មន្ត្រីក្រសួងមហាផ្ទៃមិនទាន់បញ្ជាក់ថាភូមាព្រមទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅឡើយ
ដោយ អ៊ុង សេរីវុទ្ធ
2015-09-30 rfa
មន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់នៅល្ងាចថ្ងៃទី៣០កញ្ញាថា មិនទាន់ទទួលបានឯកសារផ្លូវការពីស្ថានទូតភូមា ឬមីយ៉ាន់ម៉ា (Myanmar) ដែលថានឹងព្រមទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា(Rohingya) ទៅកាន់ប្រទេសដើមវិញនៅឡើយទេ។
ប្រធាននាយកដ្ឋានជនភៀសខ្លួន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក គឹម សារិន ឲ្យដឹងនៅថ្ងៃទី៣០ កញ្ញា ថា កម្ពុជាកំពុងរង់ចាំប្រទេសមីយ៉ាន់ម៉ា ធ្វើឯកសារធ្វើដំណើរ ដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាម្នាក់នោះ ចាកចេញពីប្រទេសកម្ពុជា ប្រសិនមីយ៉ាន់ម៉ា ព្រមទទួលដូចប្រសាសន៍ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលកាសែតក្នុងស្រុកបានដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃទី២៩ កញ្ញានោះ។
ប៉ុន្តែលោក គឹម សារិន បញ្ជាក់ថា លោកនៅពុំទាន់ទទួលបានឯកសារផ្លូវការពីស្ថានទូតមីយ៉ាន់ម៉ាទេ។ វិទ្យុអាស៊ីសេរីក៏មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ៌គ ដើម្បីសុំការឆ្លើយបំភ្លឺ ជុំវិញរឿងនេះបានដែរ នៅល្ងាចថ្ងៃទី៣០កញ្ញា។
កាសែតក្នុងស្រុកមួយបានស្រង់សម្ដីលោក ស ខេង ពេលទទួលដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឡប់មកពីសហរដ្ឋអាមេរិកនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៩ កញ្ញា ថារដ្ឋាភិបាលភូមា បានយល់ព្រមទទួលយកជនភៀសខ្លួនពីប្រទេសកម្ពុជាហើយ៕
No comments:
Post a Comment