A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 26 September 2015

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទទូច​កុំ​បញ្ជូន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ត្រឡប់​ទៅ​វៀតណាម

ម៉ុងតាញ៉ា​វៀតណាម១៤នាក់ នៅ​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អូរយ៉ាដាវ ដើម្បី​ធ្វើ​កំណត់ហេតុ​សាកសួរ​មុន​នឹង​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន​ទៅ​ប្រទេស​ វៀតណាម នៅ​ថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Ratha Visal
(((

School of Vice: Ethnic cleansing, harassment, persecution, human rights abuse, targets of "racial discrimination" by any other name? It could be all of those horrible things combined, and from what I know from academic research and personal travels across hill-tribe communities, these unfortunate simple folk are not the kind who would flee their native homes merely in search of better economic opportunities as would so many other "economic migrants" elsewhere in the region or other parts of the world. I doubt, they even know what "down-under" means ... Personally, my heart weeps for them.  

)))

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទទូច​កុំ​បញ្ជូន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ត្រឡប់​ទៅ​វៀតណាម
ដោយ យាង សុជាមេត្តា
2015-09-25 rfa


អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ធំៗ​ជាង​១០ ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កុំ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ដែល​ជា​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម វិញ។ ការ​បារម្ភ​នេះ គឺ​បន្ទាប់​ពី​មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​ថា កម្ពុជា នឹង​បញ្ជូន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ប្រមាណ ១០០​នាក់​ទៅ​វៀតណាម វិញ នៅ​ពេល​ខាង​មុខ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាំង​នោះ​មាន​ដូចជា អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) សហព័ន្ធ​អន្តរជាតិ​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ គណៈកម្មាធិការ​ការពារ​សិទ្ធិ​មនុស្ស​វៀតណាម និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​ពលរដ្ឋ ជាដើម។

អង្គការ​អន្តរជាតិ​ទាំង​នេះ សុទ្ធតែ​សម្ដែង​ការ​បារម្ភ​ពី​លទ្ធភាព នៃ​ការ​ចាប់​បញ្ជូន​ខ្លួន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម វិញ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។ ពួក​គេ​លើក​ឡើង​ថា ការ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ដើម ទី​ដែល​ពួក​គេ​អាច​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ពិសេស​គឺ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ជន​ភៀស​ខ្លួន។

ពួក​គេ​ថា ក្នុង​នាម​ជា​ប្រទេស​ភាគី​នៃ​អនុសញ្ញា​ស្ដីពី​ជន​ភៀស​ខ្លួន និង​អនុសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដទៃ​ទៀត រដ្ឋាភិបាល​កម្ពុជា គួរ​ប្រកាន់​ខ្ជាប់​នូវ​កាតព្វកិច្ច​របស់​ខ្លួន។ ពួក​គេ​ថា ក្នុង​ករណី​នេះ កម្ពុជា ត្រូវ​តែ​ចុះ​បញ្ជី​រាល់​ជន​ភៀស​ខ្លួន​ដែល​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ក្នុង​ប្រទេស​របស់​ខ្លួន រួច​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​ស្ថានភាព​របស់​ពួក​គេ​ភ្លាមៗ និង​ប្រកប​ដោយ​ប្រសិទ្ធភាព ទៅ​តាម​គោលការណ៍​នៃ​ការ​កំណត់​ឋានៈ​ជា​ជន​ភៀស​ខ្លួន។

ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ឬ​វៀតណាម ហៅ​ថា ងើយ ទឿង (Người Thượng) គឺ​ជា​ក្រុម​ជនជាតិ​ភាគ​តិច​រស់នៅ​ក្នុង​តំបន់​ភ្នំ​ក្នុង​ខេត្ត​យ៉ាឡាយ (Gia Lai) ខេត្ត​ដាក់ឡាក់ (Dak Lak) និង​ខេត្ត​កនតុម (Kon Tum) ដែល​ឋិត​នៅ​ប៉ែក​កណ្ដាល​ប្រទេស​វៀតណាម ជាប់​ព្រំប្រទល់​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី របស់​កម្ពុជា។ ពួក​គេ​បាន​រត់​ចូល​មក​ប្រទេស​កម្ពុជា ជា​ថ្មី កាល​ពី​ចុង​ឆ្នាំ​២០១៤ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រក​កោន ដោយ​និយាយ​ថា ពួក​គេ​ត្រូវ​បាន​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ធ្វើ​បាប។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ ក៏​បាន​ចេញ​របាយការណ៍​ទទូច​ឲ្យ​រដ្ឋាភិបាល​វៀតណាម ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ផង​ដែរ។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ រក​ឃើញ​ថា ការ​រំលោភ​បំពាន​លើ​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា ដោយ​អាជ្ញាធរ​វៀតណាម ថា​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដោយ​ហេតុ​ថា វា​មាន​ការ​រៀបចំ​នូវ​គោល​នយោបាយ​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ក្នុង​នោះ​រួម​មាន ការ​តាម​ដាន​ឃ្លាំ​មើល​សកម្មភាព ការ​សម្លុត​បំភ័យ​គំរាម​កំហែង ការ​ចាប់​ខ្លួន​ដោយ​បំពាន និង​ការ​ធ្វើ​បាប​ក្នុង​ពេល​ឃុំ​ខ្លួន ជាដើម។

រហូត​មក​ទល់​ពេល​នេះ មាន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ចំនួន ១៣​នាក់​ហើយ ត្រូវ​បាន​កម្ពុជា ទទួល​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ជា​ជន​ភៀស​ខ្លួន។ ដោយឡែក​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ប្រមាណ ១០០​នាក់​ផ្សេង​ទៀត មិន​ទាន់​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ឡើយ​ទេ ហើយ​សព្វថ្ងៃ ពួក​គេ​កំពុង​ស្ថិត​ក្រោម​ការ​ទំនុក​បម្រុង​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប្រចាំ​កម្ពុជា (UNHCR)។
ម៉ុងតាញ៉ា ១៨​នាក់ ៦២០
ក្រុម​ម៉ុងតាញ៉ា ១៨​នាក់ ទើប​ភៀស​ខ្លួន​មក​ដល់​ព្រៃ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៥ ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា។ Provided photo

ឆ្លើយ​តប​ចំពោះ​ការ​ទទូច​របស់​អង្គការ​អន្តរជាតិ​ពេល​នេះ មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ កញ្ញា ថា ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ទាំងអស់​នោះ បាន​ឆ្លង​ចូល​មក​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់។ ដូច្នេះ កម្ពុជា ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​ខ្លួន។ លោក ខៀវ សុភ័គ បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ទុក​ពេល​ឲ្យ យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR) ចំនួន ៣​ខែ ដើម្បី​ចាត់ចែង​បញ្ជូន​ខ្លួន​ពួក​គេ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ។ បើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​នឹង​ចាត់ចែង​ទៅ​តាម​ច្បាប់​របស់​កម្ពុជា។ យ៉ាង​ណា លោក ខៀវ សុភ័គ មិន​បាន​បញ្ជាក់​ពី​ពេលវេលា​កំណត់​ចុង​ក្រោយ សម្រាប់​ការ​បញ្ជូន​ខ្លួន​ជន​ភៀស​ខ្លួន​ទាំង​នោះ​ឡើយ៖ «វៀតណាម គេ​បើក​ទូលាយ​តើ! បើ យូ.អិន.អេច្ឆ.ស៊ី.អ ចង់​ទៅ​តាម​មើល មើល​បាន តើ​ការ​គាប​សង្កត់​យ៉ាង​ម៉េច គឺ​គេ​ដឹង»។

ទាក់ទង​នឹង​រឿង​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម នេះ​ដែរ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ឲ្យ​ដឹង​ថា អ្នកស្រី​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ ប៉ុន្តែ​អ្នកស្រី​មិន​បញ្ជាក់​អំពី​ខ្លឹមសារ​លម្អិត​ទាក់ទង​នឹង​រឿង​នេះ​នោះ​ទេ។

ដំណឹង​នៃ​ការ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា-វៀតណាម ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម គឺ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​បញ្ជូន​មន្ត្រី​កម្ពុជា ទៅ​កាន់​កោះ​ណាវរូ (Nauru) ដើម្បី​សម្ភាស​ជន​ភៀស​ខ្លួន​នៅ​ទីនោះ មក​រស់នៅ​កម្ពុជា បន្ថែម​ទៀត។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាំង​នេះ​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ពុំ​ស្មើ​ភាព​គ្នា មាន​ន័យ​ថា រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ភៀស​ខ្លួន​មក​ពី​កោះ​ណាវរូ តាម​ការ​ស្នើសុំ​របស់​ប្រទេស​អូស្ត្រាលី តែ​កម្ពុជា បែរ​ជា​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ទៅ​វិញ។ ពួក​គេ​អះអាង​ថា ការ​អនុវត្ត​មិន​ស្មើ​ភាព​គ្នា​ចំពោះ​ជន​ភៀស​ខ្លួន​ដូច​គ្នា​នេះ គឺ​ជា​ការ​រំលោភ​ទៅ​លើ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ជន​ភៀស​ខ្លួន ដែល​កម្ពុជា ជា​រដ្ឋ​ភាគី៕

No comments: