A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 23 February 2016

លោក ហ៊ុន សែន រិះគន់​គណបក្ស​ប្រឆាំង​ថា​ស៊ី​ពែ​គណបក្ស​ប្រជាជន​កម្ពុជា


ដោយ ម៉ម មុនីរតន៍
2016-02-22  

ហ៊ុន សែន ២០១៦ ៨៥៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នា​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev



ប្រមុខ​រដ្ឋាភិបាល បាន​ប្រតិកម្ម​ចំពោះ​គណបក្ស​ប្រឆាំង​ដែល​អះអាង​ថា សេចក្ដី​សម្រេច​នានា​របស់​រដ្ឋាភិបាល​ក្នុង​ពេល​កន្លង​ទៅ គឺ​ជា​គុណ​សម្បត្តិ​ដែល​គណបក្ស​ប្រឆាំង​តែង​តវ៉ា ទើប​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់​ជា​ហូរហែ។ សារ​នយោបាយ​ដែល លោក ហ៊ុន សែន ចំអក​ឲ្យ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ បន្ទាប់​ពី​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ការ​លុប​ចោល​គម្រោង​ទាំងឡាយ​ណា​ដែល​ប៉ះពាល់​ប្រយោជន៍​សាធារណៈ​កន្លង​មក​នេះ គឺ​ជា​ភាព​ខ្លាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​បន្ត​រក្សា​ជំហរ​ស្ងប់ស្ងាត់​នៅ​ឡើយ ចំពោះ​ប្រតិកម្ម​របស់ លោក ហ៊ុន សែន ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា បើ​ទោះ​ជា​មាន់​មិន​រងាវ ក៏​ព្រះអាទិត្យ​នៅ​តែ​រះ​ដែរ។

នៅ​ក្នុង​បណ្ដាញ​សង្គម​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២ កុម្ភៈ គឺ​លោក ហ៊ុន សែន បាន​សរសេរ​ចំអក​ឲ្យ​គណបក្ស​ប្រឆាំង​ថា នេះ​ជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​មិន​ចេះ​អៀន​ខ្មាស។ លោក ហ៊ុន សែន បន្ត​ថា ការ​ថ្លែង​រិះគន់​ជា​សាធារណៈ​របស់​គណបក្ស​ប្រឆាំង​ថ្មីៗ​នេះ​អំពី​ភាព​ខ្លាំង​របស់​ខ្លួន​ជា​សាធារណៈ​នោះ គឺ​ជា​សារ​នយោបាយ​បោកប្រាស់ កុហក​ភូតភរ និង​ញុះញង់​ខុស​ពី​ការ​ពិត​ទាំង​ស្រុង។

លោក ហ៊ុន សែន បាន​ហៅ​ការ​រិះគន់​របស់​គណបក្ស​ប្រឆាំង​ទៅ​លើ​សេចក្ដី​សម្រេច​នានា​របស់​រដ្ឋាភិបាល ថា​ជា​នយោបាយ​ប្រជាភិថុតិ ជាពិសេស​នោះ គណបក្ស​ក្រៅ​រដ្ឋាភិបាល​នេះ​ទៀត​សោត ពុំ​បាន​ធ្វើ​អ្វី​ទាល់​តែ​សោះ ក្រៅ​ពី​ការ​ឃោសនា​បោកប្រាស់​ប្រជាពលរដ្ឋ និង​កៀរគរ​ប្រទេស​ម្ចាស់​ជំនួយ ឲ្យ​ផ្តាច់​ជំនួយ​ពី​កម្ពុជា ប៉ុណ្ណោះ។

ទាក់ទង​នឹង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​ចំនួន ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ប្រតិកម្ម​របស់ លោក ហ៊ុន សែន បាន​ភ្លាមៗ​ទេ​នៅ​ថ្ងៃ​ទី​២២ កុម្ភៈ។

បើ​ទោះ​ជា​បែប​ណា ប្រតិកម្ម​របស់​ប្រមុខ​រដ្ឋាភិបាល​នៅ​ពេល​នេះ ធ្វើ​ឡើង ៣​ថ្ងៃ​បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ឡកឡឺយ​ឲ្យ​រដ្ឋាភិបាល​ថា កុំ​តែ​គណបក្ស​ប្រឆាំង​ខ្លាំង ម្ល៉េះ​រដ្ឋាភិបាល​នៅ​តែ​ពុំ​ទាន់​មាន​ចំណាត់​ការ លុប​គម្រោង​ការ​យក​លុយ​ពី​អ្នក​ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ និង​បញ្ហា​ដទៃ​ទៀត​នោះ​ទេ។ ការ​ថ្លែង​ដូច​នេះ​របស់ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ក្នុង​ខេត្ត​កំពង់ស្ពឺ។ លោក កឹម សុខា បញ្ជាក់​ថា គណបក្ស​ប្រឆាំង គឺ​ជា​គណបក្ស​ដែល​មាន​ឥទ្ធិពល​មួយ ហើយ​រាល់​សម្ពាធ​របស់​បក្ស​ប្រឆាំង តែង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ហ៊ាន​ធ្វើ​សេចក្ដី​សម្រេច លុប​ចោល​គម្រោង​ណា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ។ ម្យ៉ាង ការ​រួបរួម​កម្លាំង​សាមគ្គី​ដ៏​ខ្លាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​នៅ​តែ​ខ្លាំង​ដូច​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​រដ្ឋាភិបាល​តែង​ព្យាយាម​កែ​ទម្រង់​តាម​អ្វី​ដែល​គណបក្ស​ប្រឆាំង​រិះគន់ និង​ជំរុញ​ជា​ហូរហែ​កន្លង​ទៅ​នេះ ដូចជា​ការ​កែ​ទម្រង់​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ ជាដើម។ លោក​បន្ត​ថា «បើ​គ្មាន​កម្លាំង​រួបរួម​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ដ៏​ខ្លាំងក្លា​នេះ​ទេ ថ្ងៃ​នេះ​ប្រហែល​ជា​ផ្លូវ​ជាតិ​លេខ​៤ អម្បាញ់មិញ​នេះ គេ​នៅ​យក​លុយ​នៅ​ឡើយ​ទេ។ បង​ប្អូន​ដឹង​ហើយ និង​ជ្រាប​ខ្លួន​ឯង​ហើយ កុំ​ឲ្យ​ថា​យើង​កេង​យក​ចំណេញ​នយោបាយ។ វា​ចំណេញ​រួច​ទៅ​ហើយ»។

ឆ្លើយ​តប​រឿង​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​នៅ​ក្នុង​សារ​នយោបាយ​របស់​លោក​ថា អ្វី​ដែល​រដ្ឋាភិបាល​សម្រេច​លុប​ចោល​លើ​គម្រោង​នានា​ក្នុង​ពេល​កន្លង​ទៅ​នេះ វា​ពុំ​មែន​បាន​ន័យ​ថា គណបក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិបាល ធ្វើ​ឡើង​ដោយ​ឆ្លើយ​តប​តាម​ការ​ទិតៀន​របស់​គណបក្ស​ប្រឆាំង​ឡើយ។ ផ្ទុយ​ទៅ​វិញ ការ​សម្រេច​ទាំង​នោះ គឺ​ផ្អែក​លើ​ការ​ស្ទង់​មតិ​តាម​រយៈ​ការ​រៀបចំ​ឲ្យ​មាន​វេទិកា​សាធារណៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ព័ត៌មាន​ដែល​ទទួល​បាន​ផ្ទាល់​តាម​រយៈ​បណ្ដាញ​សង្គម​របស់​លោក​ប៉ុណ្ណោះ។

បើ​ទោះ​ជា​បែប​ណា គេ​សង្កេត​ឃើញ​ថា ការ​លុប​ចោល​គម្រោង​ធំៗ​ដែល​ធ្លាប់​ទទួល​រង​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​កន្លង​ទៅ​នេះ រួម​មាន​បញ្ឈប់​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច និង​ការ​ដក​ហូត​អាជ្ញាប័ណ្ណ​វិនិយោគ​ប្រាសាទ​អង្គរវត្ត​ពី លោក សុខ គង់ ជាដើម បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង តែង​តវ៉ា​ជា​ហូរហែ​នៅ​ក្នុង​រដ្ឋសភា និង​ថ្លែង​រិះគន់​ជា​សាធារណៈ​នៅ​តាម​វេទិកា​ម្តងៗ និង​នៅ​ក្នុង​សភា ជាដើម។

នៅ​ចុង​ឆ្នាំ​២០១៥ រដ្ឋាភិបាល​សម្រេច​លុប​ចោល​គម្រោង​វិនិយោគ​សេវា​យក​លុយ​ពី​អ្នក​ធ្វើ​ដំណើរ​នៅ​ផ្លូវ​វ៉េងស្រេង។ ម្យ៉ាង​វិញ​ទៀត កាល​ពី​ខែ​មករា ដើម​ឆ្នាំ​២០១៦ នេះ​ដែរ រដ្ឋាភិបាល​ក៏​សម្រេច​លុប​ចោល​ទាំង​ស្រុង​គម្រោង​របស់​ក្រុមហ៊ុន អេហ្ស៊ិត (AZ) ដែល​យក​លុយ​ពី​អ្នក​ធ្វើ​ដំណើរ​នៅ​ផ្លូវ​ជាតិ​លេខ​៤។ ការ​សម្រេច​លុប​ចោល​គម្រោង​ដែល​មាន​ភាព​ចម្រូងចម្រាស​ទាំង​នេះ លោក ហ៊ុន សែន អះអាង​ថា គឺ​គេ​នៅ​មិន​ទាន់​គិត​ដល់​ការ​បញ្ឈប់​យក​លុយ​ថ្លៃ​ធ្វើ​ប័ណ្ណ​បើកបរ​សម្រាប់​ម៉ូតូ​កម្លាំង ១២៥ សេសេ (125 CC) ចុះ​ក្រោម​នៅ​ឡើយ​ផង។ លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​ថែម​ទាំង​បាន​បញ្ចុះ​ថ្លៃ​ធ្វើ​ប័ណ្ណ​បើកបរ​រថយន្ត និង​បញ្ឈប់​ការ​យក​ថ្លៃ​សេវា​ផ្ទេរ​អចលនទ្រព្យ​ថែម​ទៀត។

អ្នក​តាម​ដាន​នយោបាយ​មើល​ឃើញ​ថា ការ​ដោះស្រាយ​បញ្ហា​ជាតិ​មួយ វា​ពុំ​មែន​ពឹង​ផ្អែក​លើ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​តែ​ឯង ដោយ​ខ្វះ​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង​បាន​ឡើយ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ចាត់​ទុក​ថា នេះ​ជា​របៀប​អ្នក​នយោបាយ គឺ​តែង​ចង់​បាន​ចំណេញ​រៀងៗ​ខ្លួន ក៏ប៉ុន្តែ​អ្វី​ដែល​ចាំបាច់​ចំពោះ​មុខ​នៅ​ពេល​នេះ គឺ​តួ​អង្គ​សំខាន់​សម្រាប់​កំណែ​ទម្រង់​រដ្ឋ វា​ពុំ​មែន​តែ​រដ្ឋាភិបាល ឬ​គណបក្ស​ប្រឆាំង​មួយ​មុខ​ឡើយ ពោល​គឺ​ចាំបាច់​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ទើប​ជំរុញ​ឲ្យ​ដំណើរ​ការ​នៅ​ក្នុង​សង្គម​បាន​ល្អ។ លោក​បន្ត​ថា «តាម​ពិត​ជា​លក្ខណៈ​នយោបាយ​គូ​ប្រកួត​នីមួយៗ​តែង​តែ​ចង់​បាន​ប្រជាប្រិយភាព និង​ចង់​ឈ្នះ​ចង់​ចាញ់ ប៉ុន្តែ​តាម​ពិត សមិទ្ធផល​វា​ជា​សមិទ្ធផល​រួម។ មនុស្ស​ម្នាក់​មាន​ដៃ​មាន​ជើង មាន​ភ្នែក​មាន​ច្រមុះ​មាន​ក្រពះ និង​មាន​មាត់ គឺ​សុទ្ធតែ​មាន​តួនាទី​សំខាន់​ដូច​គ្នា»។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ​ចុះ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ដោះស្រាយ​បញ្ហា​ជាតិ មិន​ចាំបាច់​តែ​គណបក្ស​ប្រឆាំង​រិះគន់​នោះ​ឡើយ ពោល​គឺ​រដ្ឋាភិបាល​តែង​បន្ត​បម្រើ​ឲ្យ​សេចក្ដី​ត្រូវ​ការ​របស់​ប្រទេស​ជាតិ និង​ពលរដ្ឋ​ជា​ដរាប​ដែរ។ ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន អះអាង​ថា មាន​កិច្ចការ​ច្រើន​ណាស់​ដែល​រដ្ឋាភិបាល​សម្រេច​បាន ដោយ​ពុំ​ចាំបាច់​មាន​ការ​ចូលរួម ឬ​រិះគន់​ពី​គណបក្ស​ប្រឆាំង​ឡើយ។

ជាង​នេះ​ទៀត លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​បក្ស​ប្រឆាំង ត្រូវ​មាន​សេចក្ដី​ថ្លៃថ្នូរ ហើយ​កុំ​ឲ្យ​តែ​ប្លន់​រាល់​សមិទ្ធផល​ដែល​រដ្ឋាភិបាល​សម្រេច​បាន ធ្វើ​ជា​កម្មវិធី​នយោបាយ​របស់​ខ្លួន​ទៅ​បាន​ហើយ។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ លោក កែម ឡី យល់​ឃើញ​ថា អ្វី​ដែល​រដ្ឋាភិបាល​ប្រតិកម្ម​នេះ ទំនង​ជា​អាច​ខុស​ពី​ការ​ពិត​មួយ​ចំនួន។ លោក​បន្ត​ថា រាល់​ការ​តស៊ូ​មតិ​ក្នុង​ពេល​កន្លង​ទៅ គណបក្ស​ប្រឆាំង​តែង​រិះគន់​ពី​ភាព​ខ្វះខាត ដូច​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​តែ​ដំណើរ​ការ​កែ​ទម្រង់​ក្នុង​កម្មវិធី​នយោបាយ​របស់​ខ្លួន​នៅ​ពេល​នេះ។ លោក​បន្ត​ថា «តាម​ពិត​មិន​ត្រឹមត្រូវ​ទេ ផ្លូវ​ជាតិ​លេខ​៤ ប្រាសាទ​អង្គរវត្ត យើង​ឃើញ​មាន​ការ​ទាមទារ​ក្នុង​នាម​ជា​គណបក្ស​ប្រឆាំង​កន្លង​មក​យូរ​ហើយ។ ទី​ពីរ រដ្ឋាភិបាល​ក៏​គាត់​ទទួល​បាន​ព័ត៌មាន​ពី​ពលរដ្ឋ ហើយ​អនុវត្ត​តែ​ម្ដង។ អ៊ីចឹង​ខ្ញុំ​គិត​ថា ការ​ទាមទារ​បាន​ឮ​ជោកជាំ​ម្ដង​ហើយ​ម្ដង​ទៀត វា​ធ្វើ​ឲ្យ​សេចក្ដី​សម្រេច នឹង​ត្រឹមត្រូវ»។

ការ​បោះ​ឆ្នោត​សកល​កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ គណបក្ស​ប្រជាជន​កម្ពុជា បាត់បង់​កៅអី​ប្រមាណ ២០​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ដែល​គណបក្ស​នេះ​ធ្លាប់​គ្រប់គ្រង​ប្រមាណ ៩០​អាសនៈ​កាល​ពី​អាណត្តិ​ទី​៤។ ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ ដែល​អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា ជា​ដើម​ចម​នាំ​ឲ្យ​រដ្ឋាភិបាល សម្រេច​កាត់​សាច់​ស្អុយ​ចោល​ខ្លះ បើ​ទោះ​ដឹង​ថា ការ​កាត់​សាច់​ស្អុយ​នោះ ប៉ះពាល់​ដល់​សែស្រឡាយ ឬ​ការ​រង្គោះរង្គើ​ផ្ទៃ​ក្នុង​បក្ស​ក្ដី។ ម្យ៉ាង ការ​បង្ខំ​ចិត្ត​ធ្វើ​កំណែ​ទម្រង់​នៅ​ពេល​នេះ អាច​ថា ជា​ការ​ប៉ះប៉ូវ​ភាព​បាក់​ស្រុត និង​ស្ដារ​ឡើង​វិញ​នូវ​ប្រជាប្រិយភាព​នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៨ ខាង​មុខ៕

4 comments:

Anonymous said...

Hun Sen,

You said the CNRP ate your CPP's leftover.

How about you ate Yuon's shit?
Ah Kwack Hun Sen is so fast at fighting against Khmers.

How about your master Yuon who burned the precious woods to defy your orders?

Why there was no teaction from you Ah Chkuot?

Yuon are everywhere in Cambodia, strangling Khmer people.

Why you are so blind toward Yuons who have caused all kind of trouble to Cambodia?

Anonymous said...

ហ៊ុន សែន វាដូចឃើញតែចោទទៅលើ សង្រ្គោះជាតិ ប្រជាជន នឹង កូនក្នេង តែបើយួនវិញ គឺមិនដែលឃើញហាមាត់ទាល់តែសោះ មិនដែលឃើញទេប្រជាជន ចង់អុលថាយួនវាយកដី តែបែរជារករឿងប្រជាជន ចាប់ចង់ ដាក់គុក ដោយចោទថា ផ្លើ បង្កើតតែរឿង ។ប្រជាជនយួនមកពេញស្រុក តែបែរជាថាគ្មាន យួន ដល់កូនក្មេងវាជេរ តាមឈ្លោះជាមួយក្មេង ថាអាកូនឥតពូជ មិនដឹងអី វាថាបើដឹងថាវាមិនហ៊ាននឹងយួនហើយតាមជេរវាទៀត ។

Anonymous said...

What out CNRP! ,the devil perches on hun sen's shoulders is whispering into his ears.

Kim Ea said...

Sharp tongue of repudiation, are not a good way to hid your inactive work . Please listen more of these constructive criticisms and opinion are better than mad and frutration .