ដោយ ម៉ម មុនីរតន៍
2015-04-19 VOA
2015-04-19 VOA
សហជីព និងសមាគមដែលតែងតស៊ូមតិរឿងប្រាក់ខែសម្រាប់កម្មករ និងមន្ត្រីរាជការស៊ីវិលសាទរចំពោះគោលនយោបាយរបស់រដ្ឋាភិបាល អំពីការបន្តដំឡើងប្រាក់ខែបន្ថែមទៀតនៅពេលនេះ។ សារនយោបាយរបស់លោក ហ៊ុន សែន សម្រាប់ខួបលើកទី១២៩ នៃទិវាពលកម្មអន្តរជាតិ បានបញ្ជាក់ថា នៅឆ្នាំ២០១៨ មន្ត្រីរាជការស៊ីវិលនឹងទទួលបានប្រាក់ខែយ៉ាងតិច ១លានរៀល។ ដោយឡែកកម្មករនៅតាមរោងចក្រវិញ នឹងទទួលប្រាក់បៀវត្សចំនួន ១៦០ដុល្លារក្នុងមួយខែ។
ក្រុមសហជីពចាត់ទុកថា ការព្យាយាមដំឡើងប្រាក់ខែដែលប្រើពេលមិនតិចជាង ៣ឆ្នាំទៀតរបស់រដ្ឋាភិបាលនេះ គឺជាការអូសបន្លាយដ៏យូរពេកណាស់ ខណៈទំនិញនៅលើទីផ្សារចេះតែបន្តឡើងថ្លៃមិនឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។
បើទោះជាបែបណា ខាងភាគីសហជីព និងសមាគមនានាសាទរចំពោះគំនិតផ្ដួចផ្ដើមជាថ្មីទៀតរបស់រដ្ឋាភិបាលនៅពេលនេះ។ នៅក្នុងពិធីជួបជុំដែលមានកម្មកររោងចក្រចូលរួមតាមការគ្រោងប្រមាណ ៣ពាន់នាក់ កាលពីព្រឹកថ្ងៃទី១៩ មេសា នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រនោះ លោក ហ៊ុន សែន សន្យាជាថ្មីទៀតថា រដ្ឋាភិបាលរបស់លោកនឹងដំឡើងប្រាក់ខែគោលអប្បបរមាសម្រាប់កម្មករឲ្យបានដល់ ១៦០ដុល្លារក្នុងមួយខែ។ ក្រៅពីនេះ មន្ត្រីរាជការស៊ីវិលនឹងដំឡើងឲ្យបានយ៉ាងតិច ១លានរៀលនៅឆ្នាំ២០១៨។
បើទោះជាបែបនេះក៏ដោយ ខាងសហជីព និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យល់ឃើញថា វិធានការរបស់រដ្ឋាភិបាលនេះ វាហាក់យឺតពេល និងមិនទាន់បំពេញតម្រូវការជាក់ស្ដែងសម្រាប់ទំនិញបន្តឡើងថ្លៃនៅលើទីផ្សារនៅឡើយទេ។
ប្រធានសហព័ន្ធសហជីពជាតិ អ្នកស្រី យ៉ាង សុភ័ណ្ឌ ថ្លែងថា អ្នកស្រីទទួលជំហររបស់រដ្ឋាភិបាលនៅពេលនេះ ដែលព្យាយាមជំរុញប្រាក់ខែកម្មករមួយកម្រិតថែមទៀត។ យ៉ាងណាអ្នកស្រីយល់ឃើញថា ការដំឡើងនេះ គឺមិនទាន់បានឆ្លើយតបដូចការទាមទាររបស់កម្មករនៅឡើយទេ ជាពិសេសនោះ ជាការដំឡើងដែលប្រើប្រាស់ពេលវេលាយូរហួសហេតុ៖ «ដើម្បីឲ្យ ស៊ី.ភី.ភី (CPP) មានសំឡេងឆ្នោតកាន់តែច្រើននៅអាណត្តិក្រោយ។ អ៊ីចឹងខ្ញុំគិតថា រដ្ឋាភិបាលត្រូវតែដំឡើងប្រាក់ឈ្នួលជូនកម្មករនៅពេលបច្ចុប្បន្ន មិននៅរង់ចាំពេលក្រោយៗទៀត។ បើសិនណារដ្ឋាភិបាលនិយាយហើយ ត្រូវតែធ្វើនៅក្នុងឆ្នាំនេះតែម្ដង»។
ភ្លាមៗ ក្រោយពីបោះឆ្នោតរួច កាលពីឆ្នាំ២០១៣ កម្មករបានផ្ទុះការតវ៉ាដោយដាក់សម្ពាធ និងជំរុញឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលអប្បបរមាចន្លោះពី ១៦០ ទៅ ១៧៧ដុល្លារក្នុងមួយខែ។ ជាលទ្ធផលនៃការទាមទារកាលណោះ រដ្ឋាភិបាលមានលទ្ធភាពដំឡើងបានត្រឹម ១២៨ដុល្លារក្នុងមួយខែ។
លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អះអាងថា ប្រាក់បៀវត្សដែលត្រូវដំឡើងនេះ រដ្ឋាភិបាលគួរចាប់អនុវត្តក្នុងឆ្នាំ២០១៥នេះ ជាជាងព្យាយាមអូសបន្លាយរហូតដល់ឆ្នាំ២០១៨។ លោក រ៉ុង ឈុន ចាត់ទុកថា វាជាពេលវេលាមួយដ៏យូរបន្ថែមទៀតសម្រាប់ការដំឡើងប្រាក់ខែនេះ៖ «ខ្ញុំគិតថា វាជារឿងមួយអូសបន្លាយពេលវេលាដ៏យូរ ហើយយើងមិនចង់ការប្រើប្រាស់ពេលវេលាទៅដល់ឆ្នាំ២០១៨ នោះទេ។ យើងចង់ឲ្យលោកនាយករដ្ឋមន្ត្រី ដំឡើងប្រាក់ឈ្នួលជូនកម្មករ ១៧៧ដុល្លារនៅចុងក្រោយឆ្នាំ២០១៥ នេះ ហើយមន្ត្រីរាជការគ្រូបង្រៀន ១លានរៀលចុងឆ្នាំ២០១៥ហ្នឹងដែរ»។
សុន្ទរកថាដ៏វែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាលកំពុងរៀបចំប្រព័ន្ធបៀវត្សថ្មី ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០១៥នេះ ដើម្បីកំណត់បៀវត្សអប្បបរមា ១លានរៀលនៅឆ្នាំ២០១៨។
ដោយឡែកក្រុមសហជីពវិញយល់ឃើញថា មូលហេតុដែលបង្ខំឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ប្រាក់ខែនេះ ដោយសារគណបក្សប្រជាជនកម្ពុជា មើលឃើញថា ការធ្លាក់ចុះនៃការគាំទ្រដ៏ខ្លាំងកាលពីឆ្នាំកន្លងទៅ រឿងប្រាក់ខែនេះ ក៏ជាផ្នែកមួយដ៏សំខាន់ថែមទៀត ក្រៅពីបញ្ហាប្រឈមនានា ដោយរួមទាំងហិង្សាដីធ្លីផង។
នៅដើមអាណត្តិនេះ រដ្ឋាភិបាលបានព្យាយាមកំណែទម្រង់ភ្លាមៗ ការបញ្ចុះថ្លៃទឹក អគ្គិសនី និងថ្លៃបន្ទប់ជួល របស់កម្មករ និង សិស្ស និស្សិត។ ស្ថិតក្រោមហេតុផលនេះ ទាំងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសហជីព ចាត់ទុកថា នេះអាចជាការស្ដារប្រជាប្រិយភាពឡើងវិញរបស់គណបក្សប្រជាជនកម្ពុជា ក្រោមគោលនយោបាយកំណែទម្រង់ បន្ទាប់ពីបាត់បង់ការគាំទ្រដ៏ខ្លាំងពុំធ្លាប់មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
3 comments:
មេព្រាយវាលេងល្បែងបោកបញ្ឆោតជាពាក្សសន្យាដើម្បីរកសន្លឺកឆ្នោត នៅពេលបោះឆ្នោតក្នុងឆ្នាំ២០១៨ ត្រូវចាំថាព្រាយនេះបានធ្វើទុកម្នេញបង ប្អូនអស់រយៈពេលជិត៤០ឆ្នាំហើយៗបានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ក៏ជិត វាល់លាននាក់ដែរ បើបងប្អូនណានូវតែគាំទ្រវាទៀតនោះពិតជាល្ងីល្ងើមែន ទែន នោះនឺងសម្លាប់ខ្លួនឯងនឺងសម្លាប់ជាតិឯងដោយពិតប្រាកដ រស់នៅ ទឺកដីខ្លួនឯងហើយមិនដឺងថាយួននៅធ្វើការពេញក្នុងរដ្ឋាបាល ត្រូវដឺងថាយួនហាន់ណូយជាសាស្សចង្រៃប្រល្បិចកលវាទីទឺកដីមិនចេះ ឈប់ឈរ ទាំងនេះមានតែខ្មែរល្ងង់ខ្លៅឬចង់ធ្វើជាកញ្ជះគេទេដែលមានពាក្យសរសើរថាយួនល្អលើក្បាលពួកគេ សូមពិចារណាព្រោះបងប្អូនកម្ពុងមាន កូនចៅរស់នៅលើទែកដីខ្លួនឯង កំុអោយពិបាកដូចកម្ពុជាក្រោម ។
This is a pure political maneuver to gain popularity in the year of election . Why you Mr dictator order your third hand brutal, ferocious killer soldiers to shoot ,harming score of Khmer innocent unarmed protesters peacefully for salary raise in the first place? why you now try to act sympathetic with this poor Khmer juts asking for fair way to survival by promising to raise income until new election cycle ? Why not now ? Why killed us for the same demand ? You Khmer need to think twice about this abominable empty promise .
Ha ha ha តាល់តែបោះឆ្នោតឲ្យ ហ៊ុន សែន បើមិនដូច្នេះទេ ហ៊ុន សែន ច្បាស់ក្នុងចិត្តថា លួចយកឈ្នះទៀតហើយ ហេតុអ្វីបាននិយាយថាដូច្នេះ មិនទាំងទាន់បោះឆ្នោតផងនោះ វាពិតជាមានល្បិចអីហើយ ចុះបើគ្រាន់ម្តេចមិនដម្លើងពីឥឡូវទៅ????
Post a Comment