មុនពេលសម្តេច ហ៊ុន សែន នាយកររដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងលោក ផាន វ៉ាន់ខាយ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះហត្ថលេខារួមគ្នានាថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម លើសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងក្នុងឋានៈជាអតីតព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការព្រំដែន ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលទ្រង់នៅមានព្រះជន្ម ទ្រង់ធ្លាប់បានធ្វើរាជសារមួយចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០០៥ ពីទីក្រុងប៉េកាំង ប្រទេសចិន ផ្ញើថ្វាយព្រះសង្ឃជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជនរួមជាតិ បងប្អូន កូនចៅ ចៅទួត ជាទីរាប់អាន និងស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតរបស់ព្រះអង្គ ពាក់ព័ន្ធនឹងកិច្ចដំណើរការរបស់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការព្រំដែន ដែលបានចាប់ផ្តើមពីថ្ងៃទី១១ ខែឧសភា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០០៥ ដោយព្រះតម្រិះថា "តាមការពិនិត្យលើក្រដាស និងផែនទី យើងពុំបានបាត់បង់នូវបូរណភាពទឹកដីឡើយ ។ តែការពិតជាក់ស្តែង ទឹកដីនៃមាតុភូមិកម្ពុជាយើងបានត្រូវប្រទេសជិតខាងគេច្បិចយកបន្តិចម្តងៗរួចទៅហើយ ។" ។
ព្រះរាជសាររបស់សម្តេចព្រះបរមរតនកោដ្ឋ មុនពេលទ្រង់យាងចូលទិវង្គតនាពេលនោះ ទ្រង់បានព្រះតម្រិះយ៉ាងច្បាស់លាស់ដែរថា "តាមព្រះរាជក្រឹត្យ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ ដែលជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទទួលបន្ទុកកិច្ចការព្រំដែន គ្មានអំណាចអ្វីនឹងចាត់ការចរចាជាមួយឯកឧត្តម អ្នកតំណាងប្រទេសជិតខាង ឬទៅពិនិត្យព្រំដែនឡើយ ។ ដូច្នេះ ដើម្បីកុំឲ្យបំពានលើព្រះរាជក្រឹត្យ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការព្រំដែន ដែលត្រូវតែដឹងនូវការពិតជាក់ស្តែង និងសូមឲ្យកូនចៅអ្នកស្នេហាជាតិមួយចំនួនដែលគេមិនស្គាល់មុខមាត់ ធ្វើដំណើរជាទេសចរម្តងទៅកន្លែងនេះ ម្តងទៅកន្លែងនោះ អញ្ជើញទៅជួបប្រជាកសិករនៅទល់ដែន ស្តាប់ហើយត្រឡប់មកវិញ សរសេររាយការណ៍ជាសម្ងាត់មកទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ ថា តើការពិតវាយ៉ាងណាទៅ ? ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ សង្ឃឹមថា កូនចៅទាំងនោះនឹងគ្មានពើបប្រទះនូវគ្រោះថ្នាក់ដល់អាយុជីវិតទេ ។ ក្រោយពីបានទទួលព័ត៌មានយ៉ាងសព្វគ្រប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ នឹងធ្វើការប្រជុំជាលើកទីពីរម្តងទៀត ដើម្បីត្រងត្រាប់ស្តាប់ ជាពិសេសឯកឧត្តម សុខ អាន តំណាងរាជរដ្ឋាភិបាល ឯកឧត្តម វ៉ា គឹមហុង និងឯកឧត្តម ឡុង វិសាលោ លោកធ្វើការបកស្រាយតទៅទៀតអំពីបូរណភាពទឹកដីនៃយើង ។" ។
ជាអកុសល ក្រោយមក ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទទួលបន្ទុកកិច្ចការព្រំដែននេះ មិនដំណើរការបានប៉ុន្មានផង ក៏ត្រូវរំលាយចោលវិញ ទើបបើកច្រកឲ្យមានសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ និងបានក្លាយជាច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមនេះ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១១០៥/០៣៩ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៥ រហូតមកទល់សព្វថ្ងៃ ។
ដោយឡែក កិច្ចដំណើរការក្នុងការចុះត្រួតពិនិត្យទៅមើលព្រំដែន និងការជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋរស់នៅទល់ដែន រៀបរាប់អំពីបូរណភាពទឹកដីរបស់កម្ពុជា តាមព្រះតម្រិះរបស់សម្តេចព្រះបរមរតនកោដ្ឋនោះ គឺអ្នកតំណាងរាស្ត្រ និងមជ្ឈដ្ឋានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា និងមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ បានអនុវត្តជាបន្តបន្ទាប់ ប៉ុន្តែមិនបានធ្វើឲ្យរាជរដ្ឋាភិបាលកាន់កាប់អំណាចដោយគណបក្សប្រជាជនកម្ពុជាសប្បាយចិត្តឡើយ ហើយបានរុកកួនទៅលើសកម្មជនព្រំដែនទាំងអស់នោះជាបន្តបន្ទាប់គួរឲ្យសោកស្តាយបំផុត ៕
No comments:
Post a Comment