2015-06-05
អគាររដ្ឋាភិបាលដែលមានឈ្មោះថា "វិមានសន្តិភាព" ស្ថិតនៅក្នុងរាជធានីភ្នំពេញ។
RFA
|
សេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានរដ្ឋាភិបាលអនុម័តជាស្ថាពរហើយ នៅថ្ងៃទី៥ ខែមិថុនា។ មន្ត្រីរដ្ឋាភិបាលអះអាងថា មានចំណុច និងមាត្រាមួយចំនួនត្រូវបានកែប្រែ និងលុបចោល។ យ៉ាងណាក៏ដោយ សង្គមស៊ីវិលនៅតែសម្ដែងការខកចិត្តចំពោះការអនុម័តសេចក្ដីព្រាងច្បាប់របស់រដ្ឋាភិបាលនៅពេលនេះ។
បើទោះជាមានការរិះគន់របស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ នៅពេលកន្លងមកយ៉ាងណាក៏ដោយ ទីបំផុតសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយនេះ ត្រូវបានទីស្ដីការគណៈរដ្ឋមន្ត្រីអនុម័តដោយរលូន។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឲ្យដឹងថា បើទោះជាច្បាប់នេះត្រូវបានអនុម័តរួចរាល់ហើយក្តី រដ្ឋាភិបាលក៏បានលុបចោលមាត្រាចំនួន២ ដើម្បីធ្វើឲ្យសង្គមស៊ីវិលដំណើរការទៅបានល្អ។ មាត្រាចំនួន ២នោះ គឺមួយចំនួនពាក់ព័ន្ធទៅនឹងការរឹតត្បិតទៅលើការប្រើប្រាស់ថវិការដ្ឋបាលរបស់សង្គមស៊ីវិល និងមួយទៀតពាក់ព័ន្ធទៅនឹងភាពស្មុគស្មាញនៃការិយាធិបតេយ្យក្នុងការបង្កើតអង្គការ។
លោក ផៃ ស៊ីផាន ឲ្យដឹងដែរថា ក្រៅពីលុបចោលមាត្រាមួយចំនួនក៏មានការកែប្រែពាក្យពេចន៍ខ្លះៗផងដែរ។ លោកថា រដ្ឋាភិបាលនឹងបញ្ជូនសេចក្ដីព្រាងច្បាប់ដ៏ចាំបាច់នេះទៅកាន់រដ្ឋសភានៅសប្ដាហ៍ក្រោយ៖ «ការគិតការធ្វើសេចក្ដីព្រាងច្បាប់ហ្នឹងមានរយៈពេល ២០ឆ្នាំហើយ មានការធ្វើសេចក្ដីព្រាងច្បាប់ ការកែសម្រួល ឬការប្រមូលទិន្នន័យមួយចំនួនដើម្បីធ្វើច្បាប់ហ្នឹង គឺអស់រយៈពេល ២០ឆ្នាំហើយ នៅក្នុងនោះគឺមានតាំងពីគណបក្សប្រឆាំង ក៏បានគិតបានគូរនៅក្នុងរឿងហ្នឹងដែរ ដូច្នេះអ្នកដែលលើកឡើងថា ច្បាប់នេះមិនមានជាសារសំខាន់សម្រាប់កម្ពុជា គឺខុស។ ឥឡូវយើងបានធ្វើសម្រេចហើយច្បាប់នេះ សម្តេចតេជោ លោកមានប្រសាសន៍ថា ជាច្បាប់មួយដើម្បីការពារផលប្រយោជន៍អង្គការក្រៅរដ្ឋាភិបាល»។
បើទោះជាលោក ផៃ ស៊ីផាន អះអាងថា ច្បាប់នេះបង្កើតឡើងដើម្បីការពារផលប្រយោជន៍របស់អង្គការមិនមែនរដ្ឋាភិបាល និងបានអនុញ្ញាតឲ្យសង្គមស៊ីវិលចូលរួមផ្ដល់យោបល់រួចហើយក្តី មន្ត្រីអង្គការសង្គមស៊ីវិលនៅតែសម្ដែងការខកចិត្តចំពោះការអនុម័តសេចក្ដីព្រាងច្បាប់ដ៏រហ័សរបស់រដ្ឋាភិបាលនៅពេលនេះ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ថា ស៊ី.ស៊ី.ស៊ី (CCC) លោក សឿង សារឿន មានប្រសាសន៍ថា រដ្ឋាភិបាលគួរបើកឲ្យសង្គមស៊ីវិលបានចូលរួមផ្តល់យោបល់ឲ្យបានទូលំទូលាយ មុននឹងអនុម័តសេចក្ដីព្រាងច្បាប់នេះបញ្ជូនទៅកាន់រដ្ឋសភា។
លោក សឿង សារឿន បញ្ជាក់ថា លោកគាំទ្ររដ្ឋាភិបាលដែលបានលុបមាត្រាចំនួន២ នោះ យ៉ាងណាក៏ដោយ លោកថា នៅមានចំណុចអវិជ្ជមានមួយចំនួនទៀតដែលសង្គមស៊ីវិលព្រួយបារម្ភ ក្នុងនោះមានដូចជាការរឹតត្បិតលើការប្រតិបត្តិការរបស់អង្គការនៅតាមមូលដ្ឋាន ភាពមិនច្បាស់លាស់ថា តើបណ្ដាញសង្គមមួយចំនួនដែលមិនបានចុះបញ្ជីអាចធ្វើប្រតិបត្តិរបស់ខ្លួនបានដែរ ឬក៏យ៉ាងណា និងពីការរំលាយអង្គការក្រៅរដ្ឋាភិបាលជាដើម។
លោក សឿង សារឿន មានប្រសាសន៍ទៀតថា បើទោះជារដ្ឋាភិបាលបានអនុម័តសេចក្ដីព្រាងច្បាប់នេះហើយក៏ដោយចុះ លោកសង្ឃឹមថា នៅពេលច្បាប់នេះទៅដល់រដ្ឋសភា រដ្ឋសភានឹងបើកទូលាយឲ្យសង្គមស៊ីវិលចូលរួមផ្ដល់យោបល់មុននឹងអនុម័ត៖ «យើងកន្លងមកធ្លាប់បានជជែកជាមួយឯកឧត្តម ឈាង វុន ហើយនិងសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា គឺយើងសង្ឃឹមថា នឹងមានការទទួលបានការពិគ្រោះយោបល់យ៉ាងទូលំទូលាយ ហើយសង្ឃឹមថា អ្វីដែលយើងបារម្ភពីរបីចំណុចទៀត។ យើងសង្ឃឹមថា នឹងអាចត្រូវដោះស្រាយនៅរដ្ឋសភា»។
បច្ចុប្បន្ន ប្រទេសកម្ពុជា មានអង្គការសង្គមស៊ីវិលដែលកំពុងធ្វើសកម្មភាពមានចំនួនសរុបប្រមាណ ៥ពាន់។ ពួកគេបានរួមចំណែកយ៉ាងច្រើននៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ទាំងក្នុងវិស័យសង្គម សេដ្ឋកិច្ច និងពង្រឹងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ យ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិលអន្តរជាតិមួយចំនួន បានលើកឡើងថា វាជារឿងចម្លែកនៅពេលដែលរដ្ឋាភិបាលធ្វើច្បាប់ដើម្បីការពារផលប្រយោជន៍របស់សង្គមស៊ីវិល តែរដ្ឋាភិបាលបែរជាមិនឲ្យសង្គមស៊ីវិលចូលរួមក្នុងដំណើរការធ្វើច្បាប់នេះទៅវិញ៕
No comments:
Post a Comment