A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 30 January 2016

តើ​បក្ស​ប្រឆាំង​មាន​សមត្ថភាព​ផ្លាស់ប្ដូរ​​​របៀប​ដឹកនាំ​​បច្ចុប្បន្ន​​ដែរ​ឬ​ទេ?

តើ​បក្ស​ប្រឆាំង​មាន​សមត្ថភាព​ផ្លាស់ប្ដូរ​​​របៀប​ដឹកនាំ​​បច្ចុប្បន្ន​​ដែរ​ឬ​ទេ?
ដោយ យាង សុជាមេត្តា
rfa 2016-01-30

សម រង្ស៊ី កឹម សុខា ៦២០
លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​វេទិកា​រាស្ត្រ និង​តំណាង​រាស្ត្រ​នា​ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៥។
Photo from Kem Sokha Facebook Page


ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ បាន​និយាយ​ជា​ញឹកញាប់​ពី​ការ​ផ្លាស់ប្ដូរ​ការ​ដឹក​នាំ​នៅ​កម្ពុជា នោះ​គឺ​ការ​ផ្លាស់ប្ដូរ​ពី​ការ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​ជា​ការ​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ វិញ​ម្ដង។

ការ​ថ្លែង​របស់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង គឺ​ស្រប​ពេល​ដែល​បក្ស​នេះ​អះអាង​ថា កំពុង​ត្រៀម​លក្ខណៈ​ឆ្ពោះ​ទៅ​រក​ការ​ទទួល​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ពេល​ខាង​មុខ។

​តើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សមត្ថភាព​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ការ​ដឹក​នាំ​នៅ​កម្ពុជា​ដែរ ឬ​ទេ?

សន្ទុះ​នៃ​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ដោយ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ពេល​ថ្មីៗ​នេះ  ជាពិសេស​ការ​ផ្លាស់ប្ដូរ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ ភូមា ហាក់​កំពុង​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា មាន​សង្ឃឹម​ថា អាច​មាន​ឱកាស​ឡើង​កាន់​អំណាច​ធ្វើ​ឲ្យ​កម្ពុជា រួច​ចាក​ផុត​ពី​ក្រញាំ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​កាន់​អំណាច​នៅ​កម្ពុជា ជិត ៤០​ឆ្នាំ​មក​ហើយ​នោះ។

ទាំង​ប្រធាន និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធតែ​ជឿ​ជាក់​ថា មាន​តែ​ការ​បោះឆ្នោត​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ទើប​អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​មួយ​នេះ​ឈ្នះ​ឆ្នោត។ ជំហរ​របស់​លោក កឹម សុខា នេះ ត្រូវ​លោក​បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​វេទិកា​សកម្មជន​មូលដ្ឋាន​បក្ស​នៅ​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា នេះ។

លោក កឹម សុខា៖ «ការ​ដែល​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​ជា​កត្តា​ចាំបាច់​ដែល​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព ដែល​ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ពិត​ប្រាកដ។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​នយោបាយ​ទាំង​អស់ ក៏​ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ឡាយ ក៏​ដូចជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត សូម​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ រៀបចំ​ឲ្យ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ពេល​នោះ​អ្នក​ចាញ់​ដឹង​ចាញ់ អ្នក​ឈ្នះ​ដឹង​ឈ្នះ»។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ហៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថា ជា​ស្ថាប័ន​ចោរ ដែល​ជា​ឧបករណ៍ ចាំ​លួច​សន្លឹកឆ្នោត​អោយ​គណបក្ស​កាន់​អំណាច គឺ​ដោយ​មាន​ការ​ចោទ​ប្រកាន់​ថា គ.ជ.ប លំអៀង​នេះ​ហើយ ដែល​គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​រុះរើ​រៀបចំ​ស្ថាប័ន​នេះ​ឡើង​វិញ ទាំង​រចនាសម្ព័ន្ធ​ដឹកនាំ និង​ទាំង​ផ្នែក​គោលការណ៍​ច្បាប់។ មក​ទល់​ពេល​នេះ គ.ជ.ប ថ្មី​មួយ​បាន​ត្រូវ​ប្រសូត​ចេញ​ជា​រូបរាង​ឡើង ក្រោម​ការ​បង្កាត់​ពូជ​រវាង​ឪពុក​ម្ដាយ​ដែល​មិន​សូវ​ចុះ​សម្រុង​គ្នា​មួយ​គូ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

ការ​អំពាវនាវ​របស់​លោក កឹម សុខា ថា​ សុំ​អោយ គ.ជ.ប ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះ ឆ្នោត​ខាង​មុខ​នេះ រៀបចំ​ឲ្យ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នេះ ហាក់​ដូចជា​បង្ហាញ​ការ​មន្ទិល​សង្ស័យ​ដដែល​ទៅ​លើ​កូន​ដែល​ខ្លួន​ជា​អ្នក​ចូលរួម​បង្កើត​ចេញ​មក​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ចំណុច​សំខាន់​នៅ​ត្រង់​ថា តើ​ការ​ឈ្នះ​ឆ្នោត ឬ​ចាញ់​ឆ្នោត វា​អាស្រ័យ​តែ​ទៅ​លើ​ស្ថាប័ន គ.ជ.ប នេះ តែ​ឯង ឬ​យ៉ាង​ណា?

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា អះអាង​ថា ការ​គាំទ្រ​របស់​ពលរដ្ឋ និង​ការ​រៀប​ចំ​ការ​បោះឆ្នោត មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ជា​កត្តា​ចម្បង​សំខាន់​ពីរ​ដែល​អាច​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​មាន​លទ្ធភាព​ឈ្នះ​ឆ្នោត។ ក្រៅ​ពី​នេះ ឆន្ទៈ​របស់​បក្ស​កាន់​អំណាច​ក្នុង​ការ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​បក្ស​ប្រឆាំង​ដោយ​សន្តិវិធី ក៏​ជា​កត្តា​សំខាន់​មួយ​ដែរ ដែល​បើក​ផ្លូវ​ឲ្យ​បក្ស​ប្រឆាំង​ឡើង​កាន់​អំណាច​បាន។

ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាល​ពី​ឆ្នាំ​២០១៣ គណបក្ស​ប្រឆាំង​បាន​ស្រូប​យក​សំឡេង​គាំទ្រ​ជា​ច្រើន​ពី​ពលរដ្ឋ ដែល​ធ្វើ​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​កើន​អាសនៈ​សភា​រហូត​ដល់ ៥៥​អាសនៈ ក្នុង​ចំណោម ១២៣​អាសនៈ។ នេះ​ជា​ប្រវត្តិសាស្ត្រ​របស់​បក្ស​ប្រឆាំង​នៅ​កម្ពុជា ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​លើសលប់​នៅ​ក្នុង​សភា​ដូច​នេះ។

​ទោះ​ជា​បែប​នេះ​ក្ដី មេដឹកនាំ​បក្ស​ប្រឆាំង​មិន​ទាន់​សប្បាយ​ចិត្ត​នៅ​ឡើយ​ទេ​ចំពោះ​លទ្ធផល​នេះ  ព្រោះ​ពួកគេ​យល់​ថា បើ​ការ​បោះ​ឆ្នោត​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នោះ​បក្ស​ប្រឆាំង​ប្រាកដជា​ក្លាយ​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​មិន​ខាន។

​ជា​ការ​ពិត​ណាស់ បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ឯករាជ្យ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​នៅ​មុន និង​ក្នុង​អំឡុង​ពេល​បោះឆ្នោត។ ការ​បង្ក​ភាព​លំបាក​ដល់​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ការ​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត ការ​មាន​អ្នក​បោះ​ឆ្នោត​ជំនួស ការ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​លើស​ពី​មួយ​កន្លែង ការ​គំរាមកំហែង​សកម្មជន​បក្ស​ប្រឆាំង​មុន​ពេល​បោះឆ្នោត និង​ការ​អនុញ្ញាត​ឲ្យ​ជនបរទេស​បោះឆ្នោត​ជាដើម ទាំង​អស់​នេះ​សុទ្ធតែ​ជា​កត្តា​នាំ​ឲ្យ​បក្ស​ប្រឆាំង​យល់​ថា ធ្វើ​ឲ្យ​ពួកគេ​ចាញ់​ឆ្នោត​ក្នុង​ពេល​កន្លង​មក។

​បន្ថែម​ពី​លើ​ភាព​មិន​ប្រក្រតី​នានា ចំពោះ​ការ​រៀបចំ​បោះឆ្នោត ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​អាច​នៅ​មិន​ទាន់​មាន​ចិត្ត​សឿង​នៅ​ឡើយ​ក្នុង​ការ​ដើរ​ចេញ​ពី​កៅអី ដើម្បី​បើក​ឱកាស​អោយ​អ្នក​ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច​នៅ​ឡើយ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​ប្រកាស​ប្រាប់​ពលរដ្ឋ​ថា បើ​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត ភាព​វឹកវរ​នឹង​កើត​មាន​នៅ​ក្នុង​ប្រទេស ឬ​សង្គ្រាម​អាច​កើត​មាន​ជាមួយ​ប្រទេស​ជិត​ខាង​ជាដើម។ ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដូច​នេះ ប្រាកដ​ណាស់​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​សតិអារម្មណ៍​របស់​ពលរដ្ឋ​មួយ​ចំនួន ដែល​កន្លង​មក​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​កម្ពុជា ហើយ​អាច​ឲ្យ​ពួកគាត់​រារែក​ក្នុង​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ។

បន្ថែម​ពី​លើ​នេះ លោក ហ៊ុន សែន ដែល​ក្ដាប់​កងកម្លាំង​សមត្ថកិច្ច​យ៉ាង​ណែន​ពី​លើ​ដល់​ក្រោម មិន​ត្រឹមតែ​ណែ​នាំ​ឲ្យ​មេទាហាន ឬ​មេ​នគរបាល​ឲ្យ​បំពេញ​ការងារ​ដោយ​អព្យាក្រឹត​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បញ្ឆេះ​ឲ្យ​មេទាហាន ឬ​មេ​នគរបាល​ត្រៀម​តវ៉ា​ជាមួយ​បក្ស​ប្រឆាំង ប្រសិនបើ​បក្ស​ប្រឆាំង​រុះរើ​តំណែង​ពួកគេ​នៅ​ពេល​ជាប់​ឆ្នោត។ ចំណែក​ក្រុម​មេ​យោធា​វិញ ក៏​បាន​ប្រកាស​ស្មោះស្ម័គ្រ​ការពារ​របប​ដឹកនាំ​លោក ហ៊ុន សែន ទោះ​ជា​ក្នុង​តម្លៃ​ណា​ក៏ដោយ។ នេះ​ជា​កត្តា​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​មាន​សង្ឃឹម​ថា បក្ស​ប្រឆាំង​អាច​ទទួល​បាន​អំណាច​ដោយ​ស្រួល​នោះ​ទេ បើ​ទោះជា​ពួកគេ​ឈ្នះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ក្តី។

ជាង​នេះ​ទៀត ការ​ប្រើប្រាស់​រដ្ឋ​សភា ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គាបសង្កត់​ទៅ​លើ​មេ​បក្ស​ប្រឆាំង ការ​ចាប់​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ដាក់​គុក ក៏​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ថមថយ​កម្លាំង​ប្រមូល​ផ្ដុំ​មិន​មាន​ឱកាស​ប្រកួតប្រជែង​ស្មើភាព​គ្នា​ជាមួយ​បក្ស​កាន់​អំណាច។

​សរុប​សេចក្ដី​មក​បក្ស​ប្រឆាំង​អាច​នឹង​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា ប្រសិនបើ​គណបក្ស​នេះ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​រឹងមាំ ដែល​អាច​នៅ​តែ​ទាក់ទាញ​ឲ្យ​ពលរដ្ឋ​នៅ​បន្ត​មាន​ជំនឿ​លើ​ខ្លួន និង​បើ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ជាពិសេស​ទៅ​ទៀត​នោះ វា​អាស្រ័យ​លើ​មេដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន ថា​តើ​លោក​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ដែរ ឬ​យ៉ាង​ណា?

3 comments:

Anonymous said...

Does cnrp be able to replace the government. ..?.
Very absolutely clear answer is no. .nooooooo....noooo.no.

. cnrp human resources are too naive and aggressive stubborn extremists. ..the basic of cnrp is cheap savages peoples . Aren't they... how do you expect any things from them .? You expect a messy like Pol pot does. ? .Mike

Anonymous said...

Mike, we know what your facebook's name on Mr. Hun Manet's facebook page!

Anonymous said...

We knew this Mike is Ah Kantorb who has always wanted to destroy Cambodia.
That's why no party can replace his yuon CPP party.