ភ្នំពេញៈ តំណាងរាស្ត្រគណបក្សប្រឆាំងនឹងផ្ញើលិខិតរួមគ្នាមួយទៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅសប្តាហ៍នេះ ដើម្បីជំរុញឲ្យរដ្ឋាភិបាល ដាក់ពាក្យបណ្តឹងទៅតុលាការយុតិ្តធម៌អន្តរជាតិ បន្ទាប់ពីវៀតណាម មិនអើពើនឹងកំណត់ទូតជាបន្តបន្ទាប់របស់កម្ពុជា ដែលតវ៉ាពីការទន្ទ្រានទឹកដីរបស់វៀតណាម។
លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សប្រឆាំងដែលតែងតែចុះទៅពិនិត្យព្រំដែនបានឲ្យដឹងកាលពីម្សិលមិញថា បន្ទាប់ពីរដ្ឋាភិបាលវៀតណាម នៅតែមិនអើពើចំពោះកំណត់ទូតរបស់រដ្ឋាភិបាលកម្ពុជាតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិនឹងផ្ញើលិខិតរួមមួយទៅលោក ហ៊ុន សែន នៅសប្តាហ៍នេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដាក់ពាក្យបណ្តឹងទៅតុលាការយុត្ដិធម៌អន្ដរជាតិអំពីការទន្ទ្រានរបស់វៀតណាមចូលមកក្នុងទឹកដីកម្ពុជា។
«តំណាងរាស្រ្តជិត ១០ រូបនៃ [គណបក្សសង្គ្រោះជាតិ] នឹងផ្ញើលិខិតទៅលោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រ ដោយស្នើសុំឲ្យគាត់ដាក់ពាក្យបណ្តឹងទៅតុលាការយុតិ្តធម៌អន្តរជាតិ»។
កាលពីថ្ងៃសៅរ៍ អាជ្ញាធរខេត្តកណ្តាលបានទប់ស្កាត់តំណាងរាស្រ្តគណបក្សប្រឆាំង លោក អ៊ុំ សំអាន លោក រៀល ខេមរិន្ទ្រ និងប្រជាជនមិនឲ្យចូលទៅ ទីតាំងតំបន់ស នៅក្បែរព្រំដែន ដែល អាជ្ញាធរវៀតណាមបានជីកចាក់គ្រឹះសង់ប៉ុស្តិ៍យោធា នៅស្រុកកោះធំ។
លោក សំអាន បន្តថា វៀតណាមបានសង់ប៉ុស្តិ៍យោធាក្នុងតំបន់ស និងនៅតែបន្តសកម្មភាព សាងសង់បើទោះបីជារដ្ឋាភិបាលកម្ពុជាបានបញ្ជូនកំណត់ទូតទៅរដ្ឋាភិបាលវៀតណាមរួចហើយក្តី។ «អាជ្ញាធរ [កម្ពុជា] ក៏បានហាមឃាត់ [ការសាងសង់]ដែរ ប៉ុន្តែវៀតណាមនៅតែបន្តសាងសង់»។
លោក រៀល ខេមរិន្ទ្រ ក៏បានថ្លែងផងដែរថា នគរបាលជាង ១០០ នាក់ ត្រូវបានដាក់ពង្រាយដើម្បីរារាំងអ្នក តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ព្រះសង្ឃ និងប្រជាជនប្រមាណ ២០០ នាក់មិនឲ្យចូលទៅមើលទីតំាងតំបន់ស នៅក្បែរព្រំដែន ដែលយោធាវៀតណាមបានជីកដើម្បីសង់ប៉ុស្តិ៍យោធារបស់ខ្លួន ដែលមានចម្ងាយប្រហែល ៣០ ម៉ែត្រពីប៉ុស្តិ៍នគរបាលកម្ពុជា ក្នុងភូមិព្រែកស្បូវ ឃុំសំពៅពូន។
លោក ខេមរិន្ទ្រ បញ្ជាក់ថា៖ «ការរាំងស្ទះប្រជាពលរដ្ឋ និងតំណាងរាស្រ្ត ដែលគ្រាន់តែចុះទៅមើលដី ដែលត្រូវបានគេទន្ទ្រានយក គឺខុសយ៉ាងខ្លាំង។
បើយើងចូលដីយួនគឺភ័យខ្លាចមានបញ្ហា ប៉ុន្តែ យួនបានមកឈរលើដីរបស់យើង ហេតុអ្វីបានជាពួកគេមិនភ័យខ្លាច [មានបញ្ហា]។ ហេតុអ្វីបានជាយើងមានការភ័យខ្លាច ចំពោះយួន? យើងគ្រាន់តែចុះទៅមើលដីយើងនៅក្នុងដីយើងប៉ុណ្ណោះ»។
ទោះជាយ៉ាងណា លោក រៀល ខេមរិន្ទ្រ បន្ថែមថាសមាជិកមួយចំនួនក្នុងក្រុមរបស់លោកបានទម្លាយការរាំងស្ទះរបស់នគរបាល ហើយបានចុះដល់ទីតាំងឃើញថា តំបន់ស ត្រូវបានវៀតណាមកំពុងតែជីកបុកគ្រឹះសាងសង់ប៉ុស្តិ៍យោធាមែន។
ប៉ុន្តែ លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា មូលហេតុដែលនគរបាលរារាំងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និងប្រជាជន មិនឲ្យចូលទៅមើលតំបន់វិវាទ គឺដើម្បីការពារសុវត្ថិភាពពួកគេ ក្នុងករណីដែលពួកគេ ចូលទៅក្នុងទឹកដីវៀតណាម ហើយមានការប៉ះទង្គិចនឹងវៀតណាម ព្រោះទីតាំងនោះគឺនៅក្បែរព្រំដែន។
ទោះជាយ៉ាងណា លោកថា តំណាងរាស្រ្ត និងប្រជាជនត្រូវបានគេអនុញ្ញាតឲ្យចូលទីតាំងនោះ។
លោក ចំរើន ថ្លែងថា៖ «ការសាងសង់នេះ គឺស្ថិតនៅលើដីរបស់ពួកគេ [ដីវៀតណាម] ប៉ុន្តែត្រូវតែមានការយល់ព្រមពីយើងផងដែរ ដោយសារវានៅជិតព្រំដែន ហើយវាជាសំណង់រឹងមាំ»។
ប៉ុន្តែនៅពេលសួរថា តើភាគីវៀតណាមបានជីកបុកគ្រឹះ និងដើម្បីសាងសង់ប៉ុស្តិ៍យោធាលើតំបន់ស ឬយ៉ាងណា? លោក ចំរើន បានបដិសេធផ្តល់ការអត្ថាធិប្បាយ ហើយបានបង្វែរ សំណួរឲ្យទៅសួរ លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែនរបស់រដ្ឋាភិបាល ដែលមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានកាលពីថ្ងៃម្សិលមិញ៕ TK
3 comments:
Vietnamese is the main causes of all problems happen in Cambodia that is why khmer people can not live in peace.
To solve Khmer problems, prosecute
Hanoi key leaders.
why not?
Post a Comment