ក្រុមអង្គការមិនមែនរដ្ឋាភិបាលបង្ហាញការសោកស្ដាយចំពោះបំណងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទាមទារឲ្យច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល សមាគម ចេញឲ្យបានឆាប់។ ក្រុមអង្គការសង្គមស៊ីវិលចាត់ទុកថា ហេតុផលដែលប្រមុខរដ្ឋាភិបាលជំរុញឲ្យមានច្បាប់គ្រប់គ្រងអង្គការ-សមាគមនេះ គឺទំនងជាចង់ការពារខ្លួនពីការរិះគន់រូបគាត់ និងព្យាយាមបិទបាំងភាពខុសឆ្គងក្នុងការអនុវត្តគោលនយោបាយហើយមើលទៅ។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលចាត់ទុកថា ប្រសិនបើខ្លឹមសារនៃច្បាប់ថ្មីដែលរដ្ឋាភិបាលប្រាថ្នាឲ្យចេញដ៏ឆាប់ខាងមុខនេះ ផ្ទុយពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិយុត្តិជាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ពេលនោះសង្គមស៊ីវិលនឹងនៅតែបំពេញភារកិច្ចរបស់ខ្លួនទៅតាមអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
ប្រតិកម្មរបស់អង្គការមិនមែនរដ្ឋាភិបាលនៅពេលនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាថ្មីទៀតថា លោកនឹងជំរុញឲ្យច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល-សមាគម ចេញឲ្យបានក្នុងពេលឆាប់ៗនេះគឺក្នុងខែឧសភា។
ថ្លែងនៅក្នុងពិធីជួបជាមួយកុមារពិការគថ្លង់ ក្នុងមណ្ឌលអង្គការគ្រួសារថ្មី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ មេសា លោក ហ៊ុន សែន ប្រកាសជាថ្មីម្ដងទៀតថា ច្បាប់គ្រប់គ្រងអង្គការ-សមាគមនេះ នឹងត្រូវចេញឲ្យបានឆាប់បំផុត។ លោកបន្តថា សេចក្ដីព្រាងច្បាប់នេះ យ៉ាងយូរណាស់នឹងត្រូវឆ្លងផុតការប្រជុំពិគ្រោះយោបល់ និងអនុម័តរួចរាល់នាខែឧសភា ខាងមុខនេះហើយ។ ហេតុផលដែលនាំឲ្យមានច្បាប់គ្រប់គ្រងអង្គការ-សមាគមនេះឡើង ត្រូវបានលោក ហ៊ុន សែន បញ្ជាក់ថា ព្រោះតែមានអង្គការខ្លះបានដើរតួនាទីហួសពីដែនកំណត់ និងកាតព្វកិច្ចរបស់ខ្លួន៖ «គាត់ស្មានតែគេមើលអត់ឃើញអាមាត្រា៤២។ គាត់ចេះតែប្រឹងបិទបាំងអាហ្នឹងទៅដើម្បីកុំឲ្យយើងធ្វើច្បាប់គ្រប់គ្រងគាត់។ វាទៅជាអ៊ីចេះ។ ឯគាត់មួយថ្ងៃៗទាមទារតម្លាភាព។មិនស្រួលរដ្ឋាភិបាលរាយការណ៍ឲ្យគាត់ទៀត។ អំណាចលើសហើយគ្រាន់តែប៉ុណ្ណឹង។ ខ្ញុំមិនចង់និយាយពីរឿងគុក រឿងច្រវាក់អីទេ ក៏ប៉ុន្តែនៅត្រង់ថាលោកឯងគោរពមិនគោរពក៏មិនបាន»។
ក្រៅពីនេះ ប្រមុខរដ្ឋាភិបាលក៏បានឆ្លៀតរិះគន់អ្នកធ្វើបាតុកម្មដែលតែងប្រើប្រាស់ទីសាធារណៈថា គឺជាក្រុមមនុស្សដដែលៗ។ លើសពីនេះទៀត លោក ហ៊ុន សែន ថែមទាំងចំអកឲ្យអង្គការខ្លះដែលប្រឆាំងនឹងច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល-សមាគមនេះថា បើចង់ជំទាស់ចាំបានកាន់អំណាចសិនទៅ។
ទាក់ទងបញ្ហានេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាលចាត់ទុកថា ការព្យាយាមជំរុញម្ដងហើយម្ដងទៀតឲ្យមានច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល-សមាគមនេះ គឺលោក ហ៊ុន សែន ចង់ប្រើប្រាស់ឥទ្ធិពល និងដាក់សម្ពាធមកលើសង្គមស៊ីវិលប៉ុណ្ណោះ ជាពិសេសជាសម្ដីដែលខ្វះការទទួលខុសត្រូវក្នុងឋានៈជាមេដឹកនាំប្រទេស។
លោក នី ចរិយា មន្ត្រីជាន់ខ្ពស់សមាគមអាដហុក (Adhoc) ថ្លែងថា ការពិតអង្គការមិនមែនរដ្ឋាភិបាលបានជួយកែទម្រង់រដ្ឋសម្បើមណាស់ ជាពិសេសការបណ្ដុះបណ្ដាលឲ្យពលរដ្ឋយល់ដឹងពីសិទ្ធិមនុស្ស ភាពខ្វះចន្លោះការអនុវត្តគោលនយោបាយរបស់រដ្ឋ និងការបង្រៀនពលរដ្ឋឲ្យចេះតស៊ូមតិដោយសន្តិវិធី។
លោក នី ចរិយា បង្ហាញការសោកស្ដាយចំពោះជំហររបស់រដ្ឋាភិបាលនៅពេលនេះ ដែលលោកចាត់ទុកថា ជាច្បាប់ដែលមានលក្ខខណ្ឌគាបសង្កត់ និងបំបិទសិទ្ធិសេរីភាពចំពោះអង្គការមិនមែនរដ្ឋាភិបាល-សមាគម៖ «យើងសោកស្ដាយដោយសារថាអ្នកដឹកនាំរបស់យើងធ្លាប់តែដឹកនាំក្នុងរបបផ្ដាច់ការ តាមរបៀបផ្ដាច់ការ គឺថាចេះស្ដាប់តែរបៀបបញ្ចើចបញ្ចើ និងលើកជើង។ អាហ្នឹងហើយដែលនាំប្រទេសឲ្យធ្លាក់ទៅក្នុងរណ្ដៅជ្រៅ ដូចជាក្នុងរបប ប៉ុល ពត អីជាដើម។ យើងឃើញទោះជាប្រជាជនហូបបបរទូទាំងប្រទេស ប៉ុន្តែប្រជុំឲ្យនិយាយអំពីរឿងបាយបីពេលអីណាណោះទៅវិញ»។
របាយការណ៍ដែលចេញកាលពីឆ្នាំ២០១៤ របស់ក្រសួងមហាផ្ទៃ ឲ្យដឹងថា អង្គការមិនមែនរដ្ឋាភិបាល-សមាគម ដែលបានចុះបញ្ជិកានៅក្រសួងមហាផ្ទៃ ប្រមាណ ៤.៣៧៨អង្គភាព ក្នុងនោះសមាគមមានចំនួន ១.៧០៦ស្ថាប័ន។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (Licadho) ទទួលស្គាល់ថា ប្រទេសមានច្បាប់គឺពិតជារឿងមួយដែលល្អ ក៏ប៉ុន្តែលោកថ្លែងថា សម្រាប់បរិបទនយោបាយនៅកម្ពុជា ហាក់អនុវត្តផ្ទុយពីបណ្ដាប្រទេសមួយចំនួន ដែលខ្លឹមសារនៃច្បាប់គឺពុំមានអ្វីក្រៅពីបំណងគាបសង្កត់ព្យាយាមរុញឲ្យមនុស្សដើរទាល់ច្រក និងបិទបាំងការពិតពីកំហុសរបស់ខ្លួន។
លោកបន្ថែមថា ជាពិសេសបើច្បាប់នេះចេញដូចការគ្រោងទុកមែន នឹងមិនធ្វើឲ្យចំណេញអ្វីឡើយ៖ «អង្គការ-សមាគមទាំងអស់ចុះបញ្ជីឡើងវិញ ហើយបើសិនជាអត់ចុះបញ្ជីទេ គឺមិនអាចដំណើរការកម្មវិធី ឬក៏សកម្មភាពរបស់ខ្លួនបានទេ។ វាទៅជារុញទៅរកច្បាប់ក្រមព្រហ្មទណ្ឌ ដែលថាចូលរួមជាសមាគមនៃជនទុច្ចរិតទៅវិញ»។
មានច្បាប់មួយចំនួនដែលរដ្ឋសភាបានអនុម័តរួចកាលពីពេលកន្លងទៅរួមមាន ច្បាប់តុលាការ ច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់ថា មានរបបខ្មែរក្រហម ច្បាប់ឯកពន្ធភាព និងចុងក្រោយគឺច្បាប់កំណែទម្រង់ច្បាប់បោះឆ្នោត។ អង្គការសង្គមយល់ឃើញថា ខ្លឹមសារនៃច្បាប់ទាំងនេះ មានចំណុចខ្លះគឺអាក្រក់ជាងមុនទៅទៀត ដូចជាច្បាប់បោះឆ្នោត ត្រូវដាក់កំហិតប្រឆាំងអង្គការសង្គមស៊ីវិល ដែលហ៊ានរិះគន់រដ្ឋាភិបាលក្នុងយុទ្ធនាការបោះឆ្នោត ត្រូវប្រឈមមុខនឹងជាប់ទោស ព្រមទាំងពិន័យជាប្រាក់ថែមទៀតផង។
ក្រុមអង្គការសង្គមស៊ីវិលរិះគន់ថា ខ្លឹមសារនៃច្បាប់ទាំងនេះ ធ្វើឡើងដោយតក់ក្រហល់ មានចរិតចង្អៀតចង្អល់ និងបំបិទសិទ្ធិសេរីភាព។ ជារឿយៗ គេតែងសង្កេតឃើញថា ច្បាប់ទាំងនេះអនុម័តបានយ៉ាងលឿន និងយ៉ាងឆាប់រហ័ស នៅពេលណាដែលលោក ហ៊ុន សែន ប្រកាសជាសាធារណៈរួចមក៕
No comments:
Post a Comment