មានរឿងភ្ញាក់ផ្អើលនិងហួសចិត្តមួយបានកើតឡើងទៀតហើយ ពាក់ព័ន្ធនឹងក្រសួងការពារជាតិ ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជារដ្ឋមន្ត្រី គឺដោយសាររថយន្តសង្គ្រោះជាជំនួយរបស់ប្រទេសចិន(China Aid) និងពាក់ស្លាកលេខខេមរភូមិន្ទ បែរជាមកចតប្រចាំការបម្រើផលប្រយោជន៍ឲ្យមន្ទីរសម្រាកព្យាបាលឯកជនមួយឈ្មោះ សួគ៌ា (Soukea Clinic) ឋិតនៅផ្លូវលេខ២១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទៅវិញ ។
មានចំណុចជាច្រើនដែលគួរចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងរថយន្តពេទ្យដែលជាជំនួយរបស់ប្រទេសចិន ត្រូវបានគេយកទៅប្រើប្រាស់ជាប្រយោជន៍ឲ្យគ្លីនិកឯកជនឈ្មោះ សួគ៌ា និងពាក់ស្លាកលេខខេមរភូមិន្ទថែមទៀតនោះ គឺ ៖
១-រថយន្តពេទ្យដាក់ស្លាកបញ្ជាក់ថាជាជំនួយរបស់ប្រទេសចិន ដូចគ្នាទៅនឹងរថយន្តពេទ្យចំនួន២០០គ្រឿងជាជំនួយចិន ដែលក្រសួងសុខាភិបាលបានទទួលរួចហើយកាលពីខែមករាឆ្នាំ២០១៥កន្លងទៅ ហើយក៏បានបែងចែកទៅតាមបណ្តាមន្ទីរពេទ្យរដ្ឋទូទាំងប្រទេសរួចហើយដែរ ដោយតម្រូវឲ្យពាក់ស្លាកលេខរដ្ឋ១២(សំគាល់រថយន្តជាសម្បត្តិរដ្ឋប្រើប្រាស់ដោយក្រសួងសុខាភិបាល) ប៉ុន្តែរថយន្តពេទ្យនេះបែរជាពាក់ស្លាកលេខខេមរភូមិន្ទ និងយកមកបម្រើឲ្យផលប្រយោជន៍របស់គ្លីនិកឯកជនយ៉ាងហ៊ឺហាទៅវិញ ។
២-ក្រសួងការពារជាតិក៏ធ្លាប់បានទទួលជំនួយរថយន្តពេទ្យពីប្រទេសចិនដែរ ។ ឧបមាថា រថយន្តពេទ្យនេះជារថយន្តប្រើប្រាស់ដោយក្រសួងការពារជាតិទៅចុះ គឺត្រូវតម្រូវឲ្យពាក់ស្លាកលេខរដ្ឋ០៦(សំគាល់រថយន្តជាសម្បត្តិរដ្ឋ ប្រើប្រាស់ដោយក្រសួងការពារជាតិ) ប៉ុន្តែរថយន្តពេទ្យនេះបែរជាពាក់ស្លាកលេខខេមរភូមិន្ទទៅវិញ ។
៣-យោងតាមស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសំគាល់យានជំនិះ គឺរថយន្តដែលពាក់ស្លាកលេខខេមរភូមិន្ទត្រូវជារថយន្តគ្រប់គ្រងដោយក្រសួងការពារជាតិសម្រាប់ប្រើប្រាស់នៅសមរភូមិ និងការងារការពារជាតិ ហើយត្រូវលាបពណ៌ត្រេអ៊ី ឬប៉ារ៉ាទៀតផង ។ ចុះហេតុអ្វីរថយន្តពេទ្យពាក់ស្លាកលេខខេមរភូមិន្ទនេះ បែរជាមកចតយ៉ាងសង្ហានៅកណ្តាលរាជធានីភ្នំពេញ បម្រើផលប្រយោជន៍ឲ្យគ្លីនិកឯកជនទៅវិញ ?
សរុបសេចក្តីមក រថយន្តពេទ្យដែលជាជំនួយរបស់ប្រទេសចិន យកមកពាក់ស្លាកលេខខេមរភូមិន្ទ ហើយបម្រើឲ្យផលប្រយោជន៍របស់គ្លីនិកឯកជនឈ្មោះ សួគ៌ា ដ៏ហ៊ឺហានៅកណ្តាលរាជធានីភ្នំពេញនេះ គឺបានបំបាក់មុខឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឲ្យអាម៉ាស់ទៀតហើយ ៕
No comments:
Post a Comment