A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 23 February 2015

The numbers of land grab victims increased to more than 10,000 families ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ថ្មី​កើន​ឡើង​ជាង ១ ម៉ឺន​គ្រួសារ

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​កន្លង​មក។
ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​កន្លង​មក។ ម៉ៃ វីរៈ
ភ្នំពេញៈ អត្រា​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​ជម្លោះ​ដីធ្លី​ថ្មី បាន​កើន​ឡើង ៣ ដង​មាន​ដល់​ទៅ​ជាង ១ ម៉ឺន​គ្រួសារ ក្នុង ឆ្នាំ​២០១៤ បើ​ធៀប​ទៅ​នឹង ឆ្នាំ​២០១៣ ដែល​មាន​ជាង ៣ ពាន់​គ្រួសារ​ដោយ​សារ​យន្តការ​ដោះស្រាយ​វិវាទ​គ្មាន​ប្រសិទ្ធភាព និង​អំពើ​ពុក​រលួយ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លីកាដូ ដែល​ធ្វើ​ឡើង​ក្នុង​ខេត្ត​ចំនួន ១៣ ក្នុង ប្រទេស​កម្ពុជា។
សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ ១៩ កុម្ភៈ បាន​រក​ឃើញ​ថា មាន​ពលរដ្ឋ ១០៦២៥ គ្រួសារ ដែល​ប្រមាណ ៤៩៥១៩ នាក់ ដែល​បាន​រង​ផល​ប៉ះពាល់​ថ្មី​ដោយ​សារ​ជម្លោះ​ដីធ្លី ក្នុង​ខេត្ត​ចំនួន ១៣ ដូចជា ខេត្ត​ព្រះវិហារ កោះកុង កំពង់ស្ពឺ ភ្នំពេញ និង​ក្រចេះ ជាដើម ហើយ​ចំនួន​នេះ មាន​ការ​កើន​ឡើង ៣ដង បើ​ធៀប​នឹង ឆ្នាំ​២០១៣ ដែល​មាន ៣៤៧៥ គ្រួសារ និង​កើន​ជាង ២​ដង បើ​ធៀប​នឹង ឆ្នាំ​២០១២ ដែល​មាន​ចំនួន ៥៦៧២ គ្រួសារ។
អ្នក​សម្រប​សម្រួល​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​ឲ្យ​ដឹង​ថា ស្ថានភាព​អាក្រក់​នៃ​កំណើន​ផល​ប៉ះពាល់​ថ្មី​ដោយ​សារ​វិវាទ​ដីធ្លី គឺ​កើន​ឡើង​ខ្លាំង​នៅ​ត្រីមាស ទី១ នៃ ឆ្នាំ​២០១៤ ខណៈ​ដែល​ជម្លោះ​នយោបាយ កើត​មាន​ឡើង ហើយ​យន្តការ​ដោះស្រាយ​វិវាទ​របស់​រដ្ឋាភិបាល គ្មាន​ប្រសិទ្ធ​ភាព យឺតយ៉ាវ ព្រោះ​អាជ្ញាធរ មាន​សិទ្ធិ​អំណាច​តិច​ជាង អ្នក​មាន​អំណាច​រំលោភ​ដីធ្លី​ពលរដ្ឋ​ទៅ​ទៀត ចំណែក​ឯ​អំពើ​ពុក​រលួយ គឺ​នៅ​បន្ត​កើត​មាន គួបផ្សំ​នឹង​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ ការពារ​ភាគី​ជម្លោះ​ដែល​មាន​អំណាច ប្រឆាំង​នឹង​ពលរដ្ឋ។
លោក​ថា៖ «អំពើ​ពុក​រលួយ និង​ប្រព័ន្ធ​តុលាការ មាន​និន្នាការ​នយោបាយ ការ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ និង​យោធា​ខុស​ច្បាប់ នាំ​ឲ្យ​ប្រជា​ពលរដ្ឋ​កាន់​តែ​ប្រឈម​នឹង​បញ្ហា​ភ័យ​ខ្លាច គ្រប់​ពេល​ទាមទារ​រក​ដំណោះ​ស្រាយ ហើយ​បញ្ហា​ទាំង​នេះ​ហើយ​ដែល​នាំ​ឲ្យ​ដំណោះ​ស្រាយ​នៅ​តែ​អូស​បន្លាយ​ពាស​ពេញ​ផ្ទៃ​ប្រទេស»។
លោក សៅ សុភាព អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​នៃ​អន្តរ​ក្រសួង បាន​បដិសេធ​វាយតម្លៃ​លើ​ការ​លើក​ឡើង​នេះ តែ​លោក​ទទួល​ស្គាល់​ថា ទំនាស់​ដីធ្លី ពិត​ជា​បាន​ស្ទុះ​ឡើង​ខ្លាំង​នៅ ឆ្នាំ​២០១៤ ខណៈ​ដែល​រដ្ឋាភិបាល បាន​កំពុង​ប្រឹង​ប្រែង​ដោះស្រាយ និង​ចាត់​ជា​យន្តការ​ដោះស្រាយ ដោយ​មាន​ការ​ចូល​រួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ។ លោក​ថា៖ «ខ្ញុំ​មិន​អាច​ថា យ៉ាង​ម៉េច​បាន​ទេ ពេល​នេះ ព្រោះ​មិន​ទាន់​បាន​អាន​របាយ​ការណ៍​នោះ ហើយ​ក៏​មិន​ដឹង​ថា (Licadho) ផ្អែក​លើ​អី​នៅ​ឡើយ តែ​ជាក់ស្តែង​គឺ​ខាង​ក្រសួង​យើង និង​ស្ថាប័ន​ពាក់ព័ន្ធ គឺ​បាន​កំពុង​ដោះ​ស្រាយ​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល»។

លោក​បាន​ឲ្យ​ដឹង​ថា ក្រសួង​ក៏​បាន​កំពុង​សិក្សា​ឡើង​វិញ​លើ​តំបន់​ការពារ​ធម្មជាតិ ដែល​កន្លង​មក​តំបន់​ខ្លះ ត្រូវ​បាន​ផ្តល់​ទៅ​ដល់​ក្រុមហ៊ុន​វិនិយោគ​មួយ​ចំនួន ប៉ុន្តែ​ក្រោយ​មក ឃើញ​ថា មាន​នូវ​ផល​ប៉ះពាល់​ខ្លះ ដែល​ទាមទារ​ការ​ដោះស្រាយ​ឡើង​វិញ។ លោក​ថា៖ «អញ្ចឹង​ហើយ កន្លង​មក​យើង​បាន​ខិតខំ​ការ​ដោះ​ហើយ តែ​ការ​ដោះ​ហ្នឹង ក៏​មិន​ទាន់​ចប់​សព្វ​គ្រប់​ទាំង​ស្រុង ហើយ​ក្នុង​អាណត្តិ ទី៥ នេះ យើង​ត្រូវ​តែ​ចុះ​ធ្វើការ​ត្រួត​ពិនិត្យ វាយតម្លៃ និង​វាស់វែង​ការងារ​អភិវឌ្ឍន៍ ក្នុង​តំបន់​ការពារ​ធម្មជាតិ​ហ្នឹង ដែល​ក្រុមហ៊ុន​វិនិយោគ​កំពុង​ធ្វើ​ការ ហើយ​មាន​ផល​ប៉ះពាល់​ខ្លះ​ដល់​ប្រជា​ពលរដ្ឋ នេះ​ជា​ចំណែក​មួយ​នៃ​ការ​ចូល​រួម​ដោះស្រាយ​ទំនាស់​របស់​ពលរដ្ឋ»។
សម្រាប់​ប្រធាន​គណៈ​កម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្តឹង អង្កេត និង​ទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង តាម​រយៈ​ការ​អង្កេត​របស់​គណៈកម្មការ​នេះ បើ​ទោះ​បី​ជា​គោល​ការណ៍​របស់​រដ្ឋាភិបាល នៃ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​រវាង​ក្រុមហ៊ុន​វិនិយោគ ជាមួយ​រដ្ឋាភិបាល​ល្អ​ក្តី តែ​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី គឺ​ខ្វះ​តម្លាភាព ព្រោះ​អាជ្ញាធរ​មូលដ្ឋាន មិន​បាន​អនុវត្ត​តាម។ លោក​ថ្លែង​ថា៖ «ខាង​ខ្ញុំ កំពុង​បន្ត​ជំរុញ​ទៅ​អង្គការ​នីតិ​ប្រតិបត្តិ​ការ និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​ការ​ដោះស្រាយ​ឲ្យ​បាន​លឿន ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ ស្រុក​យើង​សព្វថ្ងៃ​ធ្វើ​អ្វី​ត្រូវ​មាន​សេវា​បន្ថែម​អី ប៉ុន្តែ​វិវាទ​ដីធ្លី ច្បាស់​ជា​មិន​មាន​អ្នក​ណា​សូក​លុយ​សូក​កាក់​ទេ អ៊ីចឹង​ហើយ​បាន​ជា​ដំណោះ​ស្រាយ​ហ្នឹង មាន​ការ​យឺតយ៉ាវ និង​ខ្វះ​ចន្លោះ»។
ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន លីកាដូ បាន​លើក​ឡើង​ថា រហូត​មក​ទល់​ពេល​នេះ គឺ​មិនមាន​សញ្ញាណ​ណា​មួយ​នៅ ឆ្នាំ​២០១៥ នឹង​មាន​អ្វី​ប្រសើរ​ឡើង​នោះ​ទេ នៅ​ពេល​ដែល​ការ​បំផ្លិច​បំផ្លាញ​នៅ​តែ​បន្ត​មាន ហើយ​ប្រជា​ពលរដ្ឋ​កម្ពុជា កាន់​តែ​ច្រើន​ឡើងៗ ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខិត​បង្ខំ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ។
អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី លោក ផៃ ស៊ីផាន ចាត់​ទុក​អត្រា​នេះ ជា​តួលេខ​ប្រឌិត ស្វែង​រក​ជំនួយ​ពី​ក្រៅ​ស្រុក​របស់​លីកាដូ។ លោក​ថា៖ «ពួកគេ គួរ​ដាក់​ឈ្មោះ និង​ទីតាំង​ដែល​កើត​ជម្លោះ បើ​សិន​ជា​ចង់​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ យើង​ចង់​បាន​តួលេខ​ជាក់​លាក់ តែ​ពួកគេ​បាន​បំភ្លៃ​តួលេខ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ដើម្បី​ទទួល​ជំនួយ»។ លោក​ថា៖ «រដ្ឋាភិបាល​មិន​និយាយ​អ្វី​កុហក​ដើម្បី​រក​ជំនួយ​នោះ​ទេ តែ​រដ្ឋាភិបាល​ស្វែង​រក​ការ​គាំទ្រ ដូច្នេះ យើង​មិន​កុហក​ពលរដ្ឋ​ទេ យើង​ចង់​ឲ្យ​ពលរដ្ឋ​រីករាយ បច្ចុប្បន្ន យើង​កំពុង​ធ្វើ​ការ​លើ​វិវាទ​ប្រមាណ ៦០០ ករណី ប៉ុន្តែ​វា​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ដោះស្រាយ គ្មាន​រដ្ឋាភិបាល​ណា ដែល​មិន​ជួប​បញ្ហា​ប្រឈម​នោះ​ទេ»។
តាម​សេចក្តី​ថ្លែង​ការណ៍ លីកាដូ ក៏​បាន​លើក​ករណី​ទំនាស់​ដីធ្លី នៅ ខេត្ត​ព្រះវិហារ កាល​ពី ខែ​កក្កដា ឆ្នាំ​២០១៤ ដែល​យោធា​កងពល​តូច​លេខ ៤១ បាន​បាញ់​ទៅ​លើ​កសិករ​មួយ​ក្រុម បណ្តាល​ឲ្យ​យុវជន​ម្នាក់​អាយុ ១៩​ឆ្នាំ ស្លាប់ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ជាក់​លាក់​នោះ​ទេ៕
រាយការណ៍​បន្ថែម​ដោយ Alice Cuddy

No comments: