កងនាវាកងទ័ពប្រជាជនចិនមកដល់ខេត្តព្រះសីហនុហើយនៅព្រឹកថ្ងៃទី២២កុម្ភៈ
ដោយ ចេង ម៉េងជូ
2016-02-22 rfa
កងនាវាកងទ័ពប្រជាជនចិន ចូលចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។ Photo Provided
Photo Provided
មន្ត្រីប៉ុស្តិ៍កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ឲ្យដឹងនៅថ្ងៃទី២២ ខែកុម្ភៈ ថា កងនាវាកងទ័ពប្រជាជនចិន ចំនួន ៣គ្រឿង ដែលផ្ទុកកងម៉ារីនសរុបចំនួន ៧៣៧នាក់ បានមកដល់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ហើយនៅម៉ោង ១០ព្រឹកថ្ងៃទី២២ កុម្ភៈ ដើម្បីធ្វើទស្សនកិច្ចរយៈពេល ៥ថ្ងៃនៅកម្ពុជា។
កងនាវាកងទ័ពប្រជាជនចិន នេះ ដឹកនាំដោយមេបញ្ជាការប្រចាំការសមុទ្រចិនខាងត្បូង ឧត្ដមនាវីទោ យូ ម៉ាន់ជាំង (Yu Manjiang)។ តាមគម្រោង កងទ័ពជើងទឹកនៃប្រទេសទាំងពីរ នឹងរៀបចំកម្មវិធីហ្វឹកហ្វឺនក្នុងប្រតិបត្តិការជួយសង្គ្រោះរួមគ្នាមួយជាលើកដំបូង នៅលើផ្ទៃសមុទ្រខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ។ មុននឹងធ្វើការហ្វឹកហ្វឺនរួមគ្នានោះ កងទ័ពប្រជាជនចិន នឹងធ្វើដំណើរមករាជធានីភ្នំពេញនៅថ្ងៃទី២៤ ចូលជួបរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងទឹក លោក ទៀ វិញ ព្រមទាំងស្ថានទូតចិន ប្រចាំកម្ពុជា។
មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម លោក រស់ វាសនា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ ខែកុម្ភៈ ថា លោកមិនបានជ្រាបពីសេចក្ដីលម្អិតនៃការហ្វឹកហ្វឺនរួមគ្នានោះឡើយ។ លោកជំរុញឲ្យសួរទៅអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ប៉ុន្តែវិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានទេនៅថ្ងៃទី២២ កុម្ភៈ។
ទោះយ៉ាងណា អគ្គបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា លោក វណ្ណ ប៊ុននាង បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ថា ការហ្វឹកហាត់នេះ គឺជាកិច្ចសហប្រតិបត្តិការដ៏ធំមួយ និងជាការហ្វឹកហ្វឺនរួមគ្នា ដើម្បីបង្កើនការត្រៀមខ្លួនក្នុងករណីមានហេតុការណ៍លិចកាណូត ឬមានគ្រោះមហន្តរាយកើតឡើង។
បច្ចុប្បន្ន ចិន ជាប្រទេសម្ចាស់ជំនួយចម្បងនៃវិស័យយោធាកម្ពុជា ដោយបានផ្គត់ផ្គង់សម្ភារៈយោធាដល់កងទ័ពកម្ពុជា ជាបន្តបន្ទាប់ ក្នុងនោះមានការសាងសង់វិទ្យាស្ថានយោធា ការផ្ដល់ឧទ្ធម្ភាគចក្រ កាំភ្លើង និងរថយន្តយោធាជាច្រើនគ្រឿង ព្រមទាំងទទួលយកមន្ត្រីយោធាកម្ពុជា ជាច្រើននាក់ទៅបណ្ដុះបណ្ដាលនៅប្រទេសចិន។
ការហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពនៃប្រទេសទាំងពីរនៅពេលនេះ គឺស្របពេលបញ្ហាជម្លោះសមុទ្រចិនខាងត្បូង កំពុងតឹងតែង ខណៈចិន កាន់តែបង្កើនសកម្មភាពយោធានៅតំបន់សមុទ្រចិនខាងត្បូង នេះ៕
2 comments:
ពេល ទ័ពចិនមក ហ៊ុន សែនខំទទួល យ៉ាងសម្បើម មានទាំងលោតម៉ុងសាយ ខំយកចិត្តចិនហួស ឃើញទេ ព្រោះចិនជាឪរបស់យួន បានជាវាធ្វើរបៀបនេះ ហើយពួកវាមិនដែលគិតថា ចិននឹងយួន ទេដែលសម្លាប់ខ្មែររាប់លាននៅ របបខ្មែរក្រហមនោះ ចង់អ្នកថាមិនមេនក៍ដោយ តែពេលនោះ ចិននឹងយួននៅក្នុងស្រុកខ្មែរ មានទេ? ហើយឥឡូវឃើញទេ ចិននឹងយួន វាហែកខ្មែរស៊ីដោយឥតអៀនខ្មាស់ ហើយវាធ្វើជាឈ្លោះគ្នាវានៅដែនសមុទ្រ ចុះនៅលាវនឹងខ្មែរហេតុអីក៍វាចែកគ្នាស្រួលម្លេះ?
This visit possibly gives youn something to think about.
Post a Comment