ដោយ ម៉ម មុនីរតន៍
2016-02-21 rfa
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក្នុងកិច្ចពិភាក្សារវាងយុវជន និងគណបក្សនយោបាយស្ដីពីការចូលរួមរបស់យុវជនក្នុងការពង្រឹងវប្បធម៌សន្ទនា កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥។
RFA/Yang Chandara
អ្នកនយោបាយនៅតែបន្តបាចទឹកដាក់គ្នា បើទោះជាម្ខាងៗបានអះអាងថា ប្រើប្រាស់វប្បធម៌សន្ទនាដើម្បីបង្រួបបង្រួម និងដោះស្រាយទំនាស់ឲ្យនៅកម្រិតមួយដ៏តិចតួចយ៉ាងណាក្ដី។ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា ចំអកគណបក្សប្រឆាំងថា បក្សនេះពូកែខាងឲ្យគេដុសក្អែល ក៏ប៉ុន្តែត្រង់ក្អែលខ្លួនឯងវិញនៅពេញតែខ្លួន។ ប្រតិកម្មរបស់មន្ត្រីគណបក្សកាន់អំណាចនៅពេលនេះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ រិះគន់ថា ការដឹកនាំប្រទេសដែលមានមេដឹកនាំដ៏ចាស់គំរឹលដដែលៗនេះហើយ ធ្វើឲ្យពលរដ្ឋចង់ឲ្យមានការផ្លាស់ប្ដូរ។
អ្នកនយោបាយនៅតែចាត់ទុកគ្នាក្នុងផ្លូវមិនល្អតែរៀងៗខ្លួន ថ្វីបើបក្សនយោបាយទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា បានកំណត់ទិសដៅផ្សះផ្សាផ្លូវចិត្តតាមរយៈការប្រើប្រាស់វប្បធម៌សន្ទនាជាធំហើយក៏ដោយចុះ។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រៀបធៀបគណបក្សប្រឆាំងទៅនឹងមាន់សម្ល ដែលជល់ចាញ់ហើយមិនព្រមឈប់ អស់ពេលជាច្រើនអាណត្តិណាស់មកហើយ។ មិនតែប៉ុណ្ណោះ ការដួលលើសង្វៀនម្ដងជាពីរដងហើយនេះ លោកចាត់ទុកថា គណបក្សប្រឆាំងល្មមមានបទពិសោធន៍ដែលអាចសុំឈប់ ដោយមិនចាំបាច់គេប្រាប់នោះទេ។ ក្នុងន័យនេះ លោក សុខ ឥសាន យល់ឃើញថា ការចាញ់ហើយចាញ់ទៀតក្នុងការបោះឆ្នោតមិនតិចជាង ៥អាណត្តិមកនេះ បង្ហាញថា ប្រជាពលរដ្ឋលែងគាំទ្រឲ្យបក្សប្រឆាំងមានវត្តមាននៅក្នុងឆាកនយោបាយនោះទៀតហើយ។ លោកបន្តថា «យើងមើលឲ្យតុល្យភាពផង កុំមើលតែអ្នកជាប់ឆ្នោត។ ហើយបើកីឡាប្រដាល់តែមួយប្រកួត ហើយគេឲ្យសងសឹកតែមួយប្រកួតទេ ហើយបើចាញ់ប្រកួតទៀតតែពីរដង វាចប់បាត់ហើយ។ គេឈប់ឲ្យឡើងលើសង្វៀនហើយ។ ខ្ញុំចង់និយាយលេងតិចចុះ ប៉ុន្តែនេះដូចជាអ្នកនយោបាយដែរ។ គេបញ្ជល់មាន់ ហើយមាន់តែចាញ់ពីរដងដូចអ្នកប្រដាល់ អាហ្នឹងគេយកទៅស្ងោរជ្រក់ហើយ»។
ការចំអកដូចនេះរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីប្រធានស្ដីទីគណបក្សប្រឆាំង រិះគន់ថា នៅសល់របបតិចតួចណាស់ក្នុងពិភពលោកដែលមានមេដឹកនាំដដែលៗជាច្រើនអាណត្តិមកនេះ។
ថ្លែងនៅចំពោះមុខអ្នកគាំទ្រក្នុងខេត្តកំពង់ធំ នៅថ្ងៃទី២១ កុម្ភៈ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ រិះគន់ថា មូលហេតុដែលនាំឲ្យពលរដ្ឋចង់ឲ្យមានការផ្លាស់ប្ដូរនេះ ពុំមែនជាចរន្តនយោបាយទេ ក៏ប៉ុន្តែអ្វីដែលចាំបាច់ គឺពលរដ្ឋធុញទ្រាន់នឹងរបបមួយដែលមានមេដឹកនាំមិនដែលផ្លាស់ប្ដូរសោះ។ លើសពីនេះទៀត លោក កឹម សុខា ប្រៀបធៀបថា ការដឹកនាំមិនខុសពីការធ្វើម្ហូបអាហារប៉ុន្មាននោះឡើយ។ ម្យ៉ាងវិញទៀត ការដឹកនាំដ៏យូរបែបនេះ មិនបានជួយអ្វីច្រើនឡើយសម្រាប់សង្គម ដូចជាធ្វើឲ្យប្រទេសកាន់តែមានវិបត្តិការងារ កំណើនពលរដ្ឋចំណាកស្រុកកើនឡើង ការកាប់បំផ្លាញព្រៃឈើ រួមទាំងអ្នកក្រឈឺទៅពេទ្យគ្មានលុយបង់សេវា ត្រូវគេបោះបង់ចោល ជាដើម។ លោកបន្តថា «ការដឹកនាំនេះវាយូរជ្រុលពេក ដដែលពេក ហើយវាដែលសូវមានទេក្នុងពិភពលោក ១០០ប្រទេសមានមួយមានពីរសេសសល់កម្ទេចកម្ទីប៉ុណ្ណឹង។ ដោយសារវាយូរពេក ប្រជាពលរដ្ឋធុញទ្រាន់ ហើយអត់ឃើញត្រៀមដើម្បីប្ដូរឥតមានឃើញសោះ បើគាត់ឃើញអ្វីមួយដែលត្រៀមប្ដូរ ប្រហែលជាគាត់មិនសូវធុញប៉ុន្មានទេ»។
គណបក្សនយោបាយធំៗទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា នៅតែមិនអាចរកចំណុចរួមបាន បើទោះជាម្ខាងៗសុទ្ធតែបានអះអាងថា នឹងបន្តដោះស្រាយរួមគ្នាលើកិច្ចការដែលនៅសេសសល់ក្ដី។
អ្នកឃ្លាំមើលការវិវឌ្ឍន៍នយោបាយ ចាត់ទុកថា គណបក្សទាំងពីរនេះប្រៀបដូចទឹក និងប្រេង ដែលមិនអាចនៅជាមួយគ្នាបាន ឬបន្តអនុវត្តលើគោលនយោបាយរួមមួយ ជាពិសេសកាលណាអ្នកនយោបាយបន្តប្រើមធ្យោបាយប៉ែងជើងដាក់គ្នាដូចនេះ អ្នកដែលត្រូវខាតបង់ គឺពលរដ្ឋទៅវិញ។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ យល់ឃើញថា មកដល់ពេលនេះទៅហើយ អ្នកនយោបាយនៅតែពុំទាន់បានរកអ្វីសម្រាប់ពលរដ្ឋ ឲ្យទទួលបានផលចំណេញពីការធ្វើនយោបាយឡើយ។ ផ្ទុយទៅវិញ ការបន្តសាចទឹកដាក់គ្នានេះ បង្កឲ្យអ្នកដែលត្រូវបាត់បង់ផលប្រយោជន៍ពីការធ្វើនយោបាយ គឺពលរដ្ឋជាម្ចាស់ឆ្នោត។ លោកបន្តថា «ភាគច្រើនក្រៅពីការរិះគន់គ្នា ហើយបង្កនូវជម្លោះ គឺមិនមានគេហៅថារកយុទ្ធសាស្ត្រណា បើយើងនិយាយពីលក់ទំនិញវិញ គឺដើម្បីជៀសវាងបង្កការជម្លោះ យើងគួរតែអំពាវនាវ ឬរកវិធីសាស្ត្រពន្យល់ប្រជាពលរដ្ឋពីទំនិញហ្នឹងមានគុណភាពល្អយ៉ាងម៉េច?»។
បើទោះជាបែបណា គណបក្សទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា នៅតែសន្យាថា នឹងប្រើប្រាស់វប្បធម៌សន្ទនា ដើម្បីជាចក្ខុវិស័យសម្រាប់កំណែទម្រង់គោលនយោបាយ និងដោះស្រាយបញ្ហាជាតិរួមគ្នា។ ថ្វីបើបក្សទាំងពីរបានព្រមព្រៀងដូចនេះក៏ដោយចុះ គេសង្កេតឃើញថា ក្រោយពីបានជួបគ្នាម្ដងៗ គឺបក្សទាំងពីរនៅតែបន្តវាយប្រហារគ្នាទៅវិញទៅមក។ ជាញឹកញាប់ ការរិះគន់នេះតែងធ្វើឡើងក្នុងកម្មវិធីនយោបាយនៅតាមវេទិកាសាធារណៈ៕
No comments:
Post a Comment