ពាក្យថាវប្បធម៌សន្ទនា កំពុងពេញនិយមដែលគេនិយាយតៗគ្នា ពិសេសនៅតាមហាងកាហ្វេដែលលើកអំពីយុទ្ធវិធីថ្មីរបស់មេដឹកនាំនយោបាយគណបក្សទាំងពីររវាង លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកទាំងពីរ ធ្លាប់តែតតាំងប្រឆាំងគ្នានៅលើសង្វៀននយោបាយជាង ២០ឆ្នាំមកហើយនោះ ឥឡូវនេះមេដឹកនាំគណបក្សទាំងពីរបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយយកវប្បធម៌សន្ទនាជាធំ ក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ រហូតដល់មេដឹកនាំទាំងពីរបានទៅចូលឆ្នាំថ្មីជាមួយគ្នានៅខេត្តសៀមរាប ក្នុងកម្មវិធីអង្គរសង្ក្រាន្ត ដោយមិនប្រកាន់គ្នាដូចមុននោះឡើយ។
តើវប្បធម៌សន្ទនានឹងរឹងមាំដល់ពេលណា?
សូមអញ្ជើញលោកអ្នកនាងស្ដាប់បទវិភាគរបស់ លោក ទីន ហ្សាការីយ៉ា អំពីបញ្ហានេះដូចតទៅ៖
អ្នកនយោបាយខ្មែរតែងតែបែកបាក់ រួចដំឡើងសាច់ដុំប្រើកម្លាំងបាយដាក់គ្នាពីមួយជំនាន់ទៅមួយជំនាន់ តែក្រោយពីការបែរខ្នងដាក់គ្នា អ្នកនយោបាយតែងតែចរចាសម្របសម្រួលគ្នា ឬក៏ប្រើវប្បធម៌សន្ទនានេះ ដើម្បីចាប់ដៃគ្នាឡើងវិញដើម្បីបញ្ចប់ជម្លោះ។
ការដោះស្រាយនយោបាយនៅឆ្នាំ២០១៤ ដែលជាប់គាំងជាងមួយឆ្នាំនោះ ក៏ដោយសារតែវប្បធម៌សន្ទនានេះដែរ ក៏ប៉ុន្តែក្រោយពីមេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរចាប់ដៃគ្នាឡើងវិញ ហើយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សម្រេចចិត្តចូលសភានោះ គឺនៅបន្ទាប់ពីមានការបង្ហូរឈាម និងការចាប់ខ្លួនសកម្មជន និងតំណាងរាស្ត្រគណបក្សប្រឆាំងជាបន្តបន្ទាប់។
វប្បធម៌សន្ទនាបានធ្វើឲ្យស្ថានការណ៍នយោបាយធូរស្បើយឡើងវិញ ក៏ប៉ុន្តែតាមមើលទៅ វប្បធម៌សន្ទនានឹងមិនមានអាយុកាលយូរប៉ុន្មានទេ។ វប្បធម៌នេះនឹងបែកបាក់វិញជាមិនខាន នៅពេលខាងមុខ។
តើវប្បធម៌សន្ទនានេះ នឹងបែកបាក់វិញនៅពេលណា? មុននឹងឆ្លើយសំណួរនេះ យើងត្រូវក្រឡេកមើលថយក្រោយបន្តិចពីប្រវត្តិសាស្ត្ររបស់កម្ពុជា កន្លងមក ដែលប្រើប្រាស់វប្បធម៌សន្ទនានេះដើម្បីបញ្ចប់ជម្លោះនយោបាយ គឺគ្មានអ្វីថ្មីនោះទេ។ នៅពេលនោះ វប្បធម៌សន្ទនាគេហៅថាការបង្រួបបង្រួមជាតិ ទោះបីជា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា វប្បធម៌សន្ទនាបច្ចុប្បន្ននេះគ្មានទេនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ក៏ដោយ។
មានទឡ្ហីករណ៍មួយចំនួនដែលថា វប្បធម៌សន្ទនានៅពេលនេះគ្មានអ្វីថ្មី និងប្លែកនោះ គឺនៅមុនមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅចន្លោះឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩១ នោះ អតីតព្រះមហាក្សត្រនរោត្តម សីហនុ បានចរចាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យខ្មែរទាំងបួនភាគីបញ្ចប់ជម្លោះសង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា។
ក្រោយមកទៀត នៅឆ្នាំ១៩៩៨ នៅក្រោយពេលមានព្រឹត្តិការណ៍ថ្ងៃទី៥ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ដែលធ្វើឲ្យភាគីហ៊្វុនស៊ិនប៉ិច និងភាគីគណបក្សប្រជាជនកម្ពុជា ប្រើអាវុធវាយប្រហារគ្នា និងធ្វើឲ្យហ៊្វុនស៊ិនប៉ិច បែកបាក់គ្នា។ ទីបំផុត សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ និរទេសព្រះកាយទៅក្រៅប្រទេស។
ដើម្បីឲ្យមានភាគីប្រកួតប្រជែង និងដើម្បីឲ្យសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ យាងមកដឹកនាំហ៊្វុនស៊ិនប៉ិច ដែលបែកបាក់ឡើងវិញ គឺព្រះអង្គបានចរចាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបយាងចូលមកប្រទេសវិញបាន។ ក៏ប៉ុន្តែ អ្វីដែលជាការសំខាន់ កាលនោះ គឺគេមិនប្រើពាក្យថា វប្បធម៌សន្ទនានោះទេ គេប្រើពាក្យថា ចរចា។ ការចរចា ឬការសន្ទនានេះ មានន័យថា ជាការសម្របសម្រួលផ្នែកនយោបាយ។
អ្នកនយោបាយខ្មែរនៅគ្រប់សម័យកាល ពិបាកធ្វើឲ្យប្រជាពលរដ្ឋមានជំនឿថា មានការបង្រួបបង្រួមជាតិ ឬមានសន្តិភាពនឹងគ្នារយៈពេលយូរណាស់។ នៅមុនពេលបោះឆ្នោតឆ្នាំ២០០៣ មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងមេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ចាប់ផ្ដើមវាយប្រហារពាក្យសម្ដីគ្នាម្ដងទៀត វប្បធម៌សន្ទនានេះចាប់ផ្ដើមប្រេះឆានឹងគ្នាម្ដងបន្តិចៗ។
លុះដល់ពេលក្រោយបោះឆ្នោតនៅឆ្នាំ២០០៣ ដដែលនោះ ជំងឺជម្លោះគ្នា ឬការបែកបាក់ បានរើមកម្ដងទៀត។ ស្ថានភាពនៅពេលនោះកាន់តែប្រឈមមុខដាក់គ្នាខ្លាំង ដែលគណបក្សប្រជាជនកម្ពុជា មិនអាចបង្កើតរដ្ឋាភិបាលម្នាក់ឯងបាន ក៏ជាប់គាំងនយោបាយជាង ១ឆ្នាំ។ គណបក្សហ៊្វុនស៊ិនប៉ិច បានងាកមកចងសម្ព័ន្ធភាពនឹងគណបក្ស សម រង្ស៊ី ដែលគេដាក់ឈ្មោះថា សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ។
មិនយូរប៉ុន្មាន សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ លួចចរចាជាមួយ លោក ហ៊ុន សែន ស្ងាត់ៗ ក៏ទាត់ចោល លោក សម រង្ស៊ី រត់ទៅបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបែងចែកអំណាចគ្នា។
វប្បធម៌សន្ទនានេះ តាមមើលទៅពីមួយដំណាក់កាលទៅមួយដំណាក់កាល គ្រាន់តែជាការបែងចែកអំណាចគ្នា នៅពេលភាគីម្ខាងមិនពេញចិត្តនឹងលទ្ធផលបោះឆ្នោត ហើយមានការតថ្លៃគ្នាដើម្បីចូលធ្វើការជាមួយគ្នាក៏ថាបាន។
ងាកមកមើលព្រឹត្តិការណ៍ឆ្នាំ២០១៣ ហាក់នៅថ្មីៗនេះវិញ ដែលជារដូវកាលប្រកួតប្រជែងប្រកិតប្រកៀកគ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។ សន្ទុះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មានការកើនឡើងខ្លាំង ដែលមិនធ្លាប់មានពីមុនមក។
មិនខុសគ្នាពីការបោះឆ្នោតលើកមុននោះឡើយ គណបក្សសង្គ្រោះជាតិ បានបដិសេធលទ្ធផលបោះឆ្នោត ដឹកនាំធ្វើបាតុកម្ម និងប្រើវប្បធម៌សន្ទនានេះ រហូតដល់នាទីចុងក្រោយ តំណាងរាស្ត្រគណបក្សនេះសម្រេចចិត្តដើរចូលសភានៅឆ្នាំ២០១៤។ លោក សម រង្ស៊ី បានលើកឡើងភ្លាមៗថា ការបញ្ចប់ជម្លោះនយោបាយនេះ ដោយសារតែលោកគ្មានជម្រើស។ សម្ដីរបស់ លោក សម រង្ស៊ី នេះ អាចសបញ្ជាក់ថា លោកក៏មិនពេញចិត្តនឹងលទ្ធផលចរចានេះប៉ុណ្ណាទេ។
លើសពីនេះទៀត វប្បធម៌សន្ទនានេះ តាមមើលទៅមិនឆ្លុះបញ្ចាំងពីសច្ចភាពពិតប្រាកដរបស់មេដឹកនាំគណបក្សនយោបាយជាប់ឆ្នោតទាំងពីរនេះទាំងស្រុងទេ។ ការប្រើវប្បធម៌សន្ទនានេះ ដើម្បីទាញយកប្រយោជន៍បក្សរៀងៗខ្លួន។ ការទាញយកប្រយោជន៍នោះ គឺគណបក្សប្រជាជនកម្ពុជា ចង់ឲ្យបញ្ចប់ការរិះគន់ពីការដឹកនាំឯកបក្ស ដែលពោរពេញដោយការប្រើអំពើហិង្សាក្នុងការបង្ក្រាបបាតុកម្ម និងការចាប់ខ្លួនមនុស្សដាក់គុក។
រីឯគណបក្សសង្គ្រោះជាតិ វិញ ទទួលបានតួនាទីជាអនុប្រធានសភា និងធ្វើជាប្រធានគណៈកម្មការជំនាញមួយចំនួននៅក្នុងរដ្ឋសភា។ ម្យ៉ាងវិញទៀត គណបក្សនេះក៏ចង់សម្រេចគោលបំណងរបស់ខ្លួនដែរ គឺការរៀបចំច្បាប់បោះឆ្នោតថ្មី និងរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី។ល។
ក្រៅពីនេះទៀត យុទ្ធសាស្ត្រឈ្នះៗរបស់គណបក្សប្រជាជនកម្ពុជា មិនធម្មតានោះទេ គណបក្សនេះមានបទពិសោធន៍ជាច្រើនក្នុងការធ្វើឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់តែជាគណបក្សឈ្នះឆ្នោតក្លាយទៅជាគណបក្សដែលមានជម្លោះផ្ទៃក្នុង និងបែកបាក់គ្នារហូតដល់រលាយគ្មានអាសនៈនៅក្នុងរដ្ឋសភានៅអាណត្តិទី៥ នេះ។
ចុះវប្បធម៌សន្ទនាជាមួយគណបក្សសង្គ្រោះជាតិ វិញ អាចថាជាវប្បធម៌សន្ទនាដើម្បីបំបែកបំបាក់ដូចគណបក្សហ៊្វុនស៊ិនប៉ិច ក៏ថាបាន។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា វិញ ហាក់ដូចជាមិនចុះសម្រុងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។ លោក ហ៊ុន សែន រិះគន់ លោក កឹម សុខា ជាបន្តបន្ទាប់ ហើយសំណុំរឿងរបស់លោកនៅតុលាការក៏ត្រូវបានគេសើរើឡើងវិញដែរ។ រីឯសម្ព័ន្ធមិត្តរបស់លោក គឺលោក សម រង្ស៊ី វិញ បានប្រកៀកស្មា លោក ហ៊ុន សែន ដើរលេងចូលឆ្នាំថ្មីជាមួយគ្នានៅខេត្តសៀមរាប ដែលមិនធ្លាប់មាន ហាក់ដូចគ្មានអ្វីកើតឡើងពីមុន។
ការប្រកៀកស្មានៅពេលនេះ ត្រូវបានប្រជាពលរដ្ឋអបអរសាទរ ដែលឃើញគូបដិបក្ខទាំងពីរត្រូវរ៉ូវគ្នាបែបនេះ។ ហើយពេលនេះ ក៏ជាពេលមួយដែលបញ្ជាក់ថា មានស៊ី មានសែន លែងមានស៊ី អត់សែន ដែល លោក សម រង្ស៊ី ធ្លាប់ថ្លែងនៅពេលឃោសនាបោះឆ្នោតកាលពីមុននោះដែរ។
ផ្ទុយទៅវិញ វប្បធម៌សន្ទនារវាង លោក សម រង្ស៊ី និងលោក ហ៊ុន សែន នេះ អាចថា គណបក្សប្រជាជនកម្ពុជា ខ្ចីដៃគណបក្សសង្គ្រោះជាតិ ដើម្បីអនុម័ត ឬប្រថាប់ត្រាច្បាប់មួយចំនួនទៀតដែលអង្គការសង្គមស៊ីវិល កំពុងតែសម្ដែងការព្រួយបារម្ភ រួមមានសេចក្ដីព្រាងច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល សេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត និងសេចក្ដីព្រាងច្បាប់ដទៃទៀត ក្រៅពីការកែទម្រង់ច្បាប់បោះឆ្នោត ដែលគេមើលឃើញថាជាការរឹតត្បិតសិទ្ធិសេរីភាពបានជោគជ័យហើយនោះ។
ការចាប់ដៃគ្នារវាងមេដឹកនាំទាំងពីរនេះ ទោះបីជាគណបក្សសង្គ្រោះជាតិ មិនចូលរួមរដ្ឋាភិបាលចម្រុះដូចគណបក្សហ៊្វុនស៊ិនប៉ិច ក្ដី ប៉ុន្តែការចាប់ដៃគ្នាស្អិតល្មួតរវាង លោក សម រង្ស៊ី និងលោក ហ៊ុន សែន មិនខុសពីសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាមួយ លោក ហ៊ុន សែន កាលពីមុននោះឡើយ។ សម្ព័ន្ធភាពនេះ សម្ដេចក្រុមព្រះធ្លាប់ទាំងទៅចូលរួមសមាជគណបក្សប្រជាជនកម្ពុជា ទៀតផង ក៏ប៉ុន្តែនៅទីបញ្ចប់ សម្ព័ន្ធភាពនេះបានបែកបាក់។ លទ្ធផលចុងក្រោយ គណបក្សហ៊្វុនស៊ិនប៉ិច មានការបែកបាក់ស្ទើរសាបសូន្យ។ ហើយគណបក្សហ៊្វុនស៊ិនប៉ិច អស់ថាមពល វប្បធម៌បង្រួបបង្រួមជាតិរបស់គណបក្សទាំងពីរបានរលាយទៅតាមហ្នឹងដែរ។
មិនខុសគ្នាប៉ុន្មាននោះឡើយ បើសិនជាគណបក្សសង្គ្រោះជាតិ នឹងបែកបាក់គ្នា ឬឈ្លោះគ្នាផ្ទៃក្នុងកាន់តែខ្លាំង វប្បធម៌សន្ទនានឹងរលាយទៅវិញដូចគ្នា។ ម្យ៉ាងទៀត បើសិនជាគណបក្សសង្គ្រោះជាតិ នៅតែរឹងមាំផ្ទៃក្នុងដដែលមិនមានការបែកបាក់ ដោយមើលឃើញគណបក្សហ៊្វុនស៊ិនប៉ិច ជាឧទាហរណ៍ស្រាប់នោះ វប្បធម៌សន្ទនានេះនឹងរលាយដូចគ្នា។
វប្បធម៌សន្ទនានឹងរលាយនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ ខាងមុខ ព្រោះថា នៅពេលនោះ បើសិនជាមេដឹកនាំគណបក្សទាំងពីរមិនមានទស្សនៈផ្ទុយគ្នា ឬប្រឆាំងគ្នាទេ មិនមែនជាគណបក្សពីរផ្សេងគ្នាទេ។ ម្យ៉ាងទៀត លោក កឹម សុខា នៅពេលចុះមូលដ្ឋានម្ដងៗកាលពីពេលថ្មីៗនេះ នៅតែប្រកាសពីជំហររបស់គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការផ្លាស់ប្ដូរដដែលនៅពេលបោះឆ្នោត។ លោកហាក់ដូចជាមិនខ្វល់ពីវប្បធម៌សន្ទនានេះទេ។
ផ្ទុយទៅវិញ ទោះជា លោក ហ៊ុន សែន និងលោក សម រង្ស៊ី អះអាងថា ការប្រើប្រាស់វប្បធម៌សន្ទនាដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ និងមិនត្រូវប្រកាន់គ្នាចំពោះអ្នកគាំទ្រដែលមាននិន្នាការនយោបាយផ្សេងគ្នាក្ដី តែជាក់ស្ដែងអាចមិនដូច្នោះឡើយ ព្រោះថា នៅមានបញ្ហាជាច្រើនដែលមេដឹកនាំទាំងពីរមិនទាន់ដោះស្រាយ។ បញ្ហាទាំងនោះរួមមាន អ្នកណាក៏ដឹងដែរថា ប្រព័ន្ធតុលាការមិនឯករាជ្យ អំពើពុករលួយនៅស្ថាប័នរដ្ឋបានកើតមានជាប្រព័ន្ធ ការកាប់ព្រៃឈើ និងជម្លោះដីធ្លីនៅតែកើតមាន ជនអន្តោប្រវេសន៍ខុសច្បាប់រស់នៅកម្ពុជា ដោយសេរី។ បញ្ហាទាំងនេះ មេដឹកនាំទាំងពីរមិនទាន់គិតគូរដោះស្រាយនៅឡើយ។
ជាសរុបសេចក្ដីទៅ វប្បធម៌សន្ទនាអាចថាជាវប្បធម៌ដើម្បីទាញយកផលប្រយោជន៍រៀងៗខ្លួនរវាងបក្សជាប់ឆ្នោតទាំងពីរ ជាវប្បធម៌ដើម្បីបំបែកបំបាក់គណបក្សប្រឆាំង មិនមែនជាវប្បធម៌ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិពិតប្រាកដនោះឡើយ។ វប្បធម៌នេះ ប្រឈមនឹងរលាយទៅវិញនៅពេលភាគីណាមួយបាត់បង់ផលប្រយោជន៍ និងនៅពេលបោះឆ្នោតនៅពេលខាងមុខ៕
3 comments:
To the right mind listeners Sok Touch undermines his credibility and makes a fool of himself. He makes some good points ,but not good enough and I SUSPECT THAT HE TRIES AVOIDING the core issues . He must do better than that.
As for Sam In ,he hits right on issues which are very important and i like to give him the thump up.Bravo Sam.
Jackel
Dear Compatriots,
For the sake of Cambodia, I wish and hope that Hun Sen's gesture, which he displayed after the formation of the new NEC, was genuine and sincere.
In order to make Hun Sen respects his words, it is imperative that Khmer people continue their support for the CNRP and again overwhelmingly vote for the CNRP in this next general election. The outcome of the election, when the CPP lost the election, will show Hun Sen’s true color: Hun Sen must transfer his power if he really is not a Yuon’s puppet.
Only time will tell, whether Hun Sen had changed his attitude and temperament or not, after the CNRP won this next election.
After the CNRP won this next election and if the CPP conceded its defeat and transferred the power to the CNRP peacefully, smoothly, and seamlessly, then I will consider Sam Rainsy, Kem Sokha, and Hun Sen my true National Heroes for their major accomplishment to resolve Cambodia’s problems peacefully and successfully.
And we can clearly conclude that the culture of dialogue would be the right medicine to cure Cambodia's social disease.
Please give this concept – the culture of dialogue - a chance to penetrate slowly into our society.
Best wishes and good luck to Sam Rainsy, Kem Sokha, Hun Sen for their concerted efforts to save Cambodia from the neo colonialist Vietnam.
Bun Thoeun
When i listen to the word of Sok Touch commentator , he look like dictator Hun Sen mind set . He want to shut up all free speech to criticize the wrongful doing and acting of government . Congress members or opposition members have full right under the law and constitution to criticize or advise their constituents against the malfunction system of the opposite party government or prime minister if they don't agree with . to said dictator need to use law in their hand to punish the critic of government doing is wrong is a violation of freedom of speech and abuse of power .That not a democratic society or did he think that power of government to control and punish the criticism is a right way to to do,it is a real dictatorial process,but not a democratic norm . I may have less educate than him but i think his advise is more vague and flawless than i had learn.
Post a Comment