ដោយ៖ ណាត សុភាព | ថ្ងៃសុក្រ ទី17 មេសា 2015,
ស្តាប់សំឡេង៖ | ចម្លងទុក |
មេដឹកនាំបក្សសង្គ្រោះជាតិនៅថ្ងៃសុក្រនេះ ច្រានចោលនូវមតិរិះគន់លើរូបលោក ដែលថាការប្រើវប្បធម៌សន្ទនាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃខាងមុខនឹងនាំឲ្យបក្សប្រឆាំងបាត់បង់អាសនៈដូចប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច គឺសម្តេចក្រុមព្រះ ។
លោក សម រង្ស៊ី ថ្លែងបែបនេះ បន្ទាប់ពីប្រារព្ធពិធីរំឭកខួប៤០ឆ្នាំនៃការដួលរំលំរបបសាធារណៈរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់ ដែលធ្វើនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ។ លោក សម រង្ស៊ី ឆ្លើយនឹងអ្នកសារព័ត៌មានថា ការដែលគណបក្សសង្គ្រោះជាតិ បង្កើតវប្បធម៌សន្ទនាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺដើម្បីប្រយោជន៍ និងយុត្តិធម៌សង្គម ប៉ុន្តែការសន្ទនារវាងសម្តេចក្រុមព្រះ និងលោក ហ៊ុន សែន កន្លងទៅ ដើម្បីចង់បានប្រយោជន៍បក្សពួកខ្លួន ។ លោកថ្លែងថា «អ្នកខ្លះទៅប្រៀបធៀបថា សម រង្ស៊ី ជជែកជាមួយ ហ៊ុន សែន ដូចរណឫទ្ធិ ដូចហ្វ៊ុនស៊ិនប៉ិច ខុសគ្នាស្រលះម្ចាស់ថ្លៃអើយ ដូចមេឃនឹងដី ។ រណឫទ្ធិ ជជែកជាមួយ ហ៊ុន សែន ដើម្បីទារតំណែង ដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួនបក្ខពួករបស់លោក សម្តេច ហ៊ុន សែន បានប្រាប់ខ្ញុំថា ព្រះអង្គម្ចាស់រណឫទ្ធិទៅជជែកជាមួយ ហ៊ុន សែន គឺទារតំណែងគឺពុះជាពីរ សូម្បីនាយកសាលាខាង CPP អ៊ីចឹងនាយករង ខាងហ្វ៊ុនស៊ិនប៉ិច ទាមទារតំណែង ផលប្រយោជន៍ឲ្យខ្លួន ឲ្យបក្ស ហ្នឹងមិនមែនវប្បធម៌សន្ទនាទេ ហ្នឹងវប្បធម៌បំផ្លាញ វប្បធម៌ពុករលួយ ។ ខ្ញុំនិយាយជាមួយហ៊ុន សែន មិនដែរនិយាយពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនទេ អត់ទាល់តែសោះ ហាមាត់និយាយគឺផលប្រយោជន៍ជាតិ យ៉ាងហោចណាស់ផលប្រយោជន៍ប្រជារាស្ត្រយុត្តិធម៌» ។
VOD មិនអាចទាក់ទង សម្តេចព្រះ នរោត្តម រណឬទ្ធិ បាននៅឡើយទេ ។
អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា វប្បធម៌សន្ទនានេះគ្រាន់តែបង្កើតឡើងមិនឲ្យដៃគូរបស់ខ្លួនវាយប្រហារគ្នាទៅវិញទៅមកតែប៉ុណ្ណោះ ។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិកំពុងដើរចូលអន្ទាក់គណបក្សប្រជាជនកម្ពុជា ។ លោកថា បើគណបក្សនេះនៅតែធ្វេសប្រហែស នោះនឹងមានវាសនាដូចគណបក្សហ្វ៊ុនស៊ិនប៉ិច ។ លោកថា «គណបក្សសង្គ្រោះជាតិកំពុងដើរចូលក្នុងអន្ទាក់ ហើយអត់អាចដូចហ្វ៊ុនស៊ិនប៉ិចទេ អាចធ្ងន់ជាងហ្វ៊ុនស៊ិនប៉ិចទៅទៀត តែទម្រង់នយោបាយបច្ចុប្បន្ននេះ ខ្ញុំមើលឃើញគណបក្សកាន់អំណាច បើនិយាយពីអុកវិញ គឺអុកឡើងបែកទូកអស់ហើយ គណបក្សសង្គ្រោះជាតិ គាត់ចេះដើរតែទូក អត់ចេះដើរត្រី ប្រើប្រាស់ត្រីបកអី គាត់ដើរតែទូកហក់លិចហក់កើត ដល់ពេលគេអុកបែកទូកទៅ វាអាចធ្ងន់ជាងហ្វ៊ុនស៊ិនប៉ិចទៀត» ។
ប៉ុន្តែបណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច យល់ថា វប្បធម៌សន្ទនារវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន នៅពេលនេះខុសពីការចរចារវាងសម្តេចក្រុមព្រះ និងលោកនាយករដ្ឋមន្ត្រី ព្រោះគណបក្សសង្គ្រោះជាតិ មិនចូលធ្វើរដ្ឋាភិបាលចម្រុះនោះទេ ។ លោកថា «គណបក្សសង្គ្រោះជាតិ អត់បានចូលធ្វើរដ្ឋាភិបាលទេ អត់មានអាសនៈណាមួយនៅក្នុងរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាល ឯគណបក្សហ្វ៊ុនស៊ិនប៉ិច គេមាននៅក្នុងរដ្ឋមន្ត្រី ហើយគេមានសហឧបនាយករដ្ឋមន្ត្រី ប៉ុន្តែគណបក្សសង្គ្រោះជាតិ មានលក្ខណៈប្លែកពីរ ឋានៈស្មើនឹងនាយករដ្ឋមន្ត្រី តាមពិតគណបក្សហ្វ៊ុនស៊ិនប៉ិចអត់ដែលធ្លាប់មានដែរ ខុសគ្នាមេឃនឹងដី ព្រោះមុនវាមានដែរ នាយករដ្ឋមន្ត្រីទី១ នាយករដ្ឋមន្ត្រីទី២ ឥឡូវនេះខុសត្រង់ថា ឋានៈស្មើនាយករដ្ឋមន្ត្រី គ្រាន់ឋានៈយកប្រាក់ខែទេ មិនមែនមានអំណាចទេ» ។
គួររំឭកថា សម្តេចក្រុមព្រះដែលជាដៃគូប្រកួតប្រជែងលើកដំបូងជាមួយគណបក្សប្រជាជនកម្ពុជា ធ្លាប់បានឈ្នះការបោះឆ្នោតឆ្នាំ១៩៩៣ ប៉ុន្តែលោក ហ៊ុន សែន មិនព្រមចុះចេញពីតំណែងនាយករដ្ឋមន្ត្រីឡើយ ។ លុះដល់ឆ្នាំ១៩៩៨(អាណត្តិទី២) គណបក្សហ្វ៊ុនស៊ិនប៉ិច បានថយចុះអាសនៈជាបន្តបន្ទាប់មកដល់សូន្យកៅអីនៅត្រឹមអាណត្តិទី៥នេះ ។ ចំណែកគណបក្សសង្គ្រោះជាតិដែលបានរួមបញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី នោះបានកើនដល់៥៥អាសនៈ ហើយគណបក្សប្រជាជនកម្ពុជា បាត់បង់អស់២២អាសនៈ ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
1 comment:
ពិតជាខុសគ្នាំមាន តែអាឡប់ ឃើញបញ្ហាមួយដែលជាផលប្រយោជន៍ជាតិពិតៗ ហៀយសំខាន់ណាស់ណោះលោកក៍ដឺងដែរ អាឡប់សុំសួរថា តើលោកហ៊ានលើករឿងយួនទៅនិយាយជាមួយ ហ៊ុន សែនទេ???? បើនិយាយហើយ តើអាប្រាប់បងប្អូនខ្មែរបានទេ? ហើយហេតុអ្វីៗដែលទាក់ទងនឹងយួន ដូចជាស្ងាត់ឈឹង ដូចចោលួចសេះអញ្ចឹង? តែបើមិនទាន់ហ៊ានទេ សុំពេលក្រោយលើកមកនិយាយបានទេ ??? បែបមិនបានទេអាឡប់អើយ ដាំចេកទៅ ហាហា
Post a Comment