ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការលើជនបរទេសមួយរូប គឺលោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) អ្នកការពារធនធានធម្មជាតិតំបន់អារ៉ែង ខណៈដែលទិដ្ឋាការរបស់លោកត្រូវផុតកំណត់នៅទី២០ ខែកុម្ភៈ ប្រសិនបើលោកមិនព្រមចាកចេញពីប្រទេសកម្ពុជា។ ទោះមានការព្រមានបែបនេះក្ដី លោក អាឡិក នៅតែអះអាងថា មិនទាន់រៀបចំខ្លួនដើម្បីចាកចេញពីប្រទេសកម្ពុជា នៅឡើយទេ។
មុនមួយថ្ងៃនៃការផុតកំណត់ទិដ្ឋាការរបស់ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិក មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បង្ហាញសារព្រមាននិរទេសខ្លួនជនបរទេសរូបនេះ។ ចំណែកក្រុមយុវជន និងព្រះសង្ឃថា នឹងប្រឆាំងចំណាត់ការរបស់ក្រសួងមានសមត្ថកិច្ច។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ក្រសួងមហាផ្ទៃ មិនអនុញ្ញាតឲ្យលោក អាឡិក បន្តរស់នៅប្រទេសកម្ពុជា ក្នុងពេលទិដ្ឋាការផុតកំណត់ឡើយ បើតាមជាគោលការណ៍ផាកវិន័យជាប្រាក់ចំពោះជនបរទេសដែលរស់នៅប្រទេសកម្ពុជា ដែលផុតទិដ្ឋាការក៏ដោយ។ ទោះមិនប្រាប់ថា វិធានការនោះមានរូបភាពបែបណា ប៉ុន្តែលោក ខៀវ សុភ័គ ថា សមត្ថកិច្ចមិនមែនទៅសំពះអង្វរឲ្យលោក អាឡិក ចាកចេញពីកម្ពុជា នោះឡើយ៖ «ជនណាក៏ដោយឲ្យតែធ្វើខុសច្បាប់ គឺមានវិធានការហើយ។ ច្បាប់មានចរិតបង្ខំ ច្បាប់មិនថ្វាយបង្គំសុំឲ្យ អាឡិក ចេញនោះទេ»។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតផ្លូវការមួយច្បាប់ឆ្លើយតបនឹងលិខិតរបស់លោក សម រង្ស៊ី ថាអាជ្ញាធរតម្រូវឲ្យលោក អាឡិក ត្រូវចាកចេញពីប្រទេសកម្ពុជា មួយរយៈសិន នៅពេលផុតទិដ្ឋាការនៅថ្ងៃទី២០ ខែកុម្ភៈ ព្រោះលោក អាឡិក បានប្រព្រឹត្តខុសនឹងលក្ខន្តិកៈរបស់អង្គការមាតាធម្មជាតិដែលតម្កល់ទុកក្នុងក្រសួងមហាផ្ទៃ ដោយញុះញង់ប្រជាពលរដ្ឋបិទផ្លូវសាធារណៈ និងមិនឲ្យក្រុមការងាររបស់អាជ្ញាធរចុះជួបប្រជាពលរដ្ឋក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ ប្រឆាំងនឹងការសម្រេចនេះ នៅថ្ងៃទី២០ កុម្ភៈ ស្អែកនេះ បណ្ដាញយុវជន និងបណ្ដាញព្រះសង្ឃ ថានឹងប្រមូលផ្ដុំគ្នានៅមុខមន្ទីររដ្ឋសភាជាតិ ដើម្បីដាក់ញត្តិទៅរដ្ឋសភា និងព្រះមហាក្សត្រដើម្បីរកកិច្ចអន្តរាគមន៍ឲ្យលោក អាឡិក អាចបន្តរស់នៅប្រទេសកម្ពុជា បាន។
អនុប្រធានរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យដឹងថា រហូតមកដល់ថ្ងៃទី១៩ ខែកុម្ភៈ លោកមិនទាន់ទទួលបានការឆ្លើយពីស្ថាប័នព្រះមហាក្សត្រ និងប្រធានរដ្ឋសភាពីខ្លឹមសារលិខិតរបស់លោកនៅឡើយទេ។ លោក កឹម សុខា ថា ប្រសិនបើបណ្ដេញជនបរទេសដែលការពារធម្មជាតិប្រទេសកម្ពុជានេះ ប៉ះពាល់ដល់ប្រទេសកម្ពុជា គឺរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវលើរឿងនេះ៖ «ខ្ញុំអំពាវនាវឲ្យគាត់ពិចារណាឡើងវិញ បើប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា អស់លោកអ្នកដឹកនាំរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវ»។
ផ្ទុយពីការយល់ឃើញរបស់បណ្ដាញយុវជន ព្រះសង្ឃ និងមេគណបក្សប្រឆាំង ក្រុមមន្ត្រីរដ្ឋាភិបាលនៃក្រសួងរ៉ែ និងថាមពល ស្ទើរមួយស្ថាប័ន នាំគ្នាផ្ដិតមេដៃគាំទ្រការសម្រេចរបស់ក្រសួងមហាផ្ទៃ ដែលបន្តទិដ្ឋាការភា្លមៗ ជួនសកម្មជនបរទេសការពារបរិស្ថាន លោក អាឡិក។
ទោះយ៉ាងនេះក្តី ម្ដងហើយម្ដងទៀត លោក អាឡិក ស្ថាបនិកអង្គការមាតាធម្មជាតិអះអាងថា លោកមិនចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ជាថ្ងៃដែលទិដ្ឋាការលោកផុតកំណត់នោះទេ។ លោក អាឡិក ទាមទារឲ្យក្រសួងមហាផ្ទៃ ពន្យល់ហេតុផលតាមផ្លូវច្បាប់ ថាហេតុដូចម្ដេចបានបញ្ជូនលោកចេញ នៅពេលផុតទិដ្ឋាការ៖ «ខ្ញុំសុំឲ្យអ្នកនាំពាក្យក្រសួងមហាផ្ទៃ មើលច្បាប់សិន មុននឹងបកស្រាយ ព្រោះគាត់បកស្រាយអត់មានក្បាលអត់មានកន្ទុយទេ»។
វិធានការដ៏រឹងមាំមិនអនុញ្ញាតឲ្យលោក អាឡិក អាចបន្តស្នាក់នៅប្រទេសកម្ពុជា របស់ក្រសួងមហាផ្ទៃ បែបនេះ ស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងពិចារណាថា គួរអភិរក្ស ឬក៏អភិវឌ្ឍតំបន់អារ៉ែង ធ្វើជាទំបន់វារីអគ្គិសនីដែលក្រុមហ៊ុនចិន ឈ្មោះ ស៊ីណូ ហាយដ្រូ (Sino Hydro) សិក្សាលើគម្រោងស្នើសុំវិនិយោគទំនប់វារីអគ្គិសនីនៅតំបន់នោះ៕
No comments:
Post a Comment