ដោយ៖ ណាត សុភាព | ថ្ងៃចន្ទ ទី9 កុម្ភៈ 2015,
ក្រុមការងារកំណែទម្រង់ការបោះឆ្នោតមកពីគណបក្សប្រឆាំងនៅថ្ងៃចន្ទនេះ ស្នើទៅភាគីចរចារបស់ខ្លួនកំណត់ទីតាំងសម្រាប់បម្រើឲ្យអ្នកបោះឆ្នោតនៅតាមច្រកព្រំដែន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលករចំណាកស្រុកទៅចុះឈ្មោះបោះឆ្នោតនៅតំបន់នោះ ។
ការស្នើនេះធ្វើឡើងក្នុងពេលក្រុមការងារកំណែទម្រង់នៃបក្សឈ្នះឆ្នោតទាំងពីរ នៅរសៀលថ្ងៃចន្ទនេះ បានជួបជជែកគ្នាដោយយកចំណុចសេសសល់ចាស់មកជជែកជាថ្មី ចាប់ពីជំពូកទី១ដល់ជំពូកទី៨ មុននឹងបញ្ជូនចំណុចសេសសល់ទាំងនោះទៅថ្នាក់ដឹកនាំសម្រេច ។ ថ្ងៃនេះក្រុមការងារកំណែទម្រង់ទាំងពីរបានជជែកបញ្ចប់ជំពូកទី៦ ។
ប្រធានក្រុមការងារកំណែទម្រង់ការបោះឆ្នោតមកពីគណបក្សសង្គ្រោះជាតិលោក គួយ ប៊ុនរឿន ថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិមានរដ្ឋសភានារសៀលថ្ងៃសុក្រនេះថា មូលហេតុដែលលោកស្នើទៅគណបក្សប្រជាជនកម្ពុជាបង្កើតការិយាល័យនៅតាមច្រកព្រំដែនជាពិសេសប្រទេសថៃនោះ ព្រោះមានប្រជាពលរដ្ឋខ្មែរប្រមាណជា៨០ម៉ឺននាក់ ធ្វើការចំណាកស្រុកទៅប្រទេសមួយនេះ ។ លោកបញ្ជាក់ថា ការបង្កើតការិយាល័យនៅតាមព្រំដែនងាយស្រួលឲ្យពលករទាំងនោះទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនដែលពេញចិត្ត ។
ប្រធានក្រុមការងារកំណែទម្រង់ការបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាលោក ប៊ិន ឈិន ថ្លែងថា កន្លងមកការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ ស្រុក មានការលំបាក ។ លោកថា ទម្រាំនឹងបង្កើតការិយាល័យចុះឈ្មោះនៅតាមព្រំដែន នោះនឹងធ្វើឲ្យកាន់តែពិបាកថែមទៀត ហេតុនេះលោកចង់ពួកគេទៅចុះឈ្មោះនៅស្រុកកំណើតរបស់ខ្លួនទៅវិញ ដើម្បីទទួលបានសិទ្ធិបោះឆ្នោត។
លោក ប៊ិន ឈិន បញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតនោះដែរ ក្រុមការងារក៏បានឯកភាពគ្នាឲ្យប្រជាពលរដ្ឋខ្មែរប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីយកទៅចុះឈ្មោះបោះឆ្នោត ដែលអត្តសញ្ញាណប័ណ្ណថ្មីត្រូវមានស្នាមម្រាមដៃទាំង១០ និងរូបថតរបស់បុគ្គលនោះ ។ ដោយឡែក អ្នកដែលមានអត្តសញ្ញាណប័ណ្ណចាស់ គឺមានស្នាមមេដៃមួយ ក៏អាចទៅចុះឈ្មោះបោះឆ្នោតបានដែរ ព្រោះអ្នកនោះធ្លាប់ស្កេនមេដៃ នៅក្រសួងមហាផ្ទៃរួចហើយ។ សម្រាប់ជនពិកាដែលមិនមានម្រាមដៃ គ.ជ.ប ប្រើវិធីដៅអត្តសញ្ញាណរបស់អ្នកបោះឆ្នោតដែលមានតែមួយគត់ ដូចជា រូបថត ស្នាមប្រជុយ ឬស្លាកស្នាមផ្សេងៗដើម្បីសម្គាល់ជាដើម ។ រីឯករណីប្រជាពលរដ្ឋមិនមានអត្តសញ្ញាណប័ណ្ណ គឺគណបក្សប្រជាជនចង់ឲ្យប្រើទម្រង់១០.១៨ ព្រោះមានរូបថតសម្គាល់ តាមច្បាប់ចាស់ ។ តែបក្សសង្គ្រោះជាតិចង់ឲ្យប្រើប័ណ្ណបោះឆ្នោតជំនួសវិញ ។
ក្រុមកំណែទម្រង់នៃបក្សទាំងពីរនឹងបន្តជជែកនូវចំណុចសេសសល់នៅជំពូកទី៧ និងទី៨ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ សប្តាហ៍នេះទៀត មុននឹងបញ្ជូនចំណុចសេសសល់ទៅថ្នាក់ដឹកនាំសម្រេច បន្ទាប់ពីឈានដល់ការជជែកបន្តជំពូកទី៩ ទី១០ និងទី១១ទៀត ព្រោះជំពូកទាំងនោះពាក់ព័ន្ធនឹងការធ្វើបញ្ជីបោះឆ្នោតថ្មី និងការកំណត់ទោសការផាកពិន័យជាដើម ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
No comments:
Post a Comment