A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 17 March 2016

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា​ប្រទេស​កម្ពុជា​មាន​ពីរ


Manekseka Sangkum: Well, in reality an independent, sovereign Kingdom of Cambodia exists only on paper. In other words, Kampuchea doesn't exist at all.

....

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា​ប្រទេស​កម្ពុជា​មាន​ពីរ
ដោយ យ៉ង ចាន់តារា
2016-03-16  rfa

ហ៊ុន សែន ២០១៦ ៨៥៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ថានីយ​អ្នក​ដំណើរ​ថ្មី នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev
 RFA/Brach Chev


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ថា ប្រទេស​កម្ពុជា បច្ចុប្បន្ន​មាន​ពីរ គឺ​កម្ពុជា​ពិត និង​កម្ពុជា​នៅ​លើ​ទំព័រ​សារព័ត៌មាន។ លោក ហ៊ុន សែន លើក​ឡើង​បែប​នេះ​ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ស្ថានីយ​អ្នក​ដំណើរ​ថ្មី នៃ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​សុន្ទរកថា​រយៈពេល​ជាង ៣០​នាទី​របស់​លោក​ថា កម្ពុជា សព្វថ្ងៃ​នេះ​មាន​ពីរ​ប្រភេទ គឺ​កម្ពុជា​ពិត និង​កម្ពុជា​នៅ​លើ​ទំព័រ​សារព័ត៌មាន។

លោក ហ៊ុន សែន ពន្យល់​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល ប្រមុខ​ការទូត មន្ត្រី​អង្គការ​អន្តរជាតិ និង​អ្នក​វិនិយោគ​ថា កម្ពុជា​ពិត គឺ​ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ និង​មាន​ការ​វិនិយោគ ផ្ទុយ​ពី​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន ដែល​បង្ហាញ​តែ​អំពី​ចំណុច​អវិជ្ជមាន​របស់​កម្ពុជា៖ «កម្ពុជា ខ្ញុំ​ពិត​ជា​មាន​ពីរ គឺ​កម្ពុជា​ពិត និង​កម្ពុជា​នៅ​លើ​ទំព័រ​សារព័ត៌មាន។ កម្ពុជា លើ​ទំព័រ​សារព័ត៌មាន​តាម​រយៈ​នៃ​ការ​សរសេរ​ផ្សាយ​របស់​មនុស្ស​មួយ​ចំនួន រាប់​ទាំង​ជនជាតិ​កម្ពុជា មួយ​ចំនួន គឺ​កម្ពុជា មិន​គួរ​ឲ្យ​ចង់​រស់នៅ និង​មិន​គួរ​ចង់​មក​ទស្សនកិច្ច​នោះ​ទេ»។



ប្រសាសន៍​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​យល់​ឃើញ​ថា ជា​ការ​លើក​ឡើង​មួយ​ដែល​មិន​មាន​ភាព​ពេញលេញ។

នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ បញ្ជាក់​ថា សារព័ត៌មាន​មាន​សិទ្ធិ​ចុះ​ផ្សាយ​ទាំង​រឿង​វិជ្ជមាន ឬ​អវិជ្ជមាន​របស់​សង្គម។ លោក មឿន ឈានណារិទ្ធ បន្ត​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​ដែល​មាន​លក្ខណៈ​វិជ្ជាជីវៈ ដើរ​តួ​សំខាន់​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ការ​ពិត​នៃ​សង្គម៖ «សារព័ត៌មាន គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​សង្គម។ បើ​សង្គម​នោះ​មាន​លក្ខណៈ​សេរី សារព័ត៌មាន​នោះ​ក៏​មាន​លក្ខណៈ​សេរី​ដូច​នោះ​ដែរ។ បើ​សង្គម​នោះ​មាន​លក្ខណៈ​ស្អាតស្អំ យើង​អាច​មើល​តាម​ទំព័រ​សារព័ត៌មាន​ឆ្លុះ​បញ្ចាំង​សង្គម​បែប​នោះ​ហើយ ប៉ុន្តែ​ការ​ឆ្លុះ​បញ្ចាំង​នោះ គឺ​អាស្រ័យ​ទៅ​លើ​ការ​បំពេញ​តួនាទី​ត្រឹមត្រូវ​របស់​អ្នក​សារព័ត៌មាន»។

លោក មឿន ឈានណារិទ្ធ បន្ថែម​ទៀត​ថា ការ​ផ្សាយ​តែ​អំពី​រឿង​អវិជ្ជមាន​ក្នុង​សង្គម អាច​មក​ពី​កតា្ត​បុគ្គល ឬ​និន្នាការ​របស់​ស្ថាប័ន៖ «តាម​គោលការណ៍​វិជ្ជាជីវៈ យើង​ត្រូវ​មាន​តុល្យភាព។ យើង​ឆ្លុះ​បញ្ចាំង​សង្គម បើ​រដ្ឋាភិបាល​គាត់​ធ្វើ​ល្អ យើង​ត្រូវ​រាយការណ៍​ព័ត៌មាន​ដែល​ល្អ។ បើ​រដ្ឋាភិបាល​គាត់​ធ្វើ​ទៅ មាន​អ្វី​ដែល​ត្រូវ​កែប្រែ​នោះ យើង​ត្រូវ​រាយការណ៍​ទៅ​តាម​នោះ​ដែរ»។

អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​រូប​នេះ​មើល​ឃើញ​ថា បញ្ហា​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា បណ្ដាល​មក​ពី​ការ​ខ្វះខាត​វិជ្ជាជីវៈ ដោយសារ​តែ​មាន​អ្នក​សារព័ត៌មាន​ខ្លះ​គាំទ្រ ឬ​ប្រឆាំង​រដ្ឋាភិបាល​ខ្លាំង​ពេក ចំណែក​អ្នក​សារព័ត៌មាន​ដែល​គោរព​វិជ្ជាជីវៈ​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ។

កាល​ពី​ចុង​ឆ្នាំ​២០១៥ កន្លង​ទៅ អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders) រក​ឃើញ​ថា វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា កំពុង​ជួប​ហានិភ័យ ដោយសារ​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​លក្ខណៈ​ប្រមូល​ផ្ដុំ​ខ្លាំង ធ្វើ​ឲ្យ​វិស័យ​នេះ​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់។ ក្នុង​ចំណោម​ម្ចាស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​២៧ ដែល​អង្គការ​នេះ​ស៊ើប​អង្កេត មាន ៩​នាក់​ជា​ឧកញ៉ា ឬ​ជា​អ្នក​មាន​ឥទ្ធិពល ដែល​ជិតស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច មាន​ន័យ​ថា ពួក​គេ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មុខ​ជំនួញ​ផ្សេង​ទៀត​ក្រៅ​ពី​សកម្មភាព​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ពួក​គេ រាប់​ចាប់​ពី​វិស័យ​កសិកម្ម ពាណិជ្ជកម្ម​ទូទៅ រហូត​ដល់​អចលនទ្រព្យ។

ទោះ​បី​ជា​យ៉ាង​ណា សម្រាប់​អ្នក​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ​ប្រកប​ដោយ​ក្រម​សីលធម៌ តួនាទី​របស់​ពួក​គេ គឺ​ផ្សាយ​ព័ត៌មាន​ពិត ឥត​លម្អៀង បើ​ទោះ​បី​ជា​រឿង​ពិត​នោះ​ធ្វើ​ឲ្យ​មន្ត្រី​គ្រប់គ្រង​រដ្ឋ មិន​សប្បាយ​ចិត្ត​ក៏ដោយ​ចុះ៕

No comments: