A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Friday, 11 March 2016
ពលរដ្ឋខេត្តព្រះសីហនុបារម្ភជាថ្មីរឿងឈ្មួញដឹកដីចាក់លុបអូរធម្មជាតិនិងព្រៃកោងកាង
ដោយ ដែន អយុធ្យា
2016-03-10 rfa
រថយន្តដឹកដីចាក់លុបអូរធម្មជាតិ និងព្រៃកោងកាងជម្រកត្រីសមុទ្រនៅតំបន់ឆ្នេរអូរត្រេះ ជាប់ដំណាក់ស្ដេច នាភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦។ RFA/Den Ayuthyea
មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បង្ហាញកង្វល់ជាថ្មីទៀតខ្លាចបាត់បង់ព្រៃកោងកាងជាជម្រកត្រីសមុទ្របន្តពូជ ដោយសារឈ្មួញបានប្រើរថយន្តដឹកដីធំៗរាប់ពាន់ជើងក្នុងមួយថ្ងៃៗ ចាក់លុបអូរធម្មជាតិនៅតំបន់អូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។ ពលរដ្ឋអះអាងថា ការចាក់ដីនេះ គឺមានការឃុបឃិតពីមន្ត្រីមន្ទីរសុរិយោដី និងមន្ត្រីស្ថាប័នខ្លះ ចេញប្លង់កម្មសិទ្ធិឲ្យឯកជនរំលោភយកដីអូរធម្មជាតិ ដែលការពារដោយរដ្ឋធម្មនុញ្ញ។
មន្ត្រីសង្គមស៊ីវិលអះអាងថា សកម្មភាពនេះ បើប្រមុខដឹកនាំរាជរដ្ឋាភិបាល ឬអភិបាលខេត្តបច្ចុប្បន្ន មិនមានចំណាត់ការផ្លូវច្បាប់ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលទេ ទំនងជាអូរធម្មជាតិ និងព្រៃកោងកាងដែលមានទាំងប៉ុន្មាននៅជាប់ឆ្នេរអូរត្រេះជិតដំណាក់ស្ដេច នឹងត្រូវរលាយហិនហោចក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ។
ស្នូរម៉ាស៊ីនរថយន្តដឹកដីធំៗ និងម៉ាស៊ីនគ្រឿងចក្រឈូសឆាយដីចាក់លុបអូរធម្មជាតិ និងព្រៃកោងកាងជម្រកត្រីសមុទ្របន្តពូជរាប់ពាន់ជើងក្នុងមួយថ្ងៃៗរបស់ឈ្មួញ និងមន្ត្រីមានអំណាចមួយចំនួន បានលាន់ឮកងរំពងចាប់ពីព្រលឹមទល់ព្រលប់ ចាប់ពីដើមខែមីនា រហូតមកដល់ថ្ងៃទី៧ ខែមីនា នៅតំបន់ជាប់ឆ្នេរអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ដើម្បីទន្ទ្រានយកដីទីតាំងនេះធ្វើកម្មសិទ្ធិឯកជន។
អ្នកជាប់ពាក់ព័ន្ធទាំងនោះអះអាងថា ពួកគេមានប្លង់កម្មសិទ្ធិកាន់កាប់ដីតំបន់ព្រៃកោងកាងនេះស្របច្បាប់ ចេញដោយអតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ គឺលោក សូ សុខ។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បានដង្ហោយរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម ជាដើម ឲ្យជួយសង្គ្រោះ ឬជួយទប់ស្កាត់ឲ្យបានទាន់ពេលវេលាចំពោះសកម្មភាពប្រើរថយន្តធំៗរបស់បុគ្គល និងមន្ត្រីមានអំណាចក្នុងស្ថាប័នប្រដាប់អាវុធ ដែលកំពុងដឹកដីចាក់លុបអូរធម្មជាតិរាប់ពាន់ជើងក្នុងមួយថ្ងៃៗ ដើម្បីទន្ទ្រានយកដីធ្វើកម្មសិទ្ធិ ហើយបំផ្លាញព្រៃកោងកាងជាជម្រកត្រីសមុទ្របន្តពូជនាតំបន់អូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ លោកបន្តថា ដីអូរធម្មជាតិដែលមានដុះព្រៃកោងកាងរាប់សិបហិកតារជាប់ឆ្នេរ ឬតំបន់អូរត្រេះ មិនគួរត្រូវរងការបំផ្លាញដោយបុគ្គលលោភលន់ទៀតទេ នៅក្នុងដំណាក់កាលនេះ។ លោក ប៊ួន ណារិទ្ធិ បានចោទសកម្មភាពទន្ទ្រានកាន់កាប់ដីបឹង ឬអូរធម្មជាតិ គឺកើតចេញពីការឃុបឃិតគ្នារវាងបុគ្គលឯកជន និងមន្ត្រីខ្លះ កំពុងបម្រើការងារក្នុងមន្ទីរសុរិយោដី ឬមន្ត្រីខ្លះនាខេត្តព្រះសីហនុ។
មន្ត្រីសិទ្ធិមនុស្សរូបនេះ អំពាវនាវដល់ប្រមុខដឹកនាំឲ្យជួយបញ្ជូនមន្ត្រីស្អាតស្អំ ចុះស៊ើបអង្កេតដើម្បីឲ្យដឹងការពិតនូវរាល់ការចេញប្លង់កម្មសិទ្ធិផ្សេងៗទៅឲ្យឯកជន ផ្ដើមដោយមន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធមួយចំនួននាខេត្តព្រះសីហនុ ទៅលើដីភ្នំ ដីបឹង អូរ និងដីចំណីឆ្នេរសមុទ្រ ជាដើម ថាតើអនុវត្តស្របតាមច្បាប់កំណត់ ឬចេញការឃុបឃិតចែកផលប្រយោជន៍៖ «យើងនឹងបាត់បង់អស់ហើយនូវដីសាធារណៈរបស់រដ្ឋនៅខេត្តព្រះសីហនុ គឺត្រូវបានអ្នកពុករលួយឃុបឃិត និងធ្វើប្លង់ចែកគ្នា គឺរលាយហិនហោចអស់ហើយ បើរដ្ឋាភិបាលមិនទប់ស្កាត់។ សំណូមពរដល់រដ្ឋមន្ត្រីក្រសួងដែនដី ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ជាដើម សូមលោកចុះមកពិនិត្យមើលដីចំណីបឹងព្រែកទប់ ដីបឹងកង្កែប និងដីព្រៃលិចទឹកតំបន់អូរត្រេះនេះ ថាតើគួរតែមានវិធានការបែបណា ដើម្បីដកហូតមកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងវិញ»។
មន្ត្រីសង្គមស៊ីវិល និងមន្ត្រីរាជការថ្នាក់ទាបនាខេត្តព្រះសីហនុ ក៏ស្នើដល់រដ្ឋាភិបាលឲ្យពិចារណាឈានដល់ផ្លាស់ប្ដូរតួនាទីមន្ត្រីតាមស្ថាប័នខ្លះ ដែលកាន់តំណែងដុះស្លែយូរឆ្នាំ និងមានសកម្មភាពមិនល្អ ដោយដាក់ជំនួសមនុស្សថ្មី និងមានឆន្ទៈបម្រើជាតិពិតប្រាកដ ទើបអាចជួយស្រោចស្រង់ ឬជួយទប់ស្កាត់សកម្មភាពបំផ្លាញទ្រព្យសម្បត្តិរដ្ឋនាមូលដ្ឋាននេះបានគង់វង្ស។
នាយកខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ លោក នេន ចំរើន មានប្រសាសន៍ថា ទីតាំងមានរថយន្តដឹកដីចាក់លុបអូរធម្មជាតិ និងព្រៃកោងកាងជាជម្រកត្រីសមុទ្រ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ជាប់ដំណាក់ស្ដេច ដែលបច្ចុប្បន្នត្រូវគេប្ដូរឈ្មោះហៅថាភ្នំ ប៉ុល សារឿន ពេញៗមាត់រាល់ថ្ងៃនេះ រូបលោកធ្លាប់ចុះផ្អាកសកម្មភាពរថយន្តដឹកដីចាក់លុបព្រៃកោងកាងនៅតំបន់អូរត្រេះនេះ កាលពីថ្ងៃទី២៩ ខែកុម្ភៈ និងបានធ្វើកិច្ចសន្យាជាមួយ លោក ញ៉ញ ស៊ីថន ដែលបានដឹកដីចាក់លុបអូរធម្មជាតិ និងបំផ្លាញព្រៃកោងកាង ឲ្យផ្អាកសកម្មភាពចាក់ដី និងរាយការណ៍ជូន លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ប៉ុន្តែត្រូវអ្នកចាក់ដីរូបនោះនិយាយថា ទីតាំងនេះពួកគេមានប្លង់កម្មសិទ្ធិចេញដោយអតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ លោក សូ សុខ កាលពីឆ្នាំ២០១១។
គ្រឿងចក្រឈូសឆាយដីលុបអូរធម្មជាតិ និងព្រៃកោងកាងជម្រកត្រីសមុទ្រនៅតំបន់ឆ្នេរអូរត្រេះ ជាប់ដំណាក់ស្ដេច នាភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦។ RFA/Den Ayuthyea
លោក នេន ចំរើន សង្កត់ធ្ងន់ថា សកម្មភាពប្រើរថយន្តដឹកដីធុនធំរាប់ពាន់ឡានជារៀងរាល់ថ្ងៃ ដឹកដីចាក់លុបអូរធម្មជាតិ និងព្រៃកោងកាងនាម្តុំឆ្នេរអូរត្រេះ ស្ថិតក្នុងភូមិ៦ ទាល់តែលំដាប់ប្រមុខដឹកនាំ ឬថ្នាក់ដឹកនាំថ្នាក់ជាតិ ទើបអាចទប់ស្កាត់បាន។
ប្រជានេសាទជាលក្ខណៈគ្រួសារ ដែលធ្លាប់ចូលទៅចាប់ត្រីក្នុងអូរធម្មជាតិមានព្រៃកោងកាង នៅជាប់ទីតាំងដំណាក់ស្ដេច ដែលបច្ចុប្បន្នគេហៅភ្នំ ប៉ុល សារឿន ជាប់ឆ្នេរអូរត្រេះ រិះគន់អាជ្ញាធរថា ព្រៃកោងកាងដែលដុះពេញអូរធម្មជាតិមួយនេះ មិនគួរត្រូវបំផ្លាញដោយមន្ត្រីសុរិយោដីចេញប្លង់ជាប្រព័ន្ធជូនបុគ្គល ឬមន្ត្រីមានអំណាច នៅលើដីទីតាំងព្រៃកោងកាងតំបន់នេះទេ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ក៏បានបង្ហាញកង្វល់ពីការបាត់បង់ព្រៃកោងកាង ផ្ដើមដោយរថយន្តដឹកដីចាក់លុបអូរធម្មជាតិបំផ្លាញព្រៃកោងកាង នៅតំបន់អូរត្រេះនេះដែរ ប៉ុន្តែលោកថា រូបលោកមិនដឹងជាមានវិធីណាទប់ស្កាត់ទេ ព្រោះទីតាំងនេះត្រូវមន្ត្រីមន្ទីរសុរិយោដី និងអាជ្ញាធរខេត្តព្រះសីហនុ ជំនាន់មុន ចូលមកដឹកនាំមូលដ្ឋាននេះ គេបានចេញប្លង់កម្មសិទ្ធិជូនឯកជនអស់ទៅហើយ៖ «ដីតំបន់នោះ គឺមានការស្មុគស្មាញ ព្រោះគេមានប្លង់ជាលក្ខណៈប្រព័ន្ធអស់ទៅហើយ ហើយគេចាក់ដី គឺចាក់នៅលើប្លង់ប្រព័ន្ធរបស់គេទេ។ ហើយតំបន់ខ្លះទៀតជាទំនាបទាំងអស់»។
ទាក់ទិនបញ្ហានេះ ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម បំភ្លឺផ្លូវច្បាប់ថា តាមច្បាប់ភូមិបាល និងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា បានកំណត់ថា ដីសាធារណៈរបស់រដ្ឋមាន ភ្នំ កោះ ឆ្នេរ បឹង ឬអូរធម្មជាតិជាដើម គឺមិនអាចមានបុគ្គលណាមករំលោភយកធ្វើកម្មសិទ្ធិឯកជនបានទេ ហើយករណីរំលោភយកអូរធម្មជាតិ និងបំផ្លាញព្រៃកោងកាងនៅភូមិ៦ សង្កាត់លេខ៤ របស់បុគ្គលមួយចំនួននោះ គឺលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ អាចដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ឲ្យជួយមានវិធានការ និងស្នើសុំគោលការណ៍ពីរដ្ឋាភិបាល ដើម្បីរឹបអូស ឬមោឃភាពប្លង់កម្មសិទ្ធិពីឯកជនដីទីតាំងនោះ មកដាក់ជាសម្បត្តិគ្រប់គ្រងវិញ៖ «បើសិនជាមានបុគ្គលណាមួយទៅបំពានលើដីសាធារណៈរបស់រដ្ឋ គឺអាជ្ញាធរខេត្ត-ក្រុង ដែលជាអាជ្ញាធរសាធារណៈរបស់រដ្ឋ ត្រូវតែដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ទៅលើបុគ្គលដែលបំពាននោះ។ ជាងនេះ ត្រូវស្នើសុំគោលការណ៍ពីរដ្ឋាភិបាល ដកហូតដល់សាធារណៈរបស់រដ្ឋមកដាក់ជាសម្បត្តិគ្រប់គ្រងវិញ។ ដូច្នេះដីសាធារណៈរបស់រដ្ឋមាន ស្ទឹង បឹង ព្រែក អូរ ឆ្នេរ ភ្នំ សមុទ្រ ទន្លេ និងកោះជាដើម មិនអាចក្លាយជាកម្មសិទ្ធិបុគ្គលឯកជនបាននោះទេ»។
មន្ត្រីសង្គមស៊ីវិល និងមន្ត្រីរាជការខេត្តព្រះសីហនុ និយាយថា សកម្មភាពរថយន្តដឹកដីធំៗចាក់លុបព្រៃកោងកាងជម្រកត្រីសមុទ្របន្តពូជនាតំបន់អូរត្រេះ ក្នុងភូមិ៦ សង្កាត់៤ គឺមានឈ្មោះ លោក ញ៉ញ ស៊ីថន និងលោកនាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយពង្រឹងមូលដ្ឋានបក្សប្រចាំខេត្តព្រះសីហនុ ជាដើម។
មន្ត្រីសង្គមស៊ីវិលបញ្ជាក់ថា ទីតាំងដីព្រៃកោងកាង ជាកម្មសិទ្ធិ លោក ប៉ុល សារឿន មិនទាន់ចាក់ដីលុបទេ តែមានសកម្មភាពដឹកដីចាក់ធ្វើផ្លូវនៅជុំវិញក្បែរភ្នំដំណាក់ស្ដេច ដែលទីតាំងនោះគេហៅថា ជាភ្នំ ប៉ុល សារឿន ព្រោះទំនងជាតំបន់នេះបានក្លាយជាកម្មសិទ្ធិរបស់ លោក ប៉ុល សារឿន ស្ទើរទាំងស្រុងអស់ទៅហើយ។
ដីទីតាំងភ្នំ ប៉ុល សារឿន នាខេត្តព្រះសីហនុ ជាប់ឆ្នេរអូរត្រេះ គឺមានមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ខៀវ សំណាង ជាអ្នកទទួលមើលការខុសត្រូវដីឲ្យ លោក ប៉ុល សារឿន។ លោក ខៀវ សំណាង និយាយថា លោក ប៉ុល សារឿន បានឲ្យគេចាក់ដីស្ថាបនាផ្លូវជុំវិញភ្នំ ប៉ុល សារឿន នេះ ប៉ុន្តែមិនមែនបំផ្លាញព្រៃកោងកាង ឬចាក់ដីរំលោភយកឆ្នេរសមុទ្រនោះទេ គឺរដ្ឋត្រូវការពេលណាផ្តល់ជូនពេលនោះ។
ទោះបីជាបែបនេះក្តី មន្ត្រីសង្គមស៊ីវិលដែលកំពុងតាមដានសកម្មភាពដឹកដីចាក់លុបអូរធម្មជាតិ និងបំផ្លាញព្រៃកោងកាងនាភូមិ៦ សង្កាត់លេខ៤ នៅតំបន់ដំណាក់ស្ដេចអះអាងថា បើរដ្ឋាភិបាលគ្មានវិធានការទប់ស្កាត់សកម្មភាពរថយន្តដឹកដីចាក់លុបអូរធម្មជាតិតំបន់នេះឲ្យមានប្រសិទ្ធភាពទេ នៅពេលដ៏ខ្លីខាងមុខ ដីដំណាក់ស្ដេច ឬព្រៃកោងកាងដែលដុះក្នុងអូរធម្មជាតិក្នុងតំបន់អូរត្រេះ នឹងត្រូវបំផ្លាញក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ព្រោះចាប់ពីដើមខែមីនា គេឃើញមានរថយន្តដឹកដីធំៗបានសម្រុកដឹកដីរាប់ពាន់ជើងក្នុងមួយថ្ងៃៗចាក់លុបអូរ និងព្រៃកោងកាងក្នុងតំបន់នេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment