A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 25 September 2015

ខួប​២២​ឆ្នាំ​នៃ​រដ្ឋធម្មនុញ្ញ និង​ការ​រិះគន់​ចំពោះ​ការ​អនុវត្ត​ច្បាប់​មិន​បាន​ត្រឹមត្រូវ

ខួប​២២​ឆ្នាំ​នៃ​រដ្ឋធម្មនុញ្ញ និង​ការ​រិះគន់​ចំពោះ​ការ​អនុវត្ត​ច្បាប់​មិន​បាន​ត្រឹមត្រូវ
ដោយ សេក បណ្ឌិត
2015-09-24  rfa

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
Photo courtesy of National-Assembly.org.kh


រដ្ឋធម្មនុញ្ញ​ថ្មី​នៃ​ព្រះរាជាណាចក្រ​ទី​២ មាន​អាយុកាល ២២​ឆ្នាំ​ហើយ​គិត​មក​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៥។ ក្នុង​ខួប ២២​ឆ្នាំ​នៃ​រដ្ឋធម្មនុញ្ញ​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​ផ្សាយ​នូវ​កំណត់​ត្រា​សង្ខេប​មួយ ដោយ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​អនុវត្ត​ច្បាប់​មិន​បាន​ត្រឹមត្រូវ ចំណែក​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ ក៏​មិន​បាន​ពេញលេញ​ដែរ។
កំណត់​ត្រា​សង្ខេប​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ចេញ​ផ្សាយ​ចំ​ថ្ងៃ​ខួប ២២​ឆ្នាំ​នៃ​កំណើត​រដ្ឋធម្មនុញ្ញ​នេះ បាន​ដាក់​ចំណង​ជើង​ថា «លទ្ធិប្រជាធិបតេយ្យ​ប្រឈម​នឹង​ការ​គំរាម​កំហែង»។ ខ្លឹមសារ​នៃ​កំណត់​ត្រា​នេះ បាន​លើក​ឡើង​ពី​ទិដ្ឋភាព​ជា ៣​ផ្នែក​ផ្សេង​គ្នា គឺ​ការ​ការពារ​ផ្នែក​ច្បាប់ សេរីភាព​ជា​មូលដ្ឋាន ការ​រឹតត្បិត​សេរីភាព​ជា​មូលដ្ឋាន និង​ផ្នែក​ទី​៣ បាន​លើក​ឡើង​ពី​សសរ​ស្ដម្ភ​នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​គេ​ដៅ​សញ្ញា ដែល​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​បំបិទ​សំឡេង​ប្រឆាំង​រដ្ឋាភិបាល។
ថ្លែង​បន្ថែម​លើ​ខ្លឹមសារ​ក្នុង​កំណត់​ត្រា​នេះ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព មាន​ប្រសាសន៍​បញ្ជាក់​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​បំបែក។ ស្ថានភាព​រឹតត្បិត​សេរីភាព​ជា​មូលដ្ឋាន ដែល​ត្រូវ​បាន​អនុវត្ត​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​នោះ មាន​ការ​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ៖ «»។
អ្នកស្រី​បន្ត​ថា រូបភាព​គំរាម​កំហែង​មាន​ច្រើន តាម​រយៈ​សម្ដី​របស់​នាយក​រដ្ឋមន្ត្រី ការ​បង្កើត​ច្បាប់​ថ្មី​ដែល​មិន​ចាំបាច់ ដើម្បី​ដាក់​សម្ពាធ​មក​លើ​អ្នក​តស៊ូ​មតិ មាន​ដូចជា​សង្គម​ស៊ីវិល សមាគម និង​សហជីព​កម្មករ ជាដើម៖ «»។
អ្នកស្រី​បង្ហាញ​ទៀត​ថា បើ​ឆ្លុះ​បញ្ចាំង​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ឃើញ​ថា រដ្ឋាភិបាល​ដែល​ជា​អ្នក​អនុវត្តន៍​ច្បាប់ គឺ​គោរព​មិន​បាន​ពេញលេញ​នោះ​ទេ៖ «»។
ខួប​កំណើត​នៃ​រដ្ឋធម្មនុញ្ញ​កាល​ពី​ឆ្នាំ​១៩៩៣ ជា​ពេល​ដែល​កម្ពុជា បង្កើត​រដ្ឋ​ជា​ផ្លូវ​ការ ដោយ​ខ្មែរ​គ្រប់​ភាគី​ព្រមព្រៀង​គ្នា​គោរព​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។ ក្នុង​រយៈពេល ២២​ឆ្នាំ​កន្លង​មក​នេះ រដ្ឋធម្មនុញ្ញ​បាន​ធ្វើ​វិសោធនកម្ម​ជាច្រើន​អន្លើ​ទៅ​លើ​មាត្រា​មួយ​ចំនួន។ ឱកាស​ពេញ​និយម​ច្រើន​ជាង​គេ​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​នោះ គឺ​នៅ​ពេល​មាន​ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ម្តងៗ។
អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលី មាន​ប្រសាសន៍​ថា ការ​ធ្វើ​វិសោធនកម្ម​នោះ​ជា​ដំណើរ​ការ​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ ដើម្បី​សម្រប​សម្រួល​ទៅ​តាម​ការ​វិវឌ្ឍ​នៃ​សង្គម។ លោក​បញ្ជាក់​ថា ទោះ​យ៉ាង​ណា ការ​ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​នីមួយៗ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលការណ៍​គ្រឹះ ឬ​គោលការណ៍​នីតិរដ្ឋ ប្រជាធិបតេយ្យ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ៖ «»។
ទាក់ទង​បញ្ហា​នេះ មាន​ការ​កត់​សម្គាល់​ថា ការ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ ធ្វើ​ឡើង​តាម​ទំនោរ​របស់​អ្នក​នយោបាយ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ចំពោះ​ការ​ស្នើ​របស់​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល ដែល​មិន​សូវ​ផ្តល់​ផល​ប្រយោជន៍​ដល់​អ្នក​នយោបាយ​នោះ មិន​ត្រូវ​គេ​លើក​យក​ទៅ​ពិចារណា​ឡើយ។
ចក់ សុភាព ៦២០
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។
កន្លង​មក សង្គម​ស៊ីវិល​ធ្លាប់​ស្នើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​១៩៩​ថ្មី ដោយ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ត្រឹម​ពីរ​អាណត្តិ ឬ ១០​ឆ្នាំ។ ការ​ស្នើ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ កំពុង​ពិភាក្សា​គ្នា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​ដាក់​បញ្ចូល​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ។
មាត្រា​១៩៩​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា តាម​សេចក្តី​ស្នើ​ពី​ប្រធាន​ដោយ​មាន​ការ​ឯកភាព​ពី​អនុប្រធាន​ទាំង​ពីរ​នៃ​រដ្ឋសភា ព្រះមហាក្សត្រ​ទ្រង់​ចាត់​តាំង​វរជន​មួយ​រូប​ក្នុង​តំណាង​រាស្ត្រ​នៃ​បក្ស​ជាប់​ឆ្នោត ឲ្យ​បង្កើត​រាជ​រដ្ឋាភិបាល។ វរជន​ដែល​ត្រូវ​បាន​ចាត់​តាំង​នេះ ដឹក​នាំ​សហការី​ដែល​ជា​តំណាង​រាស្ត្រ ឬ​ជា​សមាជិក​គណបក្ស​តំណាង​នៅ​ក្នុង​រដ្ឋសភា ដែល​ផ្គូផ្គង​ឲ្យ​កាន់​តំណែង​ផ្សេងៗ​ក្នុង​រាជ​រដ្ឋាភិបាល ទៅ​សុំ​សេចក្តី​ទុក​ចិត្ត​ពី​រដ្ឋសភា។ កាល​បើ​រដ្ឋសភា​ទុក​ចិត្ត​ហើយ ព្រះមហាក្សត្រ​ទ្រង់​ចេញ​ព្រះរាជក្រឹត្យ​តែង​តាំង​គណៈរដ្ឋមន្ត្រី​ទាំង​មូល។ មុន​ចូល​កាន់​តំណែង គណៈរដ្ឋមន្ត្រី​ត្រូវ​ធ្វើ​សច្ចា​ប្រណិធាន។


ពាក់ព័ន្ធ​នឹង​មាត្រា​នេះ ក្រុម​សង្គម​ស៊ីវិល​បាន​ស្នើ​ឲ្យ​ដាក់​បន្ថែម​ប្រយោគ​មួយ​ល្បះ​ក្នុង​ច្បាប់​នេះ គឺ​ត្រង់​វីរជន​មួយ​រូប​នោះ សំដៅ​លើ​បុគ្គល​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី គឺ​មិន​ធ្លាប់​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ចំនួន ២​អាណត្តិ ឬ ១០​ឆ្នាំ​កន្លង​មក​នោះ​ឡើយ។ ការ​ស្នើ​នេះ សង្គម​ស៊ីវិល​បញ្ជាក់​ថា គឺ​ធ្វើ​ឡើង​ក្នុង​បំណង​ការពារ​ការ​ក្រាញ​អំណាច កាត់​បន្ថយ​បក្ខពួក​និយម ពុក​រលួយ និង​រក្សា​កិត្តិយស​អតីត​នាយក​រដ្ឋមន្ត្រី។ តែ​ទោះ​យ៉ាង​ណា ការ​ស្នើ​នេះ​មិន​ទាន់​មាន​ការ​សម្រេច​យ៉ាង​ណា​នៅ​ឡើយ។
នៅ​ក្នុង​អាណត្តិ​ទី​៥ នេះ រដ្ឋធម្មនុញ្ញ ត្រូវ​បាន​គណបក្ស​នយោបាយ​ធំ​ពីរ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ចរចា​សុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើ​មាត្រា​មួយ​ចំនួន ក្នុង​នោះ​មាន​មាត្រា ៧៦​ថ្មី មាត្រា ១៥០​ថ្មី និង​មាត្រា ១៥១​ថ្មី។ ខ្លឹមសារ​នៅ​ក្នុង​មាត្រា​ទាំង​នេះ បាន​កំណត់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គឺ​ជា​អង្គការ​ដែល​មាន​សមត្ថកិច្ច​រៀបចំ ចាត់​ចែង និង​គ្រប់គ្រង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ និង​ការ​បោះ​ឆ្នោត​ផ្សេងៗ​ទៀត​តាម​ការ​កំណត់​នៃ​ច្បាប់។
ទាក់ទង​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ លោក ជិន ម៉ាលី ទទួល​ស្គាល់​ថា អ្នក​នយោបាយ​ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ណា​មួយ​ដែល​ចាំបាច់ និង​មាន​ហេតុផល​គ្រប់គ្រាន់ ដើម្បី​បម្រើ​ដល់​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ៖ «»។
ទោះ​យ៉ាង​ណា លោក​លើក​សរសើរ​ថា ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​នោះ មាន​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ហើយ​លោក​ក៏​ទទួល​ស្គាល់​ថា នៅ​មាន​ចំណុច​ខ្លះ​ដែល​រដ្ឋាភិបាល​មិន​ទាន់​បាន​អនុវត្ត​បាន​នៅ​ឡើយ ដោយសារ​កាលៈទេសៈ​មិន​ទាន់​អំណោយ​ផល ប៉ុន្តែ​រដ្ឋាភិបាល​បាន​ធ្វើ​សកម្មភាព​ផ្សេងៗ​ដែល​អាច​ជំនួស ឬ​អាច​បំពេញ​បន្ថែម​នូវ​ខ្លឹមសារ​ច្បាប់​ទាំង​នោះ​បាន។
កាល​ពី​ជាង ២០​ឆ្នាំ​មុន សម័យ​ប្រជុំ​សភា​ពេញ​អង្គ​លើក​ទី​១ បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​១៩៩៣។ សភា​ធម្មនុញ្ញ​កាល​ណោះ បាន​អនុម័ត​សមាសភាព​ក្នុង​គណៈកម្មការ​អចិន្ត្រៃយ៍​រៀបរៀង​រដ្ឋធម្មនុញ្ញ ហើយ​សមាសភាព​ទាំង​នោះ មាន​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា។ ចាប់​ពី​ពេល​នោះ​មក​រហូត​មក​ដល់​អាណត្តិ​ទី​៥ ក្នុង​ឆ្នាំ​២០១៥ នេះ មាន​តែ​គណបក្ស​ពីរ​ប៉ុណ្ណោះ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា ជា​បក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ ជា​បក្ស​ប្រឆាំង៕

No comments: