បក្សប្រឆាំងធានាធ្វើការអភិវឌ្ឍប្រទេសមិនឲ្យពលរដ្ឋស្រក់ទឹកភ្នែក
Fri, 25 September 2015 ppp
មាស សុខជា
កំពង់ឆ្នាំងៈ មេដឹកនាំគណបក្សប្រឆាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិខាងមុខដោយធានាថានឹងធ្វើការអភិវឌ្ឍប្រទេស ដោយមិនធ្វើឲ្យប្រជាពលរដ្ឋស្រក់ទឹកភ្នែកដូចគណបក្សកាន់អំណាចសព្វថ្ងៃឡើយ។
ក្នុងពិធីជួបសំណេះសំណាលជាមួយខ្មែរអ៊ិស្លាមនៅស្រុកកំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំងកាលពីម្សិលមិញលោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងថាខ្មែរអ៊ិស្លាមព្រួយបារម្ភនឹងការអភិវឌ្ឍរបស់រដ្ឋាភិបាលបច្ចុប្បន្នដែលធ្វើឲ្យពួកគេបាត់បង់ដីធ្លី និងផ្ទះសំបែង។
មេដឹកនាំទាំងពីរបន្តថា ផែនការអភិវឌ្ឍរបស់គណបក្សសង្គ្រោះជាតិគឺខុសពីគណបក្សប្រជាជននៅពេលគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតជាតិ។
លោក សម រង្ស៊ី បានថ្លែងថា៖ «ប៉ុន្តែអ្វីដែលយើងអាចធានាបាន ១០០% គឺការបោះឆ្នោតជាតិឆ្នាំ ២០១៨ ។ ការបោះឆ្នោតរដ្ឋាភិបាលនឹងផ្លាស់ប្តូរ ផ្លាស់ប្តូរមេដឹកនាំកំពូលផ្លាស់ប្តូរគោលនយោបាយជាតិ»។
លោក សម រង្ស៊ី បន្តថា៖ «ជាគោលការណ៍ពេល [គណបក្សសង្គ្រោះជាតិ] ដឹកនាំប្រទេសយើងនឹងយកគោលការណ៍អនុវត្តប្រជាពលរដ្ឋជាម្ចាស់ដី។ ចង់អភិវឌ្ឍចង់រៀបចំកន្លែងនេះឲ្យល្អប្រសើរប៉ុន្តែការអភិវឌ្ឍនោះគឺជាការអភិវឌ្ឍដើម្បីប្រជាពលរដ្ឋមិនមែនដើម្បីក្រុមហ៊ុនដើម្បីឧកញ៉ាទេ... ព្រោះពលរដ្ឋជាម្ចាស់ដី»។
លោកបញ្ជាក់ជាថ្មីថាពេលគណបក្សសង្គ្រោះជាតិដឹកនាំប្រទេសពលរដ្ឋដែលធ្លាប់រស់នៅទីណាត្រូវតែរស់នៅទីនោះដដែលដោយគ្មានការបណ្តេញចេញទេ។
ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានច្រានចោលការលើកឡើងរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងការអភិវឌ្ឍរបស់រដ្ឋាភិបាលហើយថាការលើកឡើងនេះមិនផ្អែកលើការពិតទេប៉ុន្តែដើម្បីចំណេញនយោបាយ។
លោកបានបញ្ជាក់ថា៖ «គំនិតរបស់គាត់គឺជាចម្រៀងដដែលៗគ្មានអ្វីប្លែកទេ។ បើទោះបីជាគ្មានចំណុចអវិជ្ជមានក៏ដោយប៉ុន្តែគាត់នៅតែលើកចំណុចអវិជ្ជមានដើម្បីបន្ទាបបន្ថោកសមិទ្ធផលរបស់គណបក្សកាន់អំណាចដើម្បីយកចំណេញខ្លួនឯង»។
ចំពោះការរិះគន់នេះលោក ឥសាន បានអះអាងថាគណបក្សប្រជាជនមិនអាចទទួលយកបានទេព្រោះនេះមិនមែនជាការរិះគន់ដើម្បីស្ថាបនាទេប៉ុន្តែជាការរិះគន់ដើម្បីចំណេញនយោបាយ៕ TK
No comments:
Post a Comment