ដោយ រដ្ឋា វិសាល
2015-06-25
មន្ត្រីប៉ូលិសអន្តោប្រវេសន៍នៃស្នងការដ្ឋានប៉ូលិសខេត្តរតនគិរី កំពុងស្វែងរកជនពាក់ព័ន្ធនាំជនជាតិវៀតណាម ៤នាក់ចូលមកជីកមាសនៅស្រុកលំផាត់ ដោយចាត់ទុកថា ជនជាតិវៀតណាម ទាំងនោះថាជាជនសង្ស័យត្រូវគេនាំឆ្លងដែនខុសច្បាប់មកកម្ពុជា។ ការស្វែងរកពលរដ្ឋវៀតណាម នេះ គឺឋិតក្នុងយុទ្ធនាការស្វែងរកជនអន្តោប្រវេសន៍ខុសច្បាប់ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា។
រហូតមកទល់នឹងរសៀលថ្ងៃទី២៥ ខែមិថុនា សមត្ថកិច្ចប៉ូលិសខេត្តរតនគិរី មិនទាន់រកឃើញកន្លែងលាក់ខ្លួនជនជាតិវៀតណាម ៤នាក់ ដែលគេចចេញពីរណ្ដៅជីកមាសនៅភ្នំក្រូច ក្នុងភូមិកាទៀង ស្រុកលំផាត់ ខេត្តរតនគិរី នៅឡើយ។
កាលពីថ្ងៃទី២៤ ខែមិថុនា ជនជាតិវៀតណាម ៤នាក់ បានជម្លៀសខ្លួនឡើងភ្នំគេចចេញពីក្រុមសមត្ថកិច្ចខេត្តរតនគិរី ដែលចុះទៅបង្ក្រាបទីតាំងជីករកមាសអនាធិបតេយ្យមួយកន្លែង នៅភ្នំក្រូច ក៏ប៉ុន្តែសាក្សីបញ្ជាក់ថា ម្ចាស់ទីតាំងជីករកមាសជាអ្នកនាំជនជាតិវៀតណាម មកជីករកមាស និងជាអ្នកគ្រប់គ្រងការស្នាក់នៅរបស់ពួកគេ។
ស្នងការរងប៉ូលិសខេត្តរតនគិរី ទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ លោក ជា ប៊ុនធឿន ឲ្យដឹងថា កម្លាំងប៉ូលិសកំពុងស៊ើបអង្កេតរកប្រភពម្ចាស់ទីតាំងជីកមាសនោះហើយ ក៏ប៉ុន្តែលោកមិនទាន់ទទួលរបាយការណ៍យ៉ាងណានៅឡើយ។ លោកបន្តថា ស្នងការប៉ូលិសបានដាក់បទបញ្ជាឲ្យស្វែងរកជនជាតិវៀតណាម ទាំង ៤នាក់នេះ ដើម្បីត្រួតពិនិត្យការស្នាក់នៅរបស់ពួកគេ៖ «ម្សិលមិញខាងកម្លាំងចុះទៅដល់ គឺថាពួកវាបានរត់គេចខ្លួនអស់ ៤នាក់ហ្នឹងណា។ ឥឡូវយើងកំពុងស្រាវជ្រាវរក តើនរណាជាអ្នកនាំជនបរទេសទាំងនោះចូលមក? ស្នងការកំពុងចំណាត់ការហើយ»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអាដហុក (adhoc) កាលពីថ្ងៃទី២៤ ខែមិថុនា បានរកឃើញទីតាំងលួចលាក់ជីករកមាសនៅភ្នំក្រូច ក្នុងនោះបានប្រទះឃើញជនជាតិវៀតណាម ២នាក់ កំពុងឋិតក្នុងអណ្ដូងរ៉ែមាស និង ២នាក់ទៀតនៅផ្នែកខាងលើ ដើម្បីយោងយករ៉ែមាសពីក្នុងអណ្ដូង។ ស្របគ្នានោះដែរ ក្រុមសមត្ថកិច្ចប៉ូលិស និងមន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី បានចុះមកដល់ទីកើតហេតុ និងបានរកឃើញខ្ទមប្រក់កៅស៊ូចំនួនបីបន្ថែមទៀតនៅជើងភ្នំមាត់អូរ ដែលមានជនជាតិខ្មែរស្នាក់នៅទីនោះ ៦នាក់ផ្សេងទៀត។ នៅទីនោះ សមត្ថកិច្ចឃើញមានម៉ាស៊ីនកិនរ៉ែ ម៉ាស៊ីនភ្លើង និងគំនររ៉ែគ្របសំពត់កៅស៊ូ និងសម្ភារៈធ្វើអាជីវកម្មរ៉ែមួយចំនួនទៀត។
បុរសម្នាក់ដែលអះអាងថា ខ្លួនជាម្ចាស់ដីនៅទីតាំងនោះឈ្មោះ ជុំ ស្រ៊ាង បញ្ជាក់ថា បុរសម្នាក់ឈ្មោះ រិទ្ធិ បានសុំជួលដីនៅតំបន់នោះ ហើយនាំជនជាតិវៀតណាម មកជីករកមាសប្រមាណ ៤ថ្ងៃកន្លងទៅនេះ៖ «គេសុំខ្ញុំហ្នឹង លោក រិទ្ធិ ខ្ញុំអត់ដឹងគេធ្វើការអ្វីដែរ គេមកទាក់ទងខ្ញុំឲ្យកូនចៅគេចុះមក ទើបចុះមក ៣ថ្ងៃហ្នឹង ៤នាក់ អត់ឮគេនិយាយខ្មែរ»។
បន្ទាប់ពីក្រុមសមត្ថកិច្ចរឹបអូសគ្រឿងសម្ភារៈធ្វើអាជីវកម្មរ៉ែមាសនេះ ស្រាប់តែស្ត្រីម្នាក់ដែលគេស្គាល់ថាជាភរិយាមន្ត្រីប៉ូលិសខេត្តរតនគិរី គឺលោក ម៉ម គឹមឆេង ជានាយរងការិយាល័យកណ្ដាលមធ្យោបាយ ប្រកាសប្រាប់សមត្ថកិច្ចនៅកន្លែងបង្ក្រាបថា សម្ភារៈទាំងអស់នោះជារបស់ខ្លួន ហើយទាមទារឲ្យសមត្ថកិច្ចបង្ក្រាបកន្លែងជីកមាសផ្សេងទៀតនៅតំបន់ក្បែរនោះទៀតផង។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី អំពាវនាវសុំឲ្យសមត្ថកិច្ចប៉ូលិស ស្វែងរកអ្នកដែលនៅពីក្រោយនាំជនជាតិវៀតណាម មកជីករ៉ែមាសខុសច្បាប់។ លោកថា ជនជាតិវៀតណាម ទាំងនោះ ទំនងជាអន្តោប្រវេសន៍ខុសច្បាប់ចូលដីខ្មែរប្រកបរបរខុសច្បាប់បន្ថែមទៀត៖ «អ្វីដែលយើងទៅទាន់ហើយឃើញវៀតណាម គេចខ្លួនតាមជ្រលងភ្នំហ្នឹង យើងសន្និដ្ឋានថា វៀតណាម ត្រូវគេបញ្ជូនមកជីកមាសខុសច្បាប់។ អត្តសញ្ញាណអ្នកនាំមក គឺម្ចាស់ដី ឬម្ចាស់ម៉ាស៊ីននៅហ្នឹង អ៊ីចឹងមិនពិបាករកម្ចាស់ម៉ាស៊ីនទាំង៤ នេះទេ បើសមត្ថកិច្ចចាត់វិធានការម៉ឺងម៉ាត់តាមផ្លូវច្បាប់»។
របាយការណ៍របស់ការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បច្ចុប្បន្នមានពលរដ្ឋវៀតណាម ជាង ៤០០គ្រួសារ កំពុងស្នាក់នៅក្នុងខេត្តនេះ។ ដោយឡែកនៅឆមាសទី១ ឆ្នាំ២០១៥ ស្នងការដ្ឋានប៉ូលិសខេត្តរតនគិរី ចាប់បញ្ជូនជនជាតិវៀតណាម ជាអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៣៤នាក់ បញ្ជូនទៅឲ្យអាជ្ញាធរវៀតណាម វិញ៕
No comments:
Post a Comment