ដោយ ម៉ម មុនីរតន៍
rfa 2015-11-26
លោកមេធាវី ជូង ជូងី ថ្លែងទៅកាន់អ្នកកាសែត នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥។
RFA/Rann Samnang
|
នៅសល់ ៤ថ្ងៃទៀតប៉ុណ្ណោះ សាលាឧទ្ធរណ៍នឹងជំនុំជម្រះលើបណ្ដឹងរបស់លោក ជូង ជូងី ប្រឆាំងសាលក្រមរបៀបរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។
កាលពីដើមខែតុលា កន្លងទៅនេះ ចៅក្រមស៊ើបសួររបស់តុលាការក្រុងភ្នំពេញ បានចេញដីកាបង្គាប់ឲ្យលោក ហុង សុខហួរ ត្រូវបង្ហាញពីសម្ភារៈមួយចំនួនដែលស្រាវជ្រាវពីផែនទីកម្ពុជា-វៀតណាម ហើយតម្រូវឲ្យមេធាវីការពារក្ដីត្រូវដាក់ភស្តុតាងដោះបន្ទុកនៅមុនសវនាការចាប់ផ្ដើម។ ក៏ប៉ុន្តែមេធាវីការពារក្ដីឲ្យសមាជិកព្រឹទ្ធសភាពីខាងគណបក្សជំទាស់ចាត់ទុកថា ការចាត់របៀបរបស់តុលាការក្រុងភ្នំពេញនេះ ជាការរំលោភធ្ងន់ធ្ងរដល់សិទ្ធិជាមូលដ្ឋានរបស់មេធាវី។
មេធាវីការពារក្ដីឲ្យសមាជិកព្រឹទ្ធសភា គឺលោក ជូង ជូងី រំពឹងថា ក្រុមប្រឹក្សាជំនុំជម្រះនៅសាលាឧទ្ធរណ៍នៅថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខ នឹងរកយុត្តិធម៌ក្នុងសំណុំរឿងដែលលោកបានប្ដឹងទាស់នឹងសាលក្រមចាត់របៀបរបស់សាលាដំបូងរាជធានីភ្នំពេញ។
លោក ជូង ជូងី ដែលជាមេធាវីការពារក្ដីម្នាក់ក្នុងចំណោមមេធាវី ៣រូបផ្សេងទៀត ឲ្យដឹងនៅថ្ងៃទី២៦ ខែវិច្ឆិកា ថា សាលក្រមរបៀបរបស់លោក រស់ ពិសិដ្ឋ ចេញទាំង២លើក ដែលបង្គាប់ឲ្យផ្ដល់ម៉ាស៊ីនកុំព្យូទ័រ និងភស្តុតាងដោះបន្ទុកមុននេះបានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់បច្ចេកទេសរបស់មេធាវី និងសិទ្ធិកូនក្ដីរបស់ខ្លួន។
លោកបន្តថា៖ «ខ្ញុំជាមេធាវី និងកូនក្តីដឹងច្បាប់ណាស់ ថាដាក់របៀបណា ហើយដាក់ពេលណា? អ៊ីចឹងគឺមិនចាំបាច់តុលាការបង្គាប់ទេ ពេលវេលាដែលល្អបំផុត របៀបដែលល្អបំផុតខ្ញុំចេះជ្រើសរើសហើយ មិនចាំបាច់តុលាការបង្គាប់ទេ»។
ភ្លាមៗបន្ទាប់ពីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានចេញសាលក្រមរបៀបកាលពីខែតុលា លោក ជូង ជូងី ក៏បានរៀបចំបណ្ដឹងឧទ្ធរណ៍ប្រឆាំងដីកាបង្គាប់នោះភ្លាមដែរ ហើយបណ្ដឹងទាស់នេះ ធ្វើឡើងមុន ១ថ្ងៃ ក្រោយពីដីកាបង្គាប់ថ្មីមួយទៀតរបស់លោក រស់ ពិសិដ្ឋ ដែលធ្វើឡើងកាលពីថ្ងៃទី២២ ខែតុលា តម្រូវឲ្យលោក ហុង សុខហួរ ផ្ដល់ម៉ាស៊ីនកុំព្យូទ័រ និងបង្គាប់ឲ្យមេធាវីផ្ដល់ឯកសារដោះបន្ទុកមុនដំណើរសវនាការត្រូវចាប់ផ្ដើម។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ ដើម្បីបំភ្លឺបានទេ នៅថ្ងៃទី២៦ វិច្ឆិកា។
បើទោះបែបណា កាលពីថ្ងៃទី២២ តុលា កន្លងទៅនេះ លោក រស់ ពិសិដ្ឋ បានចេញដីកាបង្គាប់ឲ្យលោក ជូង ជូងី និងជនជាប់ចោទ ដាក់ឯកសារដែលពាក់ព័ន្ធនឹងការទាញយកសន្ធិសញ្ញា ១៩៧៩ និងឧបករណ៍អេឡិចត្រូនិក មកតុលាការដើម្បីបន្តនីតិវិធីស៊ើបសួរបន្ថែម។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែពុំទាន់ឃើញដាក់ឯកសារពាក់ព័ន្ធដែលជាមូលហេតុពុំអាចបន្តស៊ើបសួរបានឡើយ។ ដីកាបង្គាប់បន្ថែមទៀតថា ក្នុងករណីមិនអនុវត្តតាម តុលាការនឹងកំណត់កាលបរិច្ឆេទបន្តនីតិវិធី ហើយនិងមិនទទួលយកភស្តុតាងមកពិនិត្យពេលក្រោយឡើយ។
សភាស៊ើបសួរសម្រេចលើកយកបណ្ដឹងឧទ្ធរណ៍របស់លោក ជូង ជូងី ប្រឆាំងសាលក្រមរបៀបរបស់តុលាការក្រុងភ្នំពេញ មកជំនុំជម្រះនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា។
ជុំវិញរឿងនេះ មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន យល់ឃើញថា ការចេញដីកាណាមួយរបស់តុលាការ គឺជាការអនុវត្តទៅតាមច្បាប់ដែលវាស្របទៅនឹងបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ។ លោកបន្តថា ចំពោះការលើកឡើងរបស់មេធាវីនោះ គឺជាសិទ្ធិដើម្បីការពារផលប្រយោជន៍សម្រាប់កូនក្ដីម្នាក់ៗប៉ុណ្ណោះ៖ «ការដែលតម្រូវឲ្យដាក់ឯកសារបន្ថែម ការភស្តុតាង ឬកសិណសាក្សីបន្ថែមនេះ គឺមិនបានរំលោភទៅដល់សិទ្ធិសេរីភាពរបស់កូនក្តី ជនជាប់ចោទ ឬមួយក៏សិទ្ធិសេរីភាពរបស់មេធាវីទេ។ នេះជាដំណើរការនីតិវិធីធម្មតា ដែលមានបញ្ញត្តិនៅក្នុងច្បាប់»។
សាលាឧទ្ធរណ៍ធ្លាប់បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំចំនួន ៣លើករួចមកហើយ របស់លោក ហុង សុខហួរ។ ការសម្រេចចុងក្រោយរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ កាលពីថ្ងៃទី៤ ខែវិច្ឆិកា មិនត្រូវបានលោក ប្លង់ សំណាង បញ្ជាក់ពីមូលហេតុឡើយ។ នៅក្នុងសំណុំរឿងតែមួយនេះ ប្រធានគណបក្សជំទាស់ លោក សម រង្ស៊ី ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ លោក កោ វណ្ឌី ចេញដីកាបង្គាប់ឲ្យចូលខ្លួននៅថ្ងៃទី៤ ខែធ្នូ ដែរ ពីបទសមគំនិតដែលអនុញ្ញាតឲ្យលោក ហុង សុខហួរ បង្ហោះឯកសារសន្ធិសញ្ញាកម្ពុជា-វៀតណាម នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោកផ្ទាល់ ប្រព្រឹត្តកាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា បន្ទាប់ពីលោក ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួន ដោយចោទប្រកាន់ថា លោក ហុង សុខហួរ ក្បត់ជាតិ ដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ថាជាសន្ធិសញ្ញារំលាយព្រំដែនប្រទេសទាំងពីរ។ ក្រោយការចាប់ខ្លួន អង្គការមិនមែនរដ្ឋាភិបាលបានអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់ និងចាត់ទុកថា នេះជាដីកាធ្វើឡើងស្ថិតក្រោមឥទ្ធិពលនយោបាយ៕
No comments:
Post a Comment