A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 12 March 2016

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បំភ្លឺ​រឿង​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ព្រៃនប់


ដោយ ដែន អយុធ្យា
2016-03-11  rfa


Manekseka Sangkum: One just wonders how much of this on-going deforestation is all down to Samdaach PM Hun Sen heeding the twisted counsel of his Xmer advisors about utilising the country's vast "wasted" public forested lands and turning these into productive economic assets?  Ah, that cunning old man at the Vietnam embassy in Phnom Penh must be laughing all the way to Uncle Ho's tomb in Hanoi ...
ដី​ព្រៃ​ឈើ ព្រៃនប់ ៨៥៥ ២០១៦
ដី​ព្រៃ​ឈើ​នៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​គេ​ឈូស​បំផ្លាញ​យក​ដី​ដាំ​កូន​ឈើ​ប្រណីត។ រូបថត​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦
 RFA/Den Ayuthyea


មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ ខេត្ត​ព្រះសីហនុ បំភ្លឺ​ចំពោះ​សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូស​បំផ្លាញ​ព្រៃឈើ​រាន​យក​ដី​មាន​វិសាលភាព​ផ្ទៃ​រាប់​រយ​ហិកតារ​នៅ​ស្រុក​ព្រៃនប់ ដែល​អាជ្ញាធរ​មិន​បាន​ទប់​ស្កាត់។

ពាក់ព័ន្ធ​បញ្ហា​ខាង​លើ​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ បកស្រាយ​ថា ការ​ឈូស​ឆាយ​រាន​ដី​ព្រៃ​នា​មូលដ្ឋាន​ស្រុក​ព្រៃនប់ គឺ​ស្ថិត​ក្នុង​គម្រោង​ផែនការ​អភិវឌ្ឍ​ដាំ​កូន​ឈើ​កម្រ ឬ​ដើម​ឈើ​ជិត​ផុត​ពូជ និង​អភិរក្ស​ឈើ​ប្រណីតៗ​ឡើង​វិញ កុំ​ឲ្យ​បាត់បង់។

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បង្ហាញ​កង្វល់​ជា​ថ្មី​ទៀត នៅ​គ្រា​ឃើញ​សកម្មភាព​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង បាន​ឈូស​បំផ្លាញ​ព្រៃឈើ នា​មូលដ្ឋាន​ស្រុក​ព្រៃនប់ ជាប់​តាម​បណ្ដោយ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចូល​ទៅ​រមណីយដ្ឋាន​ក្បាលឆាយ ដោយ​បាន​បំផ្លាញ​ដើម​ឈើ​ធំៗ ដែល​ដុះ​នៅ​តំបន់​នោះ មាន​វិសាលភាព​រាប់​រយ​ហិកតារ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែល​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទី​តាំង​មាន​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ស្រុក​ព្រៃនប់ ស្នើ​ឲ្យ​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ ជួយ​បំភ្លឺ​លើ​ករណី​ឈូស​បំផ្លាញ​ព្រៃឈើ​ធំៗ នា​មូលដ្ឋាន​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​បាន​ដឹង​ជា​សាធារណៈ។



មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​មាន​ការ​សោកស្ដាយ ដែល​ផ្ទៃដី​ព្រៃឈើ​ធំៗ និង​ដុះ​ដូច​ម្រាមដៃ នា​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ ត្រូវ​បំផ្លាញ​ចោល​ដើម្បី​រាន​យក​ដី មាន​វិសាលភាព​រាប់​រយ​ហិកតារ​ដោយ​មាន​ភាព​អាថ៌​កំបាំង និង​គ្មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ។

លោក ប៊ួន ណារិទ្ធិ៖ «ការ​ឈូស​ឆាយ​ដី​ព្រៃ​នេះ គឺ​មាន​ទំហំ​ធំ និង​បាន​ប៉ះពាល់​ដល់​ដី​ព្រៃ​គ្រប់​ប្រភេទ មាន​ដើម​សំរង និង​ដើម​ឈើ​ផ្សេងៗ ដែល​យើង​គិត​ថា ជា​ដី​ព្រៃ​ដែល​ត្រូវ​គេ​អភិរក្ស​ជា​យូរ​មក​ហើយ។ គម្រោង​នេះ​គឺ​យើង​មិន​បាន​ទទួល​ព័ត៌មាន​ពី​ស្ថាប័ន​មេព្រៃ ដោយ​មិន​ដឹង​ថា គាត់​ឈូស​ឆាយ​នេះ រាន​ដី​ព្រៃ​តំបន់​នេះ ដើម្បី​យក​ទៅ​ធ្វើ​អ្វី​នោះ​ទេ។ មុន​ការ​ឈូស​ឆាយ​ព្រៃឈើ​តំបន់​នេះ គួរតែ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះសីហនុ ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​ដឹង​មុន​ផង»។

លោក ប៊ួន ណារិទ្ធិ បង្ហាញ​ទស្សនៈ​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ គួរ​តែ​រក្សាទុក​ព្រៃឈើ​ដែល​នៅ​សេសសល់​ពី​ការ​ទន្ទ្រាន​កាន់កាប់​ខុស​ច្បាប់​ពី​ឯកជន និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​ឲ្យ​បាន​គង់វង្ស វា​ប្រសើរ​ជា​ជាង​កាប់​បំផ្លាញ​ព្រៃឈើ​មាន​ដើម​ធំៗ ដុះ​នៅ​លើ​ដី​ជាក់ស្ដែង​ក្រោម​រូបភាព​ណា​មួយ​នោះ​ទេ ព្រោះ​ព្រៃឈើ អាច​រួម​ចំណែក​ទាក់ទាញ​វិស័យ​ទេសចរណ៍​នា​មូលដ្ឋាន​នេះ​នៅ​ថ្ងៃ​អនាគត។

ផ្ដើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ខេត្ត​ព្រះសីហនុ ដែល​បាន​ឃើញ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ និង​គ្រឿងចក្រ​ឈូស​រំលំ​ដើម​ឈើ​ធំៗ នៅ​ស្រុក​ព្រៃនប់ ក៏​បង្ហាញ​ការ​សោកស្ដាយ​ព្រៃឈើ​នា​មូលដ្ឋាន​នេះ​ត្រូវ​គេ​បំផ្លាញ​ចោល ហើយ​អាជ្ញាធរ​មិន​បាន​ទប់ស្កាត់ និង​មាន​ភាព​អាថ៌កំបាំង។ ពួកគេ​បាន​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ថា​មិន​គួរ​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ឈូស​រាន​ដី​ព្រៃឈើ​រាប់​រយ​ហិកតារ នា​ខេត្ត​ទេសចរណ៍​នេះ​ទេ ព្រោះ​ថា ដី​គម្រប​ព្រៃឈើ​នៅ​តំបន់​នេះ​កំពុង​រង​ការ​រំលោភ​បំពាន​ជា​បន្ត​បន្ទាប់​ពី​បុគ្គល​មួយ​ចំនួន​ធ្វើ​កម្មសិទ្ធិ ប៉ុន្តែ​អាជ្ញាធរ​គ្មាន​លទ្ធភាព​ទប់ស្កាត់​ទេ​កន្លង​មក។

ឆ្លើយ​តប​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះសីហនុ លោក ឌី សុខុម ផ្ដល់​សម្ភាសន៍​ដល់​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ជិត​តំបន់​ក្បាលឆាយ ស្ថិត​ក្នុង​ស្រុក​ព្រៃនប់ គឺ​ស្ថិត​ក្នុង​គម្រោង​ដាំ​ដើម​កូន​ឈើ​ប្រណិត ឆ្នាំ​២០១៦ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ គឺ​មិន​មែន​ឃុបឃិត​លក់​ឲ្យ​ឈ្មួញ​នោះ​ទេ។ លោក​ថា គម្រោង​កូនឈើ​ប្រណិត​របស់​អាជ្ញាធរ​នៅ​តំបន់​នេះ ម្យ៉ាង​ដើម្បី​រក្សា​ប្រភព​ទឹក​ស្អាត​តំបន់​ក្បាលឆាយ និង​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​រាន​យក​ដី​ព្រៃ​តំបន់​នេះ​ពី​បុគ្គល​មួយ​ចំនួន​ដែល​បន្ត​មាន​មហិច្ឆតា រំលោភ​យក​ដី​តំបន់​នេះ​ធ្វើ​កម្មសិទ្ធិ។

លោក ឌី សុខុម៖ «យើង​ធ្វើ​នៅ​ក្នុង​ផែនការ​ឆ្នាំ​២០១៦ ក្នុង​ផ្ទៃ​ដី​ទំហំ ១៦០​ហិកតារ គឺ​យើង​ដាំ​កូន​ប្រភេទ​ឈើ​គ្រញូង ឈើទាល ផ្ដៀក និង​គគីរ ជាដើម»។

បន្ថែម​លើ​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បញ្ជាក់​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែល​មាន​កង្វល់​លើ​ករណី​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ស្រុក​ព្រៃនប់ សូម​ឲ្យ​ស្ងប់​អារម្មណ៍​នឹង​ស្នើ​ឲ្យ​ចូល​រួម​ដាំ​ដើម​ឈើ​ប្រណិត​ជាមួយ​រដ្ឋាភិបាល​ដែល​អាជ្ញាធរ​ខេត្ត​គ្រោង​រៀបចំ​នៅ​ក្នុង​ពិធី​រុក្ខទិវា ឬ​ទិវា​ដាំ​កូន​ឈើ​នៅ​ខែ​កក្កដា ខាង​មុខ។ លោក​បន្ត​ថា កូន​ឈើ​ប្រណីតៗ ដែល​ជិត​បាត់បង់​រាប់​ម៉ឺន​លាន​ដើម​នឹង​ត្រូវ​ដាំ​ដុះ និង​អភិរក្ស​នៅ​លើ​ផ្ទៃដី​ឈូស​ឆាយ​ចំនួន ១៦០​ហិកតារ​មាន​ទីតាំង​នៅ​ជាប់​ផ្លូវ​លំ​ចូល​ទៅ​រមណីយដ្ឋាន​ក្បាលឆាយ។

​លោក យន្ត មីន៖ «គោលបំណង គឺ​យើង​ឈូស​ឆាយ​ដី​ព្រៃឈើ​រេចរឹល ឬ​ពូជ​មិន​ល្អ ដើម្បី​ដាំ​ឈើ​ប្រភេទ​ប្រណីតៗ​ឡើង​វិញ​មាន​ដូចជា ឈើ​ទាល ផ្ដៀក នាងនួន និង​ឈើ​ប្រណិត​ជាច្រើន​ប្រភេទ​ទៀត ដែល​ជិត​ផុត​ពូជ និង​មាន​តម្លៃ​សេដ្ឋកិច្ច។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​កុំ​ឆ្ងល់ ហើយ​នៅ​ថ្ងៃ​មាន​ពិធី​រុក្ខទិវា ឬ​ទិវា​ដាំ​កូន​ឈើ​នៅ​ខែ​កក្កដា សូម​អញ្ជើញ​មក​ចូលរួម​ដាំ​ទាំង​អស់​គ្នា​ជាមួយ​អាជ្ញាធរ»។

ត្រង់​ចំណុច​នេះ មន្ត្រី​សង្គម​ស៊ីវិល​ផ្ដល់​ជា​យោបល់​ថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ គួរ​ជ្រើស​យក​ទីតាំង​ផ្ទៃដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ មាន​ទីតាំងនៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ដែល​បច្ចុប្បន្ន​នេះ​ត្រូវ​បុគ្គល​ឯកជន ឈ្មួញ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន បាន​ឃុបឃិត​មន្ត្រី​នៅ​តាម​ស្ថាប័ន​ខ្លះ នា​ខេត្ត​ព្រះសីហនុ កំពុង​លួច​កាប់​រំលំ​ដើម​ឈើ​ដើម្បី​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ខុស​ច្បាប់​សម្រាប់​គម្រោង​ដាំ​កូន​ឈើ​ប្រណិត​នៅ​ក្នុង​ទិវា​ដាំ​កូនឈើ នា​ខែ​កក្កដា ឆ្នាំ​២០១៦ ជំនួស​ឲ្យ​ការ​ឈូស​ឆាយ​ដី​ព្រៃ​ដែល​មាន​ដើម​ឈើ​ធំៗ​ដុះ​ស្រាប់ ហើយ​មិន​ទាន់​មាន​អ្នក​បំផ្លាញ៕

No comments: