A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Friday, 27 November 2015
សង្គមស៊ីវិលជំរុញរដ្ឋាភិបាលឲ្យបើកចំហព័ត៌មានពីការទទួលយកជនភៀសខ្លួនពីកោះណាវរូ
សង្គមស៊ីវិលជំរុញរដ្ឋាភិបាលឲ្យបើកចំហព័ត៌មានពីការទទួលយកជនភៀសខ្លួនពីកោះណាវរូ
ដោយ យាង សុជាមេត្តា
rfa 2015-11-26
សង្គមស៊ីវិល ជំរុញរដ្ឋាភិបាលកម្ពុជា ឲ្យបើកចំហព័ត៌មានរឿងទទួលយកជនភៀសខ្លួនពីកោះណាវរូ (Nauru) មកតាំងទីលំនៅក្នុងប្រទេសកម្ពុជា តាមសំណើរបស់រដ្ឋាភិបាលប្រទេសអូស្ត្រាលី។ ការទទូចនេះ បន្ទាប់ពីមានព័ត៌មានថា អាជ្ញាធរខ្មែរបានទទួលយកជនភៀសខ្លួន ១រូបបន្ថែមទៀតមករស់នៅកម្ពុជា កាលពីសប្ដាហ៍មុន។ ប៉ុន្តែដំណឹងនេះ មិនត្រូវបានអាជ្ញាធររដ្ឋាភិបាលផ្សព្វផ្សាយឲ្យពលរដ្ឋបានដឹងជាសាធារណៈឡើយ។
បើទោះជារឿងនាំយកជនភៀសខ្លួនពីកោះណាវរូ មករស់នៅកម្ពុជា បានស្ងប់ស្ងាត់មួយរយៈពេលក្តី ប៉ុន្តែក្រុមសង្គមស៊ីវិល និងពលរដ្ឋ នៅតែបន្តយកចិត្តទុកដាក់ពីបញ្ហានេះ។
ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍នៅថ្ងៃទី២៦ វិច្ឆិកា ទទូចឲ្យអាជ្ញាធររដ្ឋាភិបាល បញ្ចេញជាសាធារណៈនូវព័ត៌មានទាក់ទងនឹងការទទួលយកជនភៀសខ្លួនមកកម្ពុជា។
លោក សួន ប៊ុនស័ក្តិ ថ្លែងបន្តថា រដ្ឋាភិបាលមិនគួរបិទបាំងព័ត៌មានទាំងអស់នេះពីពលរដ្ឋឡើយ ដោយហេតុថា បញ្ហាជនភៀសខ្លួននេះវាជារឿងរបស់ជាតិទាំងអស់គ្នា។ លោកថា បើកាលណារដ្ឋាភិបាលចេះតែព្យាយាមបិទបាំងព័ត៌មានម្តងហើយម្តងទៀតមិនឲ្យពលរដ្ឋបានដឹងនោះទេ នោះបានសេចក្តីថា រដ្ឋាភិបាលកំពុងតែរំលោភនូវសិទ្ធិទទួលបានព័ត៌មានពលរដ្ឋរបស់ខ្លួន។
ការសម្ដែងទស្សនៈរបស់ប្រធានលេខាធិការដ្ឋានរបស់គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ពេលនេះ គឺបន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា មានជនភៀសខ្លួនមួយរូបបន្ថែមទៀតទើបត្រូវបានរដ្ឋាភិបាលកម្ពុជា ទទួលយកមករស់នៅក្នុងប្រទេសកម្ពុជា ដោយស្ងាត់ៗ ប៉ុន្តែមិនមានព័ត៌មានលម្អិតពីអាជ្ញាធរឡើយ ក្រៅតែពីបានទទួលការបញ្ជាក់ខ្លះៗពីមន្ត្រីនៃអង្គការទេសន្តរប្រវេសន៍អន្តរជាតិ អំពីការមកដល់នៃជនភៀសខ្លួនថ្មីនេះ។
ចំណែកសារព័ត៌មាន ឌឺ ស៊ីដនី ម៉័រនីង ហេរ៉ាដ៍ (The Sydney Morning Herald) របស់អូស្ត្រាលី ចុះផ្សាយនៅថ្ងៃទី២៦ វិច្ឆិកា ថា បុរសជនភៀសខ្លួនម្នាក់នេះជាជនជាតិរ៉ូហ៊ីងយ៉ា (Rohingya) គឺជាជនភៀសខ្លួនទី៥ ដែលបានមកដល់កម្ពុជា។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ វិច្ឆិកា មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក គឹម សារិន ដើម្បីសុំការបញ្ជាក់បាននៅឡើយទេ។
កាលពីខែមិថុនា ឆ្នាំ២០១៥ រដ្ឋាភិបាលបានទទួលយកជនភៀសខ្លួនដំបូងចំនួន ៤នាក់ពីកោះណាវរូ តាមកិច្ចព្រមព្រៀងដែលកម្ពុជា បានចុះជាមួយរដ្ឋាភិបាលអូស្ត្រាលី កាលពីខែកញ្ញា ឆ្នាំ២០១៤ ក្នុងការទទួលជនភៀសខ្លួនដែលទៅសុំសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី មករស់នៅកម្ពុជា ជាថ្នូរនឹងទឹកប្រាក់ប្រមាណ ៤០លានដុល្លារអូស្រ្តាលី។
ជនភៀសខ្លួន ៤នាក់នោះ មាន ៣នាក់ជាជនជាតិអ៊ីរ៉ង់ និងម្នាក់ជាជនជាតិរ៉ូហ៊ីងយ៉ា មកពីប្រទេសមីយ៉ាន់ម៉ា (Myanmar)។ ពួកគេត្រូវបានដាក់ឲ្យរស់នៅក្នុងផ្ទះវីឡាមួយនៅក្នុងខណ្ឌច្បារអំពៅ ដើម្បីរៀនសូត្រភាសា ប្រពៃណី និងវប្បធម៌របស់ខ្មែរ មុននឹងធ្វើសមាហរណកម្មចូលក្នុងសង្គមកម្ពុជា។ ប៉ុន្តែកាលពីពេលថ្មីៗនេះ មានជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ា ម្នាក់ បានស្នើវិលត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ា វិញ ដែលការស្នើសុំនេះ ត្រូវបានអាជ្ញាធរអះអាងថា ដោយសារជនភៀសខ្លួនរូបនេះនឹកស្រុក និងម្យ៉ាងទៀត ប្រហែលជាខកចិត្តដែលមិនបានទៅរស់នៅក្នុងប្រទេសអូស្ត្រាលី ដូចការរំពឹងទុក។
លោក សួន ប៊ុនស័ក្តិ កត់សម្គាល់ជាថ្មីថា ក្នុងស្ថានភាពដូចកម្ពុជា បច្ចុប្បន្ន កម្ពុជា មិនគួរទទួលយកជនភៀសខ្លួនតាមសំណើរបស់រដ្ឋាភិបាលអូស្ត្រាលី នោះឡើយ៖ «នៅក្នុងស្ថានភាពនយោបាយដូចបច្ចុប្បន្នអ៊ីចឹង ដោះស្រាយបញ្ហាស្រុកមិនទាន់បានស្រួលបួលអ៊ីចឹង យើងមិនគួរទទួលជនភៀសខ្លួនថ្មីមកជ្រកកោននៅស្រុកយើងទេ ព្រោះថា បើកាលណាយើងទទួល ហើយបើស្រុកយើងពោរពេញដោយការរំលោភសិទ្ធិមនុស្ស ហើយការដែលយើងទទួលមនុស្សថ្មីមកនៅកម្ពុជា គឺបានសេចក្តីថា យើងអាចចូលរួមចំណែកធ្វើឲ្យមនុស្សថ្មីដែលជាជនភៀសខ្លួន ទទួលនូវការរំលោភតៗគ្នាអ៊ីចឹងដែរ»។
លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថា មូលហេតុដែលរដ្ឋាភិបាលពុំមានឆន្ទៈបញ្ចេញព័ត៌មានពីរឿងជនភៀសខ្លួននេះជាសាធារណៈឲ្យពលរដ្ឋបានដឹង ប្រហែលជារដ្ឋាភិបាលខ្លួនឯងយល់ឃើញថា អ្វីដែលរដ្ឋាភិបាលកំពុងធ្វើ មិនមែនជាចំណាត់ការជាតិមួយដែលមានប្រជាប្រិយភាព ក្នុងចំណោមប្រជាជាតិខ្មែរនោះទេ។
យ៉ាងណាក៏ដោយ លោក សួន ប៊ុនស័ក្តិ ថ្លែងថា រដ្ឋាភិបាលមិនត្រូវលាក់កំបាំងរឿងនេះជាមួយពលរដ្ឋខ្លួនដែលជាម្ចាស់ស្រុកនោះឡើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment