អ្នកជំនាញ៖ មធ្យោបាយការទូតនឹងពង្រឹងទំនាក់ទំនងកម្ពុជា-ថៃប្រសើរឡើង
ដោយ សាន សែល
2016-02-27
នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព លោក ពូ សុធារៈ លោក ពូ ថ្លែងក្នុងកម្មវិធីវេទិកាទំនាក់ទំនងកម្ពុជា-ថៃ នារាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។
RFA/San Sel
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយថ្លែងថា យន្តការចរចាដោយសន្តិសុខវិធី នឹងពង្រឹងទំនាក់ទំនងកម្ពុជា-ថៃ កាន់តែប្រសើរឡើង ខណៈភាគីទាំងពីរទើបផ្លាស់ប្ដូរដំណើរទស្សនកិច្ចផ្លូវការថ្នាក់កំពូល។ អ្នកជំនាញលើកឡើងថា ភាគីទាំងពីរគួរស្វែងយល់ពីគ្នាឲ្យបានច្រើនបន្ថែមទៀត ដើម្បីជៀសវាងការយល់ខុស។
នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព លោក ពូ សុធារៈ លើកឡើងថា ការជៀសវាងប្រើកម្លាំងយោធា និងការជជែកគ្នា នឹងធ្វើឲ្យទំនាស់ព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ដោះស្រាយបានដោយសន្តិវិធី។ លោកបន្តថា អ្នកនយោបាយដែលយកបញ្ហាទំនាស់ដីជុំវិញប្រាសាទព្រះវិហារ ដើម្បីបំផុសចលនាជាតិនិយម នឹងអាចកាច់បំបាក់ចំណងការទូតរវាងប្រទេសទាំងពីរ ខណៈប្រទេសទាំងពីរវិវត្តទៅរកភាពវិជ្ជមាន៖ «»។
ការលើកឡើងបែបនេះ ក្រោយរយៈពេលប៉ុន្មានថ្ងៃ នៃដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន (MAHA CHAKRI SIRINDHORN) នៅប្រទេសកម្ពុជា។
អ្នកជំនាញចាត់ទុកដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ នៅកម្ពុជា និងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសថៃ ជាសញ្ញាបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងរីកចម្រើន។
យ៉ាងណាក៏ដោយ បញ្ហាព្រំដែនកម្ពុជា-ថៃ ពិសេសបញ្ហាដីជុំវិញប្រាសាទព្រះវិហារ ធ្វើឲ្យប្រទេសកម្ពុជា និងថៃ នៅបន្តមិនទុកចិត្តគ្នាលើភាពរឹងមាំនៃចំណងការទូត។ បញ្ហាក្ដីក្ដាំពាក់ព័ន្ធដីទំហំ ៤,៦គីឡូម៉ែត្រក្រឡា នៅតាមព្រំដែនក្បែរប្រាសាទព្រះវិហារធ្វើឲ្យស្ថានការណ៍តានតឹងកាលពីប៉ុន្មានឆ្នាំមុន ដោយបង្កឲ្យមានការប្រើអាវុធ។
វេទិកាពិភាក្សាស្ដីពី "ទំនាក់ទំនងកម្ពុជ-ថៃ" នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ RFA/San Sel
ស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ កើតឡើងរាប់ឆ្នាំ ជុំវិញការអះអាងជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។ ស្ថានការណ៍បានស្ងប់ស្ងាត់ទៅវិញ ក្រោយពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បកស្រាយសាលក្រមឆ្នាំ១៩៦២ ដែលប្រកាសថា ទឹកដីដែលនៅជុំវិញប្រាសាទព្រះវិហារ ស្ថិតនៅក្នុងអធិបតេយ្យភាពនៃទឹកដីកម្ពុជា។ ក៏ប៉ុន្តែ តុលាការយុត្តិធម៌អន្តរជាតិ មិនបញ្ជាក់ឲ្យច្បាស់ថា តំបន់ណានៃដីទំហំ ៤,៦គីឡូម៉ែត្រក្រឡា ជាកម្មសិទ្ធិរបស់កម្ពុជា នោះឡើយ។
អ្នកកាសែតជនជាតិថៃ ដែលធ្លាប់ធ្វើការនៅប្រទេសកម្ពុជា លោក កាវី ចុងគិតតាវន (Kavi Chongkittavorn) មានប្រសាសន៍ថា ការយល់ពីគ្នាមិនទាន់ច្បាស់រវាងប្រជាជនកម្ពុជា និងថៃ ក៏ជាកត្តានាំឲ្យជម្លោះព្រំដែនរវាងប្រទេសពីរនៅបន្តរ៉ាំរ៉ៃ។ លោកសម្លឹងឃើញតួនាទីប្រព័ន្ធផ្សព្វផ្សាយ និងកីឡា អាចបង្ខិតប្រជាជននៃប្រទេសទាំងពីរឲ្យមកកៀកគ្នា និងស្វែងយល់ពីគ្នាបានច្បាស់។
លោកលើកករណីការប្រកួតកីឡាមិត្តភាពរវាងក្រុមបុរីរ៉ាម យូណាយធីត (Buriram United) និងក្រុមខេមបូឌា អលស្តារ (Cambodia All Stars) ជាសញ្ញាបញ្ជាក់ភាពជិតស្និទ្ធរបស់ប្រជាជននៃប្រទេសទាំងពីរដែលជាជំហានឆ្ពោះទៅរកសន្តិភាពនិយមនៃប្រទេសជិតខាងគ្នា ហើយលោកហៅថៃ និងកម្ពុជា ថាជាបងប្អូន និងជាមិត្តភ័ក្ដិនឹងគ្នា៖ «ផ្នត់គំនិត ជាការពិត វាផ្លាស់ប្ដូរទៅតាមពេលវេលា ក៏ប៉ុន្តែអ្វីដែលមិនទាន់ផ្លាស់ប្ដូរ គឺប្រជាជនថៃ របស់យើង ដែលនៅតែមានទុទ្ទិដ្ឋិនិយមមកលើប្រទេសកម្ពុជា។ ប្រការនេះវាមិនល្អទេ ដូច្នេះហើយ ទើបខ្ញុំសង្កត់ធ្ងន់លើតួនាទីនៃប្រព័ន្ធផ្សព្វផ្សាយដែលអាចជួយផ្លាស់ប្ដូរផ្នត់គំនិតនេះ»។
អ្នកជំនាញក៏ស្នើឲ្យកម្ពុជា និងថៃ ជ្រើសរើសយកអាស៊ាន ជាអ្នកសម្របសម្រួលដោះស្រាយបញ្ហាជម្លោះដីតាមព្រំដែន។ លោកបញ្ជាក់ថា អាស៊ានអាចលូកដៃដោះស្រាយបញ្ហាឲ្យសមាជិករបស់ខ្លួនលុះត្រាតែភាគីជម្លោះទាំងពីរ ព្រមព្រៀងគ្នាទទួលយកយន្តការអាស៊ាន៖ «»។
ភាគីកម្ពុជា ធ្លាប់ស្នើអាស៊ានចូលអន្តរាគមន៍ដោះស្រាយជម្លោះដីជុំវិញប្រាសាទព្រះវិហារ ក៏ថៃ បដិសេធច្រានចោលសំណើនេះ ដោយចង់ដោះស្រាយជម្លោះនេះដោយយន្តការទ្វេភាគី។ អាស៊ានមានគោលការណ៍ មិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកប្រសើរបើគ្មានការស្នើសុំ។
យ៉ាងណាក៏ដោយ លោក សុធារៈ យល់ថា យន្តការអន្តរជាតិនឹងជួយពន្លឿនការដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ ឲ្យបានឆាប់។ លោកថា ប្រសិនបើកម្ពុជា និងថៃ មានជម្លោះវានឹងធ្វើឲ្យអាប់មុខអាប់មាត់ដល់អាស៊ានផងដែរ៖ «»។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ជាលើកដំបូងក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែធ្នូ ឆ្នាំ២០១៥ ស្វែងរកការវិនិយោគរបស់ថៃ។ ប្រទេសកម្ពុជា ជាប្រភពកម្លាំងពលកម្មរបស់ថៃ ដើម្បីកម្ដៅម៉ាស៊ីនសេដ្ឋកិច្ចថៃ៕
1 comment:
ថៃជិតស្និទ្ធនឺងខ្មែរ ព្រោះថៃបានចំណេញពីបូរណទឺកដីនឺងដែនទឺកពីកម្ពុជានៅការផែនទីឆ្នាំ១៩៨២នឺង១៩៨៥ជាផែនទីប្រើស្របច្បាប់ពីយួន ដូច្នេះថៃគេបានចំណេញ គេមិនសូវរក ខ្មែរ តាមពិតចារិកថៃមិនខុសពីយួនទេក្នុងអតីតៈមកទល់ពេលនេះ សាស្សពីរនេះមានចារិកលោបលន់ មិនដែលអោយខ្មែរបានសេចក្ដីសុខទេទោះជា១០០០ឆ្នាំទៀតឬអស់កាលជាត ទៅ ។
Post a Comment