ដោយ៖ ស៊ុន ណារិន | ថ្ងៃពុធ ទី3 មិថុនា 2015,
សាស្ដ្រាចារ្យទស្សនៈវិជ្ជា លោក ស៊ន តារា ដែលកំពុងជាប់បណ្តឹងនៅតុលាការ នៅថ្ងៃពុធនេះបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹង លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ពីបទជេរប្រមាថសាធារណៈ និងញុះញង់ឲ្យមានការរើសអើង។
ពាក្យបណ្តឹងរបស់លោក ស៊ន តារា ឲ្យដឹងថាកាលពីខែសីហា និងតុលា ឆ្នាំ២០១៤ លោក ខឹម វាសនា បាននិយាយក្នុងវេទិកាសាធារណៈ ដោយលោក ស៊ន តារា អះអាងថាលោក ខឹម វាសនា បានជេរប្រមាថរូបលោក ដោយពាក្យអសុរសធ្ងន់ធ្ងរ ក្នុងនោះមានពាក្យដូចជា«អាឈាមឆ្កែ ជាកំពូជថោក អាអាចម៌ មុខហ្អែងដូចអាចម៌ អាសំគីស អាសណ្តានឈាមឈ្លើង…»។
នៅក្នុងពាក្យបណ្តឹងនោះ លោក ស៊ន តារា បានលើកឡើងការពីការជេរប្រមាថផ្សេងៗទៀត ដោយលោកបានចោទលោក ខឹម វាសនាថាបានជេរប្រមាថមកលើរូបលោក។ លោក ស៊ន តារា បានភ្ជាប់ខ្សែវីដេអូក្លីបនៃវេទិកាតាមមូលដ្ឋានទាំងនោះ ដាក់ទៅតុលាការផងដែរ។
បើតាមពាក្យបណ្តឹង លោក ស៊ន តារា បានលើកឡើងលោកបានបាត់បង់ការងារ និងរងការស្អប់ខ្ពើម ដោយសារពាក្យជេរប្រមាថនេះ។ លោកបានលើកឡើងថា«ខ្ញុំបានបាត់បង់ការងារអាជីព និងទទួលការរើសអើងពីសាកលវិទ្យាល័យជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ …ទីពីរខ្ញុំរងនូវសម្ពាធសតិអារម្មណ៍ទ្រុឌទ្រោម វិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ និងសុខភាពផ្លូវកាយ។ …ទីបីខ្ញុំទទួលការស្អប់ខ្ពើម រើសអើងពីអ្នកគាំទ្រគណបក្សសម្ប័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលការស្តីបន្ទោសពីក្រុមគ្រួសារ ធ្វើឲ្យគ្រួសារខ្ញុំអាម៉ាស់ អាក់អន់ស្រពន់ចិត្តលើរូបខ្ញុំ ធ្វើឲ្យខ្ញុំរឹតតែឯកកោ»។
លោក ស៊ន តារា ប្រាប់VODនៅល្ងាចថ្ងៃពុធនេះថាការប្តឹងរបស់លោក មិនមែនដោយសារលោកខឹងនឹងលោក ខឹម វាសនា និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានប្តឹងរូបលោកនោះទេ។ លោកថាលោកចង់ឲ្យលោក ខឹម វាសនា ទទួលខុសត្រូវផ្លូវច្បាប់ទៅលើករណីដែលលោកចោទថាបានប្រមាថមកលើរូបលោក។ លោកបន្ថែមថាលោកសង្ឃឹមថាតុលាការនឹងចាត់ការរឿងនេះ ដោយសារលោកប្តឹងដោយមានភ័ស្តុតាងជាវីដេអូក្លីប មិនដូចការប្តឹងលើការអត្ថាធិប្បាយនៅនៅលើប្រព័ន្ធសង្គមនោះទេ។
លោក ស៊ន តារា មានប្រសាសន៍ថា«ខ្ញុំជឿជាក់ថាតុលាការនឹងចាត់ការ។ ខ្ញុំមានវីដេអូក្លីបនៅតាមមូលដ្ឋាន។ ខ្ញុំប្តឹង ខឹម វាសនា ដោយយកវីដេអូនៅតាមមូលដ្ឋានជាភ័ស្តុតាង មិនមែនតាមហ្វេសបុកនោះទេ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក ខឹម វាសនា មានប្រសាសន៍ថាការប្តឹងនេះជាសិទ្ធិរបស់បុគ្គលម្នាក់។ លោកបន្តថាលោកនឹងទៅបំភ្លឺ ប្រសិនបើតុលាការហៅរូបលោក។ លោកបញ្ជាក់ថា«ខ្ញុំគិតថាគាត់[ស៊ន តារា ]យល់ឃើញថាម៉េច គាត់ធ្វើតាមហ្នឹងទៅ។ ចាំមើលតុលាការហៅ យើងទៅ។ វាមិនដែលនរណាសុខៗទៅថាឲ្យគេម៉េច សុទ្ធតែមានហេតុរបស់វា។ ចាំពេលណា តុលាការហៅទៅ ពូទៅបំភ្លឺ»។
អានបន្ត...
គួររំឭកថា ថ្មីៗនេះ លោក ស៊ន តារា ត្រូវលោក ឆឺយ ប៊ុនធឿន ក្នុងនាមគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្ដឹងពីបទបរិហារកេរ្ដិ៍ និងបទញុះញង់ឲ្យមានការរើសអើង និងទាមទារប្រាក់សំណង៣ម៉ឺនដុល្លារ ទាក់ទិននឹងការបង្ហោះព័ត៌មានលើបណ្ដាញសង្គមហ្វេសប៊ុក ចោទប្រកាន់គណបក្សនេះថាកេងចំណេញនយោបាយនៅក្នុងពិធីបុណ្យសពសកម្មជនរបស់ខ្លួន។
លោក ស៊ន តារា ត្រូវចូលបំភ្លឺកាលពីថ្ងៃទី០២ខែមិថុនា តាមការកោះហៅរបស់សាលាដំបូង តែលោកបានស្នើសុំលើកពេលចូលបំភ្លឺ ដោយលោកអះអាងថាដើម្បីទុកពេលសិក្សាផ្លូវច្បាប់ និងស្វែងរកមេធាវី។ លោកបញ្ជាក់ថារហូតមកដល់ពេលនេះ លោករង់ចាំការកោះហៅជាថ្មីរបស់តុលាការ។
បើតាមលោក ស៊ន តារា លោកគឺជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ កន្លងទៅលោកបានបង្ហោះសកម្មភាពរបស់លោកតាមរយៈហ្វេសប៊ុក ទាក់ទងនឹងបញ្ហាសង្គមមួយចំនួន៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.om
No comments:
Post a Comment