A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 6 June 2015

យុវជន​ជិះ​កង់​ដាក់​ញត្តិ​ទាមទារ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង

ដោយ អ៊ុំ រង្សី
2015-06-05

ក្រុម​យុវជន​សរសេរ​អក្សរ និង​តុបតែង​ខ្លួន​ក្នុង​ន័យ​ការពារ​បរិស្ថាន មុន​ចេញ​​ដំណើរ​ដាក់​ញត្តិ។

ក្រុម​យុវជន​ប្រមាណ​ជាង ១០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​យុទ្ធនាការ​ដោយ​ជិះ​កង់​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋ​សភា ព្រមទាំង​ស្ថានទូត និង​ក្រុមហ៊ុន​ឯកជន​ពាក់ព័ន្ធ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ យុទ្ធនាការ​នេះ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់ និង​ទាមទារ​ឲ្យ​រដ្ឋសភា និង​បណ្ដា​ស្ថានទូត​ទាំង​នោះ អន្តរាគមន៍​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង (Don Sahong) ក្នុង​ប្រទេស​ឡាវ។

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ក្រុម​យុវជន ហើយ​សន្យា​ថា នឹង​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា ពិនិត្យ​ស្រាវជ្រាវ​បន្ថែម​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​កម្ពុជា។

ញត្តិ​ដែល​គាំទ្រ​ពី​តំណាង​សហគមន៍ សកម្មជន​បរិស្ថាន​ដែល​មាន​ស្ថាប័ន​ចម្រុះ​ផ្សេងៗ​គ្នា ដែល​កំពុង​ធ្វើ​ការ​លើ​ការងារ​បរិស្ថាន ការពារ​លើ​ធនធានធម្មជាតិ ប្រមាណ ៧​ស្ថាប័ន បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ និង​ផល​ប៉ះពាល់​ទៅ​លើ​ជីវចម្រុះ និង​ជីវភាព​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​នៅ​ក្នុង​ប្រទេស​កម្ពុជា។



​សមាជិក​គណៈកម្មការ​ទី​១​ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​សិទ្ធិមនុស្ស​នៃ​រដ្ឋ​សភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ក្រុម​យុវជន លោក ងឹម ញេង មាន​ប្រសាសន៍​ថា លោក​គាំទ្រ​រាល់​សកម្មភាព​យុវជន​ដើម្បី​ការពារ​បរិស្ថាន​នៅ​កម្ពុជា។ លោក​ថា ក្នុង​នាម​លោក​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក​នឹង​លើក​យក​ក្តី​បារម្ភ​លើ​គម្រោង​ទំនប់​វារីអគ្គិសនី​ទៅ​ដាក់​ជូន​រដ្ឋ​សភា​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី៖ «ខ្ញុំ​នឹង​ចាត់​តាម​នីតិវិធី​ទៅ​កាន់​គណៈកម្មការ​ទី​៣​នៃ​រដ្ឋ​សភា​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​យើង​នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ»។

​ចំណែក​ឯ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​គណៈកម្មការ​ទី​១​ទទួល​ពាក្យ​បណ្តឹង អង្កេត និង​សិទ្ធិមនុស្ស​នៃ​រដ្ឋសភា អ្នកស្រី ឡោក ខេង មាន​ប្រសាសន៍​ថា រាល់​សំណើ​របស់​យុវជន និង​តំណាង​សហគមន៍​នៅ​ពេល​នេះ សភា​មិន​ប្រ​ងើយ​កន្តើយ​នោះ​ឡើយ ហើយ​អ្នកស្រី​ជឿ​ជាក់​ថា រដ្ឋាភិបាល​កម្ពុជា អន្តរាគមន៍​លើ​រឿង​នេះ៖ «ខ្ញុំ​ជឿ​ថា រដ្ឋាភិបាល​នឹង​ខិតខំ​ប្រឹងប្រែង ពិភាក្សា​ជាមួយ​ប្រទេស​ឡាវ ព្រោះ​ថា យើង​មិន​អាច​រស់​នៅ​ដោយ​គ្មាន​ទន្លេ​នោះ​ទេ»។

​ការ​ដាក់​ញត្តិ​ទាមទារ​បញ្ឈប់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដន សាហុង របស់​ក្រុម​យុវជន ក្រៅ​ពី​បាន​ដាក់​ជូន​រដ្ឋ​សភា​ជាតិ ក្រុម​យុវជន​ទាំង​នោះ​ក៏​បាន​បន្ត​ដំណើរ​ជិះ​កង់​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​ឡាវ ម៉ាឡេស៊ី និង​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ ដែល​ជា​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ទំនប់​នេះ។

ទោះ​ជា​យ៉ាង​ណា តំណាង​ស្ថានទូត​ឡាវ និង​ម៉ាឡេស៊ី បាន​ចេញ​មក​ទទួល​ញត្តិ​របស់​ក្រុម​យុវជន តែ​មិន​បាន​សន្យា​យ៉ាង​ណា​នោះ​ឡើយ ដោយ​ឡែក​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ ដែល​មាន​ភាគហ៊ុន ៥០% នៅ​ក្នុង​គម្រោង​សាងសង់​ទំនប់​នេះ មិន​បាន​ចេញ​មក​ទទួល​ញត្តិ​របស់​ក្រុម​យុវជន​ឡើយ។

ក្រុម​សហគមន៍​រងគ្រោះ​ដោយសារ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន សាហុង (Don មក​ពី​ខេត្ត​ស្ទឹងត្រែង សង្ឃឹម​ថា រដ្ឋាភិបាល និង​បណ្ដា​ស្ថានទូត​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ទំនប់​នេះ នឹង​ពិចារណា​អំពី​ផល​ប៉ះពាល់ និង​ផ្អាក​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន សាហុង។

ទោះ​ជា​យ៉ាង​ណា ក្រុម​សហគមន៍​រងគ្រោះ នឹង​បន្ត​សកម្មភាព​តវ៉ា​នានា រហូត​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន សាហុង ផ្អាក​ដំណើរការ។

​នា​ឱកាស​ទិវា​បរិស្ថាន​ពិភពលោក ខួប​លើក​ទី​៤៣ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៥ នេះ ក្រសួង​បរិស្ថាន​បាន​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ក្រុម​យុវជន ប្រជាពលរដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ប្រមាណ​ជាង ៥០០​នាក់ បាន​នាំ​គ្នា​ដើរ​ប្រមូល​សំរាម​នៅ​តាម​តំបន់​សួន​ច្បារ ទីផ្សារ និង​តំបន់​ទេសចរណ៍​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ឆ្នាំ​នេះ ក្រសួង​បរិស្ថាន​បាន​កំណត់​យក​ប្រធានបទ "ខ្ញុំ​ស្រឡាញ់​ទីក្រុង​ខ្ញុំ" ដើម្បី​លើក​កម្ពស់​គុណភាព​បរិស្ថាន ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត និង​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​ពលរដ្ឋ​កម្ពុជា ប្រកប​ដោយ​ចិរភាព ព្រមទាំង​ធ្វើ​ឲ្យ​បរិស្ថាន​ទីក្រុង មាន​អនាម័យ សោភ័ណភាព​ស្រស់​បំព្រង៕

No comments: