2015-05-31
ក្មេងៗចង្អុលទៅសាឡង់បូមខ្សាច់នាស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤។
RFA/Den Ayuthyea
|
ក្រុមហ៊ុនលក់បេតុង សង្ឃឹមថា ខ្សាច់អាចនឹងធ្លាក់តម្លៃខ្លះមកវិញ។ ប៉ុន្តែក្រុមអ្នកធ្វើអាជីវកម្មខ្សាច់អះអាងថា ខ្សាច់មិនអាចចុះថ្លៃបានទេ បើទោះបីមានការប្រកួតប្រជែងដេញថ្លៃផ្គត់ផ្គង់ខ្សាច់ដោយក្រសួងរ៉ែ និងថាមពល នៅដើមខែក្រោយនេះក៏ដោយ។
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា ថ្លែងនៅរសៀលថ្ងៃទី៣០ ខែឧសភា ថា ខ្សាច់ត្រូវបានដាក់ឲ្យប្រកួតប្រជែងដេញថ្លៃពីតម្លៃ ០.៤ដុល្លារ ទៅ ៣.៣ដុល្លារ ក្នុង ១ម៉ែត្រត្រីគុណ ខណៈអគ្គនាយកដ្ឋានកំពង់ផែស្វយ័តភ្នំពេញ បានផ្គត់ផ្គង់ខ្សាច់បច្ចុប្បន្ន ២ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃលើវិស័យសំណង់។
លោក ឌិត ទីណា បន្តថា ពាក្យស្នើសុំដេញថ្លៃខ្សាច់មានចំនួន ៥៧ ដែលនឹងចូលរួមដេញថ្លៃខ្សាច់នៅថ្ងៃទី៣ ខែមិថុនា ខាងមុខ។ លោកបន្ថែមថា កន្លែងដេញថ្លៃបូមខ្សាច់គឺនៅឃុំស្តៅ ឃុំរកាកោង ព្រំប្រទល់ខេត្តកណ្ដាល និងខេត្តកំពង់ចាម៖ «យើងដាក់ឲ្យដេញថ្លៃទៅ គឺមានអ្នកផ្គត់ផ្គង់ច្រើន អ៊ីចឹងយើងមិនអាចទៅពិនិត្យដល់ដេប៉ូទៀតទេ យើងគិតថា ត្រឹមអ្នកផ្គត់ផ្គង់ទៅដល់ដេប៉ូបានហើយ។ អ៊ីចឹងក្នុងហ្នឹងហើយដែលការសិក្សារបស់យើងកំណត់នៅត្រឹមមិនឲ្យលើសពី ៣.៣$ នេះកំណត់ឲ្យគាត់គិតក្នុងការដេញថ្លៃរបស់គាត់ហ្នឹង គឺដាក់តម្លៃយ៉ាងណាដែលមិនដែលមិនធ្វើឲ្យមានការប៉ះពាល់ខ្លាំងទៅតម្លៃទីផ្សារសព្វថ្ងៃនេះ»។
បញ្ហាដេញថ្លៃខ្សាច់នៅដើមខែមិថុនានេះ តំណាងក្រុមហ៊ុនលក់បេតុង ជី ធាន លោក ឆាយ ថ្លែងថា ក្រោយពីអាជីវកម្មខ្សាច់ម្តងបិទម្តងបើក បានប៉ះពាល់ការលក់បេតុង ហើយខ្សាច់ឡើងថ្លៃពី ៣ដុល្លារ មុនបិទ និងបច្ចុប្បន្នតម្លៃ ៦,៥ដុល្លារ ដែលក្រុមហ៊ុនបានទិញ ហើយគេដឹកខ្សាច់មកដល់ក្រុមហ៊ុន។ លោកថា ការដេញថ្លៃខ្សាច់នេះ បើមានក្រុមហ៊ុនច្រើនផ្គត់ផ្គង់ខ្សាច់ គឺតម្លៃខ្សាច់អាចធ្លាក់ចុះ៖ «អ៊ីចឹងវាតម្លៃចុះ ការងារផ្គត់ផ្គង់បេតុងទៅអតិថិជនក៏វាធូរដែរ អ្នកដែលថា ជួយទិញបេតុង ក៏មានតម្លៃថោកជាងមុនដែរ»។
ផ្ទុយពីការសង្ឃឹមថា ខ្សាច់នឹងចុះថ្លៃអាជីវករផលិតខ្សាច់បក ឬខ្សាច់លើកគោក នៅភូមិវាលកណ្តោល ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លោក ម៉ៅ នាង អះអាងថា ខ្សាច់បកលេខ១ ត្រូវការច្រើនណាស់សម្រាប់យកទៅលាយស៊ីម៉ងត៍ ដែលមិនអាចចុះតម្លៃបាន។ លោកថា ខ្សាច់លេខ១ គាត់លក់ ១ឡានចំណុះ ៥ ទៅ ៧ម៉ែត្រត្រីគុណ គឺថ្លៃ ៣០ដុល្លារ លក់នៅការដ្ឋានខ្សាច់។
លោកថា បើមានការដេញថ្លៃផ្គត់ផ្គង់ខ្សាច់ទន្លេ ធ្វើឲ្យចុះថ្លៃខ្លាំង ក៏ខ្សាច់បក ឬខ្សាច់លើគោកនៅមានតម្លៃលើសខ្សាច់ទន្លេ ៥ដុល្លារ ក្នុង១រថយន្តដែរ៖ «ខ្សាច់បូកនេះគេហៅលេខ១ បើខ្សាច់គេរៀបឥដ្ឋហ្នឹង គេហៅ លេខ២ អ៊ីចឹងអាខ្សាច់បូកហ្នឹងវាថ្លៃជាង ៥ដុល្លារទេ ១ឡាន យើងលក់ម៉ៅឡាន»។
បញ្ហាបូមខ្សាច់អនាធិបតេយ្យតាមទន្លេបានធ្វើឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសេចក្ដីប្រកាសលេខ ២០ សសរ ចុះថ្ងៃទី២០ ខែមីនា សម្រេចប្រគល់ភារកិច្ចជូនក្រសួងរ៉ែ និងថាមពល ជាអ្នកចេញអាជ្ញាប័ណ្ណ ហើយហាមចេញអាជ្ញាប័ណ្ណបណ្ដោះអាសន្ន និងសុំឲ្យគណៈកម្មាធិការធនធានខ្សាច់ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រួតពិនិត្យ និងផ្តល់អនុសាសន៍លើចំណុចបច្ចេកទេស និងធ្វើការកែលំអក្នុងពេលអនុវត្តអាជីវកម្ម។
បន្ទាប់ពីបានទទួលភារកិច្ចផ្ដាច់មុខ ក្រសួងរ៉ែនិងថាមពល ទើបបានចេញអាជ្ញាប័ណ្ណឲ្យអគ្គនាយកដ្ឋានកំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃ១០ ខែមេសា ឲ្យការស្តាទន្លេមេគ្គងលើ និងមេគង្គក្រោម។ អាជ្ញាប័ណ្ណទី១ គែផ្តល់នៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម និងឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។ អាជ្ញាប័ណ្ណទី២ គឺផ្ដល់នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្តារទន្លេទៅដល់ប្រឡាយកោះកែវ ស្ថិតនៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល៕
No comments:
Post a Comment