ដោយ ទីន ហ្សាការីយ៉ា
2015-09-30 rfa
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ
(រូបកណ្ដាល) ថ្លែងក្នុងពិធីសមាជគណបក្សលើកទី១ នៅថ្ងៃទី៩
ខែកញ្ញា ឆ្នាំ២០១៥។
RFA/Uon Chhin
|
គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ដែលទើបតែបានរៀបចំរចនាសម្ព័ន្ធដឹកនាំឡើងវិញ មិនទាន់បានមួយខែផង ឥឡូវ គណបក្សនេះកំពុងតែបែកបាក់ថ្នាក់ដឹកនាំកំពូលរបស់ខ្លួន បន្ទាប់ពីបានប្រកាសជ្រើសរើសកាលពីដើមខែកញ្ញា នោះ។
គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នឹងធ្វើសមាជវិសាមញ្ញប្រកាសដកអនុប្រធានបក្សនេះមួយរូបជាផ្លូវការ នៅដើមខែតុលា ខាងមុខ។
អនុប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ លោកបណ្ឌិត ហ៊ាង រិទ្ធី មានប្រសាសន៍ថា ក្រុមប្រឹក្សាវិន័យគណបក្ស បានសម្រេចដក លោក ហារី សំអាត ពីអនុប្រធានបក្សកាលពីថ្ងៃទី២៣ កញ្ញា ដោយសារតែលោកបានធ្វើខុសនឹងបទបញ្ជាផ្ទៃក្នុងរបស់បក្ស គឺដឹកនាំសមាជិកបក្សទៅចុះចូលជាមួយគណបក្សខ្មែរសាមគ្គី របស់ អ្នកស្រី ឡាក់ សុភាព៖ «គាត់បានទៅប្រមូលសមាជិកក្នុងនាមជាអនុប្រធាននៅខេត្តកំពង់សោម ពេលប្រមូលបានហើយ គាត់ចង់នាំទៅចូលជាមួយគណបក្សរបស់ លោកស្រី ឡាក់ សុភាព អានេះហើយជាអំពើក្បត់បក្ស ជាអំពើបក្សប្រហារ»។
វិទ្យុ អាស៊ីសេរី មិនអាចទាក់ទង អ្នកស្រី ឡាក់ សុភាព ប្រធានគណបក្សសាមគ្គីខ្មែរ ដើម្បីសុំការបំភ្លឺពីការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៣០ កញ្ញា។
រីឯ លោក ហារី សំអាត មន្ត្រីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ប្រាប់ថា លោកបានវិលត្រឡប់ទៅសហរដ្ឋអាមេរិក មួយរយៈ។
គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ធ្លាប់បានចូលរួមប្រកួតប្រជែងបោះឆ្នោតកាលពីអាណត្តិទី២ ឆ្នាំ១៩៩៨ ប៉ុន្តែមិនទទួលបានអាសនៈនៅក្នុងរដ្ឋសភាទេ។ ក្រោយពីគណបក្សនេះបានបោះបង់ការប្រកួតប្រជែងបោះឆ្នោតចំនួន ១៧ឆ្នាំមកនោះ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដឹកនាំដោយ លោក ម៉ម សូណង់ដូ បានរៀបចំរចនាសម្ព័ន្ធដឹកនាំជាថ្មីឡើងវិញ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ខាងមុខ។
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើសមាជកាលពីថ្ងៃទី៩ កញ្ញា បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាន។ អង្គសមាជ បានបោះឆ្នោតលើកដៃគាំទ្រ លោក ម៉ម សូណង់ដូ ធ្វើជាប្រធាន និងជ្រើសរើស លោកបណ្ឌិត ហ៊ាង រិទ្ធី និងលោក ហារី សំអាត ជាអណិកជនខ្មែរមកពីសហរដ្ឋអាមេរិក ជាអនុប្រធានគណបក្ស។
លោក បណ្ឌិត ហ៊ាង រិទ្ធី បានចាត់ទុកសកម្មភាព លោក ហារី សំអាត ជាទង្វើចង់ធ្វើបក្សប្រហារ ដូច្នេះហើយទើបក្រុមប្រឹក្សាវិន័យធ្វើការទប់ស្កាត់ និងគ្រោងបណ្ដេញចេញពីគណបក្ស។
គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ បានរៀបចំរចនាសម្ព័ន្ធដឹកនាំតាមខេត្តមកទល់ពេលនេះ បានចំនួន ២ខេត្ត គឺខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ហើយគណបក្សនេះ នឹងរៀបចំរចនាសម្ព័ន្ធឲ្យបានគ្រប់ខេត្ត-ក្រុងនៅមុនពេលបោះឆ្នោត ឃុំ-សង្កាត់មកដល់។
ទាក់ទងនឹងបញ្ហានេះ ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា មានប្រសាសន៍ថា ជាធម្មតាទេ ការដកតួនាទីសមាជិកគណបក្សណាមួយចេញពីគណបក្ស ប្រសិនបើសមាជិកណាមួយធ្វើខុសពីបទបញ្ជាផ្ទៃក្នុងគណបក្សនោះ៖ «គណបក្សដែលទើបបង្កើតថ្មីៗនេះ ខ្ញុំមិនទាន់បានសិក្សាពីបទបញ្ជាផ្ទៃក្នុងរបស់គេពីនីតិវិធីដក សមាជិកនៅឡើយ ប៉ុន្តែសំខាន់គឺថា ការធ្វើដក ឬយ៉ាងណានោះ ត្រូវធ្វើឡើងដោយតម្លាភាព ដោយសមាជិកភាគច្រើន»។
ទោះ បីជាយ៉ាងនេះក្ដី លោក ហ៊ាង រិទ្ធី បន្ថែមថា គណបក្សនឹងទុករយៈពេលឲ្យ លោក ហារី សំអាត មួយសប្ដាហ៍ ដើម្បីធ្វើការតវ៉ាតាមផ្លូវច្បាប់ ក្រោយពីគណបក្សនេះធ្វើសមាជវិសាមញ្ញប្រកាសដកជាផ្លូវការនោះ៕
1 comment:
មិនបានការទេលោក សាណន់ដូ រួបរួមទើបប្រសើរ លោកគ្មានសមត្តិភាពទេ ចាស់ហើយកុំដើម្បីលុយឬប្រពន្ធក្មេង !
Post a Comment