ដោយ ទីន ហ្សាការីយ៉ា
rfa 2015-11-26
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយជំនួបចរចានាវិមានព្រឹទ្ធសភានៅថ្ងៃទី២២ កក្កដា ២០១៤។
RFA/Tin Zakariya
|
គណបក្សជាប់ឆ្នោតទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា មិនគោរពកិច្ចព្រមព្រៀងដំណោះស្រាយនយោបាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដែលធ្វើឲ្យស្ថានភាពនយោបាយចុងក្រោយប្រេះឆាគ្នានោះ។
ទោះជាមានការចោទប្រកាន់គ្នាទៅវិញទៅមកបែបនេះក្ដី ប៉ុន្តែតំណាងគណបក្សទាំងពីរក៏ស្វះស្វែងជួបគ្នាដើម្បីវិលមករកតុចរចា ហើយបន្តប្រើប្រាស់វប្បធម៌សន្ទនា ដូចដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នារួចហើយនោះ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅថ្ងៃទី២៦ ខែវិច្ឆិកា ថា តំណាងក្រុមភាគតិច និងភាគច្រើននៅរដ្ឋសភា នឹងជួបគ្នាដើម្បីជជែករកដំណោះស្រាយនយោបាយនៅដើមខែធ្នូ ខាងមុខ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា តំណាងគណបក្សទាំងពីរកំពុងទាក់ទងគ្នាដើម្បីកំណត់កាលបរិច្ឆេទច្បាស់លាស់អំពីការជួបគ្នា ដោយប្រើប្រាស់យន្តការវប្បធម៌សន្ទនារវាងតំណាងក្រុមភាគច្រើន និងតំណាងក្រុមភាគតិចនៅរដ្ឋសភា។ លោកបញ្ជាក់ថា ការគ្រោងជួបគ្នានេះនឹងជជែកពីការវិវឌ្ឍន៍នយោបាយចុងក្រោយ និងករណី លោក សម រង្ស៊ី ពិសេសគឺចង់ឲ្យគណបក្សប្រជាជនកម្ពុជា គោរពនូវកិច្ចព្រមព្រៀងដំណោះស្រាយនយោបាយកាលពីថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០១៤៖ «ចង់រក្សាស្ថិរភាពនយោបាយ ស្ថានភាពនយោបាយដើម្បីរៀបចំឲ្យបានដូចថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤»។
ក្រុមភាគច្រើនដឹកនាំដោយលោក ស ខេង និងក្រុមភាគតិចដឹកនាំដោយលោក សម រង្ស៊ី ត្រូវបានរដ្ឋសភាបោះឆ្នោតអនុម័តកាលពីចុងឆ្នាំ២០១៤ ក្នុងគោលបំណងអនុវត្តបន្តនូវកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយកាលពីថ្ងៃទី២២ ខែកក្កដា និងដើម្បីឱក្រុមភាគតិចមានឱកាសជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីដោយផ្ទាល់អំពីកិច្ចការប្រទេសជាតិ។ ក្រុមភាគតិចនិងក្រុមភាគច្រើននេះ កន្លងមកបានជួបគ្នាជាញឹកញាប់ ពិសេសរវាងលោក ស ខេង និងលោក សម រង្ស៊ី។
ខណៈលោក សម រង្ស៊ី អវត្តមាននេះ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យដឹងថា លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងជាប្រធានស្ដីទីក្រុមភាគតិច នឹងជួបលោក ស ខេង ប្រធានក្រុមភាគច្រើន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោកឧបនាយករដ្ឋមន្ត្រី ស ខេង ប្រធានក្រុមភាគច្រើនដើម្បីសួរអំពីកាលបរិច្ឆេទជាក់លាក់ក្នុងការជួបគ្នានេះបាននៅឡើយទេ នៅថ្ងៃទី២៦ ខែវិច្ឆិកា។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ជានិច្ចនូវការប្រើប្រាស់វប្បធម៌សន្ទនា។ លោកបញ្ជាក់ថា លោកក៏សោកស្ដាយដែរដែលទំនាក់ទំនងគណបក្សទាំងពីរបានឈានដល់ការប្រេះឆាគ្នា។ បញ្ហានេះ លោក សុខ ឥសាន ចោទប្រកាន់មេដឹកនាំគណបក្សសង្គ្រោះជាតិថា លោក សម រង្ស៊ី ដែលធ្វើឲ្យមានការវិវឌ្ឍន៍នយោបាយចុងក្រោយបែបនេះ៖ «បញ្ហាធ្វើឲ្យមានស្ថិរភាពនយោបាយគឺជាសំណូមពររបស់គណបក្សប្រជាជនកម្ពុជាហើយ កុំថាចង់បានហើយធ្វើម៉េចរក្សាឲ្យបានដូចខ្លឹមសារ កុំថា បានមកហើយអនុវត្តអត់បានត្រឹមត្រូវ»។
គណបក្សសង្គ្រោះជាតិ ព្យាយាមចង់ជួបសន្ទនាជាមួយគណបក្សប្រជាជនកម្ពុជា ជាថ្មី និងស្របតាមការកំណត់រវាងក្រុមភាគច្រើន និងក្រុមភាគតិចនេះធ្វើឡើងស្របពេលស្ថានភាពនយោបាយរវាងគណបក្សជាប់ឆ្នោតទាំងពីរកំពុងប្រេះឆាគ្នានូវការប្រើប្រាស់វប្បធម៌សន្ទនា ដោយជំនួសមកវិញនូវការវាយប្រហារពាក្យសម្ដីរបស់មេដឹកនាំទាំងពីរ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី។
បញ្ហាដែលធ្វើឲ្យសាធារណជនចាប់អារម្មណ៍ខ្លាំងនោះ គឺព្រឹត្តិការណ៍វាយដំតំណាងរាស្ត្របក្សប្រឆាំងពីររូបកាលពីថ្ងៃទី២៦ ខែតុលា។ ករណីដកលោក កឹម សុខា ចេញពីអនុប្រធានរដ្ឋសភា និងការដកអភ័យឯកសិទ្ធិលោក សម រង្ស៊ី និងការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ជាបន្តបន្ទាប់។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា នៅក្នុងបរិបទនយោបាយបែបនេះ គណបក្សទាំងពីរត្រូវតែបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមក ហើយគណបក្សកាន់អំណាចក៏ត្រូវបញ្ឈប់ការប្រើប្រាស់តុលាការក្នុងការដាក់សម្ពាធនយោបាយទៅលើគណបក្សប្រឆាំងដែរ ដើម្បីអាចទៅដល់ការបង្រួបបង្រួមគ្នាបាន៖ «អ្នកនយោបាយខ្មែរច្រើនតែយកច្បាប់នៃការខ្វះចន្លោះរបស់ច្បាប់មកសៀតស៊ក ដើម្បីរុញច្រានចលនានយោបាយរបស់គូភាគីឲ្យបាក់ស្បាតតែម្ដង កាលណាយើងដាក់សម្ពាធនយោបាយគូភាគីណាមួយខ្លាំងពេក មិនអាចរកសន្តិភាពជួនជាតិបានទេ»។
ទាក់ទងនឹងការវិវឌ្ឍន៍នយោបាយនេះដែរ សភាអឺរ៉ុបកាលពីថ្ងៃទី២៥ ខែវិច្ឆិកា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សាលើអ្នកតំណាងរាស្ត្របក្សប្រឆាំងពីររូប សភាអឺរ៉ុបអំពាវនាវឱ្យបញ្ឈប់ការប្រើអំពើហិង្សា ការគំរាមកំហែង និងការរំលោភបំពានផ្សេងៗ ទៅលើសកម្មជន និងតំណាងរាស្ត្របក្សប្រឆាំង ព្រមទាំងជំរុញឱ្យអាជ្ញាធរកម្ពុជា ធ្វើការឱ្យបានសកម្មដើម្បីធានាសុវត្ថិភាពចំពោះសមាជិកសភា និងនាំខ្លួនជនពាក់ព័ន្ធក្នុងការវាយប្រហារដោយហិង្សាលើអ្នកតំណាងរាស្ត្រមកផ្ដន្ទាទោសតាមច្បាប់។
ទាក់ទងនឹងករណីលោក សម រង្ស៊ី សភាអឺរ៉ុបអំពាវនាវដល់រដ្ឋសភាកម្ពុជា ឱ្យផ្ដល់អភ័យឯកសិទ្ធិជូនលោក សម រង្ស៊ី វិញ និងទម្លាក់ចោលបទចោទទាំងឡាយប្រឆាំងលោក សម រង្ស៊ី ព្រមទាំងអនុញ្ញាតឱ្យរូបលោក និងតំណាងរាស្ត្របក្សប្រឆាំងផ្សេងទៀត ត្រឡប់មកកម្ពុជាវិញ ដោយមិនបារម្ភពីការចាប់ខ្លួន ឬការធ្វើទុក្ខបុកម្នេញផ្សេងៗ៕
No comments:
Post a Comment