ដោយ សាន សែល
2016-01-31 rfa
មេដឹកនាំដែលឆ្លាត ជាមេដឹកនាំដែលរៀបចំជណ្ដើរដើរចុះចេញពីតំណែងនៅពេលដែលខ្លួននៅមានអំណាច និងមានប្រជាប្រិយភាពបំផុត។ ការធ្វើបែបនេះ ជាមធ្យោបាយដែលចុះចេញពីអំណាចដោយសន្តិវិធីសមស្រប មានឯកភាពជាតិ និងមានភាពថ្លៃថ្នូរ។
មេដឹកនាំរូបនោះ ក៏អាចរៀបចំណែនាំមេដឹកនាំជំនាន់ថ្មីដែលមានភាពស្អាតស្អំបំផុត មានការប្រកួតប្រជែងខ្ពស់ និងប្រកបដោយយុត្តិធម៌ក្នុងគណបក្សរបស់ខ្លួន។ ក៏ប៉ុន្តែមេដឹកនាំដែលឆ្ងាញ់នឹងអំណាចមួយចំនួន ពិបាកទម្លាក់កណ្ដាប់ដៃដែលហ៊ុមព័ទ្ធទៅដោយឥទ្ធិពល។ មេដឹកនាំដែលបានកាន់អំណាចច្រើនវស្សា ក៏ជក់ចិត្តមិនចង់ដើរចេញ។
យ៉ាងណាក៏ដោយ អ្នកដឹកនាំខ្លះ ពេលដែលកាន់អំណាចយូរក្រែលទៅ ក៏នឹកចង់ប្ដូរវេនឲ្យអ្នកផ្សេងម្តងដែរ។ ក្នុងចិត្តចង់ដោះដៃនឹងអំណាច តែក្នុងខ្លួនចេះតែរអា។ រអាខ្លាចពេលធ្វើបែបនេះទៅ ប៉ះពាល់ដល់ប្រយោជន៍ខ្លួនឯងវិញ។
តើធ្វើយ៉ាងណាទើបអាចឲ្យមេដឹកនាំមួយ សម្រេចចិត្តចុះចេញពីអំណាចដោយមិនចាំបាច់បារម្ភពីគ្រោះភ័យ?
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម បណ្ឌិត កែម ឡី នៅថ្ងៃទី២៩ មករា បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) ផ្ទាល់របស់លោក នូវអនុសាសន៍មួយចំនួន ដើម្បីឆ្លើយទៅនឹងសំណួរនេះ។
ប្រទេសនីតិរដ្ឋ គេយកច្បាប់ជាធំ។ មេដឹកនាំដូចជានាយករដ្ឋមន្ត្រី មុននឹងសម្រេចចិត្តចុះចេញពីអំណាច អាចរៀបចំអនុម័តច្បាប់ការពារអតីតនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ (Secret Protection Law)។ បន្ថែមពីលើនេះ មេដឹកនាំដែលចង់បានការចុះចេញពីតំណែងមួយប្រកបដោយសុវត្ថិភាព អាចរៀបចំតំណែងជាន់ខ្ពស់បំផុត និងសមស្របសម្រាប់ខ្លួនឯង ដូចជា តំណែងប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សារាជសម្បត្តិ ឬប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាធម្មនុញ្ញ ឬប្រធានអចិន្ត្រៃយ៍ឧត្តមក្រុមប្រឹក្សាការពារជាតិ ឬប្រធាននៃអចិន្ត្រៃយ៍ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ធ្វើបែបនេះ មេដឹកនាំដែលចង់ចុះចេញពីអំណាច នៅតែមានមុខតំណែងកំពូលដដែល។
ប្រសិនបើព្រួយបារម្ភពីសុខសន្តិសុខផ្ទាល់ខ្លួន ប្រមុខដឹកនាំនោះ អាចរៀបចំបង្កើតជាអភ័យឯកសិទ្ធិពិសេសសម្រាប់សន្តិសុខផ្ទាល់ខ្លួន ពេលដែលគាត់ចុះចេញពីតំណែង។ ការរៀបចំកញ្ចប់ផលប្រយោជន៍ពិសេសសម្រាប់អតីតនាយករដ្ឋមន្ត្រីដែលមានប្រាក់បំណាច់ខ្ពស់ នឹងអាចរស់នៅមានសេចក្តីថ្លៃថ្នូរបំផុតក្នុងមួយជីវិត (Benefit Package)។ ធ្វើបែបនេះ មេដឹកនាំដែលចង់ចុះចេញពីអំណាច នៅតែរស់នៅសុខស្រួលក្នុងភាពថ្លៃថ្នូរ។
បើទោះជាចុះចេញពីអំណាចក៏ដោយ មេដឹកនាំនោះនៅតែអាចបន្តចែករំលែក ចុះសួរសុខទុក្ខ និងទៅជួបប្រជាជន តាមរយៈការរៀបចំថវិកាជាតិប្រចាំឆ្នាំ សម្រាប់ពួកគាត់ធ្វើសកម្មភាពសង្គម មនុស្សធម៌ និងបង្រៀនតាមសាកលវិទ្យាល័យ (Annual Reimbursement Plan)។
បន្ថែមពីលើនោះ ការរៀបចំប្រាក់កម្រៃពិសេស និងខ្ពស់បំផុតសម្រាប់មេដឹកនាំដែលចង់ចុះចេញពីតំណែង អាចធ្វើបានក្រោមរូបភាព ជាការធ្វើបទឧទ្ទេសនាមប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ពីបទពិសោធន៍របស់ពួកគាត់ ដើម្បីចែករំលែកបទពិសោធន៍នៃការដឹកនាំប្រទេស ការងារការទូត និងភាពជាអ្នកដឹកនាំ។
អ្នកដឹកនាំដែលមានឆន្ទៈចុះចេញពីអំណាច នឹងត្រូវបានគេចារឈ្មោះជាបុគ្គលគំរូក្នុងប្រវត្តិសាស្ត្រ។ ការរៀបចំពិធីផ្ទេរតំណែងមួយដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ដោយមានការចូលរួមពីព្រះមហាក្សត្រ អង្គទូត គណបក្សក្រៅរដ្ឋាភិបាល និងពីមហាជនជាតិ-អន្តរជាតិ។ ប្រសិនបើនៅកម្ពុជា អាចធ្វើបែបនេះបាននោះ វាជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលមិនធ្លាប់មានពីមុខមក។ ការស្ម័គ្រចិត្តចុះចេញពីអំណាចរបស់មេដឹកនាំណាម្នាក់ គួរត្រូវបានការលើកទឹកចិត្តពីសង្គម។ ការរៀបចំរង្វាន់កិត្តិយសធំធេងមួយដល់មេដឹកនាំ ដូចជាដាក់ឈ្មោះទីក្រុងថ្មី ឬឈ្មោះរាជធានីថ្មីតាមឈ្មោះរបស់ពួកគាត់។
មួយទៀតនោះ ការរៀបចំកូតា ១០% ឬ ២០% នៃសមាជិកសភា សម្រាប់កងកម្លាំងប្រដាប់អាវុធ។ មេដឹកនាំចុះចេញពីតំណែង នឹងក្លាយជាប្រធានអចិន្ត្រៃយ៍នៃឧត្តមក្រុមប្រឹក្សាការពារជាតិជាស្វ័យប្រវត្តិ។ ការលើកទឹកចិត្តនេះ មិនត្រឹមតែសម្រាប់បុគ្គលមេដឹកនាំផ្ទាល់ទេ តែក៏គួរផ្តល់ឱកាសសម្រាប់កូនៗរបស់ពួកគាត់ក្នុងតំណែងសមស្រប ដោយផ្អែកទៅតាមជំនាញ និងមុខវិជ្ជាជីវៈដែលពួកគាត់រៀន និងចង់បាន។
ផ្ទុយទៅវិញ មេដឹកនាំដែលមិនឆ្លាត ជាមេដឹកនាំដែលរង់ចាំចាញ់ឆ្នោត ទើបចុះពីតំណែង និងរង់ចាំដល់ពេលដែលពលរដ្ឋមានចលនាធំៗ ហើយបង្ក្រាបដោយបង្ហូរឈាម ដូចជាប្រទេសនៅអឺរ៉ុបខាងកើត ប្រទេសមួយចំនួននៅអារ៉ាប់ និងប្រទេសមួយចំនួននៅទ្វីបអាមេរិក ជាដើម។ ពេលនោះ វាសនាខ្លួនគាត់ ក្រុមគ្រួសារគាត់ និងកូនៗមិនល្អ និងមានឈ្មោះមិនល្អ កេរ្តិ៍អាស្រូវជារៀងរហូត។
ទស្សនៈមួយលើកឡើងថា «បើកផ្លូវ និងបង្កភាពងាយស្រួលឲ្យអ្នកដទៃដើរបានស្រួល និងសុខសាន្ត ប្រសើរជាងបិទផ្លូវ និងធ្វើបាបអ្នកដទៃ»។ ការកាន់អំណាចមួយជីវិត និងតំណែងតពូជ មិនមែនជាមូលដ្ឋានគ្រឹះប្រជាធិបតេយ្យទេ ប្រសិនបើមេដឹកនាំរូបនោះ មានសុបិនចង់ឃើញប្រទេសដែលមានការដឹកនាំបម្រើប្រយោជន៍រាស្ត្រជាធំ ហើយក៏មិនបានផ្តល់ការរីកចម្រើនសម្រាប់ជាតិឡើយ។ បញ្ច្រាសមកវិញ វាជាកត្តាធ្វើឲ្យជាតិវិនាស និងក្រុមគ្រួសាររបស់ខ្លួនទៅវិញទេ។
យន្តការផ្ទេរអំណាចដោយសន្តិវិធី និងតាមបែបប្រជាធិបតេយ្យ គួរតែរៀបចំសម្រាប់ថ្នាក់ដឹកនាំគ្រប់ជំនាន់បន្តទៅទៀត ដែលធ្វើឲ្យពួកគាត់សប្បាយចិត្តចង់ចុះចេញពីអំណាច ជាជាងស្ថិតនៅក្នុងតំណែងកាន់ការដ៏លំបាក កាន់កិច្ចការរយជំពូកយូរអង្វែង។
តើមេដឹកនាំណាដែលឡើងកាន់អំណាច មិនចង់សាងស្នាដៃសម្រាប់ក្មេងជំនាន់ក្រោយ? ហើយតើមានមេដឹកនាំណាដែលមានឆន្ទៈសាងយន្តការផ្ទេរអំណាចដោយសន្តិវិធីសម្រាប់យុគសម័យនេះ?
បើសង្កេតឲ្យដិតដល់ទៅ មេដឹកនាំដែលកាន់ការយូរ គួរអាណិតអាសូរខ្លាំងណាស់ ដែលគាត់ត្រូវទទួលរ៉ាប់រងភាពស្មុគស្មាញរបស់ជាតិតែឯង។ មេដឹកនាំនោះ គួរចែកឲ្យគេលំបាកផងទៅ។ ពាក្យចាស់តែងលើកឡើងថា កូនៗដែលមានកតញ្ញូចំពោះមាតាបិតារបស់ខ្លួន មិនគួរឲ្យឪពុក និងម្តាយរបស់ខ្លួនយួរបន្ទុកតែឯងទេ តែកូនៗនោះគួរមានការទទួលខុសត្រូវ ដោយលៃលកធ្វើយ៉ាងណាឲ្យឪពុកម្ដាយបានសម្រាកខ្លះផង។ ពួកគាត់គួរតែមានពេលវេលាសប្បាយក្នុងជីវិតចុងក្រោយរបស់ពួកគាត់ ក្នុងការដើរលម្ហែកាយ និងសម្រាកនៅតំបន់ជនបទ តំបន់ទេសចរណ៍ ឲ្យស្រលះអារម្មណ៍។
ក្នុងសង្គមប្រជាធិបតេយ្យ អំណាចពលរដ្ឋជាម្ចាស់ក្នុងការធ្វើសេចក្តីសម្រេចចិត្តលើការរក្សាអធិបតេយ្យភាព បូរណភាពទឹកដី ធនធានសង្គម និងកសាងសន្តិភាពជាកត្តាចាំបាច់។ ការកសាងកិត្តិនាមរបស់មេដឹកនាំ អាចជួយពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ ពលរដ្ឋរងគ្រោះ ព្រមទាំងសន្សំការគោរពស្រឡាញ់ពីពលរដ្ឋគ្រប់រូប។ វាជាបំណងប្រាថ្នារបស់មេដឹកនាំគ្រប់រូប។
លោកអ្នកនាងទើបបានអាន និងស្តាប់ លោក សាន សែល អត្ថាធិប្បាយពីអនុសាសន៍របស់ បណ្ឌិត កែម ឡី ស្ដីពីវិធីសាស្ត្រដែលនាយករដ្ឋមន្ត្រីចុះចេញពីអំណាចដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។ សូមបញ្ជាក់ថា រាល់គំនិតយោបល់នៅក្នុងអត្ថបទនេះ មិនឆ្លុះបញ្ចាំងពីទស្សនៈរបស់វិទ្យុអាស៊ីសេរី ឡើយ៕
1 comment:
លោក កែម ឡី, are you teasing Mr. Hun Sen? Be careful now លោក កែម ឡី, you may end up in Mr. Hun sen's black dossier and will be banned from Cambodia, do you know that? Not kidding! The Fast and [furious] response team of Mr. Hun Sen has to decide...OK?
Post a Comment