ក្រុមអ្នកតំណាងរាស្ត្រដែលជាអ្នកតាក់តែងច្បាប់របស់ប្រទេសកម្ពុជាសម័យបច្ចុប្បន្ន។ ហេង ជីវ័ន
ច្បាប់ដែលប្រកបដោយគតិបណ្ឌិត
Thu, 25 February 2016 ppp
និយាយក្នុងក្របខ័ណ្ឌប្រទេសមួយច្បាប់គឺជាបញ្ញត្ដិដែលគេបង្កើតឡើងជាក្បួនខ្នាតជាក្រឹត្យក្រមកំណត់សកម្មភាពពលរដ្ឋនៃប្រទេសនោះដោយជារួមច្បាប់ត្រូវមានលក្ខណៈជាបន្ទាត់ផង និងមានលក្ខណៈចាប់បង្ខំផង។
ទីមួយ ច្បាប់ត្រូវមានលក្ខណៈជាបន្ទាត់គឺច្បាប់ជាព្រំដែននៃសិទ្ធិថាតើពលរដ្ឋនៃប្រទេសនោះអាចធ្វើសកម្មភាពដោយសេរីបានត្រឹមណាក្នុងព្រំដែនទឹកដីជាក់លាក់ដែលច្បាប់នោះគ្របដណ្ដប់។ ដោយសារវាជាបន្ទាត់ទើបវាអាចជាច្បាប់ល្អ និងច្បាប់អាក្រក់។
បន្ទាត់ដែលគូសដោយមនុស្សល្អជាបន្ទាត់ដែលមិនបំពានលើសិទ្ធិបុគ្គលណាមួយក្នុងព្រំដែនសមត្ថកិច្ចរបស់វា។ បន្ទាត់នោះគូសតម្រង់សកម្មភាពជារួមសម្រាប់ពលរដ្ឋក្នុងប្រទេសរបស់ខ្លួនអនុវត្ដ។ ច្បាប់បែបនោះរួមចំណែកក្នុងការតម្រង់ទិស និងលើកកម្ពស់តម្លៃមនុស្ស។ បើគ្មានព្រំដែនសកម្មភាពគឺច្បាប់ទេមនុស្សខ្លះអាចយល់ថាជាសិទ្ធិសេរីភាពរបស់គេក្នុងការធ្វើសកម្មភាពដោយគេមិនបានគិតដល់ថាសកម្មភាពសម្ដែងសេរីភាពខ្លះរបស់គេបានរំលោភដល់សិទ្ធិរបស់អ្នកដទៃឡើយទើបច្បាប់ដែលប្រកបដោយគតិបណ្ឌិតចូលរួមកំណត់នូវតម្លៃរបស់ពលរដ្ឋក្នុងសង្គមឲ្យអាចរស់នៅជុំគ្នាដោយចុះសម្រុងគោរពសិទ្ធិគ្នាទៅវិញទៅមកប្រកបដោយសេចក្ដីថ្លៃថ្នូរ។
ចំណែកឯបន្ទាត់ដែលគូសដោយមនុស្សអាក្រក់បន្ទាត់នោះនឹងគូសទៅកម្រិតកំណត់ដោយជាន់រំលោភលើសិទ្ធិពលរដ្ឋទូទៅដើម្បីចំណេញប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកគូសជាមិនខាន។
ទីពីរ ច្បាប់ត្រូវមានលក្ខណៈចាប់បង្ខំ។ បើវាចាប់បង្ខំដោយមនុស្សល្អនោះការចាប់បង្ខំនោះមិនមែនជាការរំលោភសិទ្ធិរូបវន្ដបុគ្គល ឬនីតិបុគ្គលណាឡើយ។ ការចាប់បង្ខំនោះមុខជាចាប់បង្ខំឲ្យពលរដ្ឋរបស់ខ្លួនដើរត្រង់ផ្លូវក្លាយជាពលរដ្ឋល្អប្រកបដោយសេចក្ដីថ្លៃថ្នូរ និងការទទួលខុសត្រូវខ្ពស់ក្នុងនាមជាពលរដ្ឋម្ចាស់ប្រទេសមិនខាន។ នោះជាច្បាប់ល្អជាច្បាប់ប្រកបដោយគតិបណ្ឌិត។
ប៉ុន្ដែបើវាចាប់បង្ខំដោយជនផ្ដាច់ការគឺមុខជាចាប់បង្ខំឲ្យពលរដ្ឋដើរតាមព្រំដែនតឹងរ៉ឹងមួយដែលគេគូសពីខាងលើជាស្រេចទៅតាមចិត្ដចង់របស់គេ។
ច្បាប់ដែលប្រកបដោយគតិបណ្ឌិតត្រូវបំពេញលក្ខខណ្ឌមួយចំនួនគឺច្បាប់នោះត្រូវឆ្លើយតបនឹងតម្រូវការមនុស្សជាទូទៅមានន័យថាច្បាប់នោះបម្រើផលប្រយោជន៍រួមរបស់ជាតិមិនមែនដើម្បីតែប្រយោជន៍មនុស្សមួយក្រុមតូចពិសេសវាមិនមែនសម្រាប់បម្រើជនមានអំណាច និងមានប្រាក់។ អាចមានពីរករណីក្នុងការបង្កើតច្បាប់គឺមួយចាំទាល់តែកើតរឿងហើយទើបបង្កើតច្បាប់ការពារកុំឲ្យវាកើតឡើងដដែលទៀត។
ឧទាហរណ៍ច្បាប់ស្រាជាច្បាប់ដែលកើតមកពីមានផលវិបាករបស់ស្រាដល់សង្គមគឺមានរឿងហើយទើបបង្កើតច្បាប់តាមក្រោយ។ ទីពីរគឺប្រមើលដឹងមុនពីបញ្ហាដែលទំនងជាអាចកើតឡើងហើយបង្កើតច្បាប់ទប់ស្កាត់មិនឲ្យវាកើតឡើង ឬបើឃាត់ឃាំងមិនឲ្យវាកើតមិនបានក៏មានបន្ទាត់ឲ្យវាកើតឡើងតែក្នុងព្រំដែនណាមួយ។ មានន័យថា ច្បាប់ដែលបង្កើតមកនោះឆ្លើយតបនឹងតម្រូវការមនុស្សជាទូទៅក្នុងព្រំដែនសមត្ថកិច្ចរបស់វា។ មួយទៀតច្បាប់នោះឆ្លើយតបនឹងតម្រូវការមនុស្សជាទូទៅតែវាមិនរំលោភលើផលប្រយោជន៍មនុស្សភាគតិច។ ក្នុងករណីដែលប្រទេសមួយមានលើសពីពាក់កណ្ដាលនៃពលរដ្ឋជាជនអាត្មានិយមគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនគេមុខជារើសបានកំពូលជនផ្ដាច់ការឡើងកាន់ការងារស្រុកទេសមិនខាន។
ក្នុងករណីនោះច្បាប់ដែលឆ្លើយតបនឹងតម្រូវការមនុស្សជាទូទៅដែលជនផ្ដាច់ការ និងអាត្មានិយមវាមុខជាបម្រើផលប្រយោជន៍របស់ជនផ្ដាច់ការហើយវាមុខជារំលោភលើផលប្រយោជន៍មនុស្សភាគតិចដែលជាពលរដ្ឋក្រខ្សត់ខ្វះទាំងធនធាន និងលទ្ធភាពហើយពួកគេមិនមែនជាក្រុមបក្ខរបស់ក្រុមខាងបង្កើតច្បាប់។ ពួកគេមុខជាខុសច្បាប់ដោយសារតែមិនព្រមឱនក្បាលចូលជាមួយជនផ្ដាច់ការមិនខាន។ ច្បាប់នោះនឹងទៅធ្វើទុក្ខបុកម្នេញពលរដ្ឋទន់ខ្សោយ។
មួយវិញទៀតបើមនុស្សល្អកាន់ការងារស្រុកទេសច្បាប់នោះនឹងបម្រើប្រយោជន៍មនុស្សទូទៅហើយមុខជារឹតត្បិត និងកម្រិតកំណត់ចំពោះតែមនុស្សខូច។ បែបនោះមិនហៅថារំលោភប្រយោជន៍មនុស្សភាគតិចឡើយព្រោះប្រយោជន៍នោះជាប្រយោជន៍ដែលមិនស្របច្បាប់។ ច្បាប់ដែលប្រកបដោយគតិបណ្ឌិតមិនអាចប្រឆាំងនឹងតម្លៃនៃភាពជាមនុស្សផ្នែកសីលធម៌ឡើយ។ មានគំនិតមួយលើកឡើងថាដោយសារប្រទេសមួយចំនួនលើពិភពលោកមានអត្រាបុរសតិចជាងស្ដ្រីជាខ្លាំងដូច្នេះគួរតែមានច្បាប់មកចាប់បង្ខំថាឲ្យបុរសត្រូវតែយកប្រពន្ធលើសពីមួយជាកំហិតដើម្បីកុំឲ្យស្ដ្រីខ្លះគ្មានគូស្រករ។ តើគំនិតបែបនេះជាគំនិតដែលប្រកបដោយគតិបណ្ឌិតដែរឬទេ?
មួយវិញទៀតច្បាប់ដែលប្រកបដោយគតិបណ្ឌិតមិនរំលោភច្បាប់មនុស្សជាសកល និងសន្ធិសញ្ញាអន្ដរជាតិផ្សេងៗដែលសាមីប្រទេសបានចុះហត្ថលេខារួមជាមួយអន្ដរជាតិ។ ច្បាប់ថ្មីត្រូវមានភាពស៊ីចង្វាក់នឹងច្បាប់មុនៗមិនបញ្ច្រាស ឬប្រទាំងប្រទើសនឹងច្បាប់ដែលមានរួច។ ក្នុងករណីច្បាប់ដែលកើតមុនវាមិនត្រឹមត្រូវដើម្បីកុំឲ្យវាប្រទាំងប្រទើសគ្នាច្បាប់ថ្មីត្រូវមានអំណាចអនុវត្ដធំជាងច្បាប់ចាស់ហើយទៅនិរាករណ៍ច្បាប់ចាស់។ មានសេចក្ដីជូនដំណឹង ( ស.ជ.ណ) ខ្លះដែលមានតម្លៃគតិយុត្ដិក្រោមច្បាប់តែសម្រេចទាក់ទិនវាក់វិនបញ្ច្រាសច្បាប់ហើយបែរជាមានកម្លាំងអនុវត្ដធំជាងច្បាប់ទៅទៀត។
ចំណុចដែលមិនអាចរំលងបានគឺច្បាប់នោះអាចអនុវត្ដបានគឺវាត្រូវតែមានលក្ខណៈចាប់បង្ខំឲ្យអនុវត្ដកើត។ មិនត្រឹមត្រូវឡើយដែលអ្នកវិភាគខ្លះបានលើកឡើងថាស្រុកខ្មែរមានច្បាប់ច្រើនហើយតែគ្រាន់តែអ្នកមានអំណាចគ្មានឆន្ទៈក្នុងការគោរព។
ទោះមានច្បាប់ច្រើនប៉ុនណាក៏ដោយក្នុងស្ថានភាពនេះគឺយើងនៅខ្វះច្បាប់មួយដែលមានអំណាចទៅចាប់បង្ខំជនមានអំណាចឲ្យគោរព។ បើច្បាប់មួយចាប់បង្ខំអ្នកមានអំណាចដែលប្រព្រឹត្ដខុសច្បាប់មិនបានគួរតែដាក់ជាយន្ដការចងច្បាប់ជាប្រព័ន្ធចាក់ស្រែះឲ្យដាច់ខាតត្រូវតែគ្រប់គ្នាស្ថិតក្រោមសំណាញ់ច្បាប់ក្នុងដែនសមត្ថកិច្ចដែនដីរបស់វានោះគឺនីតិរដ្ឋ។ ផ្ទុយទៅវិញបើមានច្បាប់ល្អដែលអាចដោះស្រាយបញ្ហាបានតែអនុវត្ដមិនកើតដោយរង់ចាំឆន្ទៈគេគោរពដដែលតើវាបានប្រយោជន៍អ្វីទៅ?
កត្ដារួមផ្សំដទៃទៀតគឺវាត្រូវតែមានភាពចាំបាច់ក្នុងការបង្កើតគឺវាបង្កើតមកដើម្បីបំពេញសេចក្ដីត្រូវការរួមរបស់ប្រជាជាតិមិនមែនទំនេរៗបង្កើតច្បាប់មួយលេងនោះទេ។ មានច្បាប់ជាច្រើនដែលត្រូវបង្កើតអ្នកបង្កើតច្បាប់ត្រូវកំណត់ឲ្យបានថាតើច្បាប់ណាសំខាន់ចាំបាច់ត្រូវការអនុម័តមុន។
ចំណុចមួយទៀតពាក្យពេចន៍ក្នុងមាត្រាច្បាប់ត្រូវតែមានលក្ខណៈច្បាស់លាស់មិនសរសេរបន្លំពាក្យដែលនាំឲ្យមានការបកស្រាយខុសៗគ្នាការពារតែផលប្រយោជន៍របស់ជនមានអំណាច។ ច្បាប់គឺសម្រាប់ពលរដ្ឋទាំងអស់អនុវត្ដដូច្នេះពាក្យពេចន៍ក្នុងមាត្រានីមួយៗមិនគួរពលរដ្ឋស្រពេចស្រពិលឡើយ។
មានចំណុចមួយទៀតគឺពេលដែលច្បាប់នោះមានសុពលភាពឲ្យអនុវត្ដហើយក្នុងវេលាកំណត់ណាមួយបើមានប្រតិកម្មដោយសារការអនុវត្ដច្បាប់នោះមានន័យថាបើច្បាប់នោះវាប្រទើសប្រទាំងអនុវត្ដមិនរលូន ឬវាទទួលបានប្រតិកម្មតបតខ្លាំងពីពលរដ្ឋដែលជាអ្នកអនុវត្ដផ្ទាល់ច្បាប់នោះត្រូវវិលត្រឡប់ចូលទៅក្នុងសភាវិញដើម្បីឲ្យសមាជិកសភាពិនិត្យភាពត្រឹមត្រូវរបស់វាម្ដងទៀត។ ការដែលតែងច្បាប់មួយថាត្រូវយកច្បាប់ដែលអនុវត្ដក្នុងអំឡុងពេលជាក់លាក់ទៅចូលសភាវិញការចែងបែបនោះប្រកបដោយគតិបណ្ឌិតណាស់ដែលចងសភាមិនចែងច្បាប់តាមអំពើចិត្ដដោយមិនទទួលខុសត្រូវ។
យ៉ាងណាក៏ដោយ បើចែងច្បាប់ឲ្យតែរួចពីដៃសិនហើយអាងថាវាមុខជាអាចត្រឡប់ចូលសភាវិញហើយចាំគិតកែសាជាថ្មីនោះក៏មិនមែនជាគតិបណ្ឌិតក្នុងការតែងច្បាប់ដែរទេតែវាជាការកេងចំណេញលើចំណុចប្រហោងរបស់ច្បាប់ទៅវិញ។ លើសពីនេះក្រសួងសាមីដែលព្រាងច្បាប់ត្រូវតែប្រមូលទិន្នន័យដែលពាក់ព័ន្ធឲ្យបានគ្រប់គ្រាន់រាប់ទាំងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានា។
ដូចយ៉ាងច្បាប់អង្គការសង្គមស៊ីវិលទៅជាខាងសង្គមស៊ីវិលថាខ្លួនមិនបានចូលរួមបង្កើតទៅវិញ។ ក្រែងច្បាប់នោះចេញមកដើម្បីឲ្យខាងសង្គមស៊ីវិលអនុវត្ដមែនទេ? ចុះបើភាគីដែលពាក់ព័ន្ធមិនបានចូលរួមព្រាងច្បាប់ត្រឹមត្រូវគ្រប់ជ្រុងជ្រោយផងតើពេលអនុវត្ដវានឹងប្រទាំងប្រទើសគ្នាប៉ុនណា? បើទោះបីជាអង្គការសង្គមស៊ីវិលដាច់ខាតត្រូវទទួលអនុវត្ដតាមច្បាប់ប្រទេសក៏ដោយហោចណាស់ក៏វាគួរតែមានការពន្យល់គ្នាឲ្យច្បាស់លាស់សិនដែរនោះទើបអ្នកត្រូវបានច្បាប់នោះអនុវត្ដលើអនុវត្ដតាមដោយស្ងប់ចិត្ដបើមិនដូច្នោះទេនៅតែមានពាក្យមិនឈប់មិនឈរថាច្បាប់ដែលរដ្ឋាភិបាលបង្កើតមករឹតត្បិតសេរីភាពពលរដ្ឋដដែលជាដដែល។ ត្រង់ហ្នឹងហើយថាច្បាប់ល្អ ឬអាក្រក់គឺនៅលើមនុស្សដែលបង្កើតច្បាប់នោះ។ បើបន្ទាត់ដែលគូសឡើងដោយរដ្ឋាភិបាលផ្ដាច់ការបន្ទាត់នោះមុខជាវ៉ៃបែកខ្នងពលរដ្ឋមិនខាន។
ច្បាប់ដែលប្រកបដោយគតិបណ្ឌិតគឺជាច្បាប់ដែលបង្កើតឡើងដោយជនជាបណ្ឌិតដែលមានន័យលើសពីជនដែលទទួលបានសញ្ញាបត្របណ្ឌិតតែជាជនដែលមានសមត្ថភាពក្នុងការវិនិច្ឆ័យយ៉ាងត្រឹមត្រូវ និងអមដោយសកម្មភាពជាក់លាក់ដោយផ្អែកលើចំណេះដឹងជំនាញ និងការវិភាគពិចារណាយ៉ាងហ្មត់ចត់។
យោងតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត គតិបណ្ឌិតមានន័យថាគតិរបស់បណ្ឌិតអធ្យាស្រ័យ ឬប្រាជ្ញាញាណរបស់អ្នកប្រាជ្ញ។
តើជនដែលបង្កើតច្បាប់រំលោភបំពានលើពលរដ្ឋទន់ខ្សោយជាបណ្ឌិត ឬតើជនបែបនោះអាចឈានទៅបង្កើតច្បាប់ដែលប្រកបដោយគតិបណ្ឌិតបានទេ? ច្បាប់ដែលប្រកបដោយគតិបណ្ឌិតមានអត្ថន័យលើសពីច្បាប់ទូទៅ។ ក្នុងច្បាប់ដែលប្រកបដោយគតិបណ្ឌិតទោះបីជាច្បាប់នោះតឹងរ៉ឹងប៉ុនណាក៏ដោយមិនលែងឡើយដែលយើងអាចរកឃើញនូវមេត្ដាចិត្ដស្រឡាញ់អាណិតសន្ដោសដ៏ជ្រាលជ្រៅរបស់អ្នកបង្កើត។ ទោះបង្ខំឲ្យអនុវត្ដតឹងរ៉ឹងប៉ុនណាក៏គឺដើម្បីបានជាប្រយោជន៍ដល់អ្នកអនុវត្ដផ្ទាល់តែប៉ុណ្ណោះ។
ជាសរុបច្បាប់ប្រកបដោយគតិបណ្ឌិតជាច្បាប់ដែលកើតពីឆន្ទៈថាបង្កើតមកដើម្បីដោះស្រាយបញ្ហាដែលកើតមកហើយ និងបម្រុងនឹងកើតហើយឆន្ទៈនោះជាឆន្ទៈពិតប្រាកដបម្រើប្រយោជន៍រួមជាគោលមិនមែនបង្កើតច្បាប់ការពារបុគ្គល និងក្រុមពួករបស់ខ្លួន។ អ្នកបង្កើតច្បាប់ដែលប្រកបដោយគតិបណ្ឌិតប្រកបដោយទស្សនវិស័យវែងឆ្ងាយប្រមើលដឹងមុនថាវាដោះស្រាយបញ្ហាបាន និងអាចអនុវត្ដបាន។ រឿងវានៅត្រង់អនុវត្ដបាន។ គ្មានអ្វីមួយដែលអាចកើតមកឆ្កុយដាច់តែឯងទេវាត្រូវតែណែងណងគ្នាជាប្រព័ន្ធ។
ប្រកបដោយទស្សនវិស័យអ្នកបង្កើតច្បាប់នោះត្រូវរៀបចំចងក្រងប្រព័ន្ធណែងណងហើយជាស្រេចឲ្យវាអនុវត្ដបាន។ ប្រសិទ្ធភាពនៃច្បាប់ដែលប្រកបដោយគតិបណ្ឌិតគឺអាចជំរុញឲ្យពលរដ្ឋទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ច្បាប់នោះបានចូលរួមសកម្មភាពនានាមិនមែនចាំតែច្បាប់បង្ខំ និងដាក់ទណ្ឌកម្មឡើយ។
ជាក់ស្ដែងច្បាប់ចរាចរណ៍ថ្មីគួរតែចែងប្រកបដោយការគិតគ្រប់ជ្រុងជ្រោយប្រកបដោយគតិបណ្ឌិតហើយគួរតែផ្សព្វផ្សាយបង្រៀនពលរដ្ឋភាគច្រើនឲ្យយល់ និងមានការទទួលខុសត្រូវចូលរួមក្នុងការអនុវត្ដច្បាប់ដោយមនសិការ។
វិធានទណ្ឌកម្មគួរចាត់ទុកជាវិធានការចុងក្រោយ។ នៅសិង្ហបុរីពលរដ្ឋគេដឹងយ៉ាងច្បាស់ថាហេតុអ្វីទើបរដ្ឋាភិបាលគេហាមពលរដ្ឋ និងជនបរទេសក្នុងប្រទេសគេមិនឲ្យហូបស្ករកៅស៊ូ។ មានពលរដ្ឋតិចតួចប៉ុណ្ណោះដែលប្រព្រឹត្ដល្មើសច្បាប់នោះ។
ផលប្រយោជន៍នៃច្បាប់ដែលប្រកបដោយគតិបណ្ឌិតគឺជំរុញឲ្យពលរដ្ឋទាំងអស់គ្នាមានចំណុចគោលមួយរួមទាំងអស់គ្នាគឺពលរដ្ឋជាទូទៅដឹងថាត្រូវធ្វើដំណើរសំដៅទៅគោលដៅរួមដែលឆ្លើយតបប្រយោជន៍មនុស្សទូទៅ។
មានន័យថាពលរដ្ឋដឹងថាហេតុអ្វីទើបខ្លួនត្រូវគោរពច្បាប់។ ពលរដ្ឋបែបនោះមិនប្រព្រឹត្ដល្មើសមិនមែនដោយសារខ្លាចជាប់គុកឡើយតែគេមិនធ្វើព្រោះគេមានសីលធម៌៕
ប៉ាង វ៉ាន់ថោន
អ៊ីមែលៈ vanthownpang@yahoo.com
2 comments:
សុទ្ធតែសត្វឆ្កែកញ្ជះយួន តាមរូបភាពគ្រាន់បើ តែអាស្រូវក្នុងពិភពលោកព្រោះជាជំពូកមនុស្សចូលចិត្តធ្វើជាទាសករណ៏យួន ។
They are just monkeys in white uniforms
.
Post a Comment