A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 31 March 2016
ADB ព្យាករណ៍កំណើនសេដ្ឋកិច្ចខ្លាំងនៅឆ្នាំ២០១៦និង២០១៧សម្រាប់កម្ពុជា
ពិន ស៊ីសុវណ្ណ
31 មិនា 2016
ស្រីម្នាក់ធ្វើការនៅរោងចក្ររបស់ជនជាតិជប៉ុនមួយកន្លែងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ Phnom Penh Special Economic Zone នៅជាយរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤។
ភ្នំពេញ—voa
វិស័យឧស្សាហកម្មកាត់ដេរ សំណង់ និងសេវាកម្មជាកាតាលីករសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងឆ្នាំ២០១៥។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលថ្លែងក្នុងសន្និសីទកាសែតឈ្មោះ«ទស្សនវិស័យការអភិវឌ្ឍន៍អាស៊ីឆ្នាំ២០១៦»នៅថ្ងៃពុធនេះ។
លោក Jan Hansen អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានប្រាប់សន្និសីទនេះថា វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង សំណង់និងសេវាកម្ម ដូចជាទេសចរណ៍នឹងនៅតែបន្តនាំមុខកំណើនសេដ្ឋកិច្ចកម្ពុជា ហើយអតិផរណានឹងនៅតែមានកម្រិតទាប។
«យើងរំពឹងថា កំណើនសេដ្ឋកិច្ចនឹងបន្តមានកម្លាំងខ្លាំងក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧។ វិស័យឧស្សាហកម្មនៅតែរីកចម្រើនខ្លាំង ហើយកាន់តែខ្លាំងនៅឆ្នាំក្រោយ នៅពេលដែលយើងរំពឹងថា សេដ្ឋកិច្ចពិភពលោក ជាពិសេសប្រទេសឧស្សាហកម្មធំៗដែលទិញទំនិញពីកម្ពុជាមានសន្ទុះសេដ្ឋកិច្ចបន្តិច»។
ការស្រាវជ្រាវរបស់ធនាគារបង្ហាញកំណើនយ៉ាងឆាប់រហ័សក្នុងវិស័យឥណទាន និងការរីកចម្រើនខាងអចលនទ្រព្យអាចនាំហានិភ័យខាងហិរញ្ញវត្ថុមានការកើនឡើង។ ក្រៅពីនេះ គុណភាពមុខរបរ ការងារជំនាញ ហើយនឹងការចាយប្រាក់ដុល្លារជាទូទៅនៅកម្ពុជាក៏ជាបញ្ហាប្រឈមសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាដែរ។
កម្លាំងពលកម្មមានជំនាញទាប និងថ្លៃពលកម្មទាបនៅកម្ពុជាបានទាក់ទាញការវិនិយោគពីបរទេស។ ក្នុងឆ្នាំ២០១៥ កំណើនផលិតកម្មនេះបានកើនឡើងដល់៩,៨%។ រីឯផ្នែកសំណង់រក្សាកំណើនថេរនៅត្រឹម១៩,២%។ គេរំពឹងថា កំណើនទាំងនេះនឹងបន្តកើនឡើងក្នុងឆ្នាំ២០១៦នេះ។
លោក Samiuela Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា បានប្រាប់សន្និសីទកាសែតថា គោលនយោបាយរដ្ឋាភិបាលកម្ពុជាដែលចេញកាលពីឆ្នាំ២០១៥សម្រាប់ឧស្សាហកម្មកាត់ដេរ នឹងទាញអ្នកវិនិយោគទុនបន្ថែមទៀត។
«ដូច្នេះក្រុមហ៊ុនភាគច្រើនបំផុតដែលរកឱកាសនេះនឹងមករកស៊ីនៅទីនេះ ហើយវានឹងបង្កើនឱកាសសម្រាប់ការនាំចេញពីប្រទេសកម្ពុជាទៅទីផ្សារក្នុងប្រទេសរបស់ក្រុមហ៊ុនទាំងនេះ»។
ទោះជាយ៉ាងណាក្តី លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជានិយាយថា កំណើនការនាំចេញខាងវិស័យកាត់ដេរមិនជួយដល់ការរស់នៅរបស់កម្មករដែលជាអ្នកផលិតទេ។
«ការឡើងប្រាក់ខែកម្មករដោយលំបាកនេះ គឺជាការឡើងដោយការបង្ហូរឈាម។ ដល់ពេលឡើងទៅយកមកទប់ទល់ទីផ្សារក៏វាអត់គ្រប់គ្រាន់។ បើយើងប្រៀបធៀបទៅស្រុកគេគេមានឧស្សាហកម្មក្នុងស្រុកគេ ដូចជាមី កសិកម្ម ត្រឹមត្រូវរបស់គេ។ រីឯយើងសុទ្ធតែនាំចូលទាំងអស់តាំងពីបន្លែត្រីសាច់។ល។ និង។ល។»
លោកនិយាយថា ប្រាក់ចំណូលបានពីវិស័យ ដែលថៅកែភាគច្រើនសុទ្ធតែបរទេសនេះ មិនអាចចាត់ទុកថា ជាកំណើនសេដ្ឋកិច្ចកម្ពុជានោះទេ។
«មិនមានអ្នកវិនិយោគដែលជាអ្នកម្ចាស់ស្រុកទេ។ អត់មានថៅកែជាខ្មែរទេ។ ថៅកែភាគច្រើនជាចិន ជាតៃវ៉ាន់ ជាជនជាតិបរទេសទាំងអស់។ ដូច្នេះការកើនឡើងគឺជាការកើនឡើងសម្រាប់អ្នកវិនិយោគហ្នឹង។ ដូច្នេះលុយហ្នឹងវាអត់នៅ ក្នុងស្រុកខ្មែរយើងទេ។ វាបានទៅលើកម្មករខ្មែរខ្លះបន្តិចទៅ ភាគច្រើនបានទៅលើថៅកែអស់ហ្នឹងទៅវិញហ្នឹង។ ខ្ញុំមើលទៅវាអត់ប្រយោជន៍។ លុយកាក់ហ្នឹងវាអត់វិលនៅ ក្នុងស្រុកខ្មែរទេវាវិលទៅបរទេសទាំងអស់»។
លោក ពូ សុវច្ចនា នាយករងនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព បានប្រាប់ VOA ថា ប្រទេសកម្ពុជាមានកំណើនម៉ាក្រូសេដ្ឋកិច្ចជាមធ្យម៧%ក្នុងពេល១០ឆ្នាំចុងក្រោយនេះ។
លោកនិយាយថា ការវាយតម្លៃកំណើនសេដ្ឋកិច្ចនេះគឺជាទស្សនៈដែលភាសាអង់គ្លេសហៅថា «The glass is half full» មានន័យថា គឺមើលឃើញតែល្អ។ លោកនិយាយថា កំណើនសេដ្ឋកិច្ចនៅកម្ពុជាមិនមានការបែងចែកដល់មជ្ឈដ្ឋានទាំងអស់ដោយសមធម៌ទេ។
«បើនិយាយពីសេដ្ឋកិច្ចយើងមិនអាចវាយតម្លៃលើការរីកចម្រើន GDP ៧ភាគរយហ្នឹងទេពីព្រោះមើលជាក់ស្តែងប្រទេសកម្ពុជាមានភាពក្រីក្រហ្នឹងច្រើនហើយមានអ្នកខ្វះការងារធ្វើនិស្សិតបញ្ញវន្តមួយចំនួនធំខ្វះការងារធ្វើហើយប្រាក់ខែក៏នៅទាប»។
លោកបន្តថា សេដ្ឋកិច្ចប្រទេសកម្ពុជាមិនគួរពឹងផ្អែកខ្លាំងពេកលើកំណើននៃការនាំចេញសម្លៀកបំពាក់ និងស្បែកជើងនោះទេ។ កម្ពុជាត្រូវពង្រឹងវិស័យកសិកម្ម និងឧស្សាហកម្មផ្សេងទៀត ដែលមិនមែនគ្រាន់តែការលក់កម្លាំងពលកម្មដូចវិស័យកាត់ដេរសម្លៀកបំពាក់នេះទេ។
VOA បានព្យាយាមទាក់ទងលោក គាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដើម្បីសុំអត្ថាធិប្បាយ តែមិនអាចទាក់ទងបានទេនៅថ្ងៃពុធនេះ។
បើយោងតាមសន្ទស្សន៍នៃការនាំចេញផលិតផលរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា បានឲ្យយើងដឹងថា វិស័យកាត់ដេរនៅកម្ពុជាបាននាំចេញប្រមាណជាង៥ពាន់លានដុល្លារអាមេរិកក្នុង២០១៥៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment