ដោយ អ៊ុំ រង្សី
2015-08-28 rfa
សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធសិទ្ធិស្ត្រី បានបង្ហាញក្ដីបារម្ភជាថ្មីចំពោះបទល្មើសរំលោភសេពសន្ថវៈលើស្ត្រី ឬអនីតិជនដែលនៅតែបន្តកើនឡើងជាបន្តបន្ទាប់។ បញ្ហានេះ សង្គមស៊ីវិលយល់ ថា ដោយសារការតែការអនុវត្តច្បាប់នៅមានភាពធូររលុង ការបន្តដោះស្រាយក្រៅប្រព័ន្ធច្បាប់ដើម្បីបញ្ចប់រឿងធ្វើឲ្យជនល្មើសបានចិត្តបំពានច្បាប់។ សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលចាត់វិធានការលើបទល្មើសរំលោភឲ្យមានប្រសិទ្ធភាព។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធសិទ្ធិស្ត្រីយល់ថា សមត្ថកិច្ចជំនាញពាក់ព័ន្ធមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ ជួយទប់ស្កាត់បទល្មើសរំលោភសេពសន្ថវៈលើស្ត្រីនិងកុមារ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់មានករណីរំលោភបូក រួចសម្លាប់លើក្មេងស្រីអាយុក្រោម ១៨ឆ្នាំម្នាក់ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែសីហា។
មន្ត្រីជាន់ខ្ពស់ឃ្លាំមើលការរំលោភសិទ្ធិស្ត្រី នៃអង្គការលីកាដូ (LICADHO) កញ្ញា ណាប់ សុម៉ាលី បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ សីហា ថា មួយរយៈក្រោយនេះ ករណីរំលោភសម្លាប់បានក្លាយជាក្តីកង្វល់ធ្ងន់ធ្ងរលើស្ត្រី ពិសេសអនីតិជន ដែលភាគច្រើនកើតមាននៅតាមជនបទដាច់ស្រយាល។ កញ្ញាបន្តថា តាមការរកឃើញរបស់លីកាដូ ភាគច្រើនមកពីកត្តាឪពុកម្ដាយធ្វេសប្រហែស ការកើនឡើងរូបភាពអាសអាភាសនៅលើទូរស័ព្ទដៃ ឬបណ្ដាញទំនាក់ទំនងសង្គម បង្កឲ្យជនមួយចំនួនហ៊ានប្រព្រឹត្តផ្ទុយពីច្បាប់។
ជាងនេះទៀត កញ្ញា ណាប់ សុម៉ាលី យល់ថា បើបទល្មើសរំលោភនៅតែបន្តកើនឡើងឥតឈប់ឈរ វាមិនត្រឹមតែធ្វើឲ្យសីលធម៌សង្គមបន្តធ្លាក់ចុះ វាថែមទាំងធ្វើឲ្យជនល្មើសបន្តបានចិត្តបំពានច្បាប់៖ «ភាគច្រើនជនដែលប្រព្រឹត្តបទល្មើសមានអាយុក្រោម ១៨ឆ្នាំ ហើយជនរងគ្រោះភាគច្រើនមានអាយុក្រោម ១៨ឆ្នាំដូចគ្នា អ៊ីចឹងវាជាក្តីបារម្ភមួយ បើយុវជនទាំងនោះបានក្លាយជាជនល្មើសទាំងវ័យក្មេង វាជាអន្តរាយ ព្រោះយុវជនគឺជាធនធាន និងជាទំពាំងស្នងឫស្សីរបស់សង្គមជាតិ»។
អ្នកឃ្លាំមើលការរំលោភសិទ្ធិស្ត្រីរូបនេះ បានស្នើឲ្យរដ្ឋាភិបាលត្រូវតែមានវិធានការជាបន្ទាន់លើជនល្មើសទាំងនោះឲ្យមានប្រសិទ្ធភាព មិនត្រូវបណ្ដោយឲ្យជនល្មើសទាំងនោះរួចខ្លួននោះទេ។ ជាងនេះទៀត ត្រូវតែរឹតបន្តឹងលើគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទប់ស្កាត់ការហូរចូលគ្រឿងញៀន និងវីដេអូអាសអាភាសជាដើម៖ «គួរតែមានប្រព័ន្ធផ្ដន្ទាទោសឲ្យមានប្រសិទ្ធភាពលើជនល្មើសទាំងនោះ ដើម្បីឲ្យជនរងគ្រោះទទួលបានយុត្តិធម៌ និងជាការព្រមានដល់ជនល្មើសទាំងនោះកុំឲ្យចេះតែមិនខ្លាច ច្បាប់»។
ករណីនេះ ត្រូវបានប្រធាននាយកដ្ឋានផ្លូវច្បាប់នៃក្រសួងកិច្ចការនារី អ្នកស្រី កេត ម៉ារឌី ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២០ ខែសីហា ថា អ្នកស្រីទទួលស្គាល់ថា ការរំលោភសេពសន្ថវៈនៅតែបន្តកើតមានលើស្ត្រី និងកុមារ ហើយករណីនេះ ក្រសួងបានបង្កើតឲ្យមានភ្នាក់ងារស្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីតាមដានធ្វើយ៉ាងណាឲ្យមានការទប់ស្កាត់លើករណីហិង្សា ឬរំលោភសេពសន្ថវៈលើស្ត្រី។
កាលពីថ្ងៃទី២៧ ខែសីហា ក្មេងស្រីអាយុ ១៧ឆ្នាំម្នាក់ ត្រូវបានជនពាលមួយក្រុមចាប់រំលោភរួចហើយសម្លាប់ចោលនៅចំណុចវាលដងទង់ ស្ថិតនៅខាងជើងភូមិគ ឃុំក្រែក ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយករណីនេះ ក្រុមជនល្មើសមិនទានត្រូវបានចាប់ខ្លួនមកផ្ដន្ទាទោសនៅឡើយ។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សអាដហុក (ADHOC) បានបង្ហាញថា នៅក្នុង ៦ខែ ដើមឆ្នាំ២០១៥ សមាគមអាដហុក បានធ្វើការស៊ើបអង្កេត និងអន្តរាគមន៍បទល្មើសរំលោភសេពសន្ថវៈចំនួន ១៣១ករណី។ ក្នុងចំណោម ១៣១ករណីនេះ មានរំលោភសម្លាប់ចំនួន ៣ករណី រំលោភបូក ៦ករណី រំលោភជនពិការ ១៥ករណី។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ មានការកើនឡើង ៥១ករណី៕
No comments:
Post a Comment