A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 25 February 2016

តើ​ផ្សារ​ណាត់​កសិផល​ធម្មជាតិ​ផ្តល់​ផល​ចំណេញ​អ្វី​ខ្លះ​ដល់​កសិករ​ខ្នាត​តូច?


ដោយ អ៊ុំ រង្សី
2016-02-25 rfa

ផ្សារ​ណាត់​កសិផល​ធម្ម កំពង់ស្ពឺ ២០១៦ ៨៥៥

អង្គការ​សេដាក (CEDAC) និង​កសិករ បើក​សម្ពោធ​ផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ​ជា​លើក​ដំបូង​នៅ​ក្នុង​ទី​រួម​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Um Raingsey



មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា សេដាក (CEDAC) ព្រួយ​បារម្ភ​ថា ការ​ហូរ​ចូល​នូវ​ផលិតផល​កសិកម្ម និង​ចំណី​អាហារ​ពី​ប្រទេស​ផ្សេងៗ ជា​ការ​គំរាម​កំហែង​ថ្មី​សម្រាប់​វិស័យ​កសិកម្ម និង​សុវត្ថិភាព​ចំណី​អាហារ​នៅ​ប្រទេស​កម្ពុជា។ ដោយ​មើល​ឃើញ​ពី​បញ្ហា​នេះ អង្គការ​នេះ​បាន​ពង្រីក​ទីផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ​មួយ​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដោយ​រំពឹង​ថា ផ្សារ​នេះ​នឹង​ក្លាយ​ជា​កម្មវិធី​ជំនួញ​បែប​សង្គម ដែល​អាច​ជួយ​ផ្គត់ផ្គង់​ចំណី​អាហារ​ប្រកប​ដោយ​សុវត្ថិភាព​ដល់​អ្នក​បរិភោគ និង​ផ្តល់​ឱកាស​ដល់​កសិករ​អ្នក​ផលិត​កសិផល​សរីរាង្គ ទទួល​បាន​ចំណូល​ខ្ពស់។

តើ​ផ្សារ​ណាត់​កសិផល​ធម្មជាតិ នឹង​ផ្តល់​ផល​ចំណេញ​អ្វី​ខ្លះ​ទៀត​ដល់​កសិករ​ខ្នាត​តូច​នៅ​ខេត្ត​កំពង់ស្ពឺ?

អង្គការ​សេដាក អះអាង​ថា ផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ ដែល​ទើប​តែ​បង្កើត​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ គឺ​ជា​ចំណែក​មួយ​ឈាន​ទៅ​កាត់​បន្ថយ​ការ​នាំ​ចូល​ទំនិញ​ដែល​មាន​សារធាតុ​គីមី ពិសេស​កាត់​បន្ថយ​ការ​លក់​កសិផល​សរីរាង្គ​របស់​កសិករ​ទៅ​ឲ្យ​ឈ្មួញ​កណ្ដាល បាន​ក្នុង​តម្លៃ​ទាប​ពេក។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ​ជា​លើក​ដំបូង នៅ​ទី​រួម​ខេត្ត​កំពង់ស្ពឺ កាល​ពី​ពេល​ថ្មីៗ​នេះ។

អ្នក​សម្រប​សម្រួល​ផ្នែក​កសិកម្ម និង​គម្រោង​ផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ ប្រចាំ​ខេត្ត​កំពង់ស្ពឺ របស់​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា លោក វង្ស សាវឿន លើក​ឡើង​ថា នេះ​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ប្រជា​កសិករ​នៅ​ខេត្ត​កំពង់ស្ពឺ អាច​ទទួល​បាន​ផ្សារ​ណាត់​សរីរាង្គ​ជា​លើក​ដំបូង។ លោក​ថា ផ្សារ​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កសិករ​ផលិត​កសិផល​កសិកម្ម​សរីរាង្គ និង​ជំរុញ​ការ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ ឲ្យ​ងាក​មក​ប្រើ​ផលិតផល​ធម្មជាតិ​វិញ៖ «គឺ​យើង​ចង់​ផ្សព្វផ្សាយ​ផលិតផល​ធម្មជាតិ ដែល​ផលិត​ចេញ​ពី​ធម្មជាតិ​សុទ្ធសាធ ពិសេស​យើង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ មាន​សុខភាព តាម​រយៈ​ការ​ទិញ​បន្លែ​ពី​ទីផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ»។

លោក​ឲ្យ​ដឹង​ដែរ​ថា ក្នុង​មួយ​ថ្ងៃៗ​ការ​នាំ​ចូល​បន្លែ​មក​កាន់​ខេត្ត​កំពង់ស្ពឺ ចាប់​ពី ៣០​តោន ទៅ ៥០ តោន ដែល​ភាគ​ច្រើន បន្លែ​ទាំង​នោះ​នាំ​ចូល​ស្ទើរ​តែ​ទាំង​ស្រុង​ពី​ប្រទេស​វៀតណាម។ ហេតុ​នេះ លោក​យល់​ថា ការ​ដាក់​ឲ្យ​ដំណើរ​ការ​ផ្សារ​ណាត់​សហគមន៍​ធម្មជាតិ​នេះ មិន​ត្រឹម​តែ​ជួយ​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​ប្រជា​កសិករ ដែល​ជា​ក្រុម​គោលដៅ​របស់​អង្គការ​សេដាក ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ចំណែក​សំខាន់ ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ការ​បរិភោគ​បន្លែ​ដែល​មាន​សារធាតុ​គីមី​ក្នុង​ខេត្ត​នេះ​ផង​ដែរ ព្រោះ​បន្លែ​ដែល​កសិករ​ដាំ​បាន​នោះ គឺ​មិន​មាន​ប្រើប្រាស់​ជី​គីមី​ឡើយ គឺ​កសិករ​ប្រើ​ជីកំប៉ុស​ដែល​ផលិត​ចេញ​ពី​ធម្មជាតិ​ប៉ុណ្ណោះ៖ «គុណ​សម្បត្តិ​នៃ​ផ្សារ​នេះ គឺ​ទាក់ទាញ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ទោះ​បី​ជា​គាត់​ស្ថិត​នៅ​ទីប្រជុំ មាន​ដី​តូចតាច គាត់​ក៏​អាច​ធ្វើ​ការ​ដាំ​ដុះ​បាន​ដែរ ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ តាម​រយៈ​ការងារ​កសិកម្ម និង​មាន​ទីផ្សារ​ច្បាស់លាស់​ពី​អង្គការ​សេដាក»។

បច្ចុប្បន្ន អង្គការ​សេដាក បង្កើត​បាន​ផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ​បាន​ចំនួន​៥ មាន​នៅ​ក្នុង​ខេត្ត​សៀមរាប កំពង់ធំ កំពង់ឆ្នាំង ត្បូងឃ្មុំ និង​ខេត្ត​កំពង់ស្ពឺ។ ផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ ដែល​ទើប​បង្កើត​បាន​លើក​ដំបូង​នៅ​ខេត្ត​កំពង់ស្ពឺ នេះ បាន​រួម​ចំណែក​ជួយ​បង្កើន​ប្រាក់​ចំណូល​ដល់​គ្រួសារ​កសិករ​ចំនួន ២២​គ្រួសារ​ក្នុង​ឃុំ​កាហែង និង​ឃុំ​តាំងក្រូច ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។

និយាយ​ពី​ផល​ចំណេញ​របស់​ផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ​នេះ​ដែរ កសិករ​ម្នាក់​ដែល​ជា​សមាជិក​របស់​ផ្សារ​សហគមន៍​នេះ គឺ​លោកស្រី តន ស៊ន។ លោកស្រី​និយាយ​ថា ផ្សារ​សហគមន៍​កសិផល​ធម្មជាតិ ពិត​ជា​មាន​ផល​ប្រយោជន៍​ច្រើន​ដល់​កសិករ​ខ្នាត​តូច ព្រោះ​ធ្វើ​ឲ្យ​កសិករ​ចំណាយ​ដើម​ទុន​តិច ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ អាច​ដាំ​ដំណាំ​ត្រូវ​នឹង​ទីផ្សារ​ត្រូវ​ការ គេច​ផុត​ពី​ការ​បន្ទាប​តម្លៃ​កសិផល​ពី​ឈ្មួញ ពិសេស​ជួយ​ដោះស្រាយ​ភាព​តានតឹង​នានា​ក្នុង​អាជីព​កសិករ៖ «កាល​មុន​ពេល​ខ្ញុំ​ដាំ​ផ្ទី លក់​បាន​តម្លៃ​ថោក​ណាស់ ទោះ​ជា​មិន​ប្រើ​ជី​គីមី​ក៏ដោយ តែ​ក្រោយ​ខ្ញុំ​បាន​ចូល​ផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ​រួច​មក ខ្ញុំ​អាច​ម្ចាស់​ការ​លើ​ខ្លួន​ឯង​បាន ពិសេស​ខ្ញុំ​អាច​គ្រប់គ្រង​តម្លៃ​បាន»។

សមាជិក​របស់​ផ្សារ​សហគមន៍​កសិផល​ធម្មជាតិ​ម្នាក់​ទៀត លោក ស៊ឹម រ៉ុម ឲ្យ​ដឹង​ដែរ​ថា កសិករ​ខ្នាត​តូច​ដែល​មាន​ដី​តិច​ជាង ៥​ហិកតារ ជួប​ប្រទះ​បញ្ហា​ជាច្រើន​ក្នុង​វិស័យ​កសិកម្ម ក្នុង​នោះ​មាន​បញ្ហា​ប្រព័ន្ធ​ធារាសាស្ត្រ កង្វះ​ទុន និង​ផលិត​មិន​ត្រូវ​តម្រូវ​ការ​ទីផ្សារ​ជាដើម។ កសិករ​រូប​នេះ​អះអាង​ថា ក្រោយ​លោក​បាន​ចូល​ជា​សមាជិក​ផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ លោក​អាច​រក​ចំណូល​បាន​ពី​ការ​លក់​ផលិតផល​ធម្មជាតិ​បាន​ជិត ២០០​ដុល្លារ​ក្នុង​មួយ​ខែៗ៖ «ក្នុង​មួយ​អាទិត្យ ខ្ញុំ​ដឹក​បន្លែ​មក​កាន់​ទីផ្សារ​សហគមន៍​មួយ​អាទិត្យ ៣​ជើង។ ចឹង​ក្នុង​មួយ​ខែ​ដឹក​បាន ១២​ជើង ហើយ​បើ​ខ្ញុំ​គិត​ទៅ ខ្ញុំ​អាច​រក​ចំណូល​សរុប​ពី​ការ​លក់​បន្លែ​បាន ២០០​ដុល្លារ​ក្នុង​មួយ​ខែ។ មិន​តែ​មិន​ប៉ុណ្ណោះ​ទេ ខ្ញុំ​មាន​ចំណេះ​ដឹង​ថ្មី ផ្សព្វផ្សាយ​ក្នុង​សហគមន៍​ខ្ញុំ មាន​លុយ​សន្សំ ខុស​ប្លែក​កាល​ពី​ខ្ញុំ​មិន​ទាន់​ចូល​ផ្សារ​សហគមន៍»។

សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​ការ​រៀបចំ​គម្រោង​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្បៀង​ជំហាន​ទី​១ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ក្រុម​អ្នក​ជំនាញ​ពី​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ផលិតកម្ម​បន្លែ​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង នៅ​មាន​ភាព​ទន់​ខ្សោយ​នៅ​ឡើយ។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ការ​នាំ​ចូល​បន្លែ​មក​ពី​ប្រទេស​ជិត​ខាង​បន្ថែម​ប្រមាណ​ពី ២០០​តោន​ទៅ ៤០០​តោន​ក្នុង​មួយ​ថ្ងៃ ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង ២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

ដោយ​យល់​ដឹង​ពី​គ្រោះថ្នាក់​ពី​ការ​បរិភោគ​បន្លែ​ដែល​មាន​សារធាតុ​គីមី ខណៈ​មាន​លំហូរ​ផលិតផល​កសិកម្ម​ពី​ប្រទេស​ជិត​ខាង​មាន​ចំនួន​ច្រើន​នេះ​ដែរ ជា​ស្ត្រី​មេ​ផ្ទះ​មួយ​រូប លោកស្រី សុខ ស្រីអូន ដែល​បាន​ទិញ​បន្លែ​សរីរាង្គ​ក្នុង​ផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ លោកស្រី​ព្រួយ​បារម្ភ​ពី​គ្រោះថ្នាក់​ដល់​សុខភាព ព្រោះ​បន្លែ ត្រី សាច់ ដែល​ទិញ​ពី​ទីផ្សារ ភាគ​ច្រើន​សម្បូរ​ទៅ​ដោយ​សារជាតិ​គីមី។ ហេតុ​នេះ លោកស្រី​គាំទ្រ​ផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ៖ «ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​បង្កើត​ផ្សារ​លក់​កសិផល​ធម្មជាតិ​ឲ្យ​បាន​ច្រើន ព្រោះ​វា​ការ​លើក​ទឹក​ចិត្ត​កសិករ​ឲ្យ​ដាំ​ដុះ​ឲ្យ​បាន​ច្រើន»។

មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ពិសេស​កសិករ​ខ្នាត​តូច​ដែល​ជា​សមាជិក​ផ្សារ​ណាត់​សហគមន៍​ធម្មជាតិ យល់​ថា ទោះ​បី​ជា​ផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ ពិត​ជា​ផ្តល់​ការ​ចំណេញ​ច្រើន​ដល់​កសិករ ពិសេស​រួម​ចំណែក​កាត់​បន្ថយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​ក៏​ពិត​មែន ប៉ុន្តែ​ផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ នៅ​តែ​មាន​ចំនួន​តិច និង​កង្វះ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ឡើយ។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក អ៊ាង សុផល្លែត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ចាត់​ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព និង​ជា​មុខ​ព្រួញ​ដ៏​សំខាន់ ដើម្បី​ចូលរួម​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា។ ហេតុ​នេះ ផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ បច្ចុប្បន្ន ក្រសួង​កំពុង​ខិតខំ​ផ្សព្វផ្សាយ​ឲ្យ​កសិករ​បង្កើន​ការ​ដាំ​ដុះ​បន្លែ​សរីរាង្គ​សំដៅ​ជំរុញ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក និង​ការ​នាំ​ចេញ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រូប​នេះ មិន​អាច​បញ្ជាក់​ពី​ចំនួន​ទីផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ​នៅ​កម្ពុជា មាន​ចំនួន​ប៉ុន្មាន​នៅ​ឡើយ៖ «ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​កសិករ​ចូលរួម​គ្នា បង្កើត​ជា​ផ្សារ​សហគមន៍​មួយ​ទៅ ដើម្បី​បង្កើន​ទំនុក​ចិត្ត អាច​ឲ្យ​មាន​និរន្តរភាព​ការ​ផលិត និង​ជំរុញ​ការ​អភិវឌ្ឍ​ដំណើរ​ការ​ទីផ្សារ​សហគមន៍»។

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម និង​កសិករ​ខ្នាត​តូច ចង់​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ គាំទ្រ​ផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ​ដែល​មាន​ស្រាប់ និង​បង្កើត​ផ្សារ​សហគមន៍​កសិផល​ធម្មជាតិ​ថ្មី​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​ជីវភាព​កសិករ​ចូលរួម​ចំណែក​លើក​ស្ទួយ​ផលិតផល​ក្នុង​ស្រុក និង​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល ពិសេស​ឈាន​ទៅ​កាត់​បន្ថយ​ចំណាក​ស្រុក​ជនបទ៕

No comments: