ដោយ៖ ឡាយ សាមាន | ថ្ងៃអាទិត្យ ទី19 មេសា 2015 |
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ខ្លួនកំពុងពិភាក្សាជាមួយក្រុមហ៊ុនទូរទស្សន៍ឯកជនចំនួន៣ ដើម្បីធ្វើការវិនិយោគជាមួយគណបក្សរបស់ខ្លួន ក្នុងការបង្កើតទូរទស្សន៍ បន្ទាប់ពីទទួលអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានកាលពីចុងឆ្នាំ ២០១៤ ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឫទ្ធិ ប្រាប់ VOD នៅថ្ងៃអាទិត្យនេះថា បច្ចុប្បន្នគណបក្សសង្គ្រោះជាតិកំពុងពិភាក្សាគ្នាជាមួយក្រុមហ៊ុនទូរទស្សន៍ឯកជនចំនួន៣ធំៗ រួមមានក្រុមហ៊ុនចិន បារាំង និងថៃ ដើម្បីបង្កើតទូរទស្សន៍ ។ យ៉ាងនេះក្តីលោកថា រហូតមកទល់ពេលនេះ គណបក្សសង្គ្រោះជាតិមិនទាន់សម្រេចថា នឹងយកក្រុមហ៊ុនមួយណាធ្វើជាដៃគូក្នុងការវិនិយោគបង្កើតទូរទស្សន៍ជាមួយគណបក្សសង្គ្រោះជាតិនោះទេ ។ ប៉ុន្តែលោក អះអាងថា ទូរទស្សន៍គណបក្សសង្គ្រោះជាតិនឹងចេញជារូបរាងនៅក្នុងឆ្នាំ ២០១៥ នេះ ។ បើតាមលោក យ៉ែម បុញ្ញឫទ្ធិ ក្រុមហ៊ុនឯកជនបរទេសទាំងបីនោះ សុទ្ធតែមានអាជ្ញាប័ណ្ណ និងធ្វើការងារពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ផងដែរ ។
តាមកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយ ថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក្រៅពីការកែទម្រង់ គ.ជ.ប គណបក្សសង្គ្រោះជាតិក៏ទាមទារឲ្យមានស្ថានីយទូរទស្សន៍ផ្ទាល់ខ្លួនមួយផងដែរ ហើយតាមរយៈកិច្ចព្រមព្រៀងនោះ គណបក្សមួយនេះ ក៏បានទទួលអាជ្ញាប័ណ្ណបង្កើតទូរទស្សន៍កាលពីខែវិច្ឆិកា ឆ្នាំ ២០១៤ ៕
សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈsamean@vodhotnews.com
No comments:
Post a Comment