទៀត កាលពីចុងឆ្នាំ២០១៥ កន្លងទៅ ក្រសួងកសិកម្ម បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយរដ្ឋាភិបាលកូរ៉េ លើការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសកូរ៉េ ដើម្បីពង្រីកទីផ្សារអន្តរជាតិឲ្យបានកាន់តែទូលាយ។
លោក ម៉ុង ឬទ្ធី ក៏អះអាងថា ចំនួននាំចេញនេះនៅតែតិចតួចនៅឡើយ ដោយសារក្រុមហ៊ុនលោក ខ្វះយន្តហោះផ្ទាល់ខ្លួនដើម្បីដឹកជញ្ជូន ប៉ុន្តែទៅថ្ងៃអនាគត ក្រៅពីពង្រីកការនាំចេញផ្លែស្វាយទៅទីផ្សារអឺរ៉ុប ក្រុមហ៊ុនលោក ក៏ប្ដេជ្ញាពង្រីកទីផ្សារបន្ថែមទៀតទៅកាន់សហរដ្ឋអាមេរិក និងប្រទេសកូរ៉េ ដើម្បីជួយលើកស្ទួយជីវភាពកសិករ ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ៕
No comments:
Post a Comment