ដោយ យាង សុជាមេត្តា
2015-08-27 rfa
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំការចុះឈ្មោះបោះឆ្នោតសាកល្បងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥។ ការសម្រេចរបស់ គ.ជ.ប ដូចនេះ ត្រូវបានប្រកាសឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន បន្ទាប់ពីមានកិច្ចប្រជុំកាលពីថ្ងៃទី២៦ សីហា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសថា ក្នុងការរៀបចំការចុះឈ្មោះបោះឆ្នោតសាកល្បងនេះ គ.ជ.ប សម្រេចជ្រើសយកឃុំ-សង្កាត់ចំនួន២៥ នៅក្នុង ២៥រាជធានី-ខេត្តទូទាំងប្រទេស សម្រាប់ធ្វើជាកន្លែងចុះឈ្មោះសាកល្បង។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យដឹងបន្ថែមនៅថ្ងៃទី២៧ សីហា ថា គ.ជ.ប បានជ្រើសរើសឃុំ-សង្កាត់ចំនួន២៥ នោះរួចរាល់ហើយ សម្រាប់ធ្វើការចុះឈ្មោះសាកល្បង ក្នុងនោះភូមិចំនួន៤៣ ត្រូវបានជ្រើសចេញពីឃុំទាំង ២៥នោះ។ លោក ហង្ស ពុទ្ធា ឲ្យដឹងដែរថា ក្នុងការចុះឈ្មោះសាកល្បងនេះ គ.ជ.ប គ្រោងចំណាយប្រមាណ ៧០ម៉ឺនដុល្លារ ដែលជាថវិការបស់រដ្ឋាភិបាល។
បើទោះជាបញ្ហានយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កំពុងតែឡើងកម្ដៅដាក់គ្នាក្តី ប៉ុន្តែ លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា បញ្ហានយោបាយនឹងមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការការងាររបស់ គ.ជ.ប នោះទេ៖ «យើងបានប្ដេជ្ញារួមគ្នាថា ទោះបីកម្ដៅនយោបាយយ៉ាងណាក៏ដោយ យើងរួមគ្នាធ្វើការដើម្បីជាប្រយោជន៍ និងជាគំរូបោះឆ្នោតមួយដែលមានស្តង់ដារ អាចទទួលយកបានដោយអ្នកបោះឆ្នោត និងស្ថាប័នពាក់ព័ន្ធ ព្រោះ គ.ជ.ប ត្រូវបានទទួលស្គាល់ដោយព្រះរាជក្រឹត្យទៅហើយ អ៊ីចឹង គ.ជ.ប មានតួនាទីបំពេញការងាររបស់ខ្លួនទៅតាមការចាំបាច់ រៀបចំការបោះឆ្នោតមួយ យ៉ាងហោចក៏ល្អប្រសើរជាងមុនដែរ»។
នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតមានចំនួនសរុបជាង ៩លាន ៦សែននាក់ ក្នុងនោះមានពលរដ្ឋប្រមាណ ៧០ភាគរយប៉ុណ្ណោះដែលបានទៅបោះឆ្នោត។
លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការចុះឈ្មោះបោះឆ្នោតសាកល្បង គឺធ្វើឡើងដោយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រទាំងអស់ ព្រមទាំងឧបករណ៍ស្កេន (Scan) មេដៃជាដើម។ លោកថា បើតំបន់ណាគ្មានប្រព័ន្ធអគ្គិសនីចូលទៅដល់ គ.ជ.ប ក៏នឹងត្រៀមម៉ាស៊ីនភ្លើងផងដែរ។ លោក ហង្ស ពុទ្ធា អះអាងថា ការចុះឈ្មោះបោះឆ្នោតសាកល្បង នឹងផ្តល់ឲ្យ គ.ជ.ប នូវបទពិសោធន៍ខាងការងារបច្ចេកទេសពាក់ព័ន្ធការចុះឈ្មោះបោះឆ្នោត បទពិសោធន៍ក្នុងការរៀបចំទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការងាររៀបចំការបោះឆ្នោត និងបទពិសោធន៍ជាមួយពលរដ្ឋអ្នកចុះឈ្មោះបោះឆ្នោត ជាដើម។
លោក ហង្ស ពុទ្ធា ឲ្យដឹងដែរថា ការចុះឈ្មោះបោះឆ្នោតផ្លូវការទូទាំងប្រទេសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ នឹងធ្វើឡើងចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០១៦។ លោកថា បញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីផ្លូវការ អាចនឹងធ្វើចប់សព្វគ្រប់នៅក្នុងខែសីហា ឆ្នាំ២០១៦៕
No comments:
Post a Comment