A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 31 March 2016

ក្រុម​គ្រួសារ​អះអាង​ថា​មន្ត្រី​ពន្ធនាគារ​មិន​ឲ្យ​ជួប​យុវជន​ជាប់​ចោទ​អំពី​សារ​បដិវត្តន៍​ពណ៌


ដោយ យ៉ង ចាន់តារា
2016-03-30

គង់ រ៉ៃយ៉ា ៨៥៥
យុវជន គង់ រ៉ៃយ៉ា (រូប​កណ្ដាល) ពេល​បញ្ជូន​ចេញ​ពី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦។
 RFA/Sorn Chanratha


ក្រុម​គ្រួសារ​យុវជន គង់ រ៉ៃយ៉ា ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៨​ខែ ទាក់ទង​នឹង​ការ​បង្ហោះ​សារ​អំពី​បដិវត្តន៍​ពណ៌ ទទូច​ឲ្យ​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស អនុវត្ត​នីតិវិធី​ពន្ធនាគារ​ដោយ​ស្មើ​ភាព មិន​លម្អៀង និង​គ្មាន​ការ​រើសអើង​ចំពោះ​អ្នក​ទោស។ ការ​លើក​ឡើង​បែប​នេះ គឺ​បន្ទាប់​ពី​ពួក​គេ​មិន​អាច​ចូល​ជួប​ផ្ទាល់​ជាមួយ​យុវជន គង់ រ៉ៃយ៉ា ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​២៩ មីនា។

បង​ស្រី​របស់​យុវជន គង់ រ៉ៃយ៉ា គឺ​លោកស្រី គង់ ដាលីន សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ប្រធាន​ពន្ធនាគារ​ព្រៃ​ស ដែល​មិន​អនុញ្ញាត​ឲ្យ​រូប​គាត់ និង​ក្រុម​គ្រួសារ​ចូល​ជួប​សន្ទនា​ដោយ​ផ្ទាល់​ជាមួយ​ប្អូន​ប្រុស​ដែល​កំពុង​ជាប់​ពន្ធនាគារ។

លោកស្រី គង់ ដាលីន អះអាង​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ មីនា លោកស្រី និង​ក្រុម​គ្រួសារ បាន​ទៅ​សួរ​សុខ​ទុក្ខ​ប្អូន​ប្រុស​នៅ​ពន្ធនាគារ​ព្រៃ​ស ប៉ុន្តែ​ប្រធាន​ពន្ធនាគារ​បាន​ប្រាប់​ថា ប្អូន​របស់​លោកស្រី គឺ​យុវជន គង់ រ៉ៃយ៉ា មិន​ទាន់​ត្រូវ​បាន​កាត់​ទោស​នៅ​ឡើយ ដូច្នេះ​មិន​អាច​ចូល​ជួប​បាន​ទេ គឺ​បាន​ត្រឹម​តែ​ឈរ​និយាយ​ពី​ខាង​ក្រៅ​ចម្រឹង​ពន្ធនាគារ​តែ​ប៉ុណ្ណោះ៖ «ខ្ញុំ​ថា​ខ្ញុំ​សុំ​ជួប​ផ្ទាល់ គេ​ថា​កាត់​ទោស​ហើយ ឬ​នៅ? ខ្ញុំ​ថា​គេ​កាត់​ទោស​រួច​ហើយ គេ​សួរ​កាត់​នៅ​ថ្ងៃ​ណា? ខ្ញុំ​ថា​គេ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​១៥ មីនា មក​ម្ល៉េះ។ គេ​ថា​ឯកសារ​មិន​ទាន់​ឃើញ​មក​ដល់​គេ​ទេ? គេ​ថា​តែ​ប៉ុណ្ណឹង»។



លោកស្រី​ហៅ​ការ​អនុវត្ត​បែប​នេះ​ថា​ជា​រឿង​អយុត្តិធម៌ ពីព្រោះ​មន្ត្រី​ពន្ធនាគារ​បាន​អនុញ្ញាត​ក្រុម​គ្រួសារ​អ្នក​ទោស​ដទៃ ចូល​ទៅ​សួរ​សុខ​ទុក្ខ​សាច់ញាតិ​របស់​ខ្លួន ប្លែក​តែ​លោកស្រី​ដែល​មិន​អាច​ចូល​ទៅ​ជួប​ប្អូន​ប្រុស​ដែល​ជា​អ្នក​ទោស​នយោបាយ​បាន​ដោយ​ផ្ទាល់៖ «គាត់​ត្រូវ​ពិនិត្យ​ឯកសារ​ឡើង​វិញ តើ​បាន​កាត់​ទោស​ហើយ​ឬ​នៅ? ដូច​សម្ដី​ដែល​គាត់​និយាយ ពីព្រោះ​តុលាការ​បាន​ប្រកាស​សាលក្រម​តាំង​ពី​ថ្ងៃ​ទី​១៥ មក​ម្ល៉េះ។ ហេតុ​អ្វី​បាន​ជា​គាត់​ថា​មិន​ទាន់​កាត់​ទោស? ខ្ញុំ​សុំ​ឲ្យ​មន្ត្រី​ពន្ធនាគារ លោក ស្រ៊ុន លាង ពិនិត្យ​ឯកសារ​ឡើង​វិញ ហើយ​ខ្ញុំ​សុំ​ថា​ពេល​ខ្ញុំ​ទៅ​លើក​ក្រោយ សុំ​ឲ្យ​ខ្ញុំ​បាន​ចូល​ជួប​ផ្ទាល់»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​ពន្ធនាគារ​ព្រៃ​ស "ម​១" លោក ស្រ៊ុន លាង បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៣០ មីនា ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សាវនា មាន​ប្រសាសន៍​ថា មិន​មាន​នីតិវិធី​ណា​មួយ ដែល​រារាំង​មិន​ឲ្យ​ក្រុម​គ្រួសារ​ចូល​ជួប​សន្ទនា​ដោយ​ផ្ទាល់​ជាមួយ​សាច់ញាតិ​ខ្លួន​ក្នុង​ពន្ធនាគារ​នោះ​ទេ។ វា​លើក​លែង​តែ​ក្នុង​ករណី​ដែល​ជន​ជាប់​ឃុំ​មាន​ទំនាស់ ឬ​គំនុំ ឬ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ទើប​អាជ្ញាធរ​ពន្ធនាគារ​ត្រូវ​រឹត​បន្តឹង​ចំពោះ​ការ​ចូល​ជួប។ លោក នុត សាវនា បន្ត​ទៀត​ថា លោក​នឹង​ទាក់ទង​ទៅ​កាន់​មន្ត្រី​ពន្ធនាគារ ម​១ ដើម្បី​សួរ​នាំ​រឿង​នេះ៖ «បើ​សិន​ជា​ពន្ធនាគារ​កំហិត ឬ​ក៏​ហាម​ឃាត់​មិន​ឲ្យ​ក្រុម​គ្រួសារ​យុវជន គង់ រ៉ៃយ៉ា ជួប វា​ជា​រឿង​មួយ​ប៉ះពាល់​ដល់​សិទ្ធិ​ជន​ជាប់​ចោទ ហើយ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​មួយ​យ៉ាង​ធ្ងន់ធ្ងរ»។

មេធាវី​ការពារ​ក្តី​ឲ្យ​យុវជន គង់ រ៉ៃយ៉ា លោក សំ សុគង់ ថ្លែង​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ណា​មួយ​នៅ​ឡើយ​អំពី​ការ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ ចូល​ជួប​កូន​ក្តី​របស់​លោក។ ទោះ​ជា​យ៉ាង​ណា លោក សំ សុគង់ អះអាង​ថា ជន​ជាប់​ឃុំ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ជួប​ជុំ​គ្រួសារ សិទ្ធិ​ទទួល​បាន​ព័ត៌មាន សិទ្ធិ​ជួប​ជាមួយ​មេធាវី និង​សិទ្ធិ​ទទួល​បាន​ការ​ព្យាបាល៖ «វា​មិន​មាន​ការ​រើសអើង​ទេ វា​គ្រាន់​តែ​មាន​លក្ខណៈ​បច្ចេកទេស ហើយ​ជួនកាល​ពេលវេលា​មិន​អំណោយ​ផល។ ហើយ​បើ​គាត់​ថា​អត់​មាន​ឯកសារ កាត់​ទោស​ហើយ គេ​មិន​ឲ្យ​ជួប​ផ្ទាល់ នោះ​ត្រូវ​តែ​មាន​ការ​ពិនិត្យ​ឡើង​វិញ»។

កាល​ពី​ថ្ងៃ​ទី​១៥ មីនា កន្លង​ទៅ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​យុវជន គង់ រ៉ៃយ៉ា ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ ៦​ខែ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ក្រោយ​ពេល​យុវជន​រូប​នេះ​លើក​ឡើង​អំពី​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៥ ដោយ​មាន​ខ្លឹមសារ​ថា «តើ​មាន​បង​ប្អូន​ណា​ហ៊ាន​ធ្វើ​បដិវត្ត​ពណ៌​ជាមួយ​ខ្ញុំ​ទេ? ថ្ងៃ​ណា​មួយ​នៅ​ពេល​ខាង​មុខ​នេះ ខ្ញុំ​នឹង​ធ្វើ​បដិវត្ត​ពណ៌ ដើម្បី​ផ្លាស់ប្ដូរ​របប​ដ៏​ថោក​ទាប​មួយ​នេះ​ចេញ​ពី​សង្គម​ខ្មែរ ទោះ​បី​ជា​ត្រូវ​ជាប់​គុក ឬ​ស្លាប់​ក៏ដោយ ក៏​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដែរ»។

ការ​ផ្ដន្ទាទោស​យុវជន គង់ រ៉ៃយ៉ា ដាក់​ពន្ធនាគារ ១៨​ខែ​នេះ ធ្វើ​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រិះគន់​ប្រព័ន្ធ​តុលាការ​កម្ពុជា កាន់​តែ​ខ្លាំង ថា​មិន​ឯករាជ្យ និង​រង​ឥទ្ធិពល​នយោបាយ។ ទន្ទឹម​នឹង​នេះ ពួក​គេ​ក៏​រិះគន់​រដ្ឋាភិបាល​កម្ពុជា ដែរ ថា​បាន​ប្រឹងប្រែង​បំបិទ​មាត់​ពលរដ្ឋ​តាម​រយៈ​ការ​ដាក់​ទោស​ទណ្ឌ​ជន​ណា​ដែល​ហ៊ាន​រិះគន់​ចំៗ​ពី​ចំណុច​អវិជ្ជមាន​របស់​ខ្លួន។

ទាក់ទង​នឹង​សំណុំ​រឿង​យុវជន គង់ រ៉ៃយ៉ា នេះ​ដែរ លោក សំ សុគង់ ដែល​ជា​មេធាវី​ការពារ​ក្តី បាន​បញ្ជាក់​ថា លោក​បាន​ដាក់​បណ្ដឹង​ឧទ្ធរណ៍​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​រួច​រាល់​ហើយ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា។ លោក សំ សុគង់ អះអាង​ថា អង្គ​ហេតុ ភស្តុតាង និង​ព្យសនកម្ម​ទាំងឡាយ​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រើប្រាស់ ដើម្បី​ចោទ​ប្រកាន់​កូន​ក្តី​របស់​លោក មិន​មាន​ភាព​ពេញលេញ និង​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ ហេតុ​ដូចនេះ លោក​រំពឹង​ថា សាលា​ឧទ្ធរណ៍ នឹង​សម្រេច​ក្តី​នេះ​ឡើង​វិញ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ និង​ផ្តល់​ភាព​យុត្តិធម៌​ជូន​កូន​ក្តី​របស់​លោក៕

No comments: