Tue, 26 January 2016 ppp
តុង សុប្រាជ្ញ
ផ្ទះនិគមន៍ជនជាតិវៀតណាមដែលសង់លើផ្លូវលេខ ៩៧ ម្ដុំមុខវិទ្យាល័យបឹងត្របែកតែគ្មានអាជ្ញាធរណាមកដេញចេញទេ។ រូបថត សហការី |
ពលរដ្ឋខ្មែរក្រីក្រម្នាក់ៗឲ្យតែឮពាក្យថារដ្ឋាភិបាលយកកន្លែងតំបន់អភិវឌ្ឍន៍ ឬក៏ដីសម្បទានសេដ្ឋកិច្ចគឺដេកតែភ័យមិនដឹងជាត្រូវគេមកអភិវឌ្ឍប៉ះផ្ទះ ឬក៏ដីធ្លីរបស់ពួកគាត់ដែរអត់? បើប៉ះចំនោះគឺដឹងតែស៊យធំហើយគ្មានអ្វីក្រៅពីទឹកភ្នែកជូតក្បាលជង្គង់ ឬក៏ធ្វើចំណាកស្រុកនោះទេរីឯអ្នកមានៗ និងជនបរទេសចាំតែទទួលផលប្រយោជន៍ពីតំបន់អភិវឌ្ឍន៍នោះទៅវិញ។
តើហេតុអ្វីបានជារាល់កន្លែងអភិវឌ្ឍន៍មិនត្រៀមរកដំណោះស្រាយជូនពលរដ្ឋក្រីក្រទៅ? ក្រែងចង់ឲ្យរាស្ត្រមានមុនរដ្ឋនោះអី?
ជាទូទៅការបណ្តេញចេញ ឬការអភិវឌ្ឍរកតែនៅដីរបស់ប្រជាពលរដ្ឋខ្មែរក្រីក្រគ្នាឯងទេមិនដែលខ្វល់ខ្វាយរឿងទើសផ្ទះសំបែងរបស់ជនអន្តោប្រវេសន៍ទាំងស្របច្បាប់ ទាំងខុសច្បាប់នោះទេជាពិសេសគឺជនជាតិវៀតណាម និងជនជាតិចាមបើទោះបីជាមាននៅក្នុងប្លង់ត្រូវរុះរើហើយក៏ដោយ ក៏មិនហ៊ានដែរ ឬក៏សុខចិត្តធ្វើវាង ឬក៏ទុកប្លង់នោះចោលធ្វើមិនដឹងមិនឮ។
ឧទាហរណ៍ការបណ្តេញចេញ ឬក៏ផ្តល់សំណងតិចតួចទៅអ្នកភូមិនៅបឹងកក់ ផ្ទះពលរដ្ឋខ្មែរដែលជាម្ចាស់ទឹកម្ចាស់ដីត្រូវបានឈូសឆាយកម្ទេចចោលខ្ទេចខ្ទីចំណែកព្រះវិហារចាមមួយធំដែលជាអតីតបារ៍បឹងកក់គឺអាជ្ញាធរមិនហ៊ានប៉ះទេសុខចិត្តព័ទ្ធរបងធ្វើវាង។
រីឯតំបន់ត្រើយខាងកើតស្ពានច្បារអំពៅវិញក៏សំណង់អនាធិបតេយ្យសង់រញ៉េរញ៉ៃរបស់និគមជនជាតិវៀតណាមដែលមកតាំងលំនៅ និងមករស់នៅខុសច្បាប់ក៏មានហើយតំបន់តាមមាត់ទន្លេនោះក៏មាននៅក្នុងប្លង់សួនច្បាររួចហើយដែរ តែអាជ្ញាធរមិនហ៊ានរុះរើឈូសឆាយទេទុកទាល់នៅច្រើនទៅៗគឺមិនប៉ះពាល់ទេព្រោះមិនទាន់អស់គុណថ្ងៃរំដោះ ៧ មករានោះមិនដឹងជាគុណនោះពេលណាបានចប់ឡើយ។
ដោយឡែកនៅតាមផ្លូវដដែលទៅដល់ព្រែកប្រាឃើញផ្សារចាមមួយដែលជនជាតិចាមលក់នៅលើផ្លូវចង្អៀតឡាន ២ ចៀសគ្នាមិនចង់រួចផងក៏សមត្ថកិច្ច និងអ្នកធំៗធ្វើដំណើរតាមផ្លូវនោះរាល់ថ្ងៃមិនទៅទើសឈឺក្បាលវិលមុខអីដែរ។ បើនៅតំបន់បឹងត្របែកក្រោយក្រសួងសង្គមកិច្ចជនជាតិវៀតណាមសង់ផ្ទះរកេតរកូតនៅផ្លូវក៏មានសង់នៅលើចិញ្ចឹមផ្លូវយករបងក្រសួងធ្វើជញ្ជាំងផ្ទះតែម្តងក៏គ្មានក្រសួង ឬក៏អាជ្ញាធរណាទើសទាល់ និងប្តឹងប្ដល់ធ្វើការរុះរើផ្ទះរបស់ពួកគេដែរព្រោះគេជាអ្នកមានគុណ។
ករណីនេះបើធ្វើការប្រៀបធៀបមកកន្លែងដែលប្រជាពលរដ្ឋខ្មែរឯងក្រីក្ររស់នៅវិញសុទ្ធសឹងតែជាគោលដៅតំបន់អភិវឌ្ឍន៍ទាំងអស់ព្រោះស្រួលបណ្តេញចេញឈូសឆាយបើទោះបីជាច្បាប់កើតក្រោយការសាងសង់ផ្ទះ ឬក៏ដីមានកម្មសិទ្ធិហើយក៏ដោយហើយពេលខ្លះកាលពីប្រជុំជជែកគ្នាអាជ្ញាធរចេញលិខិតឲ្យធ្វើតែ ៣ ទេតែដល់អ្នកអនុវត្តន៍មែនធ្វើដល់ទៅ ៨ ឯណោះ។
ឧទាហរណ៍ដូចការឈូសឆាយកម្ទេចផ្ទះអ្នកភូមិ ៩ គ្រួសារនៅក្បែរប្រឡាយបាក់ទូកភូមិបឹងសាង ខណ្ឌឫស្សីកែវទោះបីជាអ្នកភូមិដែលរស់នៅតាំងពី ១៩៨៧ ព្រមទទួលយកតំបន់អភិវឌ្ឍន៍ប្រឡាយនោះតែសុំអាជ្ញាធរឲ្យធ្វើទៅតាមប្លង់កាត់យកដីដូចនៅក្នុងលិខិតរបស់សាលាខណ្ឌចុះថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៦ កាត់យកតែ ២,៥ ម៉ែត្រតែផ្ទះបាយ និងបង្គន់ទេប៉ុន្តែពេលអនុវត្តលើសផែនការរហូតវាយមួយកំណាត់ផ្ទះដល់កន្លែងដេក ៧ ម៉ែត្រ និងផ្ទះខ្លះវាយចោលទាំងមូលតែម្តងដោយថាមេបញ្ជាឲ្យវាយបន្ថែមកាលពីថ្ងៃទី ១៨ ខែមករាឆ្នាំ ២០១៦។
តែដល់ពេលឈូសឆាយដល់ផ្ទះអ្នកមានវិញសុខចិត្តធ្វើប្រឡាយវាងវិញមិនហ៊ានប៉ះទេខ្លាចដាច់លុយ? ហើយចោទថាសង់រំលោភលើដីប្រឡាយតែការពិតសំណង់ទាំងនោះសុទ្ធតែអនុញ្ញាតដោយអាជ្ញាធរទាំងអស់អ៊ីចឹងមានតែអាជ្ញាធរអនុញ្ញាតខុសច្បាប់ដែរ។ រឿងថ្នាក់ក្រោមធ្វើលើសផែនការដូចកាលពីសម័យ ប៉ុល ពត អ៊ីចឹងសម្លាប់ចោលគ្មានស្តាយស្រណោះអ្វីទាំងអស់សរុបជិត ២ លាននាក់តែមកដល់សម័យឥឡូវនេះវិញគឺបក្សកាន់អំណាចអស់ ២២ កៅអីដោយសារតែថ្នាក់ក្រោមធ្វើលើសប្រជាពលរដ្ឋស្អប់ថ្នាក់ក្រោមតែទៅរងគ្រោះថ្នាក់លើទៅវិញ។ អ៊ីចឹងការបោះឆ្នោតលើកក្រោយឆ្នាំ ២០១៨ នេះនៅបន្តបាត់បង់ទៀតបើរដ្ឋាភិបាលអនុវត្តការបណ្តេញចេញមិនមានតម្លាភាពនោះ។
សប្តាហ៍កន្លងទៅនេះបញ្ហាបណ្តេញចេញផ្ទះសំបែងនៅតែជាបញ្ហាក្តៅគគុកដដែលនៅគ្រប់ទីកន្លែងចេញពីប្រឡាយបាក់ទូកឥឡូវមកប្រឡាយបឹងត្របែកចេញរាលដាលដល់តំបន់អ្នករស់នៅតាមផ្លូវរថភ្លើងដែលមានក្នុងគម្រោងសំណង់ផ្លូវល្បឿនលឿនដល់ ៥០ គ្រួសារនៅតំបន់ជ្រោយចង្វារតាមផ្លូវជាតិលេខ ៦A ក៏កំពុងតវ៉ារឿងដីធ្លីត្រូវបានក្រុមហ៊ុន OCIC អភិវឌ្ឍន៍ដែរហើយមិនមែនតែនៅភ្នំពេញទេនៅខេត្តព្រះវិហារក៏កំពុងតវ៉ារឿងដីធ្លីនេះដែរ។
តំបន់អភិវឌ្ឍន៍ទាំងនោះសុទ្ធតែប្រជាពលរដ្ឋខ្មែរម្ចាស់ស្រុករស់នៅហើយបញ្ហាមួយចំនួនដែលត្រូវដោះស្រាយបានតាំងពីដំបូងគឺរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរធ្វើមិនដឹងមិនឮ និងស៊ុមគ្រលុំអនុញ្ញាតឲ្យពួកគាត់សង់ផ្ទះ និងរស់នៅព្រោះបក្សកាន់អំណាចយកប្រជាប្រិយភាពចង់បានសន្លឹកឆ្នោតតែដល់ពេលជាប់ឆ្នោតចាប់ផ្តើមចាត់ការបោសសម្អាតពួកគាត់ទៅវិញ។ រីឯអ្នកដែលបានផលការអភិវឌ្ឍគឺបានទៅលើអ្នកមាន និងជនអន្តោប្រវេសន៍រស់នៅយ៉ាងរំភើយពោលគឺឆ្លាតណាស់រដ្ឋាភិបាលចាំមើលតែទីតាំងតំបន់ណាឲ្យតែមានជនជាតិវៀតណាម ចាម ឬក៏ចិនវិញគឺធ្វើមិនដឹងមិនឮមិនហ៊ានប៉ះទេ។
នៅស្រុកខ្មែរខុសពីស្រុកគេទាំងនៅប្រទេសលទ្ធិប្រជាធិបតេយ្យក៏ដោយក៏គេគិតគូរពលរដ្ឋគេជាងជនអន្តោប្រវេសន៍ និងចំណាកស្រុកដែររីឯស្រុកខ្មែរវិញគឺធ្វើបាបតែប្រជាពលរដ្ឋក្រីក្រខ្លួនឯងទៅវិញនេះកុំឲ្យភ្នែកញាតិគេថារើសអើងពូជសាសន៍? ឬក៏នៅជំពាក់គុណគេទៀត?
ឥឡូវប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបណ្តេញចេញដោយគ្មានតម្លាភាពក៏ពិចារណាផងដែរនៅពេលបោះឆ្នោតខាងមុខថាតើត្រូវជ្រើសបក្សណាដែលខ្លួនជឿជាក់ និងទុកចិត្តបាន។ រីឯបក្សប្រឆាំងគឺគេមិនបានធ្វើអីជួយឲ្យធំដុំនោះទេតែគេចាំស៊ីឡាកយ៉ាងស្រួលនៅពេលអំពើអយុត្តិធម៌របស់បក្សកាន់អំណាចមកប្រជាពលរដ្ឋក្រីក្រនោះ។
បើប្រៀបធៀបដូចរបាយការណ៍របស់អង្គការអុកស្វាម Oxam រកឃើញកាលពីសប្តាហ៍មុននេះថាមហាសេដ្ឋីតែ ៦២ នាក់ប៉ុណ្ណោះមានប្រាក់ចំណូលច្រើនជាងប្រជាជនក្រីក្រជាងពាក់កណ្តាលទូទាំងពិភពលោកដែលមានសរុបជាង ៧ ពាន់លាននាក់នោះរីឯនៅស្រុកខ្មែរក៏មិនសូវខុសគ្នាដែរបើមើលតាមរបាយការណ៍ផ្សេងៗសាកល្បងប្រៀបធៀបមើលមហាសេដ្ឋី និងថ្នាក់ដឹកនាំខ្មែរតែជាង ១០ នាក់ផងក៏មានប្រាក់ចំណូលច្រើនជាង និងដីធ្លីធំជាងប្រជាពលរដ្ឋខ្មែរក្រីក្រជាងពាក់កណ្តាលនៃប្រជាជនសរុប ១៥ លាននាក់អ្នកក្រភាគច្រើនខ្លះរកតែដីមួយបង្គីក៏មិនបានផងកុំថាឡើយដីកាន់កាប់ហើយ ១៩ ភាគរយរស់នៅក្រោមបន្ទាត់ក្រីក្រទៀត។
តើពេលណាបានប្រជាពលរដ្ឋខ្មែរក្រីក្រឈប់រងគ្រោះដោយសារតំបន់អភិវឌ្ឍន៍តទៅទៀត? ព្រោះប្រជាពលរដ្ឋមិនរារាំងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលទេតែគ្រាន់តែធ្វើយ៉ាងណាឲ្យមានតម្លាភាពទទួលយកបានភាគីទាំងសងខាងផង។
បើពុំនោះទេការយកប្រជាប្រិយភាពតាមរយៈការមិនឲ្យធ្វើប័ណ្ណបើកបរម៉ូតូ ១២៥CC ចុះក្រោមការមិនយកថ្លៃធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ក៏ស្រង់ដើមការបាត់ ២២ កៅអីលើកមុនមិនរួចដែរក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១៧ និងបោះឆ្នោតជាតិឆ្នាំ ២០១៨ ខាងមុខនេះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com
1 comment:
in the US there is a law called '' eminent domain '' research it if curious... gov has the power to do anything they want , no matter what country. and we , the dumb people , continue to vote for more of them hoping for a change...and that is the definition of stupidity :'' keep doing the same thing over and over again while hoping for a different result'' . When will people ever learn ?
Post a Comment