ដោយ អ៊ុំ រង្សី
2015-11-28
ប្រជាពលរដ្ឋនាំគ្នាលើកបដាតវ៉ានៅខាងមុខអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២៩ ឧសភា ឆ្នាំ២០១៤។
RFA
|
សង្គមស៊ីវិលដែល ធ្វើការពាក់ព័ន្ធនឹងវិស័យអប់រំ បង្ហាញក្តីបារម្ភពីអំពើពុករលួយក្នុងដំណើរការប្រឡងជ្រើសរើសចៅក្រម នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ នៅពេលអង្គភាពប្រឆាំងអំពើពុករលួយ បដិសេធមិនចូលរួមសង្កេតការណ៍។ លើសពីនេះ សង្គមស៊ីវិលមើលឃើញថា អំពើពុករលួយក្នុងពេលប្រឡង នឹងធ្វើអោយប៉ះពាល់បន្តទៀតដល់វិជ្ជាជីវៈតុលាការ។
សង្គម ស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងវិស័យអប់រំ ចាត់ទុកអង្គភាពប្រឆាំងអំពើពុករលួយ គឺជាស្ថាប័នឯករាជ្យ ដែលជំរុញឲ្យការប្រឡងជ្រើសរើសមន្ត្រីរាជការសាធារណៈ ពិសេសការប្រឡងចៅក្រមនៅកម្ពុជា មានតម្លាភាព និងមានភាពយុត្តិធម៌។ ជាងនេះទៀត សង្គមស៊ីវិលយល់ថា អវត្តមានរបស់អង្គភាពប្រឆាំងអំពើពុករលួយ រាល់ការការប្រឡងណាមួយក៏ជាដំណើររាំងស្ទះមិនអាចឲ្យកម្ពុជា ទទួលបានធនធានមនុស្សប្រកបដោយវិជ្ជាជីវៈពិតប្រាកដ។
ការ លើកឡើងពីក្ដីកង្វល់របស់សង្គមស៊ីវិលនៅពេលនេះ ធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយចេញលិខិតមួយច្បាប់នៅ ថ្ងៃទី២៧ ខែវិច្ឆិកា បានបដិសេធមិនចូលរួមសង្កេតការណ៍លើដំណើរការប្រឡងជ្រើសរើសសិស្ស ចៅក្រមជំនាន់ទី៧ នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ។
អ្នក សម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ថា លោកសោកស្ដាយចំពោះការបដិសេធរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលមិនព្រមចូលរួមសង្កេតដំណើរការប្រឡងនេះ។ លោកបារម្ភថា ភាពមិនប្រក្រតីណាមួយអាចនឹងកើតឡើង ហើយអាចនឹងជះឥទ្ធិពលដល់គុណភាពបំពេញវិជ្ជាជីវៈរបស់ចៅក្រមទៅថ្ងៃ ក្រោយ៖
«ថ្ងៃក្រោយទៅចៅក្រមនឹងមិនអាចបំពេញតួនាទីរបស់ខ្លួន លើការងារតាមវិជ្ជាជីវៈនោះទេ ព្រោះយើងបារម្ភថា អាចមានការសូកប៉ាន់កើតឡើង»។
លោក សន ជ័យ ជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវតែពិចារណាឡើងវិញ ព្រោះអង្គភាពប្រឆាំងអំពើពុករលួយគឺជាស្ថាប័នឯករាជ្យ។ លោកថា បើអង្គភាពនេះធ្វើបាន នឹងអាចបង្ការភាពស្រពេចស្រពិលនៅក្នុងការប្រឡងជ្រើសរើសចៅក្រម៖ «ទោះបីជាមិនមានការសហការជាផ្លូវការក៏ដោយ ក៏អង្គភាពប្រឆាំងអំពើពុករលួយក៏អាចអនុវត្តសង្កេតការណ៍បានដែរ ព្រោះជាស្ថាប័នឯករាជ្យ»។
ចំណែកប្រធានអង្គការ តម្លាភាពកម្ពុជា លោក ព្រាប កុល យល់ថា ការបដិសេធរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅពេលនេះ គឺជាសិទ្ធិរបស់អង្គភាព ព្រោះរាល់ការសង្កេតការណ៍មិនមែនចាំបាច់ត្រូវតែសង្កេតតែនៅពេល ប្រឡងប៉ុណ្ណោះទេ វាអាចមានដំណាក់កាលជាច្រើនទៀត ដែលទាមទារត្រូវតែមានការសង្កេតការណ៍បន្តទៀត។
វិទ្យុ អាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង ដើម្បីសុំការបំភ្លឺបន្ថែមជុំវិញរឿងបដិសេធមិនចូលរួមសង្កេតការណ៍លើ ដំណើរការប្រឡងជ្រើសរើសសិស្សចៅក្រមជំនាន់ទី៧ នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ បាននៅឡើយទេ នៅថ្ងៃទី២៨ ខែវិច្ឆិកា។
ប៉ុន្តែលិខិតមួយច្បាប់ដែលបានចេញផ្សាយ នៅពីថ្ងៃទី២៧ ខែវិច្ឆិកា ដែលផ្ញើជូនទៅលោក ឈន ព្រលឹង បណ្ឌិតរដ្ឋនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បដិសេធមិនចូលរួមក្នុងការសង្កេតការណ៍លើដំណើរការប្រឡងជ្រើសរើស សិស្សជំនាន់ទី៧ នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ដោយហេតុថា រាជបណ្ឌិតសភាពវិជ្ជាជីវៈតុលាការ គ្មានឆន្ទៈ និងមិនមានកិច្ចសហការល្អជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។
របាយការណ៍ ស្រាវជ្រាវរបស់វិទ្យាស្ថានសិទ្ធិមនុស្សនៃគណៈមេធាវីអន្តរជាតិ (International Bar Association's Human Rights Institute) ប្រចាំទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ស្ដីពីយុត្តិធម៌ទល់នឹងអំពើពុករលួយ ការតស៊ូឆ្ពោះទៅរកឯករាជ្យភាពនៃអំណាចតុលាការក្នុងប្រទេសកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា បង្ហាញថា វិសាលភាពនៃអំពើពុករលួយលើប្រព័ន្ធតុលាការ គឺជាឫសគល់ និងជាបញ្ហាប្រឈមចំពោះឯករាជ្យភាពនៃប្រព័ន្ធតុលាការកម្ពុជា។
របាយការណ៍ ដដែលបង្ហាញដែរថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា បានទទួលតួនាទីដ៏មានអំណាចបំផុតទាំងផ្លូវច្បាប់ និងការអនុវត្តជាក់ស្ដែងក្នុងប្រព័ន្ធយុត្តិធម៌ និងឥទ្ធិពលលើផ្នែកស្ទើរតែទាំងអស់របស់ចៅក្រម ហើយអំណាចនោះរួមមាន ឥទ្ធិពលផ្លូវការយ៉ាងច្រើនលើថវិកា ធនធាន ការបណ្ដុះបណ្ដាល ការតែងតាំងការដំឡើងតំណែងរយៈពេលកាន់តំណែង។ បញ្ហាប្រឈមទាំងនេះ កំពុងតែជំរុញឲ្យប្រព័ន្ធតុលាការកម្ពុជា មានការស៊ីសំណូក និងអំពើពុករលួយកាន់តែច្រើនទាំងផ្នែកហិរញ្ញវត្ថុ ទាំងផ្នែកនយោបាយដែលមិនអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា ទទួលបានសិទ្ធិស្មើគ្នា។ ក្នុងរបាយការណ៍ក៏បានដាក់អនុសាសន៍ជូនរដ្ឋាភិបាលកម្ពុជា ត្រូវតែប្ដេជ្ញាធានាការពារការបែងចែកអំណាចនៅក្នុងប្រទេសកម្ពុជា គោរពឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ និងគណៈមេធាវី ដើម្បីលុបបំបាត់អំពើពុករលួយក្នុងប្រព័ន្ធតុលាការកម្ពុជា៕
No comments:
Post a Comment