កាលពី ៦-៧ខែមុន គេធ្លាប់តែឮថា ជនជាតិវៀតណាម ជាច្រើននាក់បាននាំគ្នាឡើងភ្នំបូកគោ ក្នុងខេត្តកំពត ហើយបានសាងសង់រូបសំណាកជាច្រើនដើម្បីធ្វើជាកន្លែងសក្ការបូជានៃជំនឿសាសនានៅទីនោះ។ ក៏ប៉ុន្តែ បន្ទាប់ពីសមាជិកសភាបានឡើងទៅពិនិត្យនៅលើភ្នំបូកគោ ហើយទីសក្ការបូជារបស់ជនជាតិវៀតណាម ទាំងនោះត្រូវបានបំផ្លាញមក ស្រាប់តែឥឡូវនេះនៅតំបន់ដាច់ស្រយាលនៃខេត្តសៀមរាប ក៏មានជនជាតិវៀតណាម ចូលទៅសង់រូបសំណាកសក្ការបូជាដូចកាលពីនៅលើភ្នំបូកគោ ដែរ។
អាជ្ញាធរខេត្តសៀមរាប និងស្រុកស្វាយលើ ទើបតែសម្ដែងការភ្ញាក់ផ្អើលក្នុងរយៈពេលប្រហែល ១សប្ដាហ៍កន្លងមកនេះ ជុំវិញព័ត៌មានដែលថា មានជនជាតិវៀតណាម មួយចំនួន បានចូលទៅសាងសង់រូបសំណាកសម្រាប់សក្ការបូជាបែបសាសនាជាច្រើននៅក្នុងភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ។
ទីនោះ គឺជាតំបន់ដាច់ស្រយាលចម្ងាយជាង ១០០គីឡូម៉ែត្រនៃភាគឧត្តរពីទីរួមខេត្តសៀមរាប ហើយជាប់ភូមិសាស្ត្រគ្នានឹងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមាជិកក្រុមប្រឹក្សាស្រុកស្វាយលើ ១រូប ដែលជាអ្នកដឹងរឿងនេះ គឺលោក ហុង ប៊ុនឆៃ។ លោកអះអាងប្រាប់វិទ្យុអាស៊ីសេរី កាលពីព្រឹកថ្ងៃអាទិត្យ ទី៣១ ខែឧសភា ថា កាលពី ២-៣ថ្ងៃមុន គឺលោកបានទទួលព័ត៌មានថា មានជនជាតិវៀតណាម មួយចំនួនបានចូលមកសង់រូបសំណាកសក្ការបូជានៅក្នុងភូមិផ្ចឹកជ្រុំ នៃឃុំកន្ទួត ស្រុកស្វាយលើ។ សមាជិកក្រុមប្រឹក្សាស្រុកដដែលឲ្យដឹងថា ប្រធានការិយាល័យធម្មការ និងសាសនា បានចុះទៅពិនិត្យមើលកន្លែងសាងសង់រូបសំណាកសក្ការបូជានោះម្ដងមកហើយ៖ «រូបនោះមានរូបដូចកាតូលិក រូបអីខ្លះទេ ខ្ញុំស្គាល់មិនច្បាស់អស់ដែរ ទាំងតូចទាំងធំចំនួន ១២រូប»។
ចំណែកប្រធានការិយាល័យធម្មការ និងសាសនា ស្រុកស្វាយលើ លោក យ៉ាន់ ង៉ិក ឲ្យដឹងថា កាលពី ៣ថ្ងៃមុន គឺលោកបានចុះទៅពិនិត្យដល់កន្លែងសាងសង់រូបសំណាកសក្ការៈបែបសាសនានោះ ហើយបានពិនិត្យឃើញរូបសំណាកទាក់ទងនឹងសាសនាជាច្រើន ត្រូវបានជនជាតិវៀតណាម កំពុងកសាងឡើង។
រូបសំណាកទាំងនោះមានដូចជា ព្រះនាងគង់ស៊ីអ៊ីម និងរូបព្រះ ប៉ុន្តែមិនមែនជាលក្ខណៈព្រះពុទ្ធសាសនាទេ។ ក្រៅពីពិនិត្យមើលឃើញការសាងសង់នោះ លោកក៏បានឃើញជនជាតិវៀតណាម រស់នៅជាលក្ខណៈគ្រួសារ ដោយរួមទាំងជាងសាងសង់ផងចំនួន ៦គ្រួសារ។
ប្រធានការិយាល័យធម្មការ និងសាសនាដដែលបញ្ជាក់ថា បើទោះបីជាលោកបានចុះទៅពិនិត្យមើលឃើញការសាងសង់រូបសក្ការបូជាទាំងនោះ ដោយគ្មានការអនុញ្ញាតច្បាប់ត្រឹមត្រូវក៏ដោយ ក៏នៅពេលដែលលោកសាកសួរទៅកាន់ជនជាតិវៀតណាម ថាតើរូបទាំងនេះបានសាងសង់តាំងពីពេលណា គឺពួកគេមិនបានឆ្លើយប្រាប់តាមត្រង់ឡើយ៖ «សំណង់នោះគាត់អត់បកស្រាយព័ត៌មានជូនខ្ញុំច្បាស់លាស់ទេ ព្រោះខ្ញុំបានធ្វើសម្ភាសជាមួយគាត់ គាត់ប្រាប់ថាទើបតែធ្វើបានរយៈពេល ១ខែ ក៏ប៉ុន្តែអ្នកដឹងរឿងខ្លះថាការធ្វើនេះលឿនណាស់ ដូចរូបគង់ស៊ីអ៊ីមទំហំ ១,២ម៉ែត្រគុណនឹង ៤ម៉ែត្រអី ធ្វើតែ ៤-៥ថ្ងៃរួច»។
ការបែកធ្លាយសកម្មភាពជនជាតិវៀតណាម ដែលចូលទៅសង់រូបសំណាកលួចលាក់នៅតំបន់ដាច់ស្រយាលនៃខេត្តសៀមរាប នេះ បានធ្វើឲ្យភ្ញាក់ផ្អើលឡើងបន្ទាប់ពីមានអ្នកទៅដល់ទីនោះ ហើយបានថតរូបភាពបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ចែករំលែកតៗគ្នាមក។
ប្រភពព័ត៌មានពីមន្ត្រីស្រុកស្វាយលើ ឲ្យដឹងថា ការសាងសង់រូបសំណាកសក្ការបូជានេះ គឺធ្វើឡើងនៅលើដីកម្មសិទ្ធិឯកជនទំហំ ១០ហិកតារ ដែលម្ចាស់រស់នៅឯសង្កាត់ច្បារអំពៅ ទីក្រុងភ្នំពេញ ដោយប្រពន្ធជាជនជាតិខ្មែរ ហើយប្ដីជាជនជាតិវៀតណាម។ ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា មានព្រះសង្ឃវៀតណាម ១អង្គឈ្មោះ តាំង មិន តែងចេញចូលពីប្រទេសវៀតណាម ទៅសាងសង់រូបសំណាកទីនោះ។
ពាក់ព័ន្ធនឹងរឿងនេះដែរ ប្រជាពលរដ្ឋម្នាក់ដែលរស់នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ប្រាប់ថា គាត់បានដឹងពីរឿងជនជាតិវៀតណាម ចូលទៅសាងសង់រូបសំណាកទីនោះរយៈពេល ៥ខែហើយ។ ប្រជាពលរដ្ឋដដែលបញ្ជាក់ថា គាត់បានដឹងរឿងជនជាតិវៀតណាម ចូលទៅសង់រូបសំណាកទីនោះតាមរយៈមន្ត្រីយោធាម្នាក់ ដែលមានដីចម្ការនៅម្ដុំភូមិសាស្ត្រអូរអាកុក ប៉ុន្តែនៅពេលដែលគាត់ប្រាប់ទៅមនុស្សជាច្រើន គឺពួកគេមិនចាប់អារម្មណ៍៖ «ទាហាននោះប្រាប់ថា ឃើញយួន ទៅបោះជំរំ ហើយយកអំណោយទៅចែកអ្នកស្រុក ហើយគេទៅតាំងសីលភាវនាអី។ វានៅក្នុងចម្ការកៅស៊ូវៀតណាម មានឡានក្រុងឡានអីគេចូលទៅលេងគ្នាគេដល់កន្លែងនោះឯង»។
អាជ្ញាធរខេត្តសៀមរាប សម្ដែងការសោកស្ដាយចំពោះអាជ្ញាធរមូលដ្ឋាន ដែលបណ្តោយឲ្យជនជាតិវៀតណាម ចូលទៅសាងសង់រូបសំណាកសក្ការបូជា ថែមទាំងមិនដឹងអ្វីសោះនោះ។
អភិបាលរងខេត្តសៀមរាប លោក ប៊ុន ថាឬទ្ធិ មានប្រសាសន៍ថា កាលពី ២ថ្ងៃមុន ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជូនកម្លាំងទៅដល់កន្លែងនោះ ហើយបាននាំខ្លួនជនជាតិវៀតណាម ៤នាក់ ដែលពាក់ព័ន្ធនឹងសកម្មភាពនោះមកសាកសួរ។ ក្នុងចំណោមជនជាតិវៀតណាម ទាំង ៤នាក់នោះ គឺ ២នាក់មានលិខិតឆ្លងដែន ចំណែក ២នាក់ទៀតមានតែអត្តសញ្ញាណប័ណ្ណវៀតណាម។ ទោះយ៉ាងណា សមត្ថកិច្ចខេត្តសៀមរាប បានបញ្ជូនជនជាតិវៀតណាម ទាំង ៤នាក់ បន្តទៅនាយកដ្ឋានជនបរទេសឯទីក្រុងភ្នំពេញហើយ។
ពាក់ព័ន្ធនឹងកន្លែងសង់រូបសំណាកសក្ការបូជាវិញនោះ អាជ្ញាធរខេត្តសៀមរាប បានត្រឹមតែផ្អាកជាបណ្ដោះអាសន្ន ហើយកំពុងរង់ចាំការសម្រេចពីអភិបាលខេត្តថា តើត្រូវវាយបំផ្លាញ ឬក៏យ៉ាងណា?៖ «រឿងនេះខ្ញុំបានធ្វើរបាយការណ៍ជូនអភិបាលខេត្ត ហើយមិញនេះ គាត់ទើបតែចុះពីលើយន្តហោះមកពីប្រជុំ អ៊ីចឹងថ្ងៃច័ន្ទ ឬថ្ងៃអង្គារ ខ្ញុំនឹងដាក់ជូនគាត់។ ខ្ញុំគិតថា យើងអាចបិទមិនឲ្យមានការសាងសង់ទៀតទេ»។
អាជ្ញាធរខេត្តសៀមរាប អះអាងថា នេះជាលើកទី១ហើយដែលខេត្តនេះមានករណីជនជាតិវៀតណាម បានចូលទៅសាងសង់រូបសំណាកសក្ការបូជានៅតំបន់ដាច់ស្រយាលដោយលួចលាក់ និងគ្មានអាជ្ញាធរណាដឹងឮទាល់តែសោះនោះ៕
No comments:
Post a Comment